ប្រាសាទថ្មបាយក្អែក

ប្រាសាទនេះស្ថិតនៅជាប់នឹងគូទឹកខាងត្បូងអង្គរធំ និង ខាងជើងប្រាសាទបក្សីចាំក្រុង ចម្ងាយប្រហែល ១២៥ម៉ែត្រ ពីផ្លូវចូលអង្គរធំ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅសតវត្សទី១០ តែមិនដឹងជាស្នាដៃរបស់ព្រះរាជាអង្គណាមួយទេ គេគ្រាន់តែដឹងថាប្រាសាទនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែគ្រឹះ (ខឿន) ទ្វារប្រាសាទខាងកើត និងលិង្គព្រះឥសូរ តែប៉ុណ្ណោះនៅកណ្ដាលតួប្រាសាទ តែគ្មានឃើញបំបែកទម្រងយោនីនោះទេ។ គេគិតថា ប្រាសាទនេះអាចជាតួប៉មមួយនៃតួប៉មរាប់រយដែលព័ទ្ធពាសជុំវិញភ្នំបាខែង (នៅលើភ្នំបាខែង មានតួប៉មរហូតដល់ទៅ១០៨)។ ដូច្នេះប្រាកដនេះ វាស្ថិតនៅក្នុងរចនាបថបាខែង ក្រោមការបញ្ជាសាងសង់នៃព្រះបាទយសោវរ្ម័នទី១ ដូចប្រាសាទបីដែរ។Ty Sareun

អត្ថន័យ​នៃ​ចម្លាក់​រូប​ត្រី​លើ​ប្រាសាទខ្មែរ​បុរាណ​ក្នុង​សម័យ​អង្គរ​

​តាមរយៈ​ចម្លាក់​ត្រី ជា​ក្បាច់​ត្រ​ឡោ​ត​ទាប​នៃ​ប្រាសាទ​បាយ័ន ព្រលាន​ព្រះ​គម្លង់ និង​ប្រាសាទ​អង្គរវត្ត យើង​ឃើញ​មានការ​ពិពណ៌នា​នូវ​ប្រភេទ​ត្រី​ទឹកសាប​ខ្មែរ​ជាច្រើន​ឥត​គណ​នា​ ដូចជា ត្រី​ព្រួល ត្រី​គ្រុំ ត្រី​គល់រាំង ត្រី​អណ្ដែង ត្រី​ឆ្ដោរ​ជាដើម ។ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បុព្វបុរស​ខ្មែរ​ឆ្លាក់​ត្រី​ច្រើន​ម្ល៉េះ ? តើ​ខ្មែរ​បុរាណ​ចង់បង្ហាញ​អ្វី​ទៅ​សាស​នឹក​ជន ដែល​មក​ទស្សនា​នៅ​ស្ថាន​ទាំងនោះ ? ។​​
​ ​តាមពិត​ផ្ទាំង​ចម្លាក់​ត្រី​ទាំងនោះ​អាច​ចែកជា បី ប្រភេទ ៖ ទី​១. ចម្លាក់​ត្រី​ទាក់ទង​ទៅនឹង​ទេវ​កថា​ដូចជា រឿង​កូរ​សមុទ្រ​ទឹកដោះ​នៅ​ប្រាសាទអង្គរវត្ត ដែល​មាន​ប្រវែង​ប្រមាណ​ជា ៥០ ម៉ែត្រ ។ ទី​២. ចម្លាក់​ត្រី​ដែល​ទាក់ទង​ទៅ​នឹង​រឿងព្រេង​ដែល​មាន​លក្ខណៈ​អច្ឆរិយ​ដូចជា ចម្លាក់​រឿង​ជាច្រើន​ផ្ទាំង​ស្ដីពី​រឿងព្រេង​មួយ​ដ៏​ល្បីល្បាញ នា​សម័យ​វប្បធម៌​បាយ័ន ឈ្មោះ​រឿង​ប្រ​ទ្យុ​ម្ន ។ ទី​៣. ចម្លាក់​ប្រភេទ​ត្រី ដែល​មាននៅ​តាម​ដង​ទន្លេសាប ឬ​បឹងបួរ​ខ្មែរ ។​
​ទោះជា​ត្រី​ទាំងនោះ មាន​នៅ​ក្នុង​ធម្មជាតិ​ក្ដី ឬ​មិន​មាន​ក្នុង​ធម្មជាតិ​ក្ដី ជា​ការពិត​ណាស់​ដែល​សិល្បករ​ខ្មែរ​បុរាណ​ចង់បង្ហាញ​នូវ​ភាពសម្បូ​រណ៍​បែប នៃ​ប្រភេទ​ត្រី​ទឹកសាប នា​សម័យ​បុរាណ​នោះ ដែល​ជា​ប្រភព​នៃ​វឌ្ឍនភាព នៃ​វប្បធម៌​អារ្យធម៌​ខ្មែរ​នា​សម័យ​មហា​អង្គរ យ៉ាង​ប្រាកដ ។ តាមពិត​បើ​យើង​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ ចម្លាក់​ត្រី​ទាំងនោះ​ពិតជា​ពុំមែន​ត្រូវបាន​ឆ្លាក់​ឡើង​គ្រាន់តែ​លំអ​ភែ្ន​ ក​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​ជា​និមិត្តរូប​នៃ​ធនធាន​សម្បត្តិ​ធម្មជាតិ​របស់​នគរ​ខ្មែរ​យ៉ាង​ ប្រាកដ ៕
ម​.​ត្រា​ណេ

សំណង់ដ៏មហិមា "វិមានឯករាជ្យ" ស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោកតាវណ្ណ ម៉ូលីវណ្ណ

សំណង់ដ៏មហិមានេះផ្តើមសាងសង់ឡើងអំឡុងឆ្នាំ ១៩៥៧ - ១៩៦០ ក្រោមព្រះរាជតម្រិះព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោយពេលបានឯករាជ្យ៥ ឆ្នាំ។ វិមាននេះសង់សម្រាប់ឧទ្ទិសចំពោះអ្នកស្នេហាជាតិដែល​បានស្លាប់ក្នុងបុព្វហេតុទាមទារឯករាជ្យពីបារាំង និងសម្រាប់ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ព្រមទាំងជានិម្មិតរូបនៃឯករាជ្យភាពរបស់កម្ពុជា។ សំណង់នេះត្រូវបានរចនាប្លង់ដោយស្ថាបត្យករខ្មែរ ដែលបានទៅរៀននៅស្រុកបារាំង គឺលោកតា វណ្ណ ម៉ូលីវណ្ណ ដែលជាកុលបុត្តខ្មែរដ៏ឆ្នើម​មួយរូបសម្រាប់ជាតិ។ សំណង់ដ៏ល្បីល្បាញ់នេះមានកម្ពស់ ២០ ម៉ែត្រ ស្ថិតនៅលើខឿន ៣ថ្នាក់ មានកំពូល ៥ថ្នាក់ ដែលលម្អដោយ​នាគ ២០ ក្នុងមួយថ្នាក់ ដែលស្មើនឹងចំនួន១០០ តំណាងឲ្យរយៈកាលនៃអាណានិគមបារាំង​មក​លើខ្មែរ ជិត១សតវត្ស។ នៅក្នុងស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោកតា វណ្ណ ម៉ូលីវណ្ណ ក្រោម​ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ព្រះករុណា ជាម្ចាស់ ដោយព្រះរាជតម្រិះសម្លឹងជ្រៅទៅអតីតកាលនៃចក្រភពអង្គរដ៏រុងរឿង គឺសម័យមហានគរខ្មែរ។ ជាលទ្ធផល ប្រាសាទបាគង ត្រូវបានជ្រើសយកមកសិក្សាក្នុងទម្រង់សិល្បៈនៃអង្គរ។ ទោះបីជាប្រាសាទបាគងសង់ក្នុងរាជ្យ ព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលស្ថិតក្នុងរចនាបថបាគង ក៏ពិតមែន តែប្រាង្គកណ្តាលនៃប្រាសាទនេះ ត្រូវបានសង់ក្រោយមកទៀតក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គឺក្នុងរចនាបថអង្គរ។ ទម្រង់នៃសិល្បៈរាងក្រពុំឈូក ដែលដូចនឹងប្រាង្គនៃប្រាសាទអង្គរវត្ត ចំណែកឯក្បាច់វិញគឺយកតាមលំនាំក្បាច់នៅឯបន្ទាយស្រី ដែលមានជម្រៅ និងរស់រវើកនៃសិល្បៈខ្មែរ។ សំណង់នេះសង់ឡើងត្រង់ប្រសព្វនៃមហាវិថីព្រះនរោត្តម និងមហាវិថីភ្លោះព្រះសុរាម្រិត និងព្រះសីហនុ។ កាលដើមឡើយត្រង់ទីតាំងនេះមានព្រែកមួយដែលត្រូវបានលុបក្នុងសម័យបារាំង ហើយក្រោមបាតគ្រឹះនៃវិមាននេះ មានស្ពានបុរាណមួយហៅថាស្ពានកូនកាត់។ ស្ពាននេះជាឧបសគ្គនៃការសង់សំណង់ដ៏ស្កឹមស្កៃមួយនេះ។ លោកតា វណ្ណ ម៉ូលីវណ្ណ បានប្រាប់ថាសហគ្រាសសាងសង់ទី១ បានបរាជ័យក្នុងការរៀបគ្រឹះខាងក្រោម ដោយវាយស្ពានពុំកើត ហើយចាក់គ្រឹះនៅក្រោមស្ពាននោះ ប៉ុន្តែធ្វើបែបនេះវាប្រហោង ដូច្នោះមិនរឹងមាំឡើយ លោកតា វណ្ណ ម៉ូលីវណ្ណ ក៏បណ្តេញសហគ្រាសនោះចេញទៅ។ លោកក៏ចាប់ផ្តើមដេញថ្លៃ និងរៀបចំសារជាថ្មី។ ដីខាងក្រោមនោះពុំអាចទ្រទ្រង់សំណង់ធ្ងន់បានទេ ព្រោះដីធូ ដូច្នោះគេក៏វាយគ្រឹះខ្លីៗរាក់ៗ ប្រហែល ៨ម៉ែត្រប៉ុណ្ណោះ។ ពេលដែលរៀបគ្រឹះមាំហើយ ទើបគេរៀប​ចំ​ខឿន ហើយសង់ឡើងតែម្តង។ ចំណែកឯអ្នកសាងសង់តាមគម្រោងប្លង់លោកតា ម៉ូលីវណ្ណ នោះគឺខ្មែរម្នាក់ដែលមាន​ស្រុកកំណើតនៅឯបាត់ដំបង នោះគឺលោក តឹង វឿត ជាជាងកំបោរ និងជាងចម្លាក់ជាមួយ​ក្រុមហ៊ុនម៉ៅការសាងសង់ក្នុងខេត្ត។ ( លោក តឹង វឿត បានស្លាប់ក្នុងសម័យខ្មែរក្រហម )។ តើហេតុអ្វីបានជាជ្រើសអ្នកបាត់ដំបងមកសងវិមាននេះ បើទីតាំងសង់នៅឯភ្នំពេញឯណេះសោះ? លោក តឹង វឿត ត្រូវបានព្រះបាទនរោត្តម សីហនុ អញ្ជើញឲ្យមកធ្វើការងារដ៏អស្ចារ្យមួយនេះ​ពេលដែលព្រះអង្គយាងសម្ភោធសមិទ្ធិផលក្នុងវត្តពោធិ់វាល ( បាត់ដំបង ) ដោយសារស្នាដៃដែល​គួរឲ្យចាប់ចិត្តរបស់លោក។ ស្នាដៃលោក តឹង វឿត មានដូចជា វិមានឯករាជ្យ ចេតិយគន្ធបុផ្ផា ចេតិយព្រះបាទសុរាម្រិត និងព្រះមហាក្សត្រីយ៏ ( ក្នុងព្រះរាជវាំង ) វត្តស្លាកែត ( បាត់ដំបង ) និងសារៈមន្ទីរខេត្តបាត់ដំបង ជាដើម។ កាលសង់នោះ លោកតា ម៉ូលីវណ្ណ បាននាំជាងគំនូរ​ទៅមើលក្បាច់ដល់ប្រាសាទបន្ទាយស្រី ហើយជ្រើសយកក្បាច់ណាខ្លះ ដូចជាផ្កាច័ន្ទ ក្បាច់អង្គរ ជាដើម ហើយដេញថ្លៃ និងកំណត់ទីតាំងត្រូវដាក់ក្បាច់នោះទៅតាមប្លង់របស់លោក។ អ្នកឆ្លាក់ប្រហែលជា ២០នាក់ អ្នកលេខ១ ពូកែជាងគេបំផុត ឲ្យគាត់ឆ្លាក់ក្បាលនាគ។ ហើយពេលត្រូវការឆ្លងកិច្ចការគឺ ត្រូវចូលគាត់ព្រះករុណា ដើម្បីទ្រង់ពិនិត្យ។ កាលនោះលោកតា ម៉ូលីវណ្ណ បានយកថ្មកែវ ដែលទិញពីប្រទេសចិន សម្រាប់ក្រាលទៅឆ្លងព្រះករុណា ដើម្បីទ្រង់រើសពណ៌។ ពេលនោះនៅក្រោមដើមពោធិ៏មួយដើមក្នុងវាំង ដោយណែនាំលោកទៅទ្រង់ ដោយលោក ប៉ែន នុត ហើយទ្រង់ក៏សព្វព្រះទ័យពណ៌នេះ ពណ៌នោះ រួចក៏បំពាក់មេដាយជូនលោកភ្លាមៗក្នុងពេលនោះតែម្តង។




ប្រាសាទថ្នមប្ដី

ប្រាសាទថ្នមប្ដី មានទីតាំងនៅក្នុងទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដោយសារប្រាសាទនេះមានផ្ដែរបង្ហាញពីរូបព្រះនរាយណ៍ផ្ទំ​លើ​នាគអនន្ត កណ្ដាលមហាសមុទ្រទឹកដោះ ដើម្បីបង្កើតលោកថ្មី និងមានសក្តិ (ប្រពន្ធ) អង្គុយនៅចុងជើង ទើបអ្នកស្រុកហៅថាប្រាសាទនេះថា ប្រាសាទថ្នមប្ដី ។ ហើយបច្ចុប្បន្នផ្ដែរមួយនោះ ត្រូវបានគេរក្សាទុកនៅឯសារមន្ទីរជាតិ នារាជធានីភ្នំពេញ។តាម៉ាប់ & យាយម៉ាប់

ព្រះខ័នរាជ្យ



ព្រះខ័នរាជ្យ ឬហៅថាព្រះខ័នជ័យ ជាឈ្មោះសស្ត្រា ១ យ៉ាងសឹងរាប់ជាគ្រឿងកកុធភណ្ឌ សម្រាប់ ព្រះរាជាម្ចាស់ផែនដី គឺក្សត្រដែលនឹងទទួលព្រះរាជពិធីរាជាភិសេក ជាព្រះរាជាម្ចាស់ផែនដីត្រូវមានគ្រឿងសម្រាប់ រាជ្យឲ្យគ្រប់មុខ ដែលហៅរួមថា បញ្ចកកុធភណ្ឌ ឬរាជកកុធភណ្ឌ ឬក៏ហៅខ្លីថា កកុធភណ្ឌ គឺ ១. ព្រះមកុដ, ២. ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស), ៣. ព្រះខ័ន, ៤.ស្វេតច្ឆត្រ, ៥. ព្រះសុវណ្ណបាទុកា (ស្បែកជើង មាស) ។ ភណ្ឌៈទាំង ៥ យ៉ាងនេះ រាប់ជាគ្រឿងឥស្សរិយយសរបស់ព្រះរាជាម្ចាស់ផែនដី ។
ដោយហេតុព្រះខ័ន រាប់បញ្ចូលក្នុងពួករាជកកុធភណ្ឌដូច្នេះហើយ ទើបមិនបានរាប់ជាគ្រឿងចម្បាំង ដោយត្រង់ រាប់ទៅជាគ្រឿងកម្រាប់សឹកពិសេស ឬជាគ្រឿងប្រហារជាន់ខ្ពស់, កាលនឹងស្ដេចចេញទៅធ្វើព្រះរាជ សង្គ្រាម ក៏ត្រូវយកព្រះខ័នជាប់នឹងព្រះអង្គទៅផងជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធ ឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹង យកព្រះខ័នប្រហារឲ្យវិនាសទៅបាន រួចសេចក្ដីទៅថា ត្រូវតែសម្លាប់ដោយកិត្តិយស ។
ព្រះខ័នរាជ្យសព្វថ្ងៃនេះគេតម្កល់ទុកនៅហោព្រះបញ្ចក្សេត្រ (ហោទេវរូប) នៅក្នុងព្រះបរមរាជវាំង មានពួកបារគូជាភ្នាក់ងារថែរក្សាយ៉ាងតឹងរ៉ឹង ហើយនឹងមានកិច្ចធ្វើពិធីបូជារៀងរាល់ខែផង កំណត់ពលីការក្នុង ១ខែ ២ដង, តាមប្រក្រតី គេធ្វើខាងខ្នើតម្ដង, ខាងរនោចម្ដង, តែជួនកាលខាងខ្នើតមិនបានធ្វើ គេទៅធ្វើខាងរនោចពីរដងតែម្ដងក៏មាន, ការធ្វើខាងខ្នើតខាងរនោចនេះ មិនមានកំណត់ឲ្យជាការទៀងទាត់ទេ ស្រេចតែមានឱកាសស្រួលកាលណា ក៏ធ្វើកាលនោះទៅ មានកំណត់ទៀងតែក្នុង១ខែត្រូវធ្វើពីរដង នឹងបន្ថយឲ្យតិចទៅជាងនេះពុំបាន, ហើយមានកំណត់ឈ្មោះថ្ងៃដែលត្រូវធ្វើបានតែ ៣ឈ្មោះ គឺ ថ្ងៃអង្គារ ១, ថ្ងៃព្រហស្បតិ៍ ១, ថ្ងៃសៅរ៍ ១, តែក្នុងមួយខែៗ គប្បីធ្វើឲ្យត្រូវក្នុងព្រហស្បតិ៍ម្ដងៗ ជាដរាបដល់គ្រប់ទាំង ១២ខែ, ឯថ្ងៃអង្គារ និងថ្ងៃសៅរ៍ គេធ្វើឆ្លាស់គ្នា ឧបមាដូចយ៉ាងផ្ដើមធ្វើឡើងក្នុងខែមិគសិរជាដំបូង ក្នុងខែដំបូងនោះ បើវារៈដំបូងធ្វើក្នុងថ្ងៃអង្គារក្ដី ឬក្នុងថ្ងៃសៅរ៍ក្ដី នោះវារៈទី២ ត្រូវធ្វើនៅក្នុងថ្ងៃព្រហស្បតិ៍ ឬវារៈដំបូងធ្វើក្នុងថ្ងៃព្រហស្បតិ៍ វារៈទី២ នឹងធ្វើក្នុងថ្ងៃអង្គារ ឬថ្ងៃសៅរ៍ឯណានីមួយក៏បាន ។ ក្នុងខែទី២ បើក្នុងខែដំបូងធ្វើក្នុងថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ហើយ ត្រូវធ្វើក្នុងថ្ងៃសៅរ៍ និងថ្ងៃព្រហស្បតិ៍ គេឆ្លាស់គ្នាដូច្នេះរៀងគ្រប់ៗខែ រហូតរយឆ្នាំ ពាន់ឆ្នាំទៅ ។
ឯគ្រឿងពលីការព្រះខ័នរាល់ៗខែនោះ មានកំណត់ចំនួនដូច្នេះ សំពត់ស ៤ត្បូង គឺ ៣២ហត្ថ, បាយសី ៥រួត ១គូ, ស្លាធ័រ ១គូ, ស្លាជម ១គូ, ស្លាត្រួយ ៥, បាយព្រះ ៥កញ្ចប់, ប្រាក់ ៥ស្លឹង (វេលានេះគេដាក់ ៥កាក់), ចម្អាប ២តុ, បង្អែម ២តុ, ក្បាលជ្រូក ១គូ, ទាស្ងោរ ១គូ, មាន់ស្ងោរ ១គូ ។
គេរៀបតុ១ តូចទាបក្រាលពូក ដាក់ខ្នើយតូច១ ពីមុខតុ គឺពីខាងកើត គេក្រាស់ព្រំ ហើយរៀបគ្រឿងពលីការ ដូចមានខាងលើនេះ វេលាប្រមាណយាម ២ គឺម៉ោង ១០ព្រឹក គេអញ្ជើញព្រះខ័នមកដាក់តម្កល់លើពូក ដាក់ចុងទៅខាងត្បូង គល់ទៅខាងជើង ហើយពួកព្រាហ្មណ៍ ៨នាក់សូត្របូជា ស្រេចហើយអញ្ជើញទុកកន្លែងដើមវិញ ។
ការហូតព្រះខ័ននេះចេញពីស្រោម មានកំណត់ហូតបានតែក្នុងថ្ងៃអង្គារដែលមានធ្វើពិធីពលិការ ថ្ងៃឯទៀតដូចយ៉ាងថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ សូម្បីមានពលីការក៏ហូតមិនបាន ។
លោកថា ព្រះខ័នរាជ្យអង្គនេះ ជារបស់បុរាណ សង្កេតមើលលក្ខណៈក៏គួរជឿដូច្នោះពិត តាមក្នុងរាជពង្សាវតារថា សាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះកេតុមាលា រួមវេលាប្រមាណជាង ១០០០ឆ្នាំហើយ រាប់ជារបស់បុរាណដោយពិត ។
«លក្ខណៈព្រះខ័នរាជ្យ»
-ផ្លែព្រះខ័ន មានមុខទាំងសងខាង រាងប្រហែលនឹងស្លឹកស្រូវ ។
-ខ្នាតវាស់រួមពីដងដល់ចុងស្រោម................ ១ ម ០៨៧
-បណ្ដោយទាំងដងទាំងផ្លែ.......................... ១ ម ០០៧
-បណ្ដោយផ្លែ........................................... ០ ម ៧២
-ទទឹងផ្លែ................................................. ០ ម ០៦
-បណ្ដោយដងប្រវែង................................ ០ ម ២៨៧
-បណ្ដោយស្រោម................................... ០ ម ៨០
-ទទឹងស្រោម......................................... ០ ម ០៨៥
ក្បាច់រចនា : នៅគល់ផ្លែនិងតាមជួរកណ្ដាលផ្លែមានក្បាច់ វៀរតែមុខនិងចុង, នៅរវាងក្បាច់ខាងគល់ផ្លែទាំងសងខាង មានរូបព្រះឥន្ទគង់លើដំរីក្បាលបី និងរូបព្រះវិស្ណុឈរលើក្បាលរាហូ ។ ដងមាសក្បាច់សុស ហើយបញ្ចុះថ្នាំពណ៌ ចុងដើមដងមានប្រដាប់ត្បូងផ្សេងៗជាច្រើនគ្រាប់ ។
ស្រោមមាស មានរចនាសុស រវាងកណ្ដាលស្រោមមានរូបព្រះវិស្ណុ និងព្រះរាមគង់លើពាហនៈផ្សេងៗ គឺនៅខាងចុងស្រោមឬនៅខាងលើបង្អស់ រូបព្រះវិស្ណុព្រះហស្ដ៤ គង់លើគ្រុឌ នោះចាប់នាគដោយជើងទាំងសងខាង, តមក ៥រូប គេស្មានថា រូបព្រះរាមគង់លើស្ដេចពានរផ្សេងៗ គឺគង់លើមហាជម្ពូ១, គង់លើពាលី១, គង់លើសុគ្រីព (សុគ្រីវៈ) ១, គង់លើអង្គទ១, គង់លើហនុមាន១ ។
(សម្រង់ចាកពី ព្រះរាជពិធីទ្វាទសមាស, ភាគ១, ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ, ព.ស.២៥១២, ទំ.១២២១២៦)
កំណត់សម្គាល់ ៖
ព្រះខ័នមានបីប្រភេទ គឺ ៖
១.ព្រះខ័នរាជ្យ
២.ព្រះខ័នរង
៣.ព្រះខ័នស្ដេចត្រាញ់ ។
-----
ប្រជុំ​ប្រវត្តិសាស្ត្រ

"ទ្រឹស្ដីការសាងព្រះពុទ្ធរូប"



ការបង្កើតព្រះពុទ្ធរូបកើតឡើងដំបូងបង្អស់នៅក្នុងសិល្បៈ គ័នថារៈ (Gandhara) សតវត្សទី១មុន គ.ស ដល់សតវត្សទី៣ នៃគ្រិស្តសករាជ (អ្នកស្រាវជ្រាវខ្លះថានៅក្នុងសិល្បៈ ម័នធុរា Mathura) ។ ជនជាតិឥណ្ឌាបានទទួលយកគំនិតនៃការសាងព្រះពុទ្ធរូបនេះពីការសាងរូបព្រះអាទិទេពរបស់សិល្បៈក្រិច-រ៉ូម៉ាំង។ គោលការណ៍៣សំខាន់ៗដែលត្រូវបានជាង យកមកប្រើប្រាស់សម្រាប់ ការសូនព្រះពុទ្ធរូបរួមមាន៖
១. ការនាំលក្ខណៈមហាបុរសទាំង ៣២ ប្រការដែលមានអធិប្បាយក្នុងគម្ពីរ "មហាបុរសលក្ខណៈ" មកប្រើ ដោយជ្រើសរើសយកតែលក្ខណៈពិសេសនិងស្រស់ស្អាតមកប្រើដូចជា មានព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) ព្រះកាណ៌(ត្រចៀក)វែង ព្រះពាហុ(កំភួនដៃ)វែងជាដើម។
២. ប្រើប្រាស់រចនាបថរបស់សិល្បៈក្រិច-រ៉ូម៉ាំង ដែលធ្លាប់ប្រើក្នុងការបង្កើតរូបព្រះអាទិទេព ដូចជាបច្ចេកទេសឃ្លុំចីពរ និងការធ្វើរង្វង់រស្មីជុំវិញព្រះសិរសាតាមបែប halo របស់សូរ្យទេពក្រិច។
៣. ការប្រតិដ្ឋ "ព្រះមូលី" (Ushunisha) ដែលជាផ្នួងសក់ខាងលើព្រះសិរសា។ តាមពិតទៅព្រះពុទ្ធជាម្ចាស់អាចមិនបានទុកផ្នួងព្រះកេសាបែបនេះ តែអាចកោរព្រះកេសាដូចព្រះសង្ឃទូទៅ។ តែការសាងឲ្យមានព្រះមូលីនាំឲ្យព្រះពុទ្ធអង្គមានលក្ខណៈខុសប្លែកពីសាវករបស់ព្រះអង្គ។

ដោយឡែកប្រទេសកម្ពុជាទទួលឥទ្ធិពលនៃការសាងព្រះពុទ្ធរូបតាំងតែមុនសម័យអង្គរ។ ជាងខ្មែរមុនសម័យអង្គរបានទទួលយកបច្ចេកទេសការសាងព្រះពុទ្ធរូបពីសិល្បៈពីរប្រភេទគឺ សិល្បៈអមរាវតី(Amaravati) សតវត្សទី១-៤ គ.សនិងសិល្បៈគុបតៈ (Gupta) សតវត្សទី៣-៦ គ.ស។




ព្រះពុទ្ធរូបបរិនិព្វានលើភ្នំព្រះរាជទ្រព្យ

កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានបង្ហោះរួមហើយអំពីព្រះពុទ្ធរូបបរិនិព្វានមួយអង្គនៅលើភ្នំព្រះរាជទ្រព្យ។ ព្រះពុទ្ធរូបបរិនិព្វានអង្គនេះជាការកសាងឡើងដោយព្រះសង្ឃជាន់ខ្ពស់មួយអង្គព្រះនាម សម្តេចព្រះរាជ្ជមុនីបពិត្រ ដែលនិមន្តមកពីក្រុងអយុធ្យា (ចារឹកប្រើអក្សរខ្មែរ-សៀម សរសេរជាភាសាសៀម ចារឹកភ្នំគូលែន K. 1006)។ នៅមានសិលាចារឹកពីផ្ទាំងទៀតជាភាសាខ្មែរដែលមានខ្លឹមសារដូចគ្នា (K. 285 & K.465) ចារឹកដោយព្រះសង្ឃអង្គនេះចុះកាលបរិច្ឆេតឆ្នាំ ១៥៨៣ ដែលមានខ្លឹមសារថា
"......... កាលអ្នកសម្ដេចបពិត្រ ស្ថិតនៅនាភ្នំព្រះរាជទ្រព្យទ្រង់បានរៀបរណ្ដាប់សាងព្រះពុទ្ធរូបបាក់បែកទាំងឡាយ រួចលាបជាតិបារត ទឹកមាស រចនាយ៉ាងប្រពៃបរិបូរណ៍បាន៥០អង្គ ថ្វាយជាមួយព្រះបត់ត្រៃភូមិគ្រប់រូប ព្រះពុទ្ធនិព្វានមួយប្រវែង៦ព្យាម និងព្រះវិហារមួយសុរេចបរិបូរណ៍ឲ្យដល់កេណ្ឌព្រះសាសនា....."
ក្រៅពីភស្តុតាងពីសិលាចារឹកពីវត្តមានព្រះសង្ឃអយុធ្យាហើយ យើងនៅសង្កេតឃើញមានការឆ្លាក់រូបដែលជានិមិត្តសញ្ញាមង្គលលើព្រះបាទដែលសភាពស្រដៀងគ្នាយ៉ាងខ្លាំងជាមួយនឹងនិមិត្តសញ្ញាមង្គលនៅក្នុងសិល្បៈអយុធ្យា ដូចជា រូបសន្លឹកសីមាជាដើម(ប្រទះឃើញតាមវត្តជាច្រើនក្នុងសម័យអយុធ្យា)។
តាមរយៈព័ត៌មានពីសិលាចារឹកយើងអានដឹងបានថា ព្រះពុទ្ធរូបបរិនិព្វានមួយអង្គនេះសាងនៅឆ្នាំ ១៥៨៣ គ.ស ចុងសតវត្សទី១៦ ដោយព្រះសង្ឃជាន់ខ្ពស់មួយអង្គមកពីក្រុងអយុធ្យា។ ហើយព្រះសង្ឃអង្គនេះប្រហែលជាបានទាំងនាំលក្ខណៈសិល្បៈអយុធ្យាមកជាមួយផងដែរ។
ប្រភពព័ត៌មាន៖ វង់ សុធារ៉ា, សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្តាល, ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពនគរវត្ត, ២០១២, ទំព័រ១៤៥-១៥៥។



"រចនាបទ សំបូរព្រៃគុក"

ក្បាច់ផ្ដែនៃរចនាបទសំបូរព្រៃគុកភាគច្រើនមានរូប មករ (Makara) នៅអមសងខាងផ្ដែ និងបែរមុខចូលរកគ្នាខ្ជាក់ក្បាច់អង្កត់ធ្នូ (Arch)។ ជួនកាលនៅលើសត្វមករគេឃើញមានរូបបុគ្គលជិះពីលើក៏មានដែរ។ នៅលើអង្កត់ធ្នូមានឆ្លាក់ជារូបត្បូង ឬមេដាយដែលមានឆ្លាក់រូបមនុស្ស ឬរូបទេពផ្សេងៗជាដើម។ នៅពីក្រោមរូបមករមានឆ្លាក់លំអជារូបក្បាលសសរ ហើយនៅពីលើក្បាលសសរមានលំអជារូបមេដាយឬស្លឹកឈើ។ ដោយឡែងនៅពីក្រោមក្បាច់អង្កត់ធ្នូមានលំអកម្រងមាលា និងរំយោលឆ្លាស់គ្នា ដែលមានការសន្និដ្ឋានថា អាចវិវត្តន៍មកពីផ្កាដែលជនជាតិខ្មែរយកមកលំអសាសនស្ថាននៅសម័យមុននេះ។
ផ្ដែរចនាបទសំបូរព្រៃគុកបានទទួលឥទ្ធិពលពីមករតូរៈណៈ (Makara Torana) នៃសិល្បៈឥណ្ឌាខាងត្បូង។ រចនាបទនេះត្រូវបានអ្នកប្រវត្តិសាស្ត្រសិល្បៈកំណត់អាយុរវាងដើម ស.វ ទី៧។
រូបទី១ ៖ ផ្ដែពីវត្តសុផាត់តានារាម ខេត្តឧបុនរាជធានី
រូបទី២ ៖ មករតូរៈណៈ នៃសិល្បៈឥណ្ឌាខាងត្បូង
រូបទី៣ ៖ ផ្ដែពីវត្ត ប្រាសាទភ្នំជើងព្រៃ https://tamabmmo.files.wordpress.com/2015/07/img_6512.jpg
រូបទី៤ ៖ ផ្ដែពីប្រសាទខៅណយឡាំងមឿង ខេត្តប្រៈជីនបុរី


ស្បែកបុរាណ ដែលរក្សាមកដល់សព្វថ្ងៃ សូមទស្សនា

ប្រវត្តិសាស្ត្រសិល្បៈ (Art History)ជាមុខវិជ្ជាមួយដែលសិក្សាអំពីដំណើរការវិវត្តន៍និងគំនិតរបស់ជាងលើកវត្ថុសិល្បៈនិមួយៗ។ ការសិក្សាលើមុខវិជ្ជានេះផ្ដោតសំខាន់ទៅលើ គំនូរ បដិមាកម្ម ស្ថាបត្យកម្ម។ ក្នុងនោះដែរមុខវិជ្ជានេះក៏សិក្សាអំពីគ្រឿងកុលាលភាជន៌ គ្រឿងសង្ហារិម និងគ្រឿងតុបតែងលម្អផ្សេងទៀតផងដែរ។





តើ ឈ្មោះ រាជធានីបុរាណ ស្រីសន្ធរ មកពីសព្ទដើមថា ស្រីសរឈរ ឬយ៉ាងណា ? សូមអាន !

បើតាមប្រសាសន៍ លោក វង់ សុធារ៉ា នៅក្នុងទំព័រហ្វេសប៊ុករបស់លោកបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា ពាក្យថា «ស្រីសន្ធរ​​​»មិនមែន​​​មក​​​ពី​​«​ស្រីសឈរ»​​​ទេ​​​ ​​​គឺ​​​មក​​​ពី​«​​ស្រីយសោធរ» ដែល​​​ជាឈ្មោះរាជធានី​​​អង្គរ​​​ដ៏​​​ល្បីល្បាញ​​​ និង​​​ជា​​​ប្រពៃណី​​​របស់​​​ចក្រភពកម្ពុជទេស​​​​​​។ អ្នកគ្រូ​​​ពៅសោវរស​​​ពន្យល់​​​រឿង​​​នេះ​​​ថា​​​ ​​​មក​​​ពី​​​ខ្មែរ​​​មិន​​​ចេះ​​​ហៅ​​​ពាក្យ បី​​​បួន​​​ព្យាង្គ​​​ ​​​ទេីប​​​ហៅសង្កត់​​​យក​​​តែ​​​ព្យាង្គដេីម​ «ស្រី»​​ និង​​​ចុង​​​«ធរ»​​​ទុក​​​។ ​ឈ្មោះនេះក្រោយមក​​​បន្សល់​​​ទុក​​​នៅ​​​បួន​​​ទីតាំង​​​ទី១​​​ ស្រុក​​​ស្រីសន្ធរ, ​​​ទី​​​២​​​ ស្រុក​​​សុីធរ​​​ពារាំង​​​ ដែល​​​នៅសល់ត្រឹម​​​ឃុំសុីធរ​​​ វត្ត​​​សុីធរ, ​​​ទី៣ ស្រុក​​​សុីធរ​​​កណ្តាល និង​​​ទី៤​​​ នៅ​​​ខេត្ត​​​ស្រីយសោធរ​​​ នា​​​ភាគ​​​ឥសាន​​​ប្រទេស​​​ថៃ​​​សព្វ​​​ថ្ងៃ​​​។ ​តាម​​​ភស្តុតាង​​​ទាំង​​​នេះ​​​ ​​​រាជធានី​​​ស្រី​​​យសោធរ(បុរៈ)​​​នៅ​​​អង្គរ​​​ ​​មាន​​​ជេីង​​​ដេីរតាម​​​មនុស្ស​ទៅ​​​ប្រតិស្ថាន​​​នៅ​​​ទីតាំង​​​ថ្មី​​​ពីរ​​​កន្លែង​​​ផ្សេងគ្នា​​​ ​​​គឺនៅ​​​ខាងត្បូង​​​និង​​​ខាង​​​កេីត​​​ទន្លេមេគង្គ​​​ក្នុង​​​ប្រទេសកម្ពុជា​​​សព្វថ្ងៃ​​​ និង​​​នៅ​​​ខាង​​​ជេីង​​​ជួរ​​​ភ្នំ​​​ដងរែក​​​​​​ក្នុង​​​ភាគ​​​ឥសាន​​​ថៃ​​​សព្វថ្ងៃ​​​។ ​អ្នក​​​ខ្លះ​​​យល់​​​ថារាជធានីទួលបា​​​សាន​​​ស្រីសន្ធរ​​​​​​នៅ​​​វត្ត​​​ព្រះធាតុបារាយណ៍​​​ ​​​តែ​​​ខ្ញុំ​​​ពិបាក​​​ជឿ​​​បាន​​​ ​​​ដោយសារ​​​ទីនោះ​​​គ្មានស្ថាននាម​​​​​​«ទួលបាសាន»​​​ ​​​ឬ​​​ «ប៉ាសាន»​​​ដែល​​​ចិន​​​បាន​​​កត់ត្រា​​​នៅ​​​ទសវត្សរ៍​​​១៣៧០​​​។ ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ ​​​នៅ​​​តំបន់​​​វត្ត​​​សុីធរ​​​ ​​​ទេីប​​​មាន​​​ទួល​​​បាសាន​​​ ​​​ព្រម​​​ទាំង​​​អនុវិទ្យាល័យ​​​ទួលបាសាន​​​ផង​​​។ ​​​ហេតុនេះ​​​រាជធានី​​​ស្រីសន្ធរ​​​​​​ទួលប៉ាសាន​​​ គួរ​​​តែ​​​តាំង​​​នៅ​​​តំបន់​​​វត្តសុីធរ ​​​ក្នុង​​​ឃុំសុីធរ​​​ស្រុក​​​ខ្សាច់កណ្តាល​​​ខេត្ត​​​កណ្តាល​​​សព្វ​​​ថ្ងៃ​​​នេះ​​​។​​​



អំពី «គុក» និង «គុហ៍»


រឿងនេះ​ពុំ​ជាថ្មី​ណាស់ណា​ទេ កាលពី​ឆ្នាំ ២០០០ លោក​គ្រូ ឡុង សៀម​ ក៏លើកបញ្ហានេះនៅក្នុងថ្នាក់ដែរ ព្រោះកាលនោះនៅ​កំពង់​ធំ​គេចាប់ផ្តើម​សរសេរ​ សម្បូរព្រៃគុហ៍ និង គុហ៍នគរ ហើយ។ លោក​គ្រូ​គិតថា​ គុក​ ពុំ​អាច​នឹង​ក្លាយ​មកពី គុហារ​ ឡើយ​ព្រោះមិន​អាច​បំបាត់​ស្រៈ «ា» នោះបាន​ ហើយ​ក៏​ព្យាយាម​បកស្រាយ​ថា​អាច​មក​ពី​ដើម «គុហ» ជា​សំស្ក្រឹតតែហាក់ទៅ​ណាពុំឆ្ងាយក៏ស្លេះ​ត្រឹម​នោះទៅ។​ ខ្ញុំ​សង្ខេប​សម្មតិកម្ម​ដែល​ ខ្ញុំ​យល់ថា​មាន​អំណះ​អំណាង​ត្រឹមត្រូវ​ដូច​ខាង​ក្រោម៖
ក) សម្តេច​សង្ឃ ជួន ​ណាត ១៩៦៧៖ «គុហា» គឺរូងធំដែលកើតឯងក្នុងភ្នំ: យោគីធ្វើសមណធម៌ក្នុងគុហា។ «គុក»​ មានន័យ​២​គឺ  ១) រណ្ដៅ ដែលគេជីកលង់ដីធ្វើជាជើងក្រានសម្រាប់ដាំខ្ទះឬថ្លាងធំៗស្ងោរ, រំងាស់, ដាំស្ល។ ២)​ កន្លែងសម្រាប់ដាក់ឃុំខាំងមនុស្សទោស ។
ខ) Robert Headley, Rath Chim, Ok Soeum (1997) «គុក»​ មានន័យ​៣គឺ 1 N. jail, prison  ETY. Chinese; 2 N.  pit dug in the ground as an oven for cooking; furnace; 3 N. kind of large owl.
គ) លោក មីសែល​ ត្រាណេ​ នៅ​លើ​ CEN ថ្ងៃ ១៥ កក្កដា ២០១៥ ៖ …អ្នកស្រាវជ្រាវ​បារាំង​ដំបូងបង្អស់​ពីរ​នាក់​គឺ លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ និង​លោក ហង់​រី ប៉ារ​ម៉ាំង​ទី​យេ ដែល​បាន​សិក្សា​ក្រុម​ប្រាសាទសម្បូរព្រៃគុក​មុនដំបូង​បង្អស់​បានសរសេរថា គុក (Kuk) ដែល​មានន័យថា ប៉ម​យាម ប្រាសាទ​, កុ​ដ​, វិហារ (tour)…សម្បូរ​ព្រៃ​គុក​នេះ មានន័យ​យ៉ាង​ជាក់ច្បាស់​ថា ​​​”ព្រៃស្តុក ដោយ​គុក ឬ​ប្រាង្គ​ប្រាសាទ​” (La foret aux tours) ហើយ​សំដៅយក​ក្រុម​ប្រាសាទ​ទាំងឡាយ ដែលមាន​នៅលើ​ទីតាំង​នេះ​ទាំងមូល​។
ឃ) លោក ហ៊ុន​ ឈុនតេង តាមរយៈ Facebook post ១៤ មករា ២០១៦៖ …ប្រាសាទកាលពីបុរាណត្រូវគេហៅជា “គុហា” ដែរ។ ចុះរឿង “គុហា” ជារឿងរបស់គុហាទេតើ ម្ដេចទាក់ទងអីនឹង “គុហ៍”។ បើលោកអ្នកសង្កេតតែបន្ដិច ម្ល៉េះសមនឹងមានចម្ងល់នេះកើតឡើងទេ។ ខ្ញុំសូមលើកពាក្យមួយ គឺអាសន។ បើអ្នកកាន់តែសង្កេត អ្នកនឹងដឹងថាអ្នកស្រុកនិយាយពាក្យនេះថា “អាស្នា” ឬ “អាសន៍”។ ឧទាហរណ៍៖ អាស្នាព្រះ។ លោកដើមអាសន៍។ ត្រង់នេះបញ្ជាក់ថា ស្រៈខ្លី ខ្មែរមិននិយមអានទេ បើចង់អានក៏ធ្វើទៅជាស្រៈវែងដែរ។ ពាក្យ “គុហ” ពីសំស្ក្រឹតនេះក៏ដូចគ្នាដែរ បើអានជាពីរព្យាង្គ អ្នកស្រុកពិតជាថា “គុហា” គឺថាស្រៈអៈក្នុង ហ នោះទៅជាស្រៈវែងអា ហា។ បើថាតែមួយព្យាង្គ គឺគេថាតែ “គុហ៍”…បំណងរបស់ខ្ញុំចង់ឲ្យមានការសរសេរតាមប្រភពដើមនៃពាក្យជា “ប្រាសាទសម្បូរព្រៃគុហ៍” ប៉ុន្ដែបើស្ថាប័នមានសមត្ថកិច្ចផ្នែកភាសាខ្មែរសម្រេចអក្ខរាវិរុទ្ធបែបណានោះ យើងត្រូវតែធ្វើតាម។ ប៉ុន្ដែខណៈដែលមិនមាន ខ្ញុំសូមស្នើបែបនេះ។ “គុហ៍” នេះវិវត្តមកជាគុកច្រវាក់ឬគុកស្ករផងដែរ ដែលលោកអ្នកគួរតែអានការពន្យល់ន័យនៃពាក្យ “គុក” របស់លោកគ្រូ ព្រាប ចាន់ម៉ារ៉ា នៅក្នុងសៀវភៅចំណងជើងថា “ពាក្យប្រើចំពោះសំណង់បុរាណនិងក្បាច់លម្អ”។
ង) លោក​ ព្រាប​ ចាន់ម៉ារ៉ា តាមរយៈ Facebook post ៩​ កក្កដា ២០១៧៖ «គុក» សំដៅលើសំណង់ដែលមានជញ្ជាំងបិទជុំវិញ ដូចយ៉ាងចង្ក្រានគុក, ប្រាសាទ, ទីឃុំឃាំងអ្នកមានទោស។ល។ មកពីគេគិតតែពីគុកជាកន្លែងឃុំឃាំងមនុស្សតែម្យ៉ាង បានជាគេមិនចូលចិត្តសរសេរដូច្នេះ ហើយបែរទៅរកពាក្យសំស្ក្រឹត «គុហ៍» ឯណោះទៅវិញ។ បើពិតដូចគេយល់យ៉ាងនេះមែន ខ្មែរមើលថា«គុ» ឬ «គុះ»… ប៉ុន្តែខ្មែរនៅស្ទើរគ្រប់តំបន់ហៅប្រាសាទខ្លះថា «គុក» តាមន័យដើមរបស់ខ្លួន ឧទាហរណ៍៖ គុកនគរ, គុកតារាជ, គុកតាឡឹក, គុកយាយហម, គុកត្រពាំងស្រុក, គុកជើង, គុកត្បូង, ព្រះធាតុគុក, សម្បូណ៍ព្រៃគុក។ល។
ខ្ញុំ​សូម​សរសើរ​ឈុន​តេង ដែល​លើក​អំណះ​អំណាង​មក​សមរម្យ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​អាន​ដើម្បី​គាំទ្រ​សម្មតិកម្ម «គុហ៍»។ ប៉ុន្តែ​ជាយោបល់​ខ្ញុំ ​យើង​គួរ​បន្តសរសេរ​ថា «គុក​» តទៅទៀត ដោយពឹង​លើហេតុផលមួយ​ចំនួន​ដូច​ខាងក្រោម​៖
សម្មតិកម្ម​របស់​ប្អូន​ឈុនតេង៖
សម័យ​បច្ចុប្បន្ន ប្រាសាទ = គុក
សម័យ​បុរាណ ប្រាសាទ =  គុហា
=> គុក ក្លាយ​មកពី​ «គុហ៍»
ជាទម្លាប់អ្នកស្រុកគេហៅ គុកប្រាសាទ គុកយាយហម គុកព្រះធាតុ (ហាន់ជ័យ) គុកខាងកើតនិងគុកខាងលិច (ត្នោតជុំនៅកំពង់ថ្ម) គុកតាពេជ្រ (ក្លោងទ្វារខាងត្បូងអង្គរវត្ត) គុកតារាជ (ក្លោងទ្វារខាងលិចអង្គរវត្ត) គុកគូ (ក្លោងទ្វារខាងជើងអង្គរវត្ត) ដូចលោក​ ព្រាប ចាន់ម៉ារ៉ា បកស្រាយ​នៅខាងលើ។  ឈ្មោះស្ថានីយ​បុរាណ​ដែល​ចុះ​បញ្ជីដោយ​ក្រសួង​វប្បធម៌ កាលណាមានរូងភ្នំទើបយើងមានឈ្មោះ «គុហា» ឧបមាថា «គុហាហ្លួង» និង «គុហាព្រះវិហារ» ឬ ភ្នំទទឹងនៅកំពត។ ឯឈ្មោះប្រាសាទខ្លះគេហៅថា «គុហា» ដូច្នេះមែនដូចជា «ទួលគុហា» នៅកោះធំ «អ្នកតាគុហា» នៅកំពង់ត្របែកព្រៃវែងជាដើម។ ដូច្នេះតើ «គុក» អាចក្លាយមកពី «គុហា» ឬទេ? ខ្ញុំចាប់អារម្មណ៍ដូចតទៅ៖
ខ្ញុំ​សូម​ចាប់ផ្តើម​ពី​គុក​ដាក់​អ្នកទោស​មុន៖ យើងពុំដែល​ឃើញពាក្យ​ «គុក»​ នៅ​ក្នុងសិលាចារឹក​ឡើយ ប៉ន្តែ K.957 (ស.វទី ១០) ប្រើពាក្យសំស្ក្រឹត «បញ្ជរ» សំដៅលើ គុកដាក់អ្នកទោស (Pou 2004: 295) ។ ដោយឡែក ទាំង​ថៃ​ คุก ឬ ឡាវ ຄຸກ ប្រើជា​គុកដាក់អ្នកទោសដូចគ្នា​ដែរ។ Robert Heatley, Rath Chim, Ok Soeum ក្នុង​សៀវភៅ Modern Cambodian-English Dictionary (1997) យល់ថា «គុក»​ មក​ពីពាក្យ​ចិន ប៉ុន្តែ​ពុំបាន​ពន្យល់អ្វី​ឡើយ។  នៅក្នុង​វចនានុក្រម​ចិនមួយ ខ្ញុំឃើញ​មានពាក្យ 囚 qiú (អធ្យាស្រ័យ​ខ្ញុំអត់ចេះចិន​ទេ ប្រហែល​អាន​ថា «គីអ៊ុ» អានកញ្ឆក់​មកស្រដៀង​នឹង​គុក​) ជាសំនៀង កុកងឺ (Mandarin) ប្រែថា​ «អ្នកទោស» (https://www.yabla.com/chinese-english-pinyin-dictionary.php?define=囚) ។ សូម​ចំណាំថា​ទាំង​ថៃ​និង​ឡាវ​ ក្នុង​វចនានុក្រម​ដែល​ខ្ញុំ​យោង​នៅទីនេះ (សូម​មើល http://sealang.net/thai/dictionary.htm និង http://sealang.net/lao/dictionary.htm) គេ​ពុំ​ប្រើ​ «គុក»​ ក្នុង​ន័យ​ជាប្រាសាទ​ឡើយ (បើមិត្ត​​អ្នកអាន​ណា​ចេះភាសាទាំងពីរ​នេះ ​ជួយ​ប្រាប់ខ្ញុំផង!)។  ដូច្នេះ​បើពាក្យ​ «គុក»​ ក្លាយ​ពី «​គុហា» ទាល់​តែថៃ​ឬឡាវ​គេ​ប្រើ​ដូច​ខ្មែរ​ដែរ ឬលើក​លែង​តែមាន​ភស្តុតាង​ប្រាកដ​ថា​ ថៃ​និង​ឡាវ​ខ្ចីភាសា​ខ្មែរគុក​សម្រាប់​ប្រើ​តែ​ដាក់​អ្នកទោស‌! (តែខ្ញុំគិតថាដូចជា​វែងឆ្ងាយពេក)។ ករណីមួយទៀតភាសាភូមាគេ​ប្រើ ဂူ (គុ) ប្រែថា​ល្អាង ល្អាង​សក្ការៈ (ប្រាសាទ?) ឬ ផ្នូរ ក្លាយមកពីពាក្យ​បាលី​ថា​ «គុហា»  តែគេមិន​ប្រើ​សម្រាប់ដាក់អ្នកទោស​ឡើយ ( http://sealang.net/burmese/dictionary.htm )។
ចំណុច​បន្តទៅ​ទៀត​ សូម​មិត្ត​អ្នកអាន​ជ្រាប​ថា ដោយការប្រើពាក្យពេជន៍​រមែងបត់បែន​ផ្លាស់​ប្តូរ​ទៅតាមលក្ខ័ណសង្គមនិង​សម័យកាល​ផ្សេងៗគ្នា។ ដូច្នេះយើងគួរវិភាគពាក្យទៅតាមសង្គមដែលយល់ពាក្យនោះនៅក្នុងសម័យ​ដំណាលគ្នា​។ ដោយខ្មែរពុំទាន់មានវចនានុក្រមនៅឡើយកាលដែលអ្នកស្រាវជ្រាវបារាំងចាប់ផ្តើមកត់ត្រាឈ្មោះប្រាសាទបុរាណ នៅចុងស.វទី ១៩ និងដើមស.វទី២០ ខ្ញុំសូមចាប់ផ្តើមពីសំណេររបស់បារាំងដូច​លោក ​មីសែល​ ត្រាណេ ពីខាង​លើដែរ។ លោក Adhémar Leclère (គាត់ចេះខ្មែរ) បោះពុម្ពនៅឆ្នាំ ១៨៩៤ បញ្ជាក់ថា «គាត់រកឃើញ» ក្រុមប្រាសាទ«ពុំមានឈ្មោះ » នៅកំពង់ស្វាយ។ តែបញ្ជាក់ថាមានផ្លូវចេញពីភូមិព្រះឥន្ទ្រកុមារ (ហៅថាឥន្ទខ្មារ) ទៅ «ប្រាសាទគុក» (Prasat-Kuk) គឺ «ប៉មដែលមានរាងដូចឡ» (la tour en forme de four) ។ ឯលោក​ Henri Parmentier (1913) ទំព័រ ២១ លេខយោង ១ «ខ្មែរហៅប្រាសាទតូចៗថា គុក»។  ជាបន្ត​យើងគួរទៅមើលវចនានុក្រមខ្មែរ-បារាំងនៅសម័យដំណាលគ្នាវិញម្តង ព្រោះខ្មែរពុំទាន់មានវចនានុក្រមនៅឡើយ៖
Aymonier, Etienne, et Son Diep (1878) ទំព័រ ៨៧
ទី១៖ Dictionnaire Khmêr-Français របស់ លោក Étienne Aymonier និងលោក សុន ដៀប (Sŏn Diẻp) បោះពុម្ពនៅឆ្នាំ ១៨៨៩ ត្រង់ទំព័រ៨៧៖ គុក fosse (រណ្តៅ), antre ( រូង), caverne (គុហា), cachot (អណ្តូង), prison (គុក), four (), fourneau (គុកភ្លើង)
ទី២៖ Dictionnaire Cambodgien-Français របស់លោក Bernard Jean-Baptiste រៀនខ្មែរនៅឆ្នាំ ១៨៩២ ដល់ ១៩០១ កាល ដែលគាត់ នៅជា អ្នកផ្សាយសាសនានិកាយ Apostolique នៅបាត់ដំបង ហើយបោះពុម្ពនៅឆ្នាំ ១៩០២ ត្រង់ទំព័រ 165 មានពាក្យបីជាប់គ្នាគឺ៖ គុហ៊ា KUHÉA. Voûte, grotte. — thmâ, voûte, grotte naturelle គុហាថ្ម.​ គុក KŬK. Prison, caverne, fosse, fournaise. Dăk —, mettre en prison ដាក់​គុក; Neăk —, prisonnier អ្នក​គុក; — phloeûng, fournaise គុកភ្លើង;  — kŏmbâr, four à chaux គុក​កំបោរ; — thmâ et, four à briques គុកថ្មឥដ្ឋ (ឡឥដ្ឋ);  — dăm bai, fourneau គុក​ដាំបាយ;  Nokor — thlŏk, ancien nom du royaume du Cambodge (គោក?)។
 
Bernard, Jean Baptiste (1902) ទំព័រ ១៦៥
ខ្ញុំយល់ថាលោក Aymonier (គាត់​ចេះខ្មែរ​ប្រាកដប្រជា​ណាស់ដែរ) ប្រហែលជារៀនខ្មែរនៅភ្នំពេញ​ហើយ​លោក​រមែង​យក​កូនសិស្សខ្មែរ​ទៅ​ឲ្យជួយ​ធ្វើការស្រាវជ្រាវ​ពេល​ចុះបញ្ជី​ស្ថានីយបុរាណ។ ឯលោក​ សុន​ ដៀប​ ជាខ្មែរ​កម្ពុជា​ក្រោម​កើត​នៅ​ស្រុក​ទ្រាំង ធ្លាប់​រៀន​នៅវត្ត​ហើយ​ក្រោយ​មករៀន​បារាំង​នៅវិហារ​កាតូលិក និង  École Normale in Saigon (ពត៌មានលម្អិត​សូម​មើល Edwards 2007)។ ដូច្នេះទាំងពីរនាក់​នេះ​ចេះ​សំណៀង​ខ្មែរ​ភាគខាង​ត្បូង។ ឯលោក Bernard រៀនខ្មែរ​នៅបាត់ដំបង ចេះសំណៀង​ភាគខាង​ជើង។ ដូច្នេះ ន័យក្នុងវចនានុក្រមក្នុងសម័យដំណាលគ្នា​ទាំងពីរលើ​ពាក្យ «គុក» និង​ «គុហា» អាចជាន័យដែលអ្នកស្រុកខ្មែរ​ទាំង​ខាងជើងនិងខាងត្បូង ប្រើប្រាស់ដូចគ្នានាសម័យនោះ។ បន្ថែមពីនេះ​​ គឺខ្មែរ​អ្នក​ធ្លាប់​បួស​រៀន​ដែល​បង្គាប់​សរសេរនិង​បកស្រាយ​ពាក្យ​ «គុក» ទៅ​កាន់​លោក​បារាំងទាំង​អស់នេះ។ និយមន័យពាក្យ«គុក»ហាក់ពុំសំដៅទៅប្រាសាទមែន តែយើងគួរចាប់អារម្មណ៍ទៅលើការបកស្រាយរបស់លោក​ Adhémar Leclère ថា «ប៉មដែលមានរាងដូចឡ (ឡថ្ម ឬឥដ្ឋ)»។ អ្នកស្រុកស្ទឹងត្រែងនិង​តាកែវរមែង​យល់ថា​ប្រាសាទភាគច្រើននៅទីនោះជាឡឥដ្ឋដូច្នេះដែរ។ ឯអ្នកស្រុកនៅសៀមរាបដែលខ្ញុំធ្លាប់​សូរ គេប្រាកដណាស់ថា «គុក» ពុំមែនជាគុហាឬគុក​ដាក់​មនុស្ស​ទេ គេបន្ថែម​ថា​ជា​ «គុក​ប្រាសាទ» ​ដូច្នេះ​ទៅ​ទៀត។​
អ្វីដែល​ខ្ញុំ​មិនទាន់​អស់ចិត្ត​នៅពេលនេះ​គឺ​ ខ្ញុំ​មិនមាន​ភស្តុតាង​បញ្ជាក់ថា​ពាក្យ «គុក» ជាពាក្យឫស​របស់​ខ្មែរ​  ឬក៏ Austroasiatic។ យ៉ាងណាក៏ដោយ​ចុះ ខ្ញុំ​យល់ថា​បើពាក្យនេះ​ក្លាយ​ពី​«គុហា» ទាល់​តែពន្យល់​ឫសគល់​របស់ពាក្យ​ថៃនិង​ឡាវ​ដែល​ប្រើពាក្យនេះសំដៅ​តែគុក​ដាក់អ្នកទោស ឬក៏ត្រូវពន្យល់ពាក្យភូមា​​ ដែល​ពុំ​ប្រើពាក្យ «គុ» របស់គេ​ជាគុក​ដាក់អ្នកទោស។ ដោយ​ពាក្យខ្មែរយើងមាន​ន័យ​ច្រើន​ យើង​អាចមាន​សម្មតិកម្ម​បី៖
១. គុក​ ប្រាសាទក្លាយ​ពី «គុហា»
២. គុក ដាក់អ្នកទោសក្លាយ​ពីពាក្យចិន​ដែល​ ថៃ ឡាវ និង ខ្មែរ​ ខ្ចីមកប្រើ
៣. គុក​ ជាពាក្យខ្មែរ​ដែល​អាចមាន​ន័យ​ច្រើន​យ៉ាង​ ហើយ​ន័យ​មួយ​ភាគ​ស្រប​នឹង​ពាក្យ​បាលី​ឬសំស្ក្រឹត គុហា។
ខ្ញុំផ្ទាល់​គិត​ថាតាម​ភស្តុតាង​ដែល​ខ្ញុំមាន​នៅពេល​នេះ​ សម្មតិកម្មទី ៣ សមស្របជាងគេ​​ដូច​ដែល​ពន្យល់មក​ខាងលើថា​អ្នកស្រុក​ខ្មែរ​នៅសម័យ​ក្រោយ​មក​ប្រដូច​ប្រាសាទ​ទៅ​នឹង គុកជើងក្រាន ឬ​បន្ទប់​ដែល​បិទជិត។ ដូច្នេះសរុបសេចក្តីមក​​ ការពន្យល់របស់លោក​ ព្រាប ចាន់ម៉ារ៉ា​ មានន័យ​គ្រប់គ្រាន់​ហើយ។ តែមកដល់ត្រឹម​នេះ ខ្ញុំ​នឹកដល់​ការរៀបរាប់​របស់​លោក ជីវ តាក្វាន់ អំពីប្រាសាទ​សួរព្រ័ត​នៅ​គ.សឆ្នាំ ១២៩៥ -១២៩៦ ថា​ជា «jugement celeste» (Pelliot 1902: 162) ឬ «តុលាការ​សួគ៌» ឯលោក​លី ធាមតេង ប្រែ​ថា​ជា «គុក​សួគ៌»។ គាត់ថា​ប្រាង្គទាំង ១២ នេះ​គេប្រើសម្រាប់​កាត់ក្តី​ដោយ​ឲ្យជន​សង្ស័យ​ចូល​ទៅ​ក្នុងប្រាង្គនេះ។ បើតាម​ការ​រៀបរាប់នេះ តើមាន​ន័យ​ថា​ប្រាង្គ​តូចៗ​នៅ​ចុង​សម័យ​អង្គរ​ ត្រូវ​គេ​ហៅ​ថា «គុក» ហើយ​ទេ​ដឹង? ខ្ញុំឆ្លើយ​មិនទាន់ចេញទេ ដូច្នេះ​បើ​មិត្ត​អ្នកអាន​យក​ទៅ​ពិចារណា​វែង​ឆ្ងាយ​ជាងនេះ ជួយ​ប្រាប់​ខ្ញុំផង។
មួយវិញទៀត​បើ​ទោះ​ជា​ ទៅ​ថ្ងៃមុខ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ថា​ពាក្យនេះ ក្លាយ​មកពី​ «គុហា» ​ពិត​មែន ក៏ហាក់ពុំចាំបាច់អី​ត្រូវ​ប្តូរ​ទៅ​សរសេរ​ជា «គុហ៍» ដែរ​គ្រាន់តែ​ពន្យល់​ថា​ «គុក» មានឬសគល់​មក​ពី​ «គុហា»​ ជាការស្រេច។ គួរ​សម្គាល់ថា​ សម័យ​ដែល​ធ្វើ​វចនានុក្រមជា​សម័យ «បាលី​នីយកម្ម» ពេញទី តែគេនៅតែរក្សា​ពាក្យ «គុក» មកដូចដើម។​ យើង​មាន​ឧទាហរណ៍ដូច​ពាក្យ គម្ពីរ រួចហើយដោយ​ខំកែឲ្យទៅ​ជាពាក្យសំស្ក្រឹត តែមកដល់ពេលក្រោយ​មក​​អ្នកគ្រូពៅ​ សាវរស រកឃើញ​ថា​ជាពាក្យ​ខ្មែរ ថា កំវី ឬ កំពី ដូច្នេះទៅវិញ។ តែយើង​ទម្លាប់​សរសេរ​ថា​ គម្ពីរ​ គ្រប់គ្នា​ទៅហើយ​ ដូច្នេះ​គួរ​សន្មត់​ថា​សរសេរ​ដូច​ដែល​ទម្លាប់​មក​ជា​ការ​ស្រេច​ហើយគ្រាន់តែពន្យល់ពាក្យ​នៅ​ក្នុង​វចនានុក្រុម​ទៅ។ សូម​ជ្រាប​ថាភាសា​អង់គ្លេស​ក៏ដូចគ្នា​ដែរ។  ខ្ញុំ​មិន​មែន​ជាអ្នក​ភាសាវិទ្យា​​អង់គ្លេស​ទេ តែខ្ញុំ​សូម​លើក​ឧទាហរណ៍មួយ​ថា​ nickname ដែល​ជាពាក្យអាន​​ក្លាយ​មកពី an+eke+name (ឈ្មោះ​បន្ថែម) ដែល​គេប្រើមុនពេលមានស្តង់ដារ​វចនានុក្រម។ ដោយទម្លាប់​និយាយ​និង​សរសេរ​ជា nickname ទៅហើយ​គេពុំចាំបាច់​ប្តូរ​ឲ្យទៅ​ជា​ពាក្យដើមទេ ដូច្នេះសន្មត់​ថា​ជាពាក្យត្រូវ។ នេះ​ជា​វិធី​បង្កើត​ពាក្យ​ថ្មី​ជា​ធម្មតា។
សូមទោស​ ការ​បកស្រាយ​នេះ​តម្រូវ​ឲ្យ​វែង​ដូច្នេះ​ដើម្បី​ឲ្យ​ក្បោះក្បាយទាំងអស់គ្នា។ ជា​អវសាន្ត​នេះ​ ខ្ញុំ​សូម​សរសើរ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការ​ចូល​រួម​ជជែក​វែកញែក​គ្នាលើពាក្យនេះ បើ​មាន​សន្ទុះ​ដូច្នេះទៅមុខ​ទៀត​ភាសា​ខ្មែរ​នឹង​រីក​ចម្រើន​ឡើង។ សូម​មិត្ត​អ្នក​អាន​ កុំខ្លាច​ខុស​សោះ​ឡើយ​បើគ្រាន់​តែ​បញ្ចេញ​យោបល់​នោះ សំខាន់​សូម​ធ្វើចិត្ត​ឲ្យទូលាយ​ព្យាយាម​លើក​អំណះអំណាង​មក​បកស្រាយ​ និង​ទទួល​យក​នូវ​សម្មតិកម្មណា​ដែល​មាន​អំណះអំណាង​គ្រប់គ្រាន់។
សូម​អរគុណ​ដែល​បាន​អាន​ដល់​ចប់!
ហេង ពិភាល់ (ហូណូលូលូ ៩ កក្កដា ២០១៧)
Update ១០ កក្កដា ២០១៧៖
ខ្ញុំ​សូម​អរគុណ​បង ពិ បុន្នីន និង បង ញឹម សុធាវិន ជា​អនេក​ដែល​រំឮក​ខ្ញុំអំពីអត្ថបទ​របស់អ្នកគ្រូពៅ​ សាវរស​ មួយ​ទៀត​ដែល​ខ្ញុំ​ពុំបានប្រើ​ក្នុង​សំណេរ​ខាងលើគឹ
Pou, Saveros. 1991. “Les noms de monuments khmers.” Bulletin de l’Ecole française d’Extrême-Orient 78 (1): 203–27.
ខ្ញុំ​បាន​អាន​ជាថ្មី​ម្តង​ទៀត ហើយ​ឃើញថា​ពុំមាន​អ្វី​ត្រូវ​កែសម្រួល​ឡើយមានតែពង្រឹង​សំណេរ​របស់​ខ្ញុំខាងលើ​។ ដូច្នេះខ្ញុំសូម​ប្រែសម្រួល​នូវ​ផ្នែក​តូចមួយ​របស់អត្ថបទនេះ​ត្រង់ទំព័រ ២១០-២១១ ដូចតទៅ (​សូម​អធ្យាស្រ័យទុក​ជាមុន​ព្រោះខ្ញុំខាន​ប្រើភាសាបារាំងយូរ​យារ​ហើយ បើអានពុំយល់​សូម​មើល​អត្ថបទដើម​នៅតំណភ្ជាប់នេះ)៖
តាមទម្លាប់ឥណ្ឌា គេអាច​យល់​ពី​​ប្រាសាទ​ពី​លំហ​ពីរគឺ​៖ «ខាង​ក្នុង» និង​ «ខាងក្រៅ»  ហើយ​សិលាចារឹក​ខ្មែរ​ក៏​ប្រើ​ពាក្យ​ស្រប​គ្នា​ដូច្នេះ​ដែរ។  ពាក្យ​«ប្រាសាទ» គេ​សំដៅ​ទៅ​លើ​«តួប៉ម​ទាំង​មូល»​ ឬ​ក៏​ «កំពូល» ដែល​មាន​រាង​ខ្ពស់សន្លឹម​ប្រដូច​ទៅនឹង«កំពូល​ភ្នំ» [លំហ​ខាងក្រៅ]។ ហេតុនេះ​ហើយ បាន​ជា​គេ​យក​ពាក្យ​នានា​ដែល​សំគាល់ភ្នំមក​ហៅ​ប្រាសាទ។ ឧបមា​ដូចពាក្យ​សំស្ក្រឹត «គិរិ», «អទ្រិ», «បវ៌ត» ឬ «ឝៃល» និង​ពាក្យខ្មែរ វ្នំ (ពាក្យ​សម័យ​ថា ភ្នំ) ជាដើម។ ពាក្យ​ដូច​ទាំង​នេះ​អាច​បង្ហាញជា៖ វ្នំ = ភ្នំ = ប្រាសាទភ្នំ= ប្រាសាទ នឹង​បំពេញ​ដោយ​ពាក្យ​ខ្មែរ​បុរាណ​ «ក្លោញវ្នំ» ដើម្បីសម្គាល់ «អ្នក​មើលការ​ខុសត្រូវ​ក្នុង​ប្រាសាទ»។ ជួន​កាល​គេ​ប្រើពាក្យសំស្ក្រឹត «ឝីខរ» ឬ «ឝ្ឫង្គ» សំដៅ​ទៅ​លើ​កំពូល​ស្រួច។ ចំពោះ «លំហខាងក្នុង» វិញ ប្រាសាទអាចប្រដូចទៅនឹង«ប្រហោង», «រូង», «បន្ទប់»។ ដូច្នេះក្នុងន័យទូទៅគឺដូច​ពាក្យសំស្ក្រឹតថា «គុហា» ដែលខ្មែរយកមកប្រើមានច្រើនបែបដូចជា «គុហា, គូហ, គុហេ, គុហិ »។  សព្វថ្ងៃខ្មែរប្រើពាក្យនេះសំដៅទៅលើរូងភ្នំតូចចង្អៀតដែលគេជឿថាជាទីពិសិដ្ឋ។ ការសិក្សាថ្មីៗនេះបង្ហាញថា ពាក្យខ្មែរបុរាណ«កន្លោង» (ដែលមានតាំងពីសម័យមុនអង្គរ) មានន័យទូលាយដូចគ្នានឹងពាក្យសំស្ក្រឹត «គុហា» ដែរ។ ពាក្យកន្លោងនេះមានន័យថា ប្រហោង, រូង, រូងភ្នំ, ឃ្លាំង, ប៉ម, ប្រាសាទ (cavité, caverne, grotte, niche, chambre, magasin, entrepôt, tour, temple)។ ពាក្យមានន័យរួមថា «espace creux, clos» (ទីឬបន្ទប់បិទជិត) ដែលប្រើបានចំពោះទីពិសិដ្ឋមានទាំងរូងភ្នំ, ទាំងប្រាសាទ ឬ គោបុរ, ឬក៏ប្រាសាទតូចៗ។
ពាក្យខ្មែរបុរាណ«កន្លោង»នេះបាត់បង់ពីភាសាខ្មែរសម័យទៅហើយ ជំនួសដោយពាក្យ «គុក»វិញម្តង ដែលជាពាក្យចិនដែលមានន័យថា «គុកឬបន្ទប់ដាក់អ្នកទោស» ដូច្នេះគឺមានន័យស្របគ្នានឹង«ប្រហោង, រន្ធ»។ ក្នុងភាសាខ្មែរសម័យគេក៏ប្រើ«គុក»ដើម្បីហៅ«រូងដែលគេជីកដើម្បីបង្កាត់ភ្លើង»។ ដូច្នេះពាក្យ«គុក»មានន័យគ្របលើ ន័យសាមញ្ញ(ស្រុក) ផង និង ន័យសាសនាផង។ «គុក» អាចប្រដូចទៅនឹងពាក្យសំស្ក្រឹតថា «កុណ្ឌ» គឺ «រូងឬរណ្តៅដែលគេជីកដើម្បីបង្កាត់ភ្លើងធ្វើពិធីបូជាយញ្ញ» ជាពិធីព្រាហ្មណ៍ពីបុរាណ។ ន័យរបស់ពាក្យ«កុណ្ឌ»នេះអាចយកមកពន្យល់ «ន័យសាសនា» របស់«គុក» ថាជារូងពិសិដ្ឋ ពោលគឺប្រាសាទនេះឯង។ ការប្រើពាក្យ«គុក» នេះរាលដាលទាំងក្នុងស្រុកនិងក្រៅស្រុក* ដើម្បីសម្គាល់ប្រាសាទតូចៗដែលបារាំងហៅថា«tours»។ ដំណាលគ្នានេះដែរពាក្យ«ប្រាសាទ»ហាក់ត្រូវគេប្រើជាទូទៅក្នុងភាសាសព្វថ្ងៃសម្គាល់ទៅលើប្រាសាទដែលមានទំហំធំៗ។ ផ្ទុយទៅវិញ ពាក្យ«គុក»ពុំសំដៅតែលើប្រាសាទតូចៗប៉ុណ្ណោះទេ ព្រោះភាសាអ្នកស្រុកដែលគ្មានកំណត់ត្រាក្នុងសទ្ទានុក្រមផ្លូវការ គេហៅប្រាសាទដែលគ្មានឈ្មោះហើយភាគច្រើនរមែងមានទំហំតូចៗផងថា «គុក»ដូច្នេះ។  
*គឺស្រុកថៃនិងលាវដែលអ្នកស្រាវជ្រាវរកឃើញប្រាសាទតូចៗច្រើនហៅថា Kuk ដែលគេសរសេរផ្សេងៗគ្នាដូចជា Kuk (គុក), Ku (គុហា), Kut (កុដិ), Kuk (គោក)។
ក្នុងអត្ថបទនេះ​អ្នកគ្រូ​ពៅ សាវរស ថា​ «គុក​» ប្រាកដជាខ្ចីពីចិន​យកមក​វិវត្តន៍នៅស្រុក​ខ្មែរទៅ​សំគាល់​ គុក​ជើងក្រាន និងប្រាសាទ​រួច​ទើប​រាល​ដាល​ទៅ​ស្រុក​ថៃ​និង​លាវ​។ តាមដែលខ្ញុំមើលឈ្មោះប្រាសាទក្នុងបញ្ជីរបស់ក្រសួងវប្បធម៌ និងរបស់លោក Michel Lorrillard (2014) នៅស្រុកលាវកម្រណាស់ដែលមានពាក្យ Ku ហៅប្រាសាទ (មាន​១ឬ២​ប៉ុណ្ណោះ)។ ឯនៅស្រុកថៃពាក្យទាំងនេះសម្បូរតែនៅថៃភាគឥសានដែលមានខ្មែរនៅច្រើនប៉ុណ្ណោះ។ តែគួរ​ចាប់អារម្មណ៍ថា​នៅ​ស្រុក​ថៃ​ (ពិសេស​ក្រៅតំបន់ដែលមាន​ខ្មែរ​នៅ) និងលាវ គេច្រើននិយម​ប្រើពាក្យ «ធាតុ» ឬ Ku ទៅ​ហៅ​ប្រាសាទ​ទៅវិញ (មិនមែន​គុកទេ)។ ដូច្នេះ​មានន័យ​ថា​ពាក្យនេះ​ខ្មែរ​ខ្ចី​ចិន​ តាំង​ពី​ស.វ ១៦ ឬ ១៧ មកម្លេះ! ខ្ញុំមិន​មានយោបល់ទេ​នៅពេលនេះ! យ៉ាងណា​ក៏ដោយ ​ខ្ញុំនៅរក្សា​សមតិកម្មទាំង​បី​ខាងលើ​ដូច្នេះ​សូម​មិត្ត​អ្នកអាន​ស្រាវជ្រាវ​រុករកបន្តទៀត ខ្ញុំ​សូម​ស្លេះ​ត្រឹម​នេះ​សិន៕
ឯកសារ​ពិគ្រោះ
  1. Aymonier, Etienne, and Diep Son. 1878. Dictionnaire Khmêr-Français. Saigon: Autographié par Son Diep, Inteprèt titulaire de 2e classe.
  2. Bernard, Jean Baptiste. 1902. Dictionnaire Cambodgien-Français. Hong Kong : Imprimerie de la Société des Missions Etrangères.
  3. Edwards, Penny. 2007. Cambodge : The Cultivation of a Nation, 1860-1945. Honolulu: University of Hawaiʻi Press.
  4. Headley, Robert K, Chim Rath, and Soeum Ok. 1997. Modern Cambodian-English Dictionary. Kensington, Md.: Dunwoody Press.
  5. Leclère, Adhémard. 1894. “Fouilles de Kompong-Soay (Cambodge).” Comptes rendus des séances de l’Académie des Inscriptions et Belles-Lettres 22 (5): 367–378.
  6. Lorrillard, Michel. 2014. “Pre-Angkorian Communities in the Middle Mekong Valley (Laos and Adjacent Areas).” In Before Siam: Essays in Art and Archaeology, edited by Nicolas Revire and Stephen A. Murphy, 187–2015. Bangkok: River Books.
  7. Parmentier, Henri. 1913. “Complément à l’inventaire descriptif des monuments du Cambodge.” Bulletin de l’Ecole française d’Extrême-Orient 13 (1): 1–64.
  8. Pelliot, Paul. 1902. “Mémoire Sur Les Coutumes Du Cambodge.” Bulletin de l’Ecole Française d’Extrême-Orient 2: 123–77.
  9. Pou, Saveros. 1991. “Les noms de monuments khmers.” Bulletin de l’Ecole française d’Extrême-Orient 78 (1): 203–27.
  10. Pou, Saveros. 2004. Dictionnaire Vieux Khmer-Français-Anglais = An Old Khmer-French-English Dictionary = Vacanānukram Khmaer Câs-Pārāṃṅ-Qaṅles. Paris, France: L’Harmattan.

សម្បូរព្រៃគុក» ​ជាឈ្មោះ​កាត់​បារាំង?

ខ្ញុំបាន​បកស្រាយពី​ «គុក» និង «គុហ៍» ​នៅ​ប្លុក​មុនរួចហើយ នៅទីនេះ​ខ្ញុំ​សុំបកស្រាយ​លើ​ការណ៍​ដែល​នាំឲ្យ​ពិបាកប្រែ​និង​ពន្យល់ពាក្យ «សម្បូរព្រៃគុក»។ ជាទូទៅ​ប្រាសាទ​ខ្មែរ​មួយ​ចំនួន​មានឈ្មោះដូច​ជា «ព្រៃគុក» «ព្រៃប្រាសាទ» ឬ «ព្រៃក្តី» ដែល​មានន័យជារួម​ថា «​ព្រៃរបស់ប្រាសាទ» ឬ «ព្រៃដែលមាន​ប្រាសាទ» ពោល​គឺសំដៅ​ទៅ«​ដី​ព្រៃ​​»​ដែល​​មានប្រាសាទ​ក្នុងនោះ ពុំមែន​សំដៅ​ទៅ​លើ​ឈ្មោះប្រាសាទផ្ទាល់ឡើយ (ត្រង់នេះ​សូម​មិត្ត​អ្នកអាន​មើល​អត្ថបទ​របស់​អ្នកគ្រូពៅ សាវរស ដែល​ខ្ញុំ​ប្រែសម្រួល​មួយវគ្គខ្លីជាខ្មែរ​នៅ​ខាងចុង​ប្លុកអំពី​គុក)។ ដោយឡែក​ កាលណាគេ​ថែម​«សម្បូរ» ​ពីមុខ​ «ព្រៃគុក» ការពន្យល់ពាក្យនេះទៅ​ជា​ពិបាក​។ វចនានុក្រមពន្យល់ពាក្យ «សម្បូរ» ថាជា «កិរិយាសព្ទ ឬ គុណនាម. ពេញ​ពាស, បរិបូរ​ក្រៃ​ពេក, គរគោគ : ទឹក​ភ្លៀង​សម្បូរ, ស្រុក​សម្បូរ។ សម្បូរ​ពោរ​ពាស សម្បូរសល់​ផល ។ សម្បូរហូរ​ហៀរ សម្បូរ​គរគោក ។ល។»  ដូច្នេះបើ​យើង​ប្រែ «សម្បូរព្រៃគុក» ថា សម្បូរទៅ​ដោយ«​ព្រៃរបស់ប្រាសាទ» ឬ «ព្រៃដែលមាន​ប្រាសាទ» វាទៅជាឆ្គង​ឬចម្លែកព្រោះ​នាម​នៅពេល​នេះ​គឺ «ព្រៃ» ពុំមែន​ប្រាសាទឡើយដែល​ខុសពី​ន័យថា​ «សម្បូរប្រាសាទ​»។ នេះ​ក៏ព្រោះកន្សោម​ពាក្យនេះ​វា​ចម្លែក​មែន! ព្រោះវាជាកន្សោមពាក្យ​កាត់​បារាំង! ចាំខ្ញុំនឹងបង្ហាញហេតុផល​ជូន​ដូចតទៅ៖

រូបថត​អ្នកស្រាវជ្រាវបារាំង​សំខាន់ៗដែល​ចាប់ផ្តើមស្រាវជ្រាវនៅ«សម្បូរព្រៃគុក» (រូបថតទាំងអស់ជាកម្មសិទ្ធរបស់សាលាបារាំង EFEO)
សូមមិត្ត​អ្នកអានបង្វិលពេលវេលា​ថយ​ក្រោយ​ជាមួយ​ខ្ញុំទៅកាន់​ស្រុកខ្មែរ​ក្នុងសម័យ​អាណាព្យាបាល​បារាំង​នៅចន្លោះ​ឆ្នាំ១៨៩៤ និងឆ្នាំ១៩២៨។ នេះជាពេល​ដែល​បារាំងចាប់ផ្តើម​ស្រាវជ្រាវពី​បុរាណវិទ្យា​ ប្រវត្តិសាស្ត្រ​ និង សិលាចារឹក​ខ្មែរ ដែល​នាំពួក​គេ​ឲ្យធ្វើដំណើរ​គ្រប់ទិសទី​រុករក​ប្រាសាទ រូបចម្លាក់ និង​សិលាចារឹក។ ចាប់ពីឆ្នាំ១៨៩៤ គេបាន​ទៅដល់ខេត្តកំពង់ស្វាយ (កំពង់ធំសព្វថ្ងៃ) ពិសេស​ទៅដល់ក្រុមប្រាសាទដែល​យើងសព្វថ្ងៃស្គាល់ថា «សម្បូរព្រៃគុក»។ តើ​នេះជាឈ្មោះដែល​គេហៅ​នៅ​ជំនាន់នោះ​ឬទេ? តើ​លោក​បារាំង​ទាំង​អស់នេះ​ហៅ​ក្រុមប្រាសាទនេះ​ថាម៉េច? សូមមើល​ឈ្មោះ​ដែលគេប្រើ​ក្នុងរបាយ​ការណ៍ចំនួន១០ តាមកាលប្រវត្តិ​ឆ្នាំ​និមួយៗដូចខាងក្រោម៖
១. Adhémard Leclère (1894) នៅទំព័រ៣៧១-៣៧២៖ Prasat-kuk ប្រាសាទ-គុក  (ចំណាំ «–» នៅចន្លោះពាក្យទាំងពីរ) គឺ «ប៉មដែលមានរាងដូចឡ»។
២. Étienne Aymonier (1900) នៅទំព័រ៣៧២៖ Sambuor សម្បូរ ឬ សម្បួរ
៣. Lunet Delajonquière (1902) នៅទំព័រ២២៥៖ Sambuor សម្បូរ ឬ សម្បួរ
៤. Henri Parmentier (1913) នៅទំព័រ២១៖ Prei Kuk ព្រៃគុក
៥. Louis Finot (1912) នៅទំព័រ១៨៤៖ បោះពុម្ពមុន​តែ​រិះគន់​​អត្ថបទឆ្នាំ១៩១៣ របស់លោក​ Parmentier ដោយ​ឲ្យ​ប្រើឈ្មោះ Sambuor or Saṃbór អានថា​សម្បូរ
៦. L. Arousseau (1922) នៅទំព័រ៣៩០៖ Sambor Prei Kuk សម្បូរព្រៃគុក
៧. Jeanne Leuba (1925)៖ Sambor-Prei Kuk សម្បូរ-ព្រៃគុក
៨. Henri Parmentier (1927)ទំព័រ ៤៥-៤៦៖ Saṃbór-Prei Kŭk សម្បូរ-ព្រៃគុក (ចំណាំ «–» នៅចន្លោះពាក្យ)
៩. Victor Goloubew (1927) ទំព័រ ៤៨៩-៤៩២៖ Sambor Prei Kuk សម្បូរព្រៃគុក (គ្មាន «–» នៅចន្លោះពាក្យ)
១០. Louis Finot (1928)ទំព័រ ៤៣៖ Saṃbór Prei Kŭk សម្បូរព្រៃគុក (គ្មាន «–» នៅចន្លោះពាក្យ)
ឈ្មោះ​ផ្សេងៗដែលគេហៅក្រុមប្រាសាទ «សម្បូរព្រៃគុក» ចាប់ពី​ឆ្នាំ១៨៩៤ ដល់ ១៩២៨។ ខ្ញុំចែកជាពីរក្រុម៖ ក្រុមខាងលើមានឈ្មោះដើម​ថា«ប្រាសាទគុក» ផង​និង​យកតាមលោក Lunet de Lajonquière ផង ឯក្រុមខាងក្រោម​តាមលោក Henri Parmentier។
តាមរយៈឯកសារទាំងនេះ យើង​ឃើញថាឈ្មោះ​«សម្បូរព្រៃគុក» កើតចេញ​ពី​ «ជម្លោះលេខយោង» ៣ដងក្នុងរយៈពេល១៧ឆ្នាំ​ ពីឆ្នាំ១៩១១ ដល់១៩២៨ ​រវាង​លោក Henri Parmentier (ហង់រី ប៉ារម៉ង់ទីយេ) និង Louis Finot (ល្វី ហ្វ៊ីណូត៍ ជាគ្រូ​សំស្ក្រឹតនៅ​ព្រៃនគរ​​របស់​លោកតា​ ជួន ណាត​ និងលោកតា ហួត​ តាត)។
លោក Henri Parmentier ទៅធ្វើការស្រាវជ្រាវ​នឹងគូរ​ប្លង់ក្រុម​ប្រាសាទ​ «សម្បូរព្រៃគុក» លម្អិតមុនគេ​នៅឆ្នាំ១៩១១។ ក្នុងអត្ថបទ​មួយ​បន្ថែមលើ​បញ្ជីសារពើភណ្ឌស្ថានីយបុរាណនៅស្រុកខ្មែរ (1913: 21-22) លេខយោងទី១ គាត់សរសេរថា៖ “ទីតាំងភូមិ​នេះឈ្មោះសម្បូរ (ឲ្យអានថា​ សំ-បុ គឺកញ្ឆក់​ស្រៈខាងចុង)។ ដោយឈ្មោះនេះងាយ​នឹង​ច្រឡំជាមួយសម្បូរ​មួយទៀត (ក្រចេះ) Lajonquière សរសេរ​ដោយ​ខុសទំនងថា Sambuor​(សម្បួរ)ទៅវិញ។ ខ្ញុំយល់ថាគួរណាស់តែ​ប្រើឈ្មោះ​ដែល​អ្នកស្រុកទីនេះប្រើគឺ ប្រាសាទព្រៃគុក « les sanctuaires de la forêt des Kŭk » (ប្រាសាទនៅព្រៃគុក)។ អ្នកស្រុកខ្មែរគេប្រើ «គុក​» ហៅប្រាសាទតូចៗ។
ក្រោយឃើញរបាយការណ៍នេះ (មុនពេលបោះពុម្ពមួយឆ្នាំ) លោក Louis Finot (1912: 184) ក្នុងលេខយោង១ នៅផ្នែក «សិលាចារឹកនៅសម្បូរ» សរសេរថា៖ “ឈ្មោះដែលអាចផ្ទៀងផ្ទាត់បានរបស់ភូមិនេះគឺ Sambór (សម្បូរ) រីឯប្រាសាទគេហៅថា «ព្រៃគុក»។ ទាំង Leclère និង Lajonquière គ្មាន​អ្នកណា​ស្គាល់ឈ្មោះនេះទេ គឺប្រហែលជាឈ្មោះដែល​អ្នកស្រុកបង្កើតឡើងដើម្បីបំពេញចិត្ត​អ្នកស្រាវជ្រាវ​ក្រោយគេ (គឺរិះគន់លោក Parmentier)។ វាហាក់​មិនចាំបាច់ប្តូរពីឈ្មោះភូមិដែលគួរឱ្យចាប់អារម្មណ៍ ទៅប្រើឈ្មោះដែលគ្មាន​ន័យនេះទេ។ ឈ្មោះ Sambuor ឬ Sambór ប្រាកដជាក្លាយមកពី​ Śaṃhupura (ឝម្ភុបុរ) ពុំខាន។”
តមក​ទៀតរហូត​ដល់​១៥ឆ្នាំក្រោយ​ទើប​​លោក Parmentier (1927: 45-46) លេខយោងទី១ តបទៅវិញថា៖ “អ្នកស្រុកមិនបាន​ឲ្យ​ឈ្មោះប្រាសាទ​ដែល​ពួកគេស្ទើរតែមិនស្គាល់ហើយគេ​កម្រនឹងធ្វើកិច្ចពិធីនៅ​ប្រាសាទទាំងនេះផង។ អ្នកស្រុក​សម្បូរ​ជូន Lajonquière ទៅ​មើល​តែផ្នែកមួយតូច​ប៉ណ្ណោះ … នៅពេលគេយល់ពីអ្វីដែលយើងចង់រក ហើយឈប់ប្រកែក​ថាគ្មានវត្តមានប្រាសាទ​នៅក្បែរនោះទៀត អ្នកស្រុកទាំងនេះទទួលស្គាល់ថាមានប្រាសាទផ្សេងឯទៀតនៅក្នុង «ព្រៃគុក»។ អ្នក​ដំណើរ​អឺរ៉ុបដំបូងគេ ប្រហែលជាដាក់ឈ្មោះក្រុមប្រាសាទនេះតាម​ឈ្មោះភូមិជិតខាងគឺ ភូមិ​«សម្បូរ» តែកែប្រែពាក្យទាំងខុស​​​ទំនងជា​ Sambuor (សម្បួរ) ​ដែលគ្មានអ្នក​តំបន់នេះស្គាល់​ទៅវិញ។ យើងគួរតែកំណត់ប្រើឈ្មោះ​ស្រដៀង​​ទៅ​នឹងពាក្យដែល​អ្នកស្រុកហៅ ជាជាងប្រើ​ឈ្មោះដែលគ្មាន​អ្នកស្គាល់​(Sambuor) នេះ ឬក៏​ជៀសវាង​ប្រើឈ្មោះដែលនាំឲ្យ​ច្រឡំមួយនឹង «សម្បូរទន្លេ» (គឺសម្បូរ​ក្រចេះ) ផង។ ដូច្នេះ​ដំណោះស្រាយ​សាមញ្ញបំផុត ដើម្បីជៀសវាងការភាន់ច្រឡំ​ផង​ និងការបាត់បង់អនុស្សាវរីយដើម​ដែលអាចមាន​ក្នុងឈ្មោះ  «សម្បូរ» (Śaṃbhupura?)នោះផង យើងគួរប្រើ «ឈ្មោះស្ទួន​» គឺ «Saṃbór-Prei Kŭk» (សម្បូរ-ព្រៃគុក) ដែល​គ្មានអ្វីពិបាកក្រៅ​ពីឈ្មោះវែងនោះទេ។”
សូមចំណាំថាសំណើរបស់លោក Parmentier មានសញ្ញា «–» នៅចន្លោះពាក្យទាំងពីរគឺ «សម្បូរ-ព្រៃគុក» ពោល​គឺ​ យកឈ្មោះ​«សម្បូរ»​ដែល​គេ​ស្គាល់​មុន​ដាក់ពី​ខាងមុខ​ ឯឈ្មោះ​«ព្រៃគុក» ​ដាក់​បន្ថែម​ពី​ក្រោយ។ តែយើងឃើញថា​ ការប្រើតមកទៀតគឺនៅត្រឹមតែ «សម្បូរព្រៃគុក»​ ដែលយើងស្គាល់សព្វថ្ងៃនេះដោយគ្មានដាក់សញ្ញា «–»។ ត្បិតតែ Arousseau (1922) និង Leuba (1925) បោះពុម្ពមុនលោក Parmentier (1927) ក៏ពិតមែន​ រាល់អំណះអំណាង​ទាំងអម្បាលមាន​នៅក្នុងអត្ថបទទាំងពីរ​គឺយក​តាម​លោក​ Parmentier ច្រើន​។ នៅក្នុង​អត្ថបទកាសែត​របស់​អ្នកស្រី Jeanne Leuba (ជា​ភរិយា​លោក​ Parmentier គាត់​ទៅ​សម្បូរព្រៃគុក​ជាមួយ​ប្តី​តាំងពី​ឆ្នាំ ១៩១១) ប្រាប់ថា​គាត់ទៅសម្បូរព្រៃគុក​ជាមួយលោក​ Parmentier ម្តងទៀតក្នុងឆ្នាំ១៩១៦។ ដូច្នេះលោក Parmentier និងអ្នកស្រី Jeanne Leuba ប្រហែល​ស្នើ​ឲ្យប្រើ «ឈ្មោះស្ទួន» ថា «សម្បូរ-ព្រៃគុក» តាំងពី​ឆ្នាំ១៩១៦​មកម្លេះ​តែទើបនឹងបាន​បោះពុម្ព​សៀវភៅនៅឆ្នាំ ១៩២៧។ លោក Louis Finot (1928) បញ្ចប់​សេចក្ដី​ត្រឹម​សរសេរ​យោង​ទៅតាមរបាយ​ការណ៍របស់​លោក Victor Goloubew (1927) ថាជា​ Saṃbór Prei Kŭk «សម្បូរព្រៃគុក» ដោយគ្មានដាក់សញ្ញា «–» មកដូច្នេះដែរ។ រហូតមកទល់​ទសវត្ស​ឆ្នាំ១៩៦០ លោក​ Bernard-Philippe Groslier ប្រហែលជាសន្មត់ឲ្យប្រើឈ្មោះជាអក្សរកាត់ថា SPK ដូច្នេះ​សូមចំណាំទុក​អក្សរកាត់នេះ។
សរុបសេចក្តីមកឈ្មោះ ​«សម្បូរព្រៃគុក» ជាពាក្យកូនកាត់​ដែល​មាន​មេបា​ជាបារាំងពីរ​រូបគឺលោក Henri Parmentier និងលោក​ Louis Finot។ ដូច្នេះហើយបាន​ជា​ការបកស្រាយ​ឈ្មោះនេះរមែង​តែឆ្គង ព្រោះបើយោងតាមទម្រង់នេះគួរប្រើ​ថា «ព្រៃគុក​នៅភូមិសម្បូរ» ឬឲ្យខ្លី «ព្រៃគុក​សម្បូរ» ដូចគ្នា​នឹង​ «បន្ទាយស្រីដំដែក» កុំឲ្យច្រឡំនឹងបន្ទាយស្រីដែលគេស្គាល់គ្រប់គ្នា ឬ«សម្បូរ​ក្រចេះ»។ តែដូចខ្ញុំសរសេរ​នៅក្នុងប្លុក​មុន​មកហើយថា ដោយយើងទម្លាប់សរសេរ «សម្បូរព្រៃគុក» មកប្រហែល៩០ឆ្នាំហើយ​ ដូច្នេះ​ពុំមានកិច្ច​ចាំបាច់អ្វីនឹងដោះដូរទៀតឡើយ គ្រាន់តែស្គាល់ពីប្រវត្តិនិង​ដំណើរដើម​ទងរបស់វាជាការស្រេច។ ដូច្នេះ​ឈ្មោះ ​«សម្បូរព្រៃគុក» មានន័យសាមញ្ញថា៖ «ព្រៃប្រាសាទនៅភូមិសម្បូរ»។ ចំពោះពាក្យសម្បូរ និង ឝម្ភុបុរ ខ្ញុំនឹង​លើក​មកនិយាយ​នៅវគ្គក្រោយៗទៀតកុំ​ឲ្យ​ចាក​ប្រធាន​នៅ​ទី​នេះ​។

លោក Henri Parmentier ធ្វើកន្លែងស្នាក់នៅក្នុង​ប្រាសាទតោ(?)នៅសម្បួរព្រៃគុកក្នុងឆ្នាំ១៩១១ (រូបថតនេះជាកម្មសិទ្ធរបស់សាលាបារាំង EFEO តែខ្ញុំចម្លងរូបពី​ Facebook post ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ របស់លោក ឈុម ម៉េងហុង)
ជម្រាបមិត្តអ្នកអានថា ករណីប្រើឈ្មោះផ្សេង​របស់អ្ន​កស្រាវជ្រាវ​ទៅដាក់ឲ្យ​ស្ថានីយបុរាណ​មាន​មកទល់សព្វថ្ងៃ។ ឧបមាដូចជាក្រុម​ឡភាជន៍នៅភ្នំគូលែន​ជាដើម។ អ្នកស្រាវជ្រាវ​ក្នុងទសវត្សឆ្នាំ១៩៩០ ឲ្យឈ្មោះថា «ឡអន្លង់ធំ» ទៅតាមឈ្មោះភូមិអន្លង់ធំ​ដែលគេត្រូវឆ្លងកាត់។ តែអ្នកស្រុកនៅទីនោះតាំងពី​ជំនាន់​លោក Aymonier មក​ហៅ​ឡនេះថា «ឡថ្នល់ម្រេច» ឬ «សំពៅធ្លាយ» មកទល់សព្វថ្ងៃ។ ខ្ញុំនិងលោកឆាយ រចនា នៅក្នុងអត្ថបទ​រួម (Miksic et al 2009) ​បាន​ស្នើឲ្យត្រលប់ទៅប្រើឈ្មោះដើមវិញ​ព្រោះពុំទាន់ហួសពេលនៅឡើយ។ តែរឿងប្រើឬ​មិន​ប្រើជាសិទ្ធរបស់ស្មេរ​ម្នាក់ៗ យើងខ្ញុំគ្រាន់តែសរសេរថា «ឡថ្នល់ម្រេច» (ឬគេស្គាល់ថា «ឡអន្លង់ធំ») Thnal Mrech (a.k.a Anlong Thom) ដូច្នេះជាការ​ស្រេច (Chhay et al 2013)។ ឧទាហរណ៍​មួយទៀតនៅបរទេសគឺ «វប្បធម៌ Lapita» “Lapita Culture”​ របស់កោះប៉ាស៊ីហ្វិក​នៅតំបន់​ មេឡានេស៊ី ឬ Near Oceania និង Remote Oceania ភាគខាងលិច។  ដោយ​ស្តាប់អ្នកស្រុក​មិនច្បាស់ អ្នកស្រាវជ្រាវ​អាមេរិកកាលពី​ឆ្នាំ១៩៥៦ ហៅ​ស្ថានីយកំណាយមួយ​​នៅរដ្ឋ New Caledonia (កោះ​ស្ថិតនៅទិសឥសានធៀបនឹង​ទ្វីបអូស្ត្រាលី)​ថា Lapita (អាន​ថា​ ឡា​-ភិថា)​ តាមពិតឈ្មោះដើម​ដែល​អ្នកស្រុក​ហៅគឺ Xapetaa អានថា ហា-ភី-ថា​ ទៅវិញ (សូមមើល Sand et al 1998)។ តែដោយ​សារឈ្មោះ Lapita នេះ​ល្បីល្បាញរួច​ទៅ​ហើយ គេក៏សន្មត់ប្រើឈ្មោះនេះ​ដរាបរៀងមក។
សូមអរគុណដែលបានអានមកដល់ត្រឹមនេះ! ដល់ពេលដែល​មិត្តអ្នកអានត្រឡប់​មកបច្ចុប្បន្នវិញហើយ! ចុងបញ្ចប់ខ្ញុំសូមឲ្យអ្នកស្រាវជ្រាវ ព្យាយាម​ប្រើឈ្មោះ​ដើមតាមដែលអាចធ្វើបាន។ តែយើងទាំងអស់គ្នាក៏ត្រូវចំណាំ​ដែរថា ធម្មតាអ្នកស្រុកអាចមាន​ឈ្មោះ​ច្រើន​សម្រាប់ហៅកន្លែងតែមួយ​ ដូច្នេះឲ្យអារកាត់ថាមួយណាត្រូវឬខុសនោះពុំបានឡើយព្រោះត្រូវ​ទាំងអស់។ ម្លោះហើយ សូមសន្មត់យក​ឈ្មោះដែលគេនិយមជាងគេ​តែ​ដាក់លេខយោងសម្គាល់​ថា​មាន​គេប្រើ​ឈ្មោះផ្សេងទៀត​ទៅជាការស្រេច។
មួយវិញទៀត​អ្វីដែល​​ខ្ញុំ​ចង់​បង្ហាញមិត្ត​អ្នកអាន​នៅទីក្នុងសំណេរនេះដោយ​ប្រយោលគឺ​ «រាល់ការ​វិភាគ​ទាំងអស់ តោងវិល​ទៅ​រក​ដើមហេតុ​របស់​ប្រធានបទ» ​ចូរជៀសវៀងវិភាគ​ប្រធានបទ​អ្វីមួយ​ដោយ​ផ្អែក​តែ​លើ​​សណ្ឋាន​បច្ចុប្បន្ន​របស់វា​។ លោក​អ្នកអាចប្រដូច​វិធីនេះ​ទៅ​នឹង ការវិភាគជំងឺរបស់គ្រូពេទ្យព្រោះ​នេះជាគោលការណ៍រួម​ដូចគ្នា។ ​គ្រូពេទ្យរមែង​សួរ​រក​ដើម​ហេតុ​ឬ​អក្ការៈរបស់​អ្នកជំងឺ​សិន​ រួច​យក​ទៅ​ប្រៀប​ធៀប​នឹង​មេរៀន​និង​បទពិសោធន៍ដែល​ខ្លួន​មាន​ដោយ​សួរ​ថា​តើ​អក្ការៈដែល​រៀបរាប់​មកនេះ​ដូច​ជំងឺណា​មួយ​ជាង​គេ ទើប​គេសន្និដ្ឋាន​ថាអាចជាជំងឺអ្វី​ត្រូវព្យាបាល​របៀប​ម៉េច។ ការវិភាគលើប្រធានបទខាងលើ​ក៏ដូច្នុះដែរ។
សង្ឃឹមថា​អ្នកទាំងអស់គ្នា​រីករាយ​ស្កប់ស្កល់​​នឹង​ដំណើរ​វិលថយក្រោយ​លើកនេះ ហើយការដេញដោលអំពីឈ្មោះ​សម្បូរព្រៃគុក​ក៏គង់ស្លេះត្រឹមនេះ!  ខ្ញុំនឹងនិយាយពីរឿងផ្សេងនៅអត្ថបទលើក​ក្រោយទៀត​៕
ហូណូលូលូ ១១ កក្កដា ២០១៧
ហេង ពិភាល់
ឯកសារពិគ្រោះ
  1. Arousseau, L. 1922. “Lettre de M. G. Groslier et Réponse de La Rédaction Du Bulletin.” Bulletin de l’École Française d’Extrême-Orient 22: 389–91.
  2. Aymonier, Étienne. 1900. Le Cambodge: Le Royaume Actuel, Vol 1. Paris: Ernest Leroux.
  3. Chhay, Rachna, Piphal Heng, and Visoth Chhay. 2013. “Khmer Ceramic Technology: A Case Study from Thnal Mrech Kiln Site, Phnom Kulen.” In Materializing Southeast Asia’s Past: Selected Papers from the 12th International Conference of the European Association of Southeast Asian Archaeologists, Volume 2, edited by Marijke J Klokke and Véronique Degroot, 2:179–95. Singapore: NUS Press.
  4. Finot, Louis. 1912. “Notes d’archéologie cambodgienne.” Bulletin de la commission archéologique de l’Indochine 1: 183–93.
  5. Finot, Louis. 1928. “Nouvelle inscriptions de Sambor.” BEFEO 28: 42–46.
  6. Goloubew, Victor. 1927. “Chronique: Sambor Prei Kuk.” Bulletin de l’Ecole Française d’Extrême-Orient 27: 489–92.
  7. Lajonquière, Lunet de. 1902. Inventaire Descriptif Des Monuments Du Cambodge, Vol 1. Paris: Ernest Leroux.
  8. Leclère, Adhémard. 1894. “Fouilles de Kompong-Soay (Cambodge).” Comptes rendus des séances de l’Académie des Inscriptions et Belles-Lettres 22 (5): 367–378.
  9. Leuba, Jeanne. 1925. “Le groupe de Sambor-prei kuk,” March 18. http://gallica.bnf.fr/ark:/12148/bpt6k7554234q.
  10. Miksic, John N., Rachna Chhay, Piphal Heng, and Visoth Chhay. 2009. Archaeological Report on the Thnal Mrech Kiln Site (TMK 02), Anlong Thom, Phnom Kulen, Cambodia. ARI Working Paper 126. Asia Research Institute, National University of Singapore.
  11. Parmentier, Henri. 1913. “Complément à l’inventaire descriptif des monuments du Cambodge.” Bulletin de l’Ecole française d’Extrême-Orient 13 (1): 1–64.
  12. Parmentier, Henri. 1927. L’art khmèr primitif. Vol. 1. 2 vols. Publications de l’École française d’Extrême-Orient. Paris: Librairie nationale d’art et d’histoire.
  13. Sand, Christophe, Karen Coote, Jacques Bole, and Andre Ouetcho. 1998. “A Pottery Pit at Locality Wko013a, Lapita (New Caledonia).” Archaeology in Oceania 33 (1): 37–43.

អ្នកជំនាញខាងសូរវិទ្យាខ្មែរ បកស្រាយរឿងក្រុមប្រាសាទសំបូរព្រៃគុក


ក្រុម​ប្រាសាទសម្បូរព្រៃគុក គឺជា​ក្រុម​ប្រាសាទ​ធ្វើអំពី​ឥដ្ឋតាន់​/​
ថ្មបាយក្រៀម និង​ថ្មភក់ ដែល​ស្ថិតនៅ​ភូមិ​សម្បូរ ស្រុក​សម្បូរ ប្រមាណ​ជា ២៥​គីឡូក្រាម ពី​ទី​រួម​ខេត្តកំពង់ធំ​។ ក្រុម​ប្រាសាទសម្បូរព្រៃគុក​ត្រូវបាន​ស្ថាបនា​ឡើងជា​លើកដំបូង​បង្អស់ ដោយ​ព្រះមហាក្សត្រ​ខ្មែរ នា​សម័យ​បុ​រេ​អង្គរ​បី​ព្រះអង្គ​ដ៏​ខ្លាំងពូកែ គឺ​ព្រះបាទ​ភ​វរ្ម័នទី​១ ព្រះបាទ​ស្រី​ម​ហេ​ន្ទ្រ​វរ្ម័ន​ចិត្រ​សេនា និង​ព្រះបាទ​ឥសាន​វរ្ម័ន នៅ​ចុង​សតវត្សរ៍​ទី ៦ និង​ដើម​សតវត្សរ៍​ទី៧ ។ បន្ទាប់មកទៀត វាត្រូវបាន​ស្ថាបនា​បន្ថែម ជា​បន្តបន្ទាប់រហូតដល់​ដើម​សតវត្សរ៍​ទី ១០​នៃ​គ​.​ស មុន​ការផ្លាស់​ទីតាំង​នៃ​ព្រះរាជ​ធានី​ចេនឡា​ទៅកាន់​តំបន់​គូលែន នៅ​ខេត្តសៀមរាប​បច្ចុប្បន្ន​។​
​ ​សូម​ជម្រាប​ត្រង់នេះ​ថា ក្រុម​ប្រាសាទសម្បូរព្រៃគុក ដែលបាន​ចែកចេញជា​បី​ក្រុម​ធំៗ និង​ក្រុម​ឧបសម្ព័ន្ធនានានោះ គឺមិនមែនជា​ទីក្រុង​ឥសាន​បុ​រៈ ឬ​ឥសាន​បុរី​របស់​ព្រះបាទ​ឥសាន​វរ្ម័នទី ១ (៦១៥-៦៣៥ គ​.​ស​) នោះទេ​។ ក៏​ប៉ុន្តែ ​ក្រុម​ប្រាសាទ​ទាំងឡាយ​នៃ​ទីក្រុង​ឥសាន​បុ​រៈ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​នៃ​ក្រុម​ប្រាសាទ​ទាំង ៣​ខាងលើនេះ​ឡើយ។​
ស្លាក​រមណីយដ្ឋាន ប្រាសាទសម្បូរព្រៃគុក នៅ​មាត់​ផ្លូវ​ចូល ក្រុម​ប្រាសាទសម្បូរព្រៃគុក នៅ​ខេត្តកំពង់ធំ (​ម​.​ត ២០១១)​
​ ​ម្យ៉ាងវិញទៀត ការសរសេរ​ពាក្យ​គុ​ហ៍ ដោយ​អ្នកនិពន្ធ​ខ្លះ គឺជា​ពាក្យ​មិន​សមស្រប​នឹង​អត្ថន័យ​ដើមឡើយ ពោលគឺ​ជាការ​ខុសឆ្គង​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​បំភ្លឺ​នៅទីនេះ​។
​ជាបឋម សូមបញ្ជាក់ថា សម្បូរ ព្រៃ​គុក គឺជា​អក្សរ​ផ្សំ​រវាង​ពាក្យ​ទាំង ៣​ម៉ាត់ គឺ​ពាក្យ​សម្បូរ​ព្រៃ និង គុក​។ អ្នកស្រាវជ្រាវ​បារាំង​ដំបូងបង្អស់​ពីរ​នាក់​គឺ លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ និង​លោក ហង់​រី ប៉ារ​ម៉ាំង​ទី​យេ ដែល​បាន​សិក្សា​ក្រុម​ប្រាសាទសម្បូរព្រៃគុក​មុនដំបូង​បង្អស់​បានសរសេរថា គុក (Kuk) ដែល​មានន័យថា ប៉ម​យាម ប្រាសាទ​, កុ​ដ​, វិហារ (tour) ហើយ​នេះ​ជា​អ្វីមួយ​ដែល​អ្នកស្រាវជ្រាវ ក្រោយមកទៀត​ដូចជា លោក ដឺ​ឡា​ហ្សុ​ង​គី​យ៉ែ​រ៍ និង​ហ្គ្រោ​លី​យេ​រ៍ បាន​គោរព​ប្រតិបត្តិ​តាម​រហូត​បច្ចុប្បន្ន​។​
​ ​ដូច​ទើប​ពោល ពាក្យ​ថា គុក (Kuk) ជា​ពាក្យ​ខ្មែរ ដែល​តាម​ធម្មតា មានន័យថា ប្រាសាទ​ជា​ហូរហែ​។ រីឯ​ពាក្យ​សម្បូរ គឺជា​ឈ្មោះ​របស់​ភូមិ​មួយ​ដែល​ស្ថិត​ជិត​ក្រុម​ប្រាសាទ​ទាំងនោះ​។ ចំណែក​ពាក្យ​ព្រៃ​វិញ សំដៅ​ព្រៃឈើ​។ សេចក្តី​ត្រង់នេះ មាន​សារសំខាន់​ណាស់ ព្រោះ​ពាក្យ​គុក ត្រូវ​បានឮ​ហើយ កត់ត្រា​នៅ​ចុង​សតវត្សរ៍​ទី ១៩ និង ដើម​សតវត្សរ៍​ទី ២០ មកម្ល៉េះ ដោយ​ប្រវត្តិវិទូ​ដ៏​ល្បីៗ ដែល​បាន​អញ្ជើញ​មក​ស្រាវជ្រាវ​ក្រុម​ប្រាសាទ​ទាំងនោះ​មុនគេ​។​
​ ​ដូចនេះ ពាក្យ​ទាំងបី​ម៉ាត់ សម្បូរ​ព្រៃ​គុក​នេះ មានន័យ​យ៉ាង​ជាក់ច្បាស់​ថា ’​ព្រៃស្តុក ដោយ​គុក ឬ​ប្រាង្គ​ប្រាសាទ​” (La foret aux tours) ហើយ​សំដៅយក​ក្រុម​ប្រាសាទ​ទាំងឡាយ ដែលមាន​នៅលើ​ទីតាំង​នេះ​ទាំងមូល​។
​ជា​អវសាន ពាក្យ​គុក​នេះ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​ជាតិ​យើង ប្រើប្រាស់​ជា​ផ្លូវការ​រហូតដល់​សព្វថ្ងៃ​ដែរ ម្ល៉ោះហើយ ពាក្យ​គុ​ហ៍ ត្រូវ​ទុក​ថា​ជា​មោ​ឃៈ​៕F
(​ម​.​ត្រា​ណេ​)
នេះជាសម្ដីអ្នកស្រាវជ្រាវដែលគេទទួលស្គាល់ម្នាក់គឺលោក មីសែល ត្រណេ។
ដូច្នេះ ប្រាសាទនេះ ឈ្មោះ«សម្បូរព្រៃគុក» មិនមែន«សម្បូរព្រៃគុហ៍»ឡើយ។ ក៏ប៉ុន្តែ យើងមានការសោកស្ដាយដោយអ្នកនិពន្ធមិនបានយកឯកសារលោកអាដឺម៉ារឡឺក្លែរនិងលោក ហង់រី បារម៉ាំងទីយេ មកបង្ហាញថា Kuk (គុក) មានន័យថាប្រាសាទ ប៉មជាដើម។ សង្ឃឹមថា លោកម៊ីសែល ត្រាណេ នឹងបង្ហាញឯកសារនេះនៅពេលក្រោយ។
រឿងដែលខ្ញុំបារម្ភពីរឿងបារាំងកត់ត្រាសូរ តាមសម្ដីទម្លាប់របស់អ្នកស្រុក។ បានជាខ្ញុំថាដូច្នោះ មកពីបានជួបប្រទះ ការប្រែប្រួលពី«នគរ» ទៅ«អង្គរ» ទៅហើយ។ «អង្គរ» ជាពាក្យក្នុងសំដីធម្មតារបស់អ្នកស្រុកដែលសំដៅលើពាក្យ«នគរ»។ ឬក៏មានពាក្យ«អង្គរ» ខុសពី«នគរ»? ក្រែងមាន«នគរវត្ត» ដែលផ្សេងពី«អង្គរវត្ត»? ព្រោះមានពាក្យ«មហានគរ» តែគ្មាន«មហាអង្គរ» ដូច្នេះ «អង្គរ» អាចខុសពី«នគរ» ហើយមើលទៅ។
ជាវិបាក នគរបុរី ខុសពី អង្គរបុរី ព្រៃនគរខុសពីព្រៃអង្គរ ជាដើម។
នគរវត្តឬអង្គរវត្ត? ឬ «អង្គរវត្ត» មិនជា «នគរវត្ត»? ឬ «នគរវត្ត» មិនមែនជា«អង្គរវត្ត»? បើតាមឯកសារបារាំងខ្លះថា«អង្គរ» ខ្លះថា«នគរ» ស្នាដៃមួយ បើមិនច្រឡំ របស់ ហ្សក សឺដេស? ដាក់ចំណងជើងថា «សិលាចារឹកនគរវត្ត» ក៏គឺគាត់ដកស្រង់ពីអង្គរហ្នឹងឯង។

សិក្សាអំពីប្រវត្តិរបស់វិមានឯករាជ ដែលខ្មែរកសាងឡើងក្នុងគោលបំណងអ្វីខ្លះ និងមានរចនាបថល្អឯកយ៉ាងណា?




ព្រះ​បាទ​ជ័យវរ្ម័នទី៧ (Javarman VII) ​មាន​ព្រះ​រាជមហេសី​ ២ព្រះអង្គ ​គឺ​ព្រះ​នាង​ជ័យរាជទេវី និង ​ព្រះ​នាង​ឥន្រ្ទទេវី។​ ព្រះ​មហេសី​ទាំង​ពីរព្រះ​​អង្គ គឺជា​បង​ប្អូន​បង្កើត។​ ​ព្រះ​នាង​ជ័យរាជាទេវី រៀប​អភិសេក​មុន​ពេល​ដែល​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ឡើង​សោយរាជ្យ។​ ក្រោយ​ពេល​ដែល​ព្រះ​នាង​ជ័យរាជាទេវី បាន​សោយ​ទីវង្គត​ទៅ ទើប​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម បាន​​រៀបអភិសេក​ជា​អគ្គមហេសីបន្ត។

ព្រះ​រាជជីវប្រវត្តិ​តាម​សិលាចារឹក
ផ្ទាំង​សិលា​ចារឹក​ដ៏​ធំ​មួយ​នៃ​ប្រាសាទព្រះខ័នស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ជាអតីត​ទី​ក្រុងខែ្មរ​មហា​អស្ចារ្យ​រុង​រឿង ដែល​​លោក គែ្លហ្សិ៍ បាន​ប្រទះ​ឃើញ គឺ​លោក ហ្ស៊ក សេដែស ជា​ជន​ជាតិ​បារាំងសែស ដែល​បាន​បោះពុម្ព​​ផ្សាយ កាល​ពី​ឆ្នាំ ១៩៤១។ ការ​ផ្សព្វ​ផ្សាយ​នូវ​ទិន្នន័យ​ដ៏​សំខាន់​បំផុត ពាក់​ព័ន្ធ​ទៅ​នឹង​ព្រះ​រាជជីវប្រវតិ្ត​របស់​ព្រះ​បាទ​ជយវរ័្មនទី៧ ព្រះ​មហា​វីរៈក្សត្រ​នៅ​សម័យ​មហានគរ។ មតិ​មហាជន​ខែ្មរ​មួយ​ចំនួន​ មិន​ទាន់​បាន​ជ្រាប​អំពី​ព័ត៌‌មាន​ចម្បង​ទាំង​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ប៉ុនែ្តអ្នក​ឯក​ទេស​ខាង​ប្រវត្តិសាស្រ្ត​កម្ពុជា​ បានលើក​យក​មក​បក​ប្រែ​ក្រៅ​ផ្លូវ​ការ ជូន​ជន​រួម​ជាតិ​ខែ្មរទុក​ជាចំណេះ​ដឹង​ទូទៅ​ខាង​ប្រវត្តិសាស្រ្ត​មួយ​កម្រិត​ទៀត។ គួរ​រំលឹក​ផង​ដែរ​ថា សិលា​ចារឹក​នេះ (k-៩០៨) មាន​ចារ​ជា​អក្សរ​ទាំង​អស់​ចំនួន ១១១គាថា។ បណ្ឌិត​បុរាណវិទូ​ខែ្មរ លោក មីសែល ត្រាណេ បាន​លើក​ឡើង​ថា ១៨ គាថា​ដើម​នៃ​សិលា​ចារឹក​នេះ មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ខ្លឹមសារ​នៃ​សិលា​ចារឹក​ប្រាសាទតាព្រហ្ម។ លោក​បណ្ឌិត​បាន​ធ្វើ​ការ​បក​ប្រែ​នូវ​គាថា​មួយ​ចំនួន ជា​ពិសេស គាថា​ជីវប្រវត្តិ​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ ដូច​ត​ទៅ​នេះ៖
«ជា​ព្រះ​រាជា​មួយ​ព្រះ​អង្គ ដែល​ត្រូវ​បាន​ព្រះ​រាជា​ទាំង​ពួង នៃ​ដែន​ដី​ដែល​នៅ​ដៃ​មាន​កាន់​យ៉ាង​ណែន មនុស្ស​គោរព​សក្ការៈ។ ព្រះ​អង្គ​ជា​គតិបណ្ឌិត​ដ៏​ឆ្នើម​ក្នុង​ចំណោម​គតិបណ្ឌិត​ផង​ទាំង​ឡាយ ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​រាជា ​ព្រះ​បាទ​ស្រុតវរ័្មន និង​ព្រះ​បាទ​ស្រីស្រេស្ថវរ្ម័ន ជា​មនុស្ស​ល្អ​ប្រពៃ តាម​រយៈ​ព្រះ​សម្មិទ្ធិ​ដ៏​រុង​រឿង​ថ្កើង​ថ្កាន ជា​ប្រភព​នៃ​វង្ស​ក្សត្រ​ដ៏​បរិសុទ្ធ » (គាថា​ទី ៦) ។
«ព្រះ​អង្គ​ជា​ព្រះ​អាទិត្យ​នៅ​លើ​មេឃា ដែល​ជា​វង្ស​ត្រកូល​កម្ពុជា​ ដែល​បាន​ប្រសូត​ឡើង​នៅ​លើ​ភ្នំ​ខាង​កើត​នៃ​ជយាទិត្យបុរៈ។ ព្រះ​អង្គ​បាន​ដាស់​បេះដូង​ផ្កា​ឈូក​នៃសព្វ​សត្វ​លោក​ ជា​ឃ្លាំង​នៃ​ភាព​ត្រចេះ​ត្រចង់ ជា​អធិរាជ​នៃ​ស្រេស្ថបុរៈ » (គាថា​ទី ៧)។
«ប្រសូត​ឡើង​ក្នុង​មហា​នគរ​នៃ​គ្រួសារ​ខាង​ព្រះ​មាតា​ ដែល​ព្រះ​ចន្ទ​ចែង​ចាំង​នូវ​កាំ​រស្មី​ព្រះ​កិត្តនាម​ល្អ​ប្រពៃ​ឥត​ខ្ចោះ ភ្លឺ​ថ្លា​ដូច​ព្រះ​នាង​លក្ស្មី​ ​ព្រះ​នាង​បាន​នាំ​មុខ​កំពូល​ស្រ្តី​ទាំង​ឡាយ (គឺ​ព្រះ​រាជិនី) កម្ពុជរាជលក្ស្មី » (គាថា​ទី ៨)។
«ស្វាមី​នៃ​ដែន​ដី​ឯ​ភវបុរៈ ព្រះ​បាទ​ភវរ្ម័នទេវៈ ប្រកប​ដោយ​សម្រស់​ដ៏​ភ្លឺ​ថ្លា ដែល​នាំ​មក​នូវ​មន្ត​សេ្នហ៍​ចំពោះ​ព្រះ​រាជនគរ​របស់​ទ្រង់ ពោរ​ពេញ​ទៅ​ដោយ​ទេពកោសល្យ​ ជា​ប្រភព​កំណើត​នៃរាជវង្សានុវង្ស ដូច​អ្នក​ដែល​បាន​ប្រកប​ដោយ​កាំ​រស្មី​អមតៈ។ ព្រះ​អង្គ​បាន​សម្រាល​នូវ​ភាព​ឈឺ​ចុក​ចាប់​របស់​ប្រជានុរាស្រ្ត​របស់​ទ្រង់ » (គាថា​ទី ៩)។
«អ្នក​ដែល​មាន​អាកប្បកិរិយា​ល្អ ភាព​ល្បីល្បាញ វីរភាព ដែល​គេ​មិន​អាច​ស្តី​បន្ទោស​អ្វីៗទាំង​អស់​បាន​ឡើយ។ ហើយ​ទ្រង់​បាន​ប្រសូត​ក្នុង​ត្រកូល​របស់​អ្នក​នោះ ព្រម​ទាំង​បាន​បង្កើត​នូវ​កិច្ចការ​សម្រាប់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន ព្រះ​បាទ​ស្រី​ហស៌‌វរ្ម័ន ជា​អ្នក​បំផ្លាញ​សេចក្តី​រីក​រាយ​របស់​សត្រូវ​ក្នុង​ចម្បាំង ហើយ​មាន​ព្រះ​រាជសកម្មភាព​ដ៏​ថៃ្ល​ថ្លា​ ដែល​បាន​ផ្សព្វ​ផ្សាយ​ចេញ​ពី​វាចា​គ្រប់​ទិស​ទី » (គាថា​ទី ១០)។
«តាម​រយៈ​ព្រះ​មហាក្សត្រ និង​ព្រះ​រាជមហេសី​នេះ ព្រះ​នាង​ស្រី​ជ័យរាជចូឌាមនី បាន​មាន​កំណើត​ឡើង» … «ប្រៀប​ទៅ​នឹង​ធាត្រី​ដែល​បង្កើត​ឡើង​ដោយ​ភាព​រឹង​ប៉ឹង ដូច​កមលា ដោយ​សោភ័ណភាព​ ដូច​​អរុណោទ័យ ដោយ​អាកប្បកិរិយា​ដែល​មិន​អាច​ស្តី​បន្ទោស​បាន​ឡើយ ដូច​បៃត្រី​ដែល​បាន​ចាប់​កំណើត​ដោយ​សប្បុរសធម៌‌ » (គាថា​ទី ១១-១២)។
« បាន​សោយ​រាជសម្បត្តិ នៅ​ឯ​ស្រី​មន្ត​យសោធរបុរៈ ព្រះ​មហាក្សត្រ​ជយវរ្ម័នទេវៈ ក្រោយ​ពី​ផ្ទាញ់​រលក​នៃ​ពួក​សត្រូវ ព្រះ​អង្គ​បាន​បោះ​បង្គោល​រហូត​ដល់​សមុទ្រ បង្គោល​នៃ ជ័យ​ជម្នះគ្រប់​ទិស​ទី ព្រះ​អង្គនិង​បុព្វការីជន​ប្រថាប់​នៅ​ឯ​មហិធរបុរៈ » (គាថាទី ១៣) ។
« ព្រះ​រាជបុត្រី​របស់​ព្រះ​បាទ​ស្រីហស៌‌វរ្ម័ន បាន​ឲ្យ​កំណើត​ទៅ​មហាបុរស​មួយ​រូប គឺ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ប្រកប​ដោយ​ថាមពល​ចែង​ចាំង​ដូច​ភ្លើង​ក្រហម​ឆ្អៅ បៀ្រប​ដូច​ទៅ​នឹង​ព្រះ​នាង​អទិតិ ដែល​បាន​ធ្វើ​ឲ្យ​ព្រាហ៌្មសី​ក្លាយ​ទៅ​ជា​សេ្តច​នៃ​ពពួក​ទេវតា ដែល​ដោយ​សារ​ការ​ប្រណិប័តន៍​ដ៏​ល្អប្រពៃ​ដើម្បី​ការ​ការ​ពារ​ដែនដី បាន​សម្លាប់​ពួក​មេ​ទ័ព​បច្ចាមិត្ត » (គាថា​ទី ១៨)។
រួម​សេចក្តី​មកគ្មាន​អ្វី​សង្ស័យ​ឡើយ ព្រះ​បាទ​ជយវរ្ម័នទី៧ ពិត​ជា​វង្ស​មហាក្សត្រា​ខែ្មរ​យ៉ាង​ពិត​ប្រាកដ​ ដែល​បាន​ត​ពូជ​ពង្ស​ពី​ព្រះ​មហា​វីរក្សត្រ​នា​សម័យ​នគរ​ភ្នំ និង​ចេនឡា ដ៏​មានមហិទ្ធិប្ញទិ្ធ​គួរ​ឲ្យ​ស្ញប់​សែ្ញង ហើយ​ព្រះ​អង្គ​ក៏​ជា​មហា​បុរស​រដ្ឋ ​ដែល​បាន​ការ​ពារ​ដែន​ដី​ខែ្ម​រយើង ដោយ​មាន​ការ​លះ​បង់​ខ្ពស់រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ។
ស្នាម​ព្រះ​ហស្ត​ក្នុង​ការ​ក​សាង​ផ្លូវ​ជាតិ​ធំៗចំនួន ៥ ខែ្ស​ក្នុង​រជ្ជកាល​ព្រះ​អង្គ
មិន​ត្រឹម​តែ​ក​សាង​នូវ​មន្ទីរ​ពេទ្យ​និង​ធម្មសាលា ប្រាសាទ​ច្រើន​រាប់​មិន​អស់​ទេ ក្នុង​រជ្ជកាល​ព្រះអង្គ ព្រះ​បាទ​ជយវរ្ម័នទី៧។ ទ្រង់បាន​ក​សាង​ផ្លូវ​ជាតិ​ធំៗចំនួន ៥ ខែ្ស សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាណាចក្រ។ លោក វង់ សុធារ៉ា សាស្រ្តាចារ្យ​សិលាចារឹកសាស្រ្ត និង​ប្រវត្តិសាស្រ្ត​ខែ្មរ និង​ជា​អនុប្រធាន​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងកាល​ពី​ពេល​ថ្មីៗនេះ​ថា ក្នុង​រជ្ជកាល​ព្រះ​អង្គ ព្រះ​មហា​វីរក្សត្រ​អង្គ​នេះ​បាន​ទ្រង់​ក​សាង​ផ្លូវ​គមនាគមន៍​​សំខាន់ៗ ចំនួន ៥ ខែ្ស។ ខែ្ស​ទី១ ផ្លូវ​ខាង​លិច​ ចាប់​ពី​យសោធបុរៈ​កាត់​ភ្នំ​ស្រុកតម្រង់ទៅ​ស្តុក​កក់​ធំ និង​បន្ទាយ​ឆ្មារ។ ខែ្ស​ទី២ ផ្លូវ​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស ពី​យសោធបុរៈ​ទៅ​ប្រសាទ​ពិមាយ។ ខែ្ស​ទី៣ ផែ្នក​ខាង​ជើង (មិន​ដឹង​ច្បាស់) គេ​រៀប​រាប់​បែប​ជា​ផ្លូវ​វង់​មួយ គឺ​ចេញ​ពី​រាជធានីទៅ​កាន់​ទី​ក្រុង​ជ័យវតី ជ័យសិង្ហវតី ជ័យវីរតី ជ័យរាជគិរី ស្រីសុវីរបុរី មក​ដល់​យសោធបុរៈ​វិញ។ ចំណែក​ខែ្ស​ទី៤ ផ្លូវ​ឦសាន​ ពី​រាជធានី​យសោធបុរៈ​ទៅ​កាន់​រាជធានី​របស់​ចាម និង​ទី៥ ផ្លូវ​ខាង​កើត ពី​យសោធបុរៈ ទំនង​ជា​តម្រង់​ទៅ​សម្បូរ​ព្រៃ​គុក ដែល​គេ​អាច​ឃើញ​ដាន​នៃ​សំណង់​ស្ពាន​បុរាណ​ជា​ច្រើន តាម​ដង​ផ្លូវ​ជាតិ​លេខ៦ ចាប់​ពី​ស្ពាន​បុរាណ​នៅ​កំពង់​ក្តី​រហូត​ដល់​ដំ​ដែក។ លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ក​សាង​ផ្លូវ​គមនាគមន៍​ចំនួន៥ ខែ្ស​នេះ នៅ​តាម​ផ្លូវ​ព្រះអង្គ បាន​ក​សាង​ធម្មសាលា និង​ភ្លើង​បំភ្លឺ​ចំនួន ១២១កនែ្លង សម្រាប់​ជា​ជម្រក​សាធារណៈ​ ដល់​អ្នក​ធ្វើ​ដំណើរ​ទូទៅ។ លោក​បន្ត​ថា ក្នុង​សិលា​ចារឹក​ប្រាសាទ​ព្រះខ័ន បាន​បន្ត​ឲ្យ​ដឹង​ថា តាម​ផ្លូវ​ពាយ័ព្យ មាន​ធម្មសាលា​ចំនួន ១៧ ផ្លូវ​ខាង​ជើង មាន​ធម្មសាលា​ចំនួន ១៤ និង មាន​ភ្លើង​ផ្លូវ​ឦសាន មាន​ធម្មសាលា​ចំនួន ៥៧ រួម​ទាំង​ភ្លើង​និង​១នៅ​សូរ្យបវិត​ គី​ភ្នំជីសូរ១ នៅ​វិជយាទិត្យ​និង ១ នៅ​កល្យានសិទ្ធកៈ ទំនង​ជា​ត្រូវ​នឹង​ស្រុក​រំដួល ខេត្តស្វាយរៀង ។ បនែ្ថម​ពី​នោះ ធម្មសាលា​សល់​ចំនួន ៣០ ដោយ​សារ​មិន​មាន​អត្ថបទ​សិលា​ចារឹក ធម្មសាលា​ដែល​នៅ​សល់ ទំនង​ជា​សង់​តាម​ផ្លូវ​ខាង​លិច និង​ខាង​កើត តាម​កឆរ​បញ្ជាក់​របស់​លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា ។ លោក​បាន​បន្ត​ថា ក្រៅ​ពី​នេះព្រះ​អង្គ​បាន​ក​សាង​មន្ទីរពេទ្យ ដែល​ភាសា​ជំនាន់​នោះ​ហៅ​ថា អារោគ្យសាលា មាន​ចំនួន ១០២ កនែ្លង ប្រកប​​ដោយ​គឿ្រង​តង្វាយ​ដ៏​ច្រើន​អនេក សម្រាប់​ផ្គត់​ផ្គង់​ជីវភាព និង​សកម្មភាព​នៅ​តាម​មន្ទីរ​ព្យាបាល​នីមួយៗ ពេទ្យ​ជំនាញ ពេទ្យ​ជំនួយ អ្នក​បុក​ថ្នាំ អ្នក​ដាំ​ទឹក អ្នក​បម្រើ​ការ​ផេ្សងៗ ដែល​សរុប​មាន​ប្រមាណ ៩០ នាក់ សម្រាប់​មន្ទីរ​ពេទ្យ​នីមួយៗ។ លោក​សាស្រ្តាចារ្យ វង់ សុវធារ៉ា បាន​បន្ត​ដោយ​គូស​បញ្ជាក់​ថា « អ្នក​ជំងឺ​គ្រប់​ឋានៈ​សង្គម អាច​ទទួល​ការ​ព្យាបាល​ ដោយ​គ្មាន​ការ​រើស​អើង » (សិលាចារឹក​សាយ​ហ្វុង លេខ K ៣៦៨)។ លោក​បនែ្ថម​ថា ដោយ​សារ​ព្រះអង្គ​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាលភាព​នេះ ហើយ​ដែល​រហូត​ធ្វើ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​សង្ស័យ​ថា ព្រះ​អង្គ​កើត​ឃ្លង់​ ដោយ​​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​ គ្រាន់​តែ​ពឹង​ផែ្អក​លើ​ការ​បក​ស្រាយ​រូប​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​រឿង​ព្រេង​និទាន​សេ្តច​គម្លង់ ដែល​គេ​ប្រឌិត​ឡើង នៅ​ពេល​ក្រោយ​ប៉ុណ្ណោះទេ។
អំពី​ព្រះ​បាទ​ជ័យវរ្ម័នទី៧ (ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ និង​ព្រះរាជវង្ស)
ព្រះ​បាទ​ជ័យវរ្ម័នទី៧ ជា​ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​​ពូកែ​ចុង​ក្រោយ​នៃ​រាជាណាចក្រ​អង្គរ។ អ្នក​ប្រវត្តិសាស្រ្ត​អំពី​ប្រទេស​កម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បាន​សិក្សា​ពី​ព្រះ​បាទ​ជ័យវរ្ម័នទី៧ និង​សន្និដ្ឋាន​ថា ជា​ក្សត្រ​បង្កើត​សម័យ​ដ៏​រុង​រឿង​បំផុតនៃ​ប្រទេសកម្ពុជា។ ការ​បង្រួប​បង្រួម​ជាតិ​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ចាប់​ផ្តើម​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ សាលា​បារាំង​ចុង​បូព៌ា‌ ដោយ​សារ​លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) នូវ​អត្ថបទ​សិលា​ចារឹក​សំស្រ្កឹត​មួយ ដែល​ប្រទះ​ឃើញ​ដោយ​លោក ហ្ស៊ក ម៉ាស្ប៉ឺរ៉ូ (Georges Maspero) នៅ​ត្រង់​សាយ​ហ្វុង (Say Fong) ជិត​ក្រុង​វៀង​ចន្ទន៍ ដែល​ផ្តល់​ព័ត៌‌មាន​ពី​ការ​ក​សាង​មន្ទីរ​ពេទ្យ​នៅ គ.ស ១១៨៦។ លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) បាន​កត់​សម្គាល់ថា សិលា​ចារឹក​នេះ​មាន​ន័យ​ដូច​សិលា​ចារឹក នៅ​សសរ​ស្តម្ភ ដែល​គេ​បាន​រក​ឃើញ​នៅ​ឈូង​សមុទ្រ​សៀម ជិត​ព្រំ​ដែន​កូសាំងស៊ីន (កម្ពុជា​ក្រោម) ហើយ​ព្រះ​នាម ព្រះ​បាទ​ជ័យវរ្ម័នទី៧ ត្រូវ​បាន​រំឭកជា​ញឹក​ញាប់ នៅ​ក្នុង​សិលា​ចារឹក​ចាម​ថា ជា​អ្នក​ចម្បាំង​មួយ​យ៉ាង​ធំធេង និងអស្ចារ្យ។ លោក​បាន​សន្និដ្ឋាន​ថា « សិលា​ចារឹក​ដែល​មាន​ចាប់​ពី​ប្រទេស​លាវ​ខាង​ក្រោម ទៅ​ឆេ្នរ​សមុទ្រ​អណ្ណាមនិង​ទៅ​ទឹក​ដី​កូសាំងស៊ីន​ខាង​ក្រោម​ខ្លះ បាន​រៀប​រាប់​ពី​ជោគ​ជ័យ​របស់​ព្រះ​អង្គ ខ្លះ​ទៀត​អំពី​អំពើ​ល្អ​របស់​ព្រះ​អង្គ។ ទាំង​នេះ​បាន​បំភ្លឺ​ពី​រូបភាព​នៃ​ព្រះ​មហា​ក្សត្រ​អង្គ​នេះ​ពី​ក្នុង​ភាព​ងងឹត​នៃ​អតីតកាល​របស់​ប្រទេស​កម្ពុជា » ។
ភាព​ងងឹត​ក៏​បាន​រសាយ​ដោយ​ សារ​ការ​អត់​ធ្មត់​ក្នុង​ការ​ស្រាវ​ជ្រាវ​រយៈ​ពេល ៤០ឆ្នាំ របស់​លោក ល្វីស៍ ហ្វ៊ីណូត៍ ។ ព្រះ​នាម​របស់​សេ្តច​អង្គ​នេះ គេ​ទើប​នឹង​បាន​ស្គាល់​នៅ គ.ស. ១៩០០ ពេល​គេ​បង្កើត សាលា​បារាំង​ចុង​បូព៌ា។ ឥឡូវ​នេះ គេ​ចាត់​ទុក​ព្រះ​អង្គ​ជា​ព្រះ​មហា​ក្សត្រ​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​ ក្នុងចំណោម​ព្រះ​មហា​ក្សត្រ​ដ៏​ខ្លាំង​ពូកែ​ផេ្សង​ទៀត​នៃ​ប្រទេសកម្ពុជា។ ព្រះ​អង្គ​បាន​ពង្រីក​ទឹក​ដី​យ៉ាង​ធំ​បំផុតគិត​ទាំង​ប្រទេស​ចម្ប៉ា​ផង និង​ក​សាង​ប្រាសាទ​ជា​ច្រើន​ពាស​ពេញ​ប្រទេស។ សិលា​ចារឹក​ជា​ច្រើន ដែល​ព្រះ​អង្គ​បាន​បន្សល់​ទុក​មាន​សិលា​ចារឹក​បីគឺ​ សិលាចារឹក​តាព្រហ្ម ព្រះ​ខ័ន និង​ បន្ទាយ​ឆ្មារ ដែល​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង​ចុង​បូព៌‌ា (Bulletin de L’École française d’Extrême-Orient) បាន​បោះ​ពុម្ព​ផ្សាយ។ បទ​បញ្ញត្តិ​នៃ​មន្ទីរ​ពេទ្យ​ ក្នុង​សិលា​ចារឹក​នៅ​ផែ្នក​ខាង​ក្រោម មក​ពី​ប្រាសាទ​ភិមាន​អាកាស ដែល​គេ​បាន​ប្រទះ​ឃើញ នៅ​ គ.ស. ១៩១៦ ក្នុង​ព្រះ​បរម​រាជវាំង​អង្គរ​ធំ និង​សិលា​ចារឹក​ចាម​មួយ​នៅ​មីសឺន (Mỹ-Sơn) គឺ​លោក ល្វី ហ្វ៊ីណូត៍ បាន​បោះ​ពុម្ព​នៅ​ក្នុង​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង។ ព្រះ​បាទជ័យវរ្ម័នទី៧ ខ្លាំង​ពូកែ​ដូច​ព្រះ​មហា​ក្សត្រ​បារាំងសែសព្រះ​នាម ល្វីទី៧ (Louis VII) និង ហ្វ៊ីលីព្ព ​អូហ្គុស្ត (Philippe Auguste) ដែល​រជ្ជកាល​របស់​ព្រះ​អង្គ​ស្ថិត​នៅ​ក្នុង​សម័យ​ជាមួយ​គ្នា។
ព្រះ​រាជពង្សាវតារ​របស់​ព្រះ​អង្គ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​លាស់។ ព្រះ​វររាជ​បិតា​របស់​ព្រះ​អង្គ សោយ​រាជ្យ​រយៈ​ពេល​យ៉ាង​ខ្លី​ក្នុង​រវាង គ.ស. ១១៥៥។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ត្រូវ​ជា​បង​ប្អូន​ជីទួត​មួយ​នឹង ព្រះបាទសូរ្យវរ្ម័នទី២ ដែល​ទ្រង់​បាន​ធ្វើ​សង្រ្គាម​រហូត​ដល់​តុងកឹង និង​ក​សាង​ប្រាសាទអង្គរវត្ត ជា​ប្រាសាទ​ចេតិយ​របស់​ព្រះ​អង្គ។ ព្រះ​វរ​រាជ​មាតា​របស់​ព្រះ​អង្គ ជាប់​សាលោហិត​ទៅ​នឹង​ព្រះ​សន្តតិវង្ស​ពី​បរទេស ដែល​គ្រប់​គ្រង​ប្រទេស​ជិត​ពេញស.វ.ទី១១ និង​ព្រះ​រាជិនី​កម្ពុជា​សម័យ​បុរេអង្គរ។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័ន​ប្រសូត​​នៅ​រវាង គ.ស. ១១២០ ឬ​យ៉ាង​យូរ​ណាស់ គ.ស. ១១២៥ ក្នុង​រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ហើយ​ព្រះ​អង្គ​បាន​រៀប​អភិសេកពី​កេ្មង​បន្តិច ជាមួយ​ក្សត្រី​ជ័យរាជទេវី ដែល​ព្រះ​នាង​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ព្រះ​អង្គ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស។
ក្រោយ​មក ព្រះ​អង្គ​ត្រូវ​បញ្ជា​ឲ្យ​លើក​ទ័ព ទៅ​វាយ​ប្រទេស​ចាម្ប៉ា​នៅ​តំបន់​វិជ័យ (បច្ចុប្បន្ន​ខេត្ត​ប៊ិញ​ឌិញ ប្រទេសវៀតណាម)។ អវត្តមាន​នៃ​ព្រះ​ស្វាមី​បាន​ធ្វើ​ឲ្យព្រះ​នាង​ជយរាជទេវី​ធ្លាក់​ព្រះ​កាយ​ទៅ​ក្នុង​អន្លង់​ទុក្ខសោក ដែល​សិលា​ចារឹក​នៃ ព្រះបរមរាជវាំង​ សរសេរ​ដោយ​ព្រះនាងឥន្រ្ទទេវី ត្រូវ​ជា​បង​បង្កើត​របស់​ព្រះនាង។ សិលា​ចារឹក​បាន​រៀប​រាប់​ថា ព្រះ​នាង​ស្ថិត​នៅ​អន្លង់​ជ្រោះ​ទឹក​ភែ្នក ទួញ​សោកប្រៀប​ដូច​នាង​សិតា​ព្រាត់​ប្រាស​ពី​ព្រះ​ស្វាមី ព្រះ​នាង​សុំ​បន់​ស្រន់​សូម​ឲ្យ​ព្រះ​ស្វាមី​វិល​វិញ មធ្យោបាយ​បំភេ្លច​ទុក្ខ​សោក​ដ៏​មហិមា​នេះ ព្រះ​នាង​បាន​បួស​ជា​បស្វី​ក្នុង​ព្រាហ្មណ៍សាសនា និង ក្រោយ​មកបួស​ក្នុង​ព្រះពុទ្ធសាសនា

ព្រះនាងឥន្ទ្រទេវី និង ព្រះនាងជ័យរាជទេវី ព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧
សិលា​ចារឹក​បាន​សរសេរ​ថា « ទទួល​ការ​សិក្សា​អប់​រំ​ពី​បង​ស្រី​បង្កើត ព្រះ​នាង​គិត​ថា ព្រះ​ពុទ្ធសាសនា​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត ព្រះ​នាង​ប្រកាន់​យក​មាគា៌របស់​ព្រះពុទ្ធសាសនា ដែល​ជា​មាគ៌‌​ដ៏​ស្ងប់ស្ងាត់ ដើម្បី​ឆ្លង​កាត់​ភ្លើង​ទុក្ខនិង​សមុទ្រ​នៃ​សេចក្តី​ឈឺ​ចាប់ »។ នៅ​ពេល​ដែល​ព្រះ​បាទ​ជ័យវរ្ម័នទី៧ គង់​នៅ​ប្រទេស​ចាម្ប៉ា ព្រះ​បិតា​របស់​ព្រះ​អង្គ​គឺ​ព្រះ​បាទ​ធរណិន្រ្ទវរ្ម័ន​ទី២ ទ្រង់​ចូល​ទិវង្គត ហើយ​ព្រះ​មហា​ក្សត្រ​ដែល​ស្នង​រាជ្យ​បន្ត​ព្រះ​នាម យសោវរ្ម័នទី២ ដែល​គេ​មិន​ស្គាល់​ពី​ជីវប្រវត្តិ។ ក្នុង​រជ្ជកាល​របស់​ព្រះ​មហា​ក្សត្រ​អង្គ​នេះ មាន​ព្រឹតិការណ៍​សោក​សៅ​មួយដែល​មាន​ចារ​នៅ​ក្នុង​សិលា​ចារឹក និង​រូប​ចម្លាក់​នៅ​ប្រាសាទបន្ទាយឆ្មារ។ សិលា​ចារឹកនិង​រូប​ចម្លាក់​ប្រាសាទ​នេះ បាន​ឲ្យ​ដឹង​ថា ព្រះបាទយសោវរ្ម័នទី២ ត្រូវ​រាហុ​វាយ​លុក​ដូច​ពេល​មុន សូរ្យគ្រាសឬ​ចន្រ្ទគ្រាស តែ​បានយុវក្សត្រ​មួយ​អង្គជួយ​សង្រ្គោះ ទំនង​ជា​ព្រះ​រាជ​បុត្រ​ណា​មួយ​របស់​អនាគតព្រះ​បាទ​ជ័យវរ្ម័ន ទី៧
សិលា​ចារឹក​សរសេរ​ថា « នៅ​ពេល​ដែល​ភរតរាហុ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​បាទ​យសោវរ្ម័ន ដើម្បី​វាយ​លុកដណើ្តម​ព្រះ​រាជវាំង កង​ទ័ព​ការ​ពារ​ទី​ក្រុង​ បាន​បាក់​ទ័ព​រត់​អស់… ព្រះ​អង្គ​ម្ចាស់​ចូល​ប្រយុទ្ធ។ ទាហាន​ពីរ​នាក់ បាន​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ព្រះ​អង្គ ហើយ​បាន​ទទួល​ជ័យ​ជម្នះលើ​ភរតរាហុ » ។ ប៉ុនែ្ត ព្រះបាទយសោវរ្ម័នទី២ បាន​ត្រូវ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ដណ្តើម​រាជ្យ​ ដោយ​យក​នាម​ថា ត្រីភូវនាទិត្យ នៅ គ.ស. ១១៦៥។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ក៏​ប្រញាប់​ប្រញាល់​យាង​ត្រឡប់​មក​ពី​ចាម្ប៉ា ដើម្បី​ជួយ សង្គ្រោះ​ព្រះបាទយសោវរ្ម័នទី២។ សិលា​ចារឹក​បាន​បន្ត​ទៀត​ថា « ប៉ុនែ្តព្រះ​បាទ​យសោវរ្ម័នទី២ ត្រូវ​អ្នក​ជ្រែក​រាជ្យ​ធ្វើ​គុត ហើយ​ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ក៏​គង់​នៅ​ប្រទេសកម្ពុជា ដើម្បី​រង់​ចាំពេល​វេលា​ល្អ​នឹង​ស្រោច​ស្រង់​ស្ថានការណ៍វិញ ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឧក្រិដ្ឋ។ ព្រះ​អង្គ​ម្ចាស់​ក្សត្រី ដែល​​កៀ្រម​ក្រំ​ដោយ​ទុក្ខពីព្រោះ​ព្រះ​ស្វាមី​អវត្តមាន ក៏​រលាយ​ពី​សេចក្តី​ទុក្ខ​ព្រួយ​វិញ ដោយ​ព្រះ​នាង​ចង់​ឃើញ​ព្រះ​អង្គ​រំដោះ​ប្រទេស​ពី​មហាសមុទ្រ​ទុក្ខ​ដែល​បាន​លិច​លង់នេះ »។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ដែល​បាន​យាង​ត្រឡប់​មក​ដល់​ប្រទេស​យឺត​ពេល និង​បាន​ឃើញ​អ្នក​ជ្រែក​រាជ្យ​នៅ​លើ​រាជបល្ល័ង្ក ព្រះ​អង្គ​ក៏​មិន​ទ្រង់​យាង​ត្រឡប់​ទៅ​ចាម្ប៉ា​វិញ​ឡើយ និង​ដោយ​សារ​មាន​ការ​ជួយផ្តល់យោបល់​ពី​មហេសី​ផង ព្រះ​អង្គ​ក៏​គង់​នៅ​ កម្ពុជា « រង់​ចាំ​ពេល​វេលា​ល្អ​សម​ស្រប »។ ព្រះ​អង្គ​ត្រូវ​រង់​ចាំអស់​រយៈ​ពេល ១៥ឆ្នាំ។ ក្នុង​​ពេល​ជាមួយ​គ្នា​ ដែល​នៅ​កម្ពុជា​មាន​ការ​ជ្រែក​រាជ្យ នៅ​ប្រទេស​ចាម្ប៉ា​ក៏​មាន​ការ​ជ្រែក​រាជ្យ​ដែរ នៅគ.ស. ១១៦៦-១១៦៧ ព្រះ​នាម​ជ័យ​ឥន្រ្ទវរ្ម័ន។ សេ្តច​អង្គ​នេះបាន​លើក​សួយ​សារ​អាករ​ទៅ ថ្វាយ​សេ្តច​អាណ្ណាម ព្រះ​នាមលី អាញ់តុន នៅគ.ស. ១១៧០ ដើម្បី​ឲ្យ​ប្រទេស​នេះ​ស្ថិត​នៅ​អព្យាក្រឹត ។
ក្នុង​​ពេល​​នេះ ព្រំ​ដែន​ខាង​ជើង​នៃ​ប្រទេស​ចម្ប៉ា ស្ថិត​នៅ​ក្នុង​ភាព​ស្ងប់​ស្ងៀម ហើយ​សេ្តច​ជ្រែក​រាជ្យ​ចាម ក៏​លើក​ទ័ព​វាយ​លុក​ប្រទេស​កម្ពុជា។ សិលា​ចារឹក​ភិមាន​អាកាស​សរសេរ​ទៀត​ថា « ព្រះ​បាទ​ជ័យ​ឥន្រ្ទវរ្ម័ន (សេ្តច​ចាម) ឥត​កោត​ខ្លាច​ដូច​ក្រុង​រាពណ៍នៅ​លើ​រថកាន់​អាវុធ​វាយ​ប្រយុទ្ធ​ប្រទេសកម្ពុជា »។ ប៉ុនែ្ត ការ​វាយ​លុក​នេះ​ពុំ​បាន​ទទួល​ជោគ​ជ័យ​ទេ។ សេ្តច​ចាម​នាម​ជ័យឥន្រ្ទវរ្ម័ន បាន​ដូរ​យុទ្ធវិធី​ពី​វាយ​តាម​ជើង​គោក ទៅ​វាយ​តាម​ជើង​ទឹក​វិញ។ នៅគ.ស. ១១៧៧ សេ្តច​ចាម​អង្គ​នេះបាន​លើក​ទ័ព​ជើង​ទឹក​ចូល​វាយ​ខែ្មរ ដោយ​មាន​ចិន​លិច​សំពៅ​ម្នាក់ជួយ​នាំ​ផ្លូវ។ ទ័ព​នោះ​បាន​ចូល​តាម​ទនេ្លមេគង្គ ហើយ​ឡើង​រហូត​ដល់​បឹងទនេ្លសាប។ ក្រុង​អង្គរ​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ចាម ហើយ​សេ្តច​ជ្រែក​រាជ្យ​ត្រីភូវនាទិត្យវរ្ម័ន ក៏​ត្រូវ​ធ្វើ​គត់​ក្នុង​សមរភូមិ។ កង​ទ័ព​ចាម​ក៏​ចូល​កាន់​កាប់​ទី​ក្រុង ហើយ​បំផ្លិច​បំផ្លាញនិង​ប្រមូល​ទ្រព្យ​សម្បត្តិ​យ៉ាង​សន្ធឹក​សន្ធាប់​អស់​ពី​ទី​ក្រុង។ ព្រះ​រាជបល្ល័ង្ក​ត្រូវ​នៅ​ទំនេរ គ្មាន​ព្រះ​មហាក្សត្រ​សោយ​រាជ្យ។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ឈេ្វង​យល់​ថា នេះពេល​វេលា​ល្អ​បាន​មក​ដល់​ហើយ ប៉ុនែ្តមុន​នឹង​ប្រកាស​ជា​សេ្តច​សោយ​រាជ្យ ព្រះ​អង្គ​ត្រូវ​រំដោះ​ប្រទេស​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​បរទេសសិន។ ព្រះ​អង្គ​ក៏​បាន​លើក​ទ័ព​ដេញ​កម្ចាត់​ពួក​ចាម​តាម​ជើង​ទឹក ដូច​ដែល​មាន​រូប​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ ហើយ​បាន​រំដោះ​ប្រទេស​ទាំង​មូល។ បួន​ឆ្នាំ​ក្រោយ​ការ​ឈ្លាន​ពាន​របស់​ចាម​នៅ​គ.ស. ១១៧៧ នៅ គ.ស. ១១៨១ ប្រទេស​កម្ពុជា​បាន​សុខ​សន្តិភាព ហើយ​ព្រះ​អង្គ​ព្រះ​បាទជ័យវរ្ម័នទី៧ ក៏​ប្រកាស​ឡើង​គ្រង​រាជ្យសម្បត្តិ។ នៅ​ក្នុង​ពេល​ជាមួយ​នោះ ព្រះ​អង្គ​បានក​សាង​រាជធានី​ឡើង​វិញ។ « ទី​ក្រុង​យសោធបុរៈ ដូច​ជា​ស្រី​ក្រមុំ​ម្នាក់​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ បាន​ផ្សំ​ផ្គុំ​ជាមួយ គូ​ដណ្តឹង​របស់​ខ្លួន​ក្នុង​តណ្ហា ដែល​ពុះ​កញ្ជ្រោល​លម្អ​ទៅ​ដោយ​រាជវាំង​អំពី​ត្បូង​មាន​តម្លៃ និង​គ្រប​ដណ្តប់​ទៅដោយ​កំផែងដ៏រាំងមាំគឺ ក្រុងអង្គរ។ គូ​ស្វាមី​ភរិយា​នេះ បាន​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ដោយ​ព្រះ​រាជា​ ដើម្បី​បង្កើត​សុភមង្គល​នៃ​សត្វ​លោក​ ក្រោម​ជ័យ​ជម្នះដ៏​ធំ​ធេង ដែល​ព្រះ​អង្គ​ដណ្តើម​យក​បាន » ។ សិលា​ចារឹក​មួយ​នៅ​ជ្រុង​កំពែង អង្គរធំ បាន​សរសេរ​ថា រាជបុរី​ដែល​ព្រះ​រាជា​រៀប​ពិធី​អភិសេក​នោះ គ្មាន​អ្វី​ក្រៅ​ពី​ទី​ក្រុង​អង្គរ​ធំ​ទេ ពុំ​មែន​ប្រាសាទ​បាខែង​នៅ​ចុង ស.វ.ទី៩ ឡើយ។ តែ​ជា​ទី​ក្រុង​បច្ចុប្បន្ន​ ដែល​មជ្ឈមណ្ឌល​ជា​ប្រាសាទបាយ័ន។ ក្នុង​ពេល​ដែល​ចាម​ចូល​លុក​លុយ​ប្រទេស​នា​គ.ស. ១១៧៧ តាម​អ្នក​ប្រវត្តិសាស្រ​ចិនឈ្មោះ ម៉ា ទួន​លិន ថាព្រះបាទ​ជ័យវរ្ម័នទី៧ « បាន​សច្ចា​ថានឹង​សង​សឹក​សត្រូវ​របស់​ព្រះ​អង្គ ហើយ​កិច្ចការ​នេះ អត់​ទ្រាំ​ដោយ​ស្ងាត់​កំបាំង​រយៈ​ពេល ១៥ឆ្នាំ » ។ ប៉ុនែ្តមុន​នឹង​សម្រេច​សេចក្តី​សច្ចា​របស់​ព្រះ​អង្គ ដើម្បី​ធ្វើ​សង្រ្គាម​នឹង​ចាម​នៅ​ក្នុង​ប្រទេស ព្រះ​អង្គ​ត្រូវ​បង្រ្កាបការ​បះ​បោរ​នៅ​ផែ្នក​ខាង​ត្បូង​នៃ​ទឹក​ដី​បាត់ដំបង។ ដើម្បី​បង្រ្កាប​ការ​បះ​បោរ​នេះ ព្រះ​អង្គ​បាន​បញ្ជា ក្សត្រ​ចាម​មួយ​អង្គនាម វិទ្យានន្ទន៍ ឲ្យ​លើក​ទ័ព​ទៅ​បង្រ្កាប​បាន​រាប​ទាប​ឡើង​វិញ។ គួរ​បញ្ជាក់​ថា ក្សត្រ​ចាម​នេះ​បាន​មក​រស់​នៅជាមួយព្រះអង្គ​តាំង​ពី​កេ្មង​ម៉េ្លះ សិលា​ចារឹក​ចាម​នៅ​មី​សឺន​ បាន​សរសេរ​ថា « កាល​ពី​កុមារភាព​របស់​ព្រះ​អង្គ នៅគ.ស. ១១៨២ ព្រះ​អង្គ​ម្ចាស់​វិទ្យានន្ទន៍ បាន​យាង​មក​គង់​នៅ​ប្រទេស​កម្ពុជា។ ព្រះ​មហា​ក្សត្រ​ប្រទេស​កម្ពុជា (គឺ​ព្រះ​បាទ​ជ័យវរ្ម័នទី ៧ បាន​ឡើង​សោយ​រាជ្យ​ឆ្នាំ​មុន) បាន​ទត​ឃើញ​លក្ខណៈ ៣៣ យ៉ាង​របស់​ព្រះ​អង្គ​ម្ចាស់។ ក៏​មាន​ព្រះ​ទ័យ​ស្រឡាញ់​សព្វ​ព្រះ​រាជហទ័យ ហើយ​​ព្រះ​​អង្គ​បង្រៀន​វិទ្យាសាស្រ្ត និង​ក្បួន​យុទ្ធសាស្រ្ត​ដល់​ព្រះ​អង្គ​ម្ចាស់នេះ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​គង់​នៅ​ប្រទេស​កម្ពុជា រាជាណាចក្រ​នេះ​មាន​តំបន់​មួយ​ឈ្មោះ មល្យង ដែល​មាន​មនុស្ស​អាក្រក់​រស់​នៅ ហើយ​បាន​ងើប​បះ​បោរ​ឡើង ប្រឆាំង​នឹង​ព្រះ​មហាក្សត្រ​ខ្មែរ។ ព្រះ​រាជា​បាន​ទត​ឃើញ​ព្រះ​អង្គ​ម្ចាស់​នេះ​ពូកែ​ខាង​សឹក​សង្រ្គាម ក៏​បញ្ជា​ឲ្យ​ដឹក​នាំ​កង​ទ័ព​ខ្មែរ ដើម្បី​ទៅ​បង្រ្កាប​ការ​បះ​បោរ នៅ​មល្យង​នេះ​បាន​ទទួល​ជោគ​ជ័យ។ ដោយ​សារ​គុណ​បំណាច់​ ព្រះ​មហា​ក្សត្រ​ខែ្មរ​ទ្រង់​​ព្រះ​រាជទាន​កិត្តិយស និង​ទ្រព្យ​សម្បត្តិ ដែល​មាន​តម្លៃ​ខ្ពស់ៗដល់​ទ្រង់​វិទ្យានន្ទន៍ » ។
នៅ គ.ស. ១១៩០ ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ធ្វើ​ឲ្យ​ប្រទេស​ដាយ​វៀត (នៃ​មហារាជា លី​ កៅ​ទន់) នៅអព្យាក្រឹត ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​វាយ​ចាម ក្នុង​ឆ្នាំ​ដដែល​ ឱកាស​ល្អ​ហុច​ឲ្យ​ដោយ​សេ្តច ចាម​ជ័យឥន្រ្ទវរ្ម័នទី៤ លើក​កង​ទ័ព​មក​វាយ​ខែ្មរ​ម្តង​ទៀត។ តើ​ព្រះ​បាទ​ជយវរ្ម័នទី៧ ទ្រង់​លើក​ទ័ពប្រឆាំង​នឹង​ការ​វាយ​លុក​របស់​ចាម​ឬ​យ៉ាង​ណា? សិលា​ចារឹក​នៅ​ប៉ោ​នគរ (ឯ​ញ៉ា​ត្រាង) បាន​សរសេរ​ទុក​ថា « ព្រះ​អង្គ​វាយ​យក​បាន​រាជធានី​នៃ​ប្រទេស​ចាម្ប៉ានិង​ប្រមូល​យក​លិង្គ​ទាំង​អស់ »។ ជោគ​ជ័យ​នេះ​បាន​ ដោយ​សារ​ព្រះ​អង្គ​​បញ្ជា​ទ្រង់​វិទ្យានន្ទន៍​លើក​ទ័ព​ទៅ​ទប់​ទល់។ ទ្រង់​វិទ្យានន្ទន៍​វាយ​យកបាន​ក្រុង​វិជ័យ (ប៊ិញ​ឌិញ) ហើយ​ចាប់​សេ្តច​ចាម​ជ័យ​ឥន្រ្ទវរ្ម័ន​ទី៤ ជា​ឈ្លើយ មក​ថ្វាយ​ព្រះ​បាទ​ជយវរ្ម័នទី៧។ ព្រះ​អង្គ​បាន​លើក​ព្រះ​អនុជ​ថៃ្ល​របស់​ព្រះ​បាទ​ជយវរ្ម័នទី៧ ព្រះនាម អិន (អនុជ​ព្រះ​នាង​ជ័យរាជទេវី) ឲ្យ​ឡើង​សោយ​រាជ្យ​នៅ​វិជ័យ។ ដោយ​មាន​ព្រះ​បរមនាម​​ថា សូរ្យជ័យវម៌‌ទេវៈ រួច​ព្រះ​អង្គ​លើក​ទ័ព​បង្ហួស​ទៅ​វាយ​យក​បាណ្ឌុរង្គ (ផាន​​រ៉ាង) ហើយ​ឡើង​សោយ​រាជ្យ​នៅ​ទី​នោះ ដោយ​មាន​ព្រះ​រាជ​បរមនាម​ថា សូរ្យវម៌‌ទេវៈ ។ ប្រទេស​ចាម្ប៉ា​បាន​ចែក​ជា​ពីរ​ផែ្នក មួយ​ផែ្នក​គ្រប់​គ្រង​ដោយ​ព្រះ​រាជា​ខែ្មរ និង​មួយ​ផែ្នក​ទៀត​ដោយ​ក្សត្រ​ចាម វិទ្យានន្ទន៍។ តែ​មិន​យូរ​ប៉ុន្មាន ពួក​ចាម​នៅ​វិជ័យ ក៏ងើបបះ​ឡើង ដោយ​បណេ្តញ​ព្រះ​អង្គ​ម្ចាស់​អិន រត់​ចូល​មក​ស្រុក​ខែ្មរ​វិញ ហើយ​លើក​សេ្តច​ចាម​ ព្រះ​នាម រសុបតិ ឲ្យ​ឡើង​សោយ​រាជ្យ​ជា​ជំនួស​វិញ។ ឆ្លៀត​ឱកាស​នេះ ព្រះ​រាជា​វិទ្យានន្ទន៍​បាន​បង្រួប​បង្រួម​ប្រទេស​ចាម​ឲ្យ​មាន​ឯកភាព​ឡើង​វិញ ក្រោយ​ពី​បាន​ធ្វើ​គុត​ព្រះ​ជ័យ​ឥន្រ្ទវរ្ម័នទី៥ (រសុបតិ) ហើយ​ឡើង​សោយ​រាជ្យ​ប្រទេស​ចាម្ប៉ា​ទាំង​មូល ពីគ.ស. ១១៩២ ដល់ ១២០៣។ នៅ គ.ស. ១១៩៣ និង ១១៩៤ ព្រះ​បាទ​ជ័យវរ្ម័នទី៧ ទ្រង់​បាន​សាក​ល្បង​ឲ្យ​ព្រះ​វិទ្យានន្ទន៍​ទទួល​ស្គាល់​អំណាច​ព្រះ​អង្គ​វិញ តែ​ឥតប្រយោជន៍ទេ រហូត​ដល់ គ.ស. ១២០៣ ព្រះ​អង្គ​បាន​បញ្ជា​សេ្តច​ចាម​មួយ​អង្គ​ទៀត ព្រះ​នាមអុង​ធនបតិក្រាម ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ទ្រង់​វិទ្យានន្ទន៍ ឲ្យ​លើក​ទ័ព​ទៅ​វាយ​កម្ចាត់​ក្មួយ​ព្រះ​អង្គ​ទាល់​តែ​បាន។ ចាប់​ពីគ.ស. ១២០៣ ដល់ ១២២០ ប្រទេស​ចាម្ប៉ា​ក៏​ក្លាយ​ទៅ​ជា​អាណាខេត្ត​របស់​ខែ្មរ។ ការ​លូក​ដៃ​ច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​ខាង​កើត ដែល​ជា​ប្រទេស​ជិត​ខាង ពុំ​បាន​ទប់​ស្កាត់​មិន​ឲ្យ​ព្រះ​អង្គ ពង្រីក​ទឹក​ដី​ទៅ​ខាង​ជើង និង​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​ឡើយ គឺ​នៅ​ក្នុង​រជ្ជកាល​នេះ​ហើយ ដែល​សិលា​ចារឹក​សាយ​ហ្វុង (ជិត​ក្រុង​វៀងចន្ទន៍) បាន​បញ្ជាក់​ពី​កាលបរិចេ្ឆទ ហើយ​អ្នក​ប្រវត្តិសាស្រ្ត​ចិន បាន​និយាយ​ពី​អំណាច​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ភ្ជាប់​ទឹក​ដី​មួយ​ផែ្នក​នៃ​ឧបទ្វីប​មឡាយូ និង​វាត​អំណាច​រហូត​ដល់ប្រទេសភូមា។ ម្យ៉ាង​ទៀតសិលា​ចារឹក​មួយ​នៃ​ប្រាសាទព្រះខ័ន​ បាន​ឲ្យ​ដឹង​ថា ទឹក​មន្ត​ត្រូវ​បាន​ផ្តល់ ដោយ​ព្រាហ្មណ៍​សូរ្យភក្ត និង​ព្រហ្មណ៍​ឯ​ទៀត​ទាំង​អស់​ក្នុង​ព្រះ​បរម​រាជវាំង ព្រះ​រាជា​នៃ​យវនៈ និង​ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចម្ប៉ា។ ព្រាហ្មណ៍​សូរ្យភក្ត​ ប្រហែល​ជា​មេ​នៃ​ព្រាហ្មណ៍​ទាំង​អស់​ក្នុង ព្រះបរមរាជវាំង។ ព្រះ​រាជា​នៃ​យវនៈ គឺ​ជា​អធិរាជ លី អាញ់​តុង (Lý Anh Tông) ដែល​សោយ​រាជ្យ​នៅ គ.ស. ១១៧៥ មាន​ព្រះ​បរមនាម​សម្រាប់​រាជ្យ​ថា លីកាវ​​តុង (Lý Cao Tông) និង​សោយ​រាជ្យ​រហូត​ដល់ គ.ស. ១២១០។ ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចម្ប៉ា គឺ​ព្រះ​រាជា​សោយ​រាជ្យ​នៅ​ក្រុង​វិជ័យ (ប៊ិញ​ឌិញ) ដែល​ត្រូវ​ជា​ព្រះ​អនុជ​ថៃ្ល​នៃ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ និង​ព្រះ​រាជា​ដែល​សោយ​រាជ្យ​នៅ​បាណ្ឌុរង្គ (ផាន​រ៉ាង) គឺ​ទ្រង់​វិទ្យានន្ទន៍ ដែល​ការ​ពារ​ដោយ​ព្រះ​ជយវរ្ម័នទី៧។
គេ​បាន​ដឹង​ថា ការ​ថ្វាយ​ទឹក​មន្ត​មាន​ន័យ​ថា ទទួល​ស្គាល់​ការ​ស្ថិត​នៅ​ក្នុង​ចំណុះ​នៃ​ប្រទេស​ដែល​គេថ្វាយ​នោះ។ ទំនៀម​នេះ​ នៅ​មាន​រហូត​ដល់​សព្វ​ថៃ្ង​នេះ។ នៅ​ក្នុង​រាជវាំង​ក្រុង​ភ្នំពេញឬ​បាងកក នៅ​ពេល​ពិធី​អភិសេក​សេ្តច​ឡើង​សោយ​រាជ្យ ទឹក​មន្ត​សម្រាប់​ធ្វើ​ពិធី​ គឺ​ជា​ទឹក​ដែល​ទទួល​បាន​ពី​ទនេ្ល​សំខាន់ៗ​នៃ​ប្រទេស និង​ពី​ខេត្ត​ផេ្សងៗ នៃ​ព្រះ​រាជាណាចក្រ។ ការ​ស្ថិត​នៅ​ក្រោម​ចំណុះ​ប្រទេស​កម្ពុជា​ នៃ​ប្រទេស​ចាម្ប៉ា​ទាំង​ពីរ មិន​យូរ​អងែ្វង​ដូច​នៅ​ក្រោម​អំណាច​របស់​ជ្វា អំណាច​របស់​មហារាជ​អណ្ណាម​ឡើយ។ ក្រោយ​ពី​ព្រះ​នាង​ជ័យរាជទេវី​សោយ​ព្រះ​ពិរាល័យ​ទៅ ព្រះ​បាទ​ជយវរ្ម័នទី៧ បាន​រៀប​រាជាភិសេក​ជាមួយ​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម​បង្កើត​របស់​ព្រះ​នាង​ជយទេវី។ ក្សត្រី​អង្គ​នេះ​ជា​ស្រ្តី​សម្បូរ​ទៅ​ដោយ​ចំណេះ​វិជ្ជាជាច្រើន។ ព្រះ​នាង​បាន​ទទួល​តំណែង​ជា​សាស្រ្តាចារ្យ​ក្នុង​វត្ត​ព្រះ​ពុទ្ធសាសនា​មួយ ហើយ​បាន​ក​សាង​សិលា​ចារឹក​ភិមាន​អាកាស ដែល​ជា​ប្រភព​យ៉ាង​សំខាន់​ទាក់​ទង​នឹង​ព្រះ​ជីវប្រវត្តិ​នៃ​ព្រះ​បាទ​ជ័យវរ្ម័នទី៧។ គេ​មិន​ដឹង​ច្បាស់​ថា ព្រះ​បាទ​ជយវរ្ម័នទី៧ សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​ណា​ទេ។ ព្រះ​អង្គ​ទំនង​ជា​សោយ​រាជ្យ​រហូត​ដល់ គ.ស. ១២១៨។ ព្រះ​អង្គ​មាន​ព្រះ​មរេមនាម​ថា មហា​បរម​សៅគត។ ព្រះ​នាមនេះ​ស​ឲ្យ​ឃើញ​ថា ព្រះ​អង្គ​ជា​ពុទ្ធសាសនិកជន​មួយ​រូប តែ​ទោះ​បី​យ៉ាង​ហ្នឹង​ក៏​ដោយ ក៏​ព្រះ​អង្គ​មាន​ព្រាហ្មណ៍​បុរោហិត​មួយ​រូប ឈ្មោះ ឫសីកេស (ឫឞិកេឝ) ដែល​ជា​សក្ខីភាព​ប្រាប់​ថា សាសនា​ព្រាហ្មណ៍​នៅ​ពេល​នោះ នៅ​មាន​ឥទ្ធិពល​ខ្លាំង​គួរ​សម​ដែរ។ តាម​រូប​បដិមា​ព្រះ​បាទ​ជយវរ្ម័នទី៧ មាន​សាច់​មាំ ព្រះ​កេស​មាន​ផ្នួង​សក់​តូច។ លក្ខណៈ​នេះ​មាន​ច្បាស់​នៅ លើ​ក្បាច់​ចម្លាក់​ជា​ច្រើន គេ​បាន​ឃើញ​រូប​បដិមា​ពីរ គឺ​មួយ​នៅ​អង្គរធំ និង​មួយ​ទៀត​នៅ​ប្រាសាទ ​ពិមាយ​ជិត​គោរាជ (โคราช ខូរ៉ាត) (នគររាជ) ដែល​ថែ​រក្សា​នៅ​សារមន្ទីរ​ក្រុង​បាងកក។ រូប​បដិមា​ទាំង​ពីរ​នេះ គឺ​ជា​ព្រះ​រូបរបស់ ​ព្រះ​បាទ​ជយវរ្ម័ន ទី៧
អំពី​កាលបរិចេ្ឆទ​នៃ​ការ​សោយទិវង្គត គេ​ពុំ​បាន​ដឹង​ពិត​ប្រាកដ​ទេ។ គេ​ចោទ​ជា​សំណួរ​ថា តើ​ព្រះ​អង្គមាន​ព្រះ​រោគ​អ្វី ដែល​​នាំ​ឲ្យ​ព្រះ​អង្គ​សោយ​ទិវង្គត? មាន​រូប​ចម្លាក់​ពីរ​នា​សម័យ​នោះ គឺ​រូប​ចម្លាក់ នៅ​ហោជាង​ប្រាសាទ​តូច ដែល​គេ​ហៅ​ថា មន្ទីរ​ពេទ្យ ស្ថិត​នៅ​ខាង​កើត​ប្រាសាទ​តាកែវ។ លោក វិកទរ ហ្គោលូបេវ (V. Goloubew) បាន​សិក្សា​យ៉ាង​ល្អិត​ល្អន់​លើ​ក្បាច់​ចម្លាក់ ដើម្បី​សែ្វង​យល់​អំពី​រឿង « សេ្តចគម្លង់ » ប៉ុនែ្តពុំ​មាន​រូប​បដិមា​ណា ដែល​ត្រូវ​នឹង​រឿង​នេះ​ឡើយ។ ហើយ​លោក​បាន​ផ្តល់​អត្ថបទ​របស់​លោក​វេជ្ជបណ្ឌិត ម៉េស៍ណារដ៍ (Mesnard) ជា​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ក្រុង​ព្រៃ​នគរ បាន​ប្រគល់​ឲ្យ​គាត់ នៅ គ.ស. ១៩៣៤ អំពី​អត្ថាធិប្បាយ​លើ​ក្បាច់​ចម្លាក់​នៃ​ប្រាសាទ​បាយ័ន​ដូច​ត​ទៅ ៖
  • « កំភួន​ដៃនិង​ដៃ​នៃ​អ្នក​ជំងឺ ជា​វត្ថុ​បំណង​នៃ​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពី​ស្រ្តី​ដែល​នៅ​ព័ទ្ធ​ជុំវិញ។ កាយវិការ​នៃ​ស្រ្តី​ម្នាក់ មាន​លក្ខណៈ​ដូច​ជា​ចាប់​កាន់​ត្រចៀក​ខាង​ស្តាំបើក​ឲ្យ​ធំ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ដែល​សំខាន់​បំផុត »។
  • « អវយវៈ​ក្រោម​ ទ្រ​ដោយ​វត្ថុ​មួយ​នៅ​ក្រោម​ជង្គង់ »។
  • « ស្រ្តី​ម្នាក់​លើក​ជើង​ស្តាំ​របស់​មនុស្ស​នោះ ដោយ​ដៃ​ឆេ្វង និង​ដៃ​ស្តាំ​ដូច​ជា​រឹត​ច្របាច់​គក់​ជើង​ឆេ្វង »។
  • « កាយវិការ​នៃ​ស្រ្តី​ទាំង​នេះ ដូច​ជា​ចង្អុល​បង្ហាញ​ថា មនុស្ស​នោះ​មាន​ជំងឺ​នៅ​ចុង​អវយវៈគឺ​ជំងឺ​ឃ្លង់?» ការ​កត់​ចំណាំ​សំខាន់​មួយ​ទៀត​នៅ​ជិត​ខ្លួន នៃ​មនុស្ស​នោះ​មាន​ថូ​មួយ ដែល​ដាក់​ផែ្ល​ឈើ​រាង​មូល​ពេញ។ ផែ្ល​ឈើ​នេះ​ប្រហែល​ជា​ផែ្ល​ក្របៅ (Chaulmoogra) ។ ដើម​ក្របៅ (Hydnocarpus anthelmintica) ជា​ដើម​ឈើ ដែល​ដុះ​ពាស​ពេញ​ព្រៃ៕

     

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...