អំពី «គុក» និង «គុហ៍»


រឿងនេះ​ពុំ​ជាថ្មី​ណាស់ណា​ទេ កាលពី​ឆ្នាំ ២០០០ លោក​គ្រូ ឡុង សៀម​ ក៏លើកបញ្ហានេះនៅក្នុងថ្នាក់ដែរ ព្រោះកាលនោះនៅ​កំពង់​ធំ​គេចាប់ផ្តើម​សរសេរ​ សម្បូរព្រៃគុហ៍ និង គុហ៍នគរ ហើយ។ លោក​គ្រូ​គិតថា​ គុក​ ពុំ​អាច​នឹង​ក្លាយ​មកពី គុហារ​ ឡើយ​ព្រោះមិន​អាច​បំបាត់​ស្រៈ «ា» នោះបាន​ ហើយ​ក៏​ព្យាយាម​បកស្រាយ​ថា​អាច​មក​ពី​ដើម «គុហ» ជា​សំស្ក្រឹតតែហាក់ទៅ​ណាពុំឆ្ងាយក៏ស្លេះ​ត្រឹម​នោះទៅ។​ ខ្ញុំ​សង្ខេប​សម្មតិកម្ម​ដែល​ ខ្ញុំ​យល់ថា​មាន​អំណះ​អំណាង​ត្រឹមត្រូវ​ដូច​ខាង​ក្រោម៖
ក) សម្តេច​សង្ឃ ជួន ​ណាត ១៩៦៧៖ «គុហា» គឺរូងធំដែលកើតឯងក្នុងភ្នំ: យោគីធ្វើសមណធម៌ក្នុងគុហា។ «គុក»​ មានន័យ​២​គឺ  ១) រណ្ដៅ ដែលគេជីកលង់ដីធ្វើជាជើងក្រានសម្រាប់ដាំខ្ទះឬថ្លាងធំៗស្ងោរ, រំងាស់, ដាំស្ល។ ២)​ កន្លែងសម្រាប់ដាក់ឃុំខាំងមនុស្សទោស ។
ខ) Robert Headley, Rath Chim, Ok Soeum (1997) «គុក»​ មានន័យ​៣គឺ 1 N. jail, prison  ETY. Chinese; 2 N.  pit dug in the ground as an oven for cooking; furnace; 3 N. kind of large owl.
គ) លោក មីសែល​ ត្រាណេ​ នៅ​លើ​ CEN ថ្ងៃ ១៥ កក្កដា ២០១៥ ៖ …អ្នកស្រាវជ្រាវ​បារាំង​ដំបូងបង្អស់​ពីរ​នាក់​គឺ លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ និង​លោក ហង់​រី ប៉ារ​ម៉ាំង​ទី​យេ ដែល​បាន​សិក្សា​ក្រុម​ប្រាសាទសម្បូរព្រៃគុក​មុនដំបូង​បង្អស់​បានសរសេរថា គុក (Kuk) ដែល​មានន័យថា ប៉ម​យាម ប្រាសាទ​, កុ​ដ​, វិហារ (tour)…សម្បូរ​ព្រៃ​គុក​នេះ មានន័យ​យ៉ាង​ជាក់ច្បាស់​ថា ​​​”ព្រៃស្តុក ដោយ​គុក ឬ​ប្រាង្គ​ប្រាសាទ​” (La foret aux tours) ហើយ​សំដៅយក​ក្រុម​ប្រាសាទ​ទាំងឡាយ ដែលមាន​នៅលើ​ទីតាំង​នេះ​ទាំងមូល​។
ឃ) លោក ហ៊ុន​ ឈុនតេង តាមរយៈ Facebook post ១៤ មករា ២០១៦៖ …ប្រាសាទកាលពីបុរាណត្រូវគេហៅជា “គុហា” ដែរ។ ចុះរឿង “គុហា” ជារឿងរបស់គុហាទេតើ ម្ដេចទាក់ទងអីនឹង “គុហ៍”។ បើលោកអ្នកសង្កេតតែបន្ដិច ម្ល៉េះសមនឹងមានចម្ងល់នេះកើតឡើងទេ។ ខ្ញុំសូមលើកពាក្យមួយ គឺអាសន។ បើអ្នកកាន់តែសង្កេត អ្នកនឹងដឹងថាអ្នកស្រុកនិយាយពាក្យនេះថា “អាស្នា” ឬ “អាសន៍”។ ឧទាហរណ៍៖ អាស្នាព្រះ។ លោកដើមអាសន៍។ ត្រង់នេះបញ្ជាក់ថា ស្រៈខ្លី ខ្មែរមិននិយមអានទេ បើចង់អានក៏ធ្វើទៅជាស្រៈវែងដែរ។ ពាក្យ “គុហ” ពីសំស្ក្រឹតនេះក៏ដូចគ្នាដែរ បើអានជាពីរព្យាង្គ អ្នកស្រុកពិតជាថា “គុហា” គឺថាស្រៈអៈក្នុង ហ នោះទៅជាស្រៈវែងអា ហា។ បើថាតែមួយព្យាង្គ គឺគេថាតែ “គុហ៍”…បំណងរបស់ខ្ញុំចង់ឲ្យមានការសរសេរតាមប្រភពដើមនៃពាក្យជា “ប្រាសាទសម្បូរព្រៃគុហ៍” ប៉ុន្ដែបើស្ថាប័នមានសមត្ថកិច្ចផ្នែកភាសាខ្មែរសម្រេចអក្ខរាវិរុទ្ធបែបណានោះ យើងត្រូវតែធ្វើតាម។ ប៉ុន្ដែខណៈដែលមិនមាន ខ្ញុំសូមស្នើបែបនេះ។ “គុហ៍” នេះវិវត្តមកជាគុកច្រវាក់ឬគុកស្ករផងដែរ ដែលលោកអ្នកគួរតែអានការពន្យល់ន័យនៃពាក្យ “គុក” របស់លោកគ្រូ ព្រាប ចាន់ម៉ារ៉ា នៅក្នុងសៀវភៅចំណងជើងថា “ពាក្យប្រើចំពោះសំណង់បុរាណនិងក្បាច់លម្អ”។
ង) លោក​ ព្រាប​ ចាន់ម៉ារ៉ា តាមរយៈ Facebook post ៩​ កក្កដា ២០១៧៖ «គុក» សំដៅលើសំណង់ដែលមានជញ្ជាំងបិទជុំវិញ ដូចយ៉ាងចង្ក្រានគុក, ប្រាសាទ, ទីឃុំឃាំងអ្នកមានទោស។ល។ មកពីគេគិតតែពីគុកជាកន្លែងឃុំឃាំងមនុស្សតែម្យ៉ាង បានជាគេមិនចូលចិត្តសរសេរដូច្នេះ ហើយបែរទៅរកពាក្យសំស្ក្រឹត «គុហ៍» ឯណោះទៅវិញ។ បើពិតដូចគេយល់យ៉ាងនេះមែន ខ្មែរមើលថា«គុ» ឬ «គុះ»… ប៉ុន្តែខ្មែរនៅស្ទើរគ្រប់តំបន់ហៅប្រាសាទខ្លះថា «គុក» តាមន័យដើមរបស់ខ្លួន ឧទាហរណ៍៖ គុកនគរ, គុកតារាជ, គុកតាឡឹក, គុកយាយហម, គុកត្រពាំងស្រុក, គុកជើង, គុកត្បូង, ព្រះធាតុគុក, សម្បូណ៍ព្រៃគុក។ល។
ខ្ញុំ​សូម​សរសើរ​ឈុន​តេង ដែល​លើក​អំណះ​អំណាង​មក​សមរម្យ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​អាន​ដើម្បី​គាំទ្រ​សម្មតិកម្ម «គុហ៍»។ ប៉ុន្តែ​ជាយោបល់​ខ្ញុំ ​យើង​គួរ​បន្តសរសេរ​ថា «គុក​» តទៅទៀត ដោយពឹង​លើហេតុផលមួយ​ចំនួន​ដូច​ខាងក្រោម​៖
សម្មតិកម្ម​របស់​ប្អូន​ឈុនតេង៖
សម័យ​បច្ចុប្បន្ន ប្រាសាទ = គុក
សម័យ​បុរាណ ប្រាសាទ =  គុហា
=> គុក ក្លាយ​មកពី​ «គុហ៍»
ជាទម្លាប់អ្នកស្រុកគេហៅ គុកប្រាសាទ គុកយាយហម គុកព្រះធាតុ (ហាន់ជ័យ) គុកខាងកើតនិងគុកខាងលិច (ត្នោតជុំនៅកំពង់ថ្ម) គុកតាពេជ្រ (ក្លោងទ្វារខាងត្បូងអង្គរវត្ត) គុកតារាជ (ក្លោងទ្វារខាងលិចអង្គរវត្ត) គុកគូ (ក្លោងទ្វារខាងជើងអង្គរវត្ត) ដូចលោក​ ព្រាប ចាន់ម៉ារ៉ា បកស្រាយ​នៅខាងលើ។  ឈ្មោះស្ថានីយ​បុរាណ​ដែល​ចុះ​បញ្ជីដោយ​ក្រសួង​វប្បធម៌ កាលណាមានរូងភ្នំទើបយើងមានឈ្មោះ «គុហា» ឧបមាថា «គុហាហ្លួង» និង «គុហាព្រះវិហារ» ឬ ភ្នំទទឹងនៅកំពត។ ឯឈ្មោះប្រាសាទខ្លះគេហៅថា «គុហា» ដូច្នេះមែនដូចជា «ទួលគុហា» នៅកោះធំ «អ្នកតាគុហា» នៅកំពង់ត្របែកព្រៃវែងជាដើម។ ដូច្នេះតើ «គុក» អាចក្លាយមកពី «គុហា» ឬទេ? ខ្ញុំចាប់អារម្មណ៍ដូចតទៅ៖
ខ្ញុំ​សូម​ចាប់ផ្តើម​ពី​គុក​ដាក់​អ្នកទោស​មុន៖ យើងពុំដែល​ឃើញពាក្យ​ «គុក»​ នៅ​ក្នុងសិលាចារឹក​ឡើយ ប៉ន្តែ K.957 (ស.វទី ១០) ប្រើពាក្យសំស្ក្រឹត «បញ្ជរ» សំដៅលើ គុកដាក់អ្នកទោស (Pou 2004: 295) ។ ដោយឡែក ទាំង​ថៃ​ คุก ឬ ឡាវ ຄຸກ ប្រើជា​គុកដាក់អ្នកទោសដូចគ្នា​ដែរ។ Robert Heatley, Rath Chim, Ok Soeum ក្នុង​សៀវភៅ Modern Cambodian-English Dictionary (1997) យល់ថា «គុក»​ មក​ពីពាក្យ​ចិន ប៉ុន្តែ​ពុំបាន​ពន្យល់អ្វី​ឡើយ។  នៅក្នុង​វចនានុក្រម​ចិនមួយ ខ្ញុំឃើញ​មានពាក្យ 囚 qiú (អធ្យាស្រ័យ​ខ្ញុំអត់ចេះចិន​ទេ ប្រហែល​អាន​ថា «គីអ៊ុ» អានកញ្ឆក់​មកស្រដៀង​នឹង​គុក​) ជាសំនៀង កុកងឺ (Mandarin) ប្រែថា​ «អ្នកទោស» (https://www.yabla.com/chinese-english-pinyin-dictionary.php?define=囚) ។ សូម​ចំណាំថា​ទាំង​ថៃ​និង​ឡាវ​ ក្នុង​វចនានុក្រម​ដែល​ខ្ញុំ​យោង​នៅទីនេះ (សូម​មើល http://sealang.net/thai/dictionary.htm និង http://sealang.net/lao/dictionary.htm) គេ​ពុំ​ប្រើ​ «គុក»​ ក្នុង​ន័យ​ជាប្រាសាទ​ឡើយ (បើមិត្ត​​អ្នកអាន​ណា​ចេះភាសាទាំងពីរ​នេះ ​ជួយ​ប្រាប់ខ្ញុំផង!)។  ដូច្នេះ​បើពាក្យ​ «គុក»​ ក្លាយ​ពី «​គុហា» ទាល់​តែថៃ​ឬឡាវ​គេ​ប្រើ​ដូច​ខ្មែរ​ដែរ ឬលើក​លែង​តែមាន​ភស្តុតាង​ប្រាកដ​ថា​ ថៃ​និង​ឡាវ​ខ្ចីភាសា​ខ្មែរគុក​សម្រាប់​ប្រើ​តែ​ដាក់​អ្នកទោស‌! (តែខ្ញុំគិតថាដូចជា​វែងឆ្ងាយពេក)។ ករណីមួយទៀតភាសាភូមាគេ​ប្រើ ဂူ (គុ) ប្រែថា​ល្អាង ល្អាង​សក្ការៈ (ប្រាសាទ?) ឬ ផ្នូរ ក្លាយមកពីពាក្យ​បាលី​ថា​ «គុហា»  តែគេមិន​ប្រើ​សម្រាប់ដាក់អ្នកទោស​ឡើយ ( http://sealang.net/burmese/dictionary.htm )។
ចំណុច​បន្តទៅ​ទៀត​ សូម​មិត្ត​អ្នកអាន​ជ្រាប​ថា ដោយការប្រើពាក្យពេជន៍​រមែងបត់បែន​ផ្លាស់​ប្តូរ​ទៅតាមលក្ខ័ណសង្គមនិង​សម័យកាល​ផ្សេងៗគ្នា។ ដូច្នេះយើងគួរវិភាគពាក្យទៅតាមសង្គមដែលយល់ពាក្យនោះនៅក្នុងសម័យ​ដំណាលគ្នា​។ ដោយខ្មែរពុំទាន់មានវចនានុក្រមនៅឡើយកាលដែលអ្នកស្រាវជ្រាវបារាំងចាប់ផ្តើមកត់ត្រាឈ្មោះប្រាសាទបុរាណ នៅចុងស.វទី ១៩ និងដើមស.វទី២០ ខ្ញុំសូមចាប់ផ្តើមពីសំណេររបស់បារាំងដូច​លោក ​មីសែល​ ត្រាណេ ពីខាង​លើដែរ។ លោក Adhémar Leclère (គាត់ចេះខ្មែរ) បោះពុម្ពនៅឆ្នាំ ១៨៩៤ បញ្ជាក់ថា «គាត់រកឃើញ» ក្រុមប្រាសាទ«ពុំមានឈ្មោះ » នៅកំពង់ស្វាយ។ តែបញ្ជាក់ថាមានផ្លូវចេញពីភូមិព្រះឥន្ទ្រកុមារ (ហៅថាឥន្ទខ្មារ) ទៅ «ប្រាសាទគុក» (Prasat-Kuk) គឺ «ប៉មដែលមានរាងដូចឡ» (la tour en forme de four) ។ ឯលោក​ Henri Parmentier (1913) ទំព័រ ២១ លេខយោង ១ «ខ្មែរហៅប្រាសាទតូចៗថា គុក»។  ជាបន្ត​យើងគួរទៅមើលវចនានុក្រមខ្មែរ-បារាំងនៅសម័យដំណាលគ្នាវិញម្តង ព្រោះខ្មែរពុំទាន់មានវចនានុក្រមនៅឡើយ៖
Aymonier, Etienne, et Son Diep (1878) ទំព័រ ៨៧
ទី១៖ Dictionnaire Khmêr-Français របស់ លោក Étienne Aymonier និងលោក សុន ដៀប (Sŏn Diẻp) បោះពុម្ពនៅឆ្នាំ ១៨៨៩ ត្រង់ទំព័រ៨៧៖ គុក fosse (រណ្តៅ), antre ( រូង), caverne (គុហា), cachot (អណ្តូង), prison (គុក), four (), fourneau (គុកភ្លើង)
ទី២៖ Dictionnaire Cambodgien-Français របស់លោក Bernard Jean-Baptiste រៀនខ្មែរនៅឆ្នាំ ១៨៩២ ដល់ ១៩០១ កាល ដែលគាត់ នៅជា អ្នកផ្សាយសាសនានិកាយ Apostolique នៅបាត់ដំបង ហើយបោះពុម្ពនៅឆ្នាំ ១៩០២ ត្រង់ទំព័រ 165 មានពាក្យបីជាប់គ្នាគឺ៖ គុហ៊ា KUHÉA. Voûte, grotte. — thmâ, voûte, grotte naturelle គុហាថ្ម.​ គុក KŬK. Prison, caverne, fosse, fournaise. Dăk —, mettre en prison ដាក់​គុក; Neăk —, prisonnier អ្នក​គុក; — phloeûng, fournaise គុកភ្លើង;  — kŏmbâr, four à chaux គុក​កំបោរ; — thmâ et, four à briques គុកថ្មឥដ្ឋ (ឡឥដ្ឋ);  — dăm bai, fourneau គុក​ដាំបាយ;  Nokor — thlŏk, ancien nom du royaume du Cambodge (គោក?)។
 
Bernard, Jean Baptiste (1902) ទំព័រ ១៦៥
ខ្ញុំយល់ថាលោក Aymonier (គាត់​ចេះខ្មែរ​ប្រាកដប្រជា​ណាស់ដែរ) ប្រហែលជារៀនខ្មែរនៅភ្នំពេញ​ហើយ​លោក​រមែង​យក​កូនសិស្សខ្មែរ​ទៅ​ឲ្យជួយ​ធ្វើការស្រាវជ្រាវ​ពេល​ចុះបញ្ជី​ស្ថានីយបុរាណ។ ឯលោក​ សុន​ ដៀប​ ជាខ្មែរ​កម្ពុជា​ក្រោម​កើត​នៅ​ស្រុក​ទ្រាំង ធ្លាប់​រៀន​នៅវត្ត​ហើយ​ក្រោយ​មករៀន​បារាំង​នៅវិហារ​កាតូលិក និង  École Normale in Saigon (ពត៌មានលម្អិត​សូម​មើល Edwards 2007)។ ដូច្នេះទាំងពីរនាក់​នេះ​ចេះ​សំណៀង​ខ្មែរ​ភាគខាង​ត្បូង។ ឯលោក Bernard រៀនខ្មែរ​នៅបាត់ដំបង ចេះសំណៀង​ភាគខាង​ជើង។ ដូច្នេះ ន័យក្នុងវចនានុក្រមក្នុងសម័យដំណាលគ្នា​ទាំងពីរលើ​ពាក្យ «គុក» និង​ «គុហា» អាចជាន័យដែលអ្នកស្រុកខ្មែរ​ទាំង​ខាងជើងនិងខាងត្បូង ប្រើប្រាស់ដូចគ្នានាសម័យនោះ។ បន្ថែមពីនេះ​​ គឺខ្មែរ​អ្នក​ធ្លាប់​បួស​រៀន​ដែល​បង្គាប់​សរសេរនិង​បកស្រាយ​ពាក្យ​ «គុក» ទៅ​កាន់​លោក​បារាំងទាំង​អស់នេះ។ និយមន័យពាក្យ«គុក»ហាក់ពុំសំដៅទៅប្រាសាទមែន តែយើងគួរចាប់អារម្មណ៍ទៅលើការបកស្រាយរបស់លោក​ Adhémar Leclère ថា «ប៉មដែលមានរាងដូចឡ (ឡថ្ម ឬឥដ្ឋ)»។ អ្នកស្រុកស្ទឹងត្រែងនិង​តាកែវរមែង​យល់ថា​ប្រាសាទភាគច្រើននៅទីនោះជាឡឥដ្ឋដូច្នេះដែរ។ ឯអ្នកស្រុកនៅសៀមរាបដែលខ្ញុំធ្លាប់​សូរ គេប្រាកដណាស់ថា «គុក» ពុំមែនជាគុហាឬគុក​ដាក់​មនុស្ស​ទេ គេបន្ថែម​ថា​ជា​ «គុក​ប្រាសាទ» ​ដូច្នេះ​ទៅ​ទៀត។​
អ្វីដែល​ខ្ញុំ​មិនទាន់​អស់ចិត្ត​នៅពេលនេះ​គឺ​ ខ្ញុំ​មិនមាន​ភស្តុតាង​បញ្ជាក់ថា​ពាក្យ «គុក» ជាពាក្យឫស​របស់​ខ្មែរ​  ឬក៏ Austroasiatic។ យ៉ាងណាក៏ដោយ​ចុះ ខ្ញុំ​យល់ថា​បើពាក្យនេះ​ក្លាយ​ពី​«គុហា» ទាល់​តែពន្យល់​ឫសគល់​របស់ពាក្យ​ថៃនិង​ឡាវ​ដែល​ប្រើពាក្យនេះសំដៅ​តែគុក​ដាក់អ្នកទោស ឬក៏ត្រូវពន្យល់ពាក្យភូមា​​ ដែល​ពុំ​ប្រើពាក្យ «គុ» របស់គេ​ជាគុក​ដាក់អ្នកទោស។ ដោយ​ពាក្យខ្មែរយើងមាន​ន័យ​ច្រើន​ យើង​អាចមាន​សម្មតិកម្ម​បី៖
១. គុក​ ប្រាសាទក្លាយ​ពី «គុហា»
២. គុក ដាក់អ្នកទោសក្លាយ​ពីពាក្យចិន​ដែល​ ថៃ ឡាវ និង ខ្មែរ​ ខ្ចីមកប្រើ
៣. គុក​ ជាពាក្យខ្មែរ​ដែល​អាចមាន​ន័យ​ច្រើន​យ៉ាង​ ហើយ​ន័យ​មួយ​ភាគ​ស្រប​នឹង​ពាក្យ​បាលី​ឬសំស្ក្រឹត គុហា។
ខ្ញុំផ្ទាល់​គិត​ថាតាម​ភស្តុតាង​ដែល​ខ្ញុំមាន​នៅពេល​នេះ​ សម្មតិកម្មទី ៣ សមស្របជាងគេ​​ដូច​ដែល​ពន្យល់មក​ខាងលើថា​អ្នកស្រុក​ខ្មែរ​នៅសម័យ​ក្រោយ​មក​ប្រដូច​ប្រាសាទ​ទៅ​នឹង គុកជើងក្រាន ឬ​បន្ទប់​ដែល​បិទជិត។ ដូច្នេះសរុបសេចក្តីមក​​ ការពន្យល់របស់លោក​ ព្រាប ចាន់ម៉ារ៉ា​ មានន័យ​គ្រប់គ្រាន់​ហើយ។ តែមកដល់ត្រឹម​នេះ ខ្ញុំ​នឹកដល់​ការរៀបរាប់​របស់​លោក ជីវ តាក្វាន់ អំពីប្រាសាទ​សួរព្រ័ត​នៅ​គ.សឆ្នាំ ១២៩៥ -១២៩៦ ថា​ជា «jugement celeste» (Pelliot 1902: 162) ឬ «តុលាការ​សួគ៌» ឯលោក​លី ធាមតេង ប្រែ​ថា​ជា «គុក​សួគ៌»។ គាត់ថា​ប្រាង្គទាំង ១២ នេះ​គេប្រើសម្រាប់​កាត់ក្តី​ដោយ​ឲ្យជន​សង្ស័យ​ចូល​ទៅ​ក្នុងប្រាង្គនេះ។ បើតាម​ការ​រៀបរាប់នេះ តើមាន​ន័យ​ថា​ប្រាង្គ​តូចៗ​នៅ​ចុង​សម័យ​អង្គរ​ ត្រូវ​គេ​ហៅ​ថា «គុក» ហើយ​ទេ​ដឹង? ខ្ញុំឆ្លើយ​មិនទាន់ចេញទេ ដូច្នេះ​បើ​មិត្ត​អ្នកអាន​យក​ទៅ​ពិចារណា​វែង​ឆ្ងាយ​ជាងនេះ ជួយ​ប្រាប់​ខ្ញុំផង។
មួយវិញទៀត​បើ​ទោះ​ជា​ ទៅ​ថ្ងៃមុខ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ថា​ពាក្យនេះ ក្លាយ​មកពី​ «គុហា» ​ពិត​មែន ក៏ហាក់ពុំចាំបាច់អី​ត្រូវ​ប្តូរ​ទៅ​សរសេរ​ជា «គុហ៍» ដែរ​គ្រាន់តែ​ពន្យល់​ថា​ «គុក» មានឬសគល់​មក​ពី​ «គុហា»​ ជាការស្រេច។ គួរ​សម្គាល់ថា​ សម័យ​ដែល​ធ្វើ​វចនានុក្រមជា​សម័យ «បាលី​នីយកម្ម» ពេញទី តែគេនៅតែរក្សា​ពាក្យ «គុក» មកដូចដើម។​ យើង​មាន​ឧទាហរណ៍ដូច​ពាក្យ គម្ពីរ រួចហើយដោយ​ខំកែឲ្យទៅ​ជាពាក្យសំស្ក្រឹត តែមកដល់ពេលក្រោយ​មក​​អ្នកគ្រូពៅ​ សាវរស រកឃើញ​ថា​ជាពាក្យ​ខ្មែរ ថា កំវី ឬ កំពី ដូច្នេះទៅវិញ។ តែយើង​ទម្លាប់​សរសេរ​ថា​ គម្ពីរ​ គ្រប់គ្នា​ទៅហើយ​ ដូច្នេះ​គួរ​សន្មត់​ថា​សរសេរ​ដូច​ដែល​ទម្លាប់​មក​ជា​ការ​ស្រេច​ហើយគ្រាន់តែពន្យល់ពាក្យ​នៅ​ក្នុង​វចនានុក្រុម​ទៅ។ សូម​ជ្រាប​ថាភាសា​អង់គ្លេស​ក៏ដូចគ្នា​ដែរ។  ខ្ញុំ​មិន​មែន​ជាអ្នក​ភាសាវិទ្យា​​អង់គ្លេស​ទេ តែខ្ញុំ​សូម​លើក​ឧទាហរណ៍មួយ​ថា​ nickname ដែល​ជាពាក្យអាន​​ក្លាយ​មកពី an+eke+name (ឈ្មោះ​បន្ថែម) ដែល​គេប្រើមុនពេលមានស្តង់ដារ​វចនានុក្រម។ ដោយទម្លាប់​និយាយ​និង​សរសេរ​ជា nickname ទៅហើយ​គេពុំចាំបាច់​ប្តូរ​ឲ្យទៅ​ជា​ពាក្យដើមទេ ដូច្នេះសន្មត់​ថា​ជាពាក្យត្រូវ។ នេះ​ជា​វិធី​បង្កើត​ពាក្យ​ថ្មី​ជា​ធម្មតា។
សូមទោស​ ការ​បកស្រាយ​នេះ​តម្រូវ​ឲ្យ​វែង​ដូច្នេះ​ដើម្បី​ឲ្យ​ក្បោះក្បាយទាំងអស់គ្នា។ ជា​អវសាន្ត​នេះ​ ខ្ញុំ​សូម​សរសើរ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការ​ចូល​រួម​ជជែក​វែកញែក​គ្នាលើពាក្យនេះ បើ​មាន​សន្ទុះ​ដូច្នេះទៅមុខ​ទៀត​ភាសា​ខ្មែរ​នឹង​រីក​ចម្រើន​ឡើង។ សូម​មិត្ត​អ្នក​អាន​ កុំខ្លាច​ខុស​សោះ​ឡើយ​បើគ្រាន់​តែ​បញ្ចេញ​យោបល់​នោះ សំខាន់​សូម​ធ្វើចិត្ត​ឲ្យទូលាយ​ព្យាយាម​លើក​អំណះអំណាង​មក​បកស្រាយ​ និង​ទទួល​យក​នូវ​សម្មតិកម្មណា​ដែល​មាន​អំណះអំណាង​គ្រប់គ្រាន់។
សូម​អរគុណ​ដែល​បាន​អាន​ដល់​ចប់!
ហេង ពិភាល់ (ហូណូលូលូ ៩ កក្កដា ២០១៧)
Update ១០ កក្កដា ២០១៧៖
ខ្ញុំ​សូម​អរគុណ​បង ពិ បុន្នីន និង បង ញឹម សុធាវិន ជា​អនេក​ដែល​រំឮក​ខ្ញុំអំពីអត្ថបទ​របស់អ្នកគ្រូពៅ​ សាវរស​ មួយ​ទៀត​ដែល​ខ្ញុំ​ពុំបានប្រើ​ក្នុង​សំណេរ​ខាងលើគឹ
Pou, Saveros. 1991. “Les noms de monuments khmers.” Bulletin de l’Ecole française d’Extrême-Orient 78 (1): 203–27.
ខ្ញុំ​បាន​អាន​ជាថ្មី​ម្តង​ទៀត ហើយ​ឃើញថា​ពុំមាន​អ្វី​ត្រូវ​កែសម្រួល​ឡើយមានតែពង្រឹង​សំណេរ​របស់​ខ្ញុំខាងលើ​។ ដូច្នេះខ្ញុំសូម​ប្រែសម្រួល​នូវ​ផ្នែក​តូចមួយ​របស់អត្ថបទនេះ​ត្រង់ទំព័រ ២១០-២១១ ដូចតទៅ (​សូម​អធ្យាស្រ័យទុក​ជាមុន​ព្រោះខ្ញុំខាន​ប្រើភាសាបារាំងយូរ​យារ​ហើយ បើអានពុំយល់​សូម​មើល​អត្ថបទដើម​នៅតំណភ្ជាប់នេះ)៖
តាមទម្លាប់ឥណ្ឌា គេអាច​យល់​ពី​​ប្រាសាទ​ពី​លំហ​ពីរគឺ​៖ «ខាង​ក្នុង» និង​ «ខាងក្រៅ»  ហើយ​សិលាចារឹក​ខ្មែរ​ក៏​ប្រើ​ពាក្យ​ស្រប​គ្នា​ដូច្នេះ​ដែរ។  ពាក្យ​«ប្រាសាទ» គេ​សំដៅ​ទៅ​លើ​«តួប៉ម​ទាំង​មូល»​ ឬ​ក៏​ «កំពូល» ដែល​មាន​រាង​ខ្ពស់សន្លឹម​ប្រដូច​ទៅនឹង«កំពូល​ភ្នំ» [លំហ​ខាងក្រៅ]។ ហេតុនេះ​ហើយ បាន​ជា​គេ​យក​ពាក្យ​នានា​ដែល​សំគាល់ភ្នំមក​ហៅ​ប្រាសាទ។ ឧបមា​ដូចពាក្យ​សំស្ក្រឹត «គិរិ», «អទ្រិ», «បវ៌ត» ឬ «ឝៃល» និង​ពាក្យខ្មែរ វ្នំ (ពាក្យ​សម័យ​ថា ភ្នំ) ជាដើម។ ពាក្យ​ដូច​ទាំង​នេះ​អាច​បង្ហាញជា៖ វ្នំ = ភ្នំ = ប្រាសាទភ្នំ= ប្រាសាទ នឹង​បំពេញ​ដោយ​ពាក្យ​ខ្មែរ​បុរាណ​ «ក្លោញវ្នំ» ដើម្បីសម្គាល់ «អ្នក​មើលការ​ខុសត្រូវ​ក្នុង​ប្រាសាទ»។ ជួន​កាល​គេ​ប្រើពាក្យសំស្ក្រឹត «ឝីខរ» ឬ «ឝ្ឫង្គ» សំដៅ​ទៅ​លើ​កំពូល​ស្រួច។ ចំពោះ «លំហខាងក្នុង» វិញ ប្រាសាទអាចប្រដូចទៅនឹង«ប្រហោង», «រូង», «បន្ទប់»។ ដូច្នេះក្នុងន័យទូទៅគឺដូច​ពាក្យសំស្ក្រឹតថា «គុហា» ដែលខ្មែរយកមកប្រើមានច្រើនបែបដូចជា «គុហា, គូហ, គុហេ, គុហិ »។  សព្វថ្ងៃខ្មែរប្រើពាក្យនេះសំដៅទៅលើរូងភ្នំតូចចង្អៀតដែលគេជឿថាជាទីពិសិដ្ឋ។ ការសិក្សាថ្មីៗនេះបង្ហាញថា ពាក្យខ្មែរបុរាណ«កន្លោង» (ដែលមានតាំងពីសម័យមុនអង្គរ) មានន័យទូលាយដូចគ្នានឹងពាក្យសំស្ក្រឹត «គុហា» ដែរ។ ពាក្យកន្លោងនេះមានន័យថា ប្រហោង, រូង, រូងភ្នំ, ឃ្លាំង, ប៉ម, ប្រាសាទ (cavité, caverne, grotte, niche, chambre, magasin, entrepôt, tour, temple)។ ពាក្យមានន័យរួមថា «espace creux, clos» (ទីឬបន្ទប់បិទជិត) ដែលប្រើបានចំពោះទីពិសិដ្ឋមានទាំងរូងភ្នំ, ទាំងប្រាសាទ ឬ គោបុរ, ឬក៏ប្រាសាទតូចៗ។
ពាក្យខ្មែរបុរាណ«កន្លោង»នេះបាត់បង់ពីភាសាខ្មែរសម័យទៅហើយ ជំនួសដោយពាក្យ «គុក»វិញម្តង ដែលជាពាក្យចិនដែលមានន័យថា «គុកឬបន្ទប់ដាក់អ្នកទោស» ដូច្នេះគឺមានន័យស្របគ្នានឹង«ប្រហោង, រន្ធ»។ ក្នុងភាសាខ្មែរសម័យគេក៏ប្រើ«គុក»ដើម្បីហៅ«រូងដែលគេជីកដើម្បីបង្កាត់ភ្លើង»។ ដូច្នេះពាក្យ«គុក»មានន័យគ្របលើ ន័យសាមញ្ញ(ស្រុក) ផង និង ន័យសាសនាផង។ «គុក» អាចប្រដូចទៅនឹងពាក្យសំស្ក្រឹតថា «កុណ្ឌ» គឺ «រូងឬរណ្តៅដែលគេជីកដើម្បីបង្កាត់ភ្លើងធ្វើពិធីបូជាយញ្ញ» ជាពិធីព្រាហ្មណ៍ពីបុរាណ។ ន័យរបស់ពាក្យ«កុណ្ឌ»នេះអាចយកមកពន្យល់ «ន័យសាសនា» របស់«គុក» ថាជារូងពិសិដ្ឋ ពោលគឺប្រាសាទនេះឯង។ ការប្រើពាក្យ«គុក» នេះរាលដាលទាំងក្នុងស្រុកនិងក្រៅស្រុក* ដើម្បីសម្គាល់ប្រាសាទតូចៗដែលបារាំងហៅថា«tours»។ ដំណាលគ្នានេះដែរពាក្យ«ប្រាសាទ»ហាក់ត្រូវគេប្រើជាទូទៅក្នុងភាសាសព្វថ្ងៃសម្គាល់ទៅលើប្រាសាទដែលមានទំហំធំៗ។ ផ្ទុយទៅវិញ ពាក្យ«គុក»ពុំសំដៅតែលើប្រាសាទតូចៗប៉ុណ្ណោះទេ ព្រោះភាសាអ្នកស្រុកដែលគ្មានកំណត់ត្រាក្នុងសទ្ទានុក្រមផ្លូវការ គេហៅប្រាសាទដែលគ្មានឈ្មោះហើយភាគច្រើនរមែងមានទំហំតូចៗផងថា «គុក»ដូច្នេះ។  
*គឺស្រុកថៃនិងលាវដែលអ្នកស្រាវជ្រាវរកឃើញប្រាសាទតូចៗច្រើនហៅថា Kuk ដែលគេសរសេរផ្សេងៗគ្នាដូចជា Kuk (គុក), Ku (គុហា), Kut (កុដិ), Kuk (គោក)។
ក្នុងអត្ថបទនេះ​អ្នកគ្រូ​ពៅ សាវរស ថា​ «គុក​» ប្រាកដជាខ្ចីពីចិន​យកមក​វិវត្តន៍នៅស្រុក​ខ្មែរទៅ​សំគាល់​ គុក​ជើងក្រាន និងប្រាសាទ​រួច​ទើប​រាល​ដាល​ទៅ​ស្រុក​ថៃ​និង​លាវ​។ តាមដែលខ្ញុំមើលឈ្មោះប្រាសាទក្នុងបញ្ជីរបស់ក្រសួងវប្បធម៌ និងរបស់លោក Michel Lorrillard (2014) នៅស្រុកលាវកម្រណាស់ដែលមានពាក្យ Ku ហៅប្រាសាទ (មាន​១ឬ២​ប៉ុណ្ណោះ)។ ឯនៅស្រុកថៃពាក្យទាំងនេះសម្បូរតែនៅថៃភាគឥសានដែលមានខ្មែរនៅច្រើនប៉ុណ្ណោះ។ តែគួរ​ចាប់អារម្មណ៍ថា​នៅ​ស្រុក​ថៃ​ (ពិសេស​ក្រៅតំបន់ដែលមាន​ខ្មែរ​នៅ) និងលាវ គេច្រើននិយម​ប្រើពាក្យ «ធាតុ» ឬ Ku ទៅ​ហៅ​ប្រាសាទ​ទៅវិញ (មិនមែន​គុកទេ)។ ដូច្នេះ​មានន័យ​ថា​ពាក្យនេះ​ខ្មែរ​ខ្ចី​ចិន​ តាំង​ពី​ស.វ ១៦ ឬ ១៧ មកម្លេះ! ខ្ញុំមិន​មានយោបល់ទេ​នៅពេលនេះ! យ៉ាងណា​ក៏ដោយ ​ខ្ញុំនៅរក្សា​សមតិកម្មទាំង​បី​ខាងលើ​ដូច្នេះ​សូម​មិត្ត​អ្នកអាន​ស្រាវជ្រាវ​រុករកបន្តទៀត ខ្ញុំ​សូម​ស្លេះ​ត្រឹម​នេះ​សិន៕
ឯកសារ​ពិគ្រោះ
  1. Aymonier, Etienne, and Diep Son. 1878. Dictionnaire Khmêr-Français. Saigon: Autographié par Son Diep, Inteprèt titulaire de 2e classe.
  2. Bernard, Jean Baptiste. 1902. Dictionnaire Cambodgien-Français. Hong Kong : Imprimerie de la Société des Missions Etrangères.
  3. Edwards, Penny. 2007. Cambodge : The Cultivation of a Nation, 1860-1945. Honolulu: University of Hawaiʻi Press.
  4. Headley, Robert K, Chim Rath, and Soeum Ok. 1997. Modern Cambodian-English Dictionary. Kensington, Md.: Dunwoody Press.
  5. Leclère, Adhémard. 1894. “Fouilles de Kompong-Soay (Cambodge).” Comptes rendus des séances de l’Académie des Inscriptions et Belles-Lettres 22 (5): 367–378.
  6. Lorrillard, Michel. 2014. “Pre-Angkorian Communities in the Middle Mekong Valley (Laos and Adjacent Areas).” In Before Siam: Essays in Art and Archaeology, edited by Nicolas Revire and Stephen A. Murphy, 187–2015. Bangkok: River Books.
  7. Parmentier, Henri. 1913. “Complément à l’inventaire descriptif des monuments du Cambodge.” Bulletin de l’Ecole française d’Extrême-Orient 13 (1): 1–64.
  8. Pelliot, Paul. 1902. “Mémoire Sur Les Coutumes Du Cambodge.” Bulletin de l’Ecole Française d’Extrême-Orient 2: 123–77.
  9. Pou, Saveros. 1991. “Les noms de monuments khmers.” Bulletin de l’Ecole française d’Extrême-Orient 78 (1): 203–27.
  10. Pou, Saveros. 2004. Dictionnaire Vieux Khmer-Français-Anglais = An Old Khmer-French-English Dictionary = Vacanānukram Khmaer Câs-Pārāṃṅ-Qaṅles. Paris, France: L’Harmattan.

No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...