ការបង្កើតព្រះពុទ្ធរូបកើតឡើងដំបូងបង្អស់នៅក្នុងសិល្បៈ គ័នថារៈ (Gandhara) សតវត្សទី១មុន គ.ស ដល់សតវត្សទី៣ នៃគ្រិស្តសករាជ (អ្នកស្រាវជ្រាវខ្លះថានៅក្នុងសិល្បៈ ម័នធុរា Mathura) ។ ជនជាតិឥណ្ឌាបានទទួលយកគំនិតនៃការសាងព្រះពុទ្ធរូបនេះពីការសាងរូបព្រះអាទិទេពរបស់សិល្បៈក្រិច-រ៉ូម៉ាំង។ គោលការណ៍៣សំខាន់ៗដែលត្រូវបានជាង យកមកប្រើប្រាស់សម្រាប់ ការសូនព្រះពុទ្ធរូបរួមមាន៖
១. ការនាំលក្ខណៈមហាបុរសទាំង ៣២ ប្រការដែលមានអធិប្បាយក្នុងគម្ពីរ "មហាបុរសលក្ខណៈ" មកប្រើ ដោយជ្រើសរើសយកតែលក្ខណៈពិសេសនិងស្រស់ស្អាតមកប្រើដូចជា មានព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) ព្រះកាណ៌(ត្រចៀក)វែង ព្រះពាហុ(កំភួនដៃ)វែងជាដើម។
២. ប្រើប្រាស់រចនាបថរបស់សិល្បៈក្រិច-រ៉ូម៉ាំង ដែលធ្លាប់ប្រើក្នុងការបង្កើតរូបព្រះអាទិទេព ដូចជាបច្ចេកទេសឃ្លុំចីពរ និងការធ្វើរង្វង់រស្មីជុំវិញព្រះសិរសាតាមបែប halo របស់សូរ្យទេពក្រិច។
៣. ការប្រតិដ្ឋ "ព្រះមូលី" (Ushunisha) ដែលជាផ្នួងសក់ខាងលើព្រះសិរសា។ តាមពិតទៅព្រះពុទ្ធជាម្ចាស់អាចមិនបានទុកផ្នួងព្រះកេសាបែបនេះ តែអាចកោរព្រះកេសាដូចព្រះសង្ឃទូទៅ។ តែការសាងឲ្យមានព្រះមូលីនាំឲ្យព្រះពុទ្ធអង្គមានលក្ខណៈខុសប្លែកពីសាវករបស់ព្រះអង្គ។
ដោយឡែកប្រទេសកម្ពុជាទទួលឥទ្ធិពលនៃការសាងព្រះពុទ្ធរូបតាំងតែមុនសម័យអង្គរ។ ជាងខ្មែរមុនសម័យអង្គរបានទទួលយកបច្ចេកទេសការសាងព្រះពុទ្ធរូបពីសិល្បៈពីរប្រភេទគឺ សិល្បៈអមរាវតី(Amaravati) សតវត្សទី១-៤ គ.សនិងសិល្បៈគុបតៈ (Gupta) សតវត្សទី៣-៦ គ.ស។
No comments:
Post a Comment