សូមមិត្តអ្នកអានបង្វិលពេលវេលាថយក្រោយជាមួយខ្ញុំទៅកាន់ស្រុកខ្មែរក្នុងសម័យអាណាព្យាបាលបារាំងនៅចន្លោះឆ្នាំ១៨៩៤ និងឆ្នាំ១៩២៨។ នេះជាពេលដែលបារាំងចាប់ផ្តើមស្រាវជ្រាវពីបុរាណវិទ្យា ប្រវត្តិសាស្ត្រ និង សិលាចារឹកខ្មែរ ដែលនាំពួកគេឲ្យធ្វើដំណើរគ្រប់ទិសទីរុករកប្រាសាទ រូបចម្លាក់ និងសិលាចារឹក។ ចាប់ពីឆ្នាំ១៨៩៤ គេបានទៅដល់ខេត្តកំពង់ស្វាយ (កំពង់ធំសព្វថ្ងៃ) ពិសេសទៅដល់ក្រុមប្រាសាទដែលយើងសព្វថ្ងៃស្គាល់ថា «សម្បូរព្រៃគុក»។ តើនេះជាឈ្មោះដែលគេហៅនៅជំនាន់នោះឬទេ? តើលោកបារាំងទាំងអស់នេះហៅក្រុមប្រាសាទនេះថាម៉េច? សូមមើលឈ្មោះដែលគេប្រើក្នុងរបាយការណ៍ចំនួន១០ តាមកាលប្រវត្តិឆ្នាំនិមួយៗដូចខាងក្រោម៖
១. Adhémard Leclère (1894) នៅទំព័រ៣៧១-៣៧២៖ Prasat-kuk ប្រាសាទ-គុក (ចំណាំ «–» នៅចន្លោះពាក្យទាំងពីរ) គឺ «ប៉មដែលមានរាងដូចឡ»។
២. Étienne Aymonier (1900) នៅទំព័រ៣៧២៖ Sambuor សម្បូរ ឬ សម្បួរ
៣. Lunet Delajonquière (1902) នៅទំព័រ២២៥៖ Sambuor សម្បូរ ឬ សម្បួរ
៤. Henri Parmentier (1913) នៅទំព័រ២១៖ Prei Kuk ព្រៃគុក
៥. Louis Finot (1912) នៅទំព័រ១៨៤៖ បោះពុម្ពមុនតែរិះគន់អត្ថបទឆ្នាំ១៩១៣ របស់លោក Parmentier ដោយឲ្យប្រើឈ្មោះ Sambuor or Saṃbór អានថាសម្បូរ
៦. L. Arousseau (1922) នៅទំព័រ៣៩០៖ Sambor Prei Kuk សម្បូរព្រៃគុក
៧. Jeanne Leuba (1925)៖ Sambor-Prei Kuk សម្បូរ-ព្រៃគុក
៨. Henri Parmentier (1927)ទំព័រ ៤៥-៤៦៖ Saṃbór-Prei Kŭk សម្បូរ-ព្រៃគុក (ចំណាំ «–» នៅចន្លោះពាក្យ)
៩. Victor Goloubew (1927) ទំព័រ ៤៨៩-៤៩២៖ Sambor Prei Kuk សម្បូរព្រៃគុក (គ្មាន «–» នៅចន្លោះពាក្យ)
១០. Louis Finot (1928)ទំព័រ ៤៣៖ Saṃbór Prei Kŭk សម្បូរព្រៃគុក (គ្មាន «–» នៅចន្លោះពាក្យ)
តាមរយៈឯកសារទាំងនេះ យើងឃើញថាឈ្មោះ«សម្បូរព្រៃគុក» កើតចេញពី «ជម្លោះលេខយោង» ៣ដងក្នុងរយៈពេល១៧ឆ្នាំ ពីឆ្នាំ១៩១១ ដល់១៩២៨ រវាងលោក Henri Parmentier (ហង់រី ប៉ារម៉ង់ទីយេ) និង Louis Finot (ល្វី ហ្វ៊ីណូត៍ ជាគ្រូសំស្ក្រឹតនៅព្រៃនគររបស់លោកតា ជួន ណាត និងលោកតា ហួត តាត)។
លោក Henri Parmentier ទៅធ្វើការស្រាវជ្រាវនឹងគូរប្លង់ក្រុមប្រាសាទ «សម្បូរព្រៃគុក» លម្អិតមុនគេនៅឆ្នាំ១៩១១។ ក្នុងអត្ថបទមួយបន្ថែមលើបញ្ជីសារពើភណ្ឌស្ថានីយបុរាណនៅស្រុកខ្មែរ (1913: 21-22) លេខយោងទី១ គាត់សរសេរថា៖ “ទីតាំងភូមិនេះឈ្មោះសម្បូរ (ឲ្យអានថា សំ-បុ គឺកញ្ឆក់ស្រៈខាងចុង)។ ដោយឈ្មោះនេះងាយនឹងច្រឡំជាមួយសម្បូរមួយទៀត (ក្រចេះ) Lajonquière សរសេរដោយខុសទំនងថា Sambuor(សម្បួរ)ទៅវិញ។ ខ្ញុំយល់ថាគួរណាស់តែប្រើឈ្មោះដែលអ្នកស្រុកទីនេះប្រើគឺ ប្រាសាទព្រៃគុក « les sanctuaires de la forêt des Kŭk » (ប្រាសាទនៅព្រៃគុក)។ អ្នកស្រុកខ្មែរគេប្រើ «គុក» ហៅប្រាសាទតូចៗ។”
ក្រោយឃើញរបាយការណ៍នេះ (មុនពេលបោះពុម្ពមួយឆ្នាំ) លោក Louis Finot (1912: 184) ក្នុងលេខយោង១ នៅផ្នែក «សិលាចារឹកនៅសម្បូរ» សរសេរថា៖ “ឈ្មោះដែលអាចផ្ទៀងផ្ទាត់បានរបស់ភូមិនេះគឺ Sambór (សម្បូរ) រីឯប្រាសាទគេហៅថា «ព្រៃគុក»។ ទាំង Leclère និង Lajonquière គ្មានអ្នកណាស្គាល់ឈ្មោះនេះទេ គឺប្រហែលជាឈ្មោះដែលអ្នកស្រុកបង្កើតឡើងដើម្បីបំពេញចិត្តអ្នកស្រាវជ្រាវក្រោយគេ (គឺរិះគន់លោក Parmentier)។ វាហាក់មិនចាំបាច់ប្តូរពីឈ្មោះភូមិដែលគួរឱ្យចាប់អារម្មណ៍ ទៅប្រើឈ្មោះដែលគ្មានន័យនេះទេ។ ឈ្មោះ Sambuor ឬ Sambór ប្រាកដជាក្លាយមកពី Śaṃhupura (ឝម្ភុបុរ) ពុំខាន។”
តមកទៀតរហូតដល់១៥ឆ្នាំក្រោយទើបលោក Parmentier (1927: 45-46) លេខយោងទី១ តបទៅវិញថា៖ “អ្នកស្រុកមិនបានឲ្យឈ្មោះប្រាសាទដែលពួកគេស្ទើរតែមិនស្គាល់ហើយគេកម្រនឹងធ្វើកិច្ចពិធីនៅប្រាសាទទាំងនេះផង។ អ្នកស្រុកសម្បូរជូន Lajonquière ទៅមើលតែផ្នែកមួយតូចប៉ណ្ណោះ … នៅពេលគេយល់ពីអ្វីដែលយើងចង់រក ហើយឈប់ប្រកែកថាគ្មានវត្តមានប្រាសាទនៅក្បែរនោះទៀត អ្នកស្រុកទាំងនេះទទួលស្គាល់ថាមានប្រាសាទផ្សេងឯទៀតនៅក្នុង «ព្រៃគុក»។ អ្នកដំណើរអឺរ៉ុបដំបូងគេ ប្រហែលជាដាក់ឈ្មោះក្រុមប្រាសាទនេះតាមឈ្មោះភូមិជិតខាងគឺ ភូមិ«សម្បូរ» តែកែប្រែពាក្យទាំងខុសទំនងជា Sambuor (សម្បួរ) ដែលគ្មានអ្នកតំបន់នេះស្គាល់ទៅវិញ។ យើងគួរតែកំណត់ប្រើឈ្មោះស្រដៀងទៅនឹងពាក្យដែលអ្នកស្រុកហៅ ជាជាងប្រើឈ្មោះដែលគ្មានអ្នកស្គាល់(Sambuor) នេះ ឬក៏ជៀសវាងប្រើឈ្មោះដែលនាំឲ្យច្រឡំមួយនឹង «សម្បូរទន្លេ» (គឺសម្បូរក្រចេះ) ផង។ ដូច្នេះដំណោះស្រាយសាមញ្ញបំផុត ដើម្បីជៀសវាងការភាន់ច្រឡំផង និងការបាត់បង់អនុស្សាវរីយដើមដែលអាចមានក្នុងឈ្មោះ «សម្បូរ» (Śaṃbhupura?)នោះផង យើងគួរប្រើ «ឈ្មោះស្ទួន» គឺ «Saṃbór-Prei Kŭk» (សម្បូរ-ព្រៃគុក) ដែលគ្មានអ្វីពិបាកក្រៅពីឈ្មោះវែងនោះទេ។”
សូមចំណាំថាសំណើរបស់លោក Parmentier មានសញ្ញា «–» នៅចន្លោះពាក្យទាំងពីរគឺ «សម្បូរ-ព្រៃគុក» ពោលគឺ យកឈ្មោះ«សម្បូរ»ដែលគេស្គាល់មុនដាក់ពីខាងមុខ ឯឈ្មោះ«ព្រៃគុក» ដាក់បន្ថែមពីក្រោយ។ តែយើងឃើញថា ការប្រើតមកទៀតគឺនៅត្រឹមតែ «សម្បូរព្រៃគុក» ដែលយើងស្គាល់សព្វថ្ងៃនេះដោយគ្មានដាក់សញ្ញា «–»។ ត្បិតតែ Arousseau (1922) និង Leuba (1925) បោះពុម្ពមុនលោក Parmentier (1927) ក៏ពិតមែន រាល់អំណះអំណាងទាំងអម្បាលមាននៅក្នុងអត្ថបទទាំងពីរគឺយកតាមលោក Parmentier ច្រើន។ នៅក្នុងអត្ថបទកាសែតរបស់អ្នកស្រី Jeanne Leuba (ជាភរិយាលោក Parmentier គាត់ទៅសម្បូរព្រៃគុកជាមួយប្តីតាំងពីឆ្នាំ ១៩១១) ប្រាប់ថាគាត់ទៅសម្បូរព្រៃគុកជាមួយលោក Parmentier ម្តងទៀតក្នុងឆ្នាំ១៩១៦។ ដូច្នេះលោក Parmentier និងអ្នកស្រី Jeanne Leuba ប្រហែលស្នើឲ្យប្រើ «ឈ្មោះស្ទួន» ថា «សម្បូរ-ព្រៃគុក» តាំងពីឆ្នាំ១៩១៦មកម្លេះតែទើបនឹងបានបោះពុម្ពសៀវភៅនៅឆ្នាំ ១៩២៧។ លោក Louis Finot (1928) បញ្ចប់សេចក្ដីត្រឹមសរសេរយោងទៅតាមរបាយការណ៍របស់លោក Victor Goloubew (1927) ថាជា Saṃbór Prei Kŭk «សម្បូរព្រៃគុក» ដោយគ្មានដាក់សញ្ញា «–» មកដូច្នេះដែរ។ រហូតមកទល់ទសវត្សឆ្នាំ១៩៦០ លោក Bernard-Philippe Groslier ប្រហែលជាសន្មត់ឲ្យប្រើឈ្មោះជាអក្សរកាត់ថា SPK ដូច្នេះសូមចំណាំទុកអក្សរកាត់នេះ។
សរុបសេចក្តីមកឈ្មោះ «សម្បូរព្រៃគុក» ជាពាក្យកូនកាត់ដែលមានមេបាជាបារាំងពីររូបគឺលោក Henri Parmentier និងលោក Louis Finot។ ដូច្នេះហើយបានជាការបកស្រាយឈ្មោះនេះរមែងតែឆ្គង ព្រោះបើយោងតាមទម្រង់នេះគួរប្រើថា «ព្រៃគុកនៅភូមិសម្បូរ» ឬឲ្យខ្លី «ព្រៃគុកសម្បូរ» ដូចគ្នានឹង «បន្ទាយស្រីដំដែក» កុំឲ្យច្រឡំនឹងបន្ទាយស្រីដែលគេស្គាល់គ្រប់គ្នា ឬ«សម្បូរក្រចេះ»។ តែដូចខ្ញុំសរសេរនៅក្នុងប្លុកមុនមកហើយថា ដោយយើងទម្លាប់សរសេរ «សម្បូរព្រៃគុក» មកប្រហែល៩០ឆ្នាំហើយ ដូច្នេះពុំមានកិច្ចចាំបាច់អ្វីនឹងដោះដូរទៀតឡើយ គ្រាន់តែស្គាល់ពីប្រវត្តិនិងដំណើរដើមទងរបស់វាជាការស្រេច។ ដូច្នេះឈ្មោះ «សម្បូរព្រៃគុក» មានន័យសាមញ្ញថា៖ «ព្រៃប្រាសាទនៅភូមិសម្បូរ»។ ចំពោះពាក្យសម្បូរ និង ឝម្ភុបុរ ខ្ញុំនឹងលើកមកនិយាយនៅវគ្គក្រោយៗទៀតកុំឲ្យចាកប្រធាននៅទីនេះ។
ជម្រាបមិត្តអ្នកអានថា ករណីប្រើឈ្មោះផ្សេងរបស់អ្នកស្រាវជ្រាវទៅដាក់ឲ្យស្ថានីយបុរាណមានមកទល់សព្វថ្ងៃ។ ឧបមាដូចជាក្រុមឡភាជន៍នៅភ្នំគូលែនជាដើម។ អ្នកស្រាវជ្រាវក្នុងទសវត្សឆ្នាំ១៩៩០ ឲ្យឈ្មោះថា «ឡអន្លង់ធំ» ទៅតាមឈ្មោះភូមិអន្លង់ធំដែលគេត្រូវឆ្លងកាត់។ តែអ្នកស្រុកនៅទីនោះតាំងពីជំនាន់លោក Aymonier មកហៅឡនេះថា «ឡថ្នល់ម្រេច» ឬ «សំពៅធ្លាយ» មកទល់សព្វថ្ងៃ។ ខ្ញុំនិងលោកឆាយ រចនា នៅក្នុងអត្ថបទរួម (Miksic et al 2009) បានស្នើឲ្យត្រលប់ទៅប្រើឈ្មោះដើមវិញព្រោះពុំទាន់ហួសពេលនៅឡើយ។ តែរឿងប្រើឬមិនប្រើជាសិទ្ធរបស់ស្មេរម្នាក់ៗ យើងខ្ញុំគ្រាន់តែសរសេរថា «ឡថ្នល់ម្រេច» (ឬគេស្គាល់ថា «ឡអន្លង់ធំ») Thnal Mrech (a.k.a Anlong Thom) ដូច្នេះជាការស្រេច (Chhay et al 2013)។ ឧទាហរណ៍មួយទៀតនៅបរទេសគឺ «វប្បធម៌ Lapita» “Lapita Culture” របស់កោះប៉ាស៊ីហ្វិកនៅតំបន់ មេឡានេស៊ី ឬ Near Oceania និង Remote Oceania ភាគខាងលិច។ ដោយស្តាប់អ្នកស្រុកមិនច្បាស់ អ្នកស្រាវជ្រាវអាមេរិកកាលពីឆ្នាំ១៩៥៦ ហៅស្ថានីយកំណាយមួយនៅរដ្ឋ New Caledonia (កោះស្ថិតនៅទិសឥសានធៀបនឹងទ្វីបអូស្ត្រាលី)ថា Lapita (អានថា ឡា-ភិថា) តាមពិតឈ្មោះដើមដែលអ្នកស្រុកហៅគឺ Xapetaa អានថា ហា-ភី-ថា ទៅវិញ (សូមមើល Sand et al 1998)។ តែដោយសារឈ្មោះ Lapita នេះល្បីល្បាញរួចទៅហើយ គេក៏សន្មត់ប្រើឈ្មោះនេះដរាបរៀងមក។
សូមអរគុណដែលបានអានមកដល់ត្រឹមនេះ! ដល់ពេលដែលមិត្តអ្នកអានត្រឡប់មកបច្ចុប្បន្នវិញហើយ! ចុងបញ្ចប់ខ្ញុំសូមឲ្យអ្នកស្រាវជ្រាវ ព្យាយាមប្រើឈ្មោះដើមតាមដែលអាចធ្វើបាន។ តែយើងទាំងអស់គ្នាក៏ត្រូវចំណាំដែរថា ធម្មតាអ្នកស្រុកអាចមានឈ្មោះច្រើនសម្រាប់ហៅកន្លែងតែមួយ ដូច្នេះឲ្យអារកាត់ថាមួយណាត្រូវឬខុសនោះពុំបានឡើយព្រោះត្រូវទាំងអស់។ ម្លោះហើយ សូមសន្មត់យកឈ្មោះដែលគេនិយមជាងគេតែដាក់លេខយោងសម្គាល់ថាមានគេប្រើឈ្មោះផ្សេងទៀតទៅជាការស្រេច។
មួយវិញទៀតអ្វីដែលខ្ញុំចង់បង្ហាញមិត្តអ្នកអាននៅទីក្នុងសំណេរនេះដោយប្រយោលគឺ «រាល់ការវិភាគទាំងអស់ តោងវិលទៅរកដើមហេតុរបស់ប្រធានបទ» ចូរជៀសវៀងវិភាគប្រធានបទអ្វីមួយដោយផ្អែកតែលើសណ្ឋានបច្ចុប្បន្នរបស់វា។ លោកអ្នកអាចប្រដូចវិធីនេះទៅនឹង ការវិភាគជំងឺរបស់គ្រូពេទ្យព្រោះនេះជាគោលការណ៍រួមដូចគ្នា។ គ្រូពេទ្យរមែងសួររកដើមហេតុឬអក្ការៈរបស់អ្នកជំងឺសិន រួចយកទៅប្រៀបធៀបនឹងមេរៀននិងបទពិសោធន៍ដែលខ្លួនមានដោយសួរថាតើអក្ការៈដែលរៀបរាប់មកនេះដូចជំងឺណាមួយជាងគេ ទើបគេសន្និដ្ឋានថាអាចជាជំងឺអ្វីត្រូវព្យាបាលរបៀបម៉េច។ ការវិភាគលើប្រធានបទខាងលើក៏ដូច្នុះដែរ។
សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយស្កប់ស្កល់នឹងដំណើរវិលថយក្រោយលើកនេះ ហើយការដេញដោលអំពីឈ្មោះសម្បូរព្រៃគុកក៏គង់ស្លេះត្រឹមនេះ! ខ្ញុំនឹងនិយាយពីរឿងផ្សេងនៅអត្ថបទលើកក្រោយទៀត៕
ហូណូលូលូ ១១ កក្កដា ២០១៧
ហេង ពិភាល់
ឯកសារពិគ្រោះ
- Arousseau, L. 1922. “Lettre de M. G. Groslier et Réponse de La Rédaction Du Bulletin.” Bulletin de l’École Française d’Extrême-Orient 22: 389–91.
- Aymonier, Étienne. 1900. Le Cambodge: Le Royaume Actuel, Vol 1. Paris: Ernest Leroux.
- Chhay, Rachna, Piphal Heng, and Visoth Chhay. 2013. “Khmer Ceramic Technology: A Case Study from Thnal Mrech Kiln Site, Phnom Kulen.” In Materializing Southeast Asia’s Past: Selected Papers from the 12th International Conference of the European Association of Southeast Asian Archaeologists, Volume 2, edited by Marijke J Klokke and Véronique Degroot, 2:179–95. Singapore: NUS Press.
- Finot, Louis. 1912. “Notes d’archéologie cambodgienne.” Bulletin de la commission archéologique de l’Indochine 1: 183–93.
- Finot, Louis. 1928. “Nouvelle inscriptions de Sambor.” BEFEO 28: 42–46.
- Goloubew, Victor. 1927. “Chronique: Sambor Prei Kuk.” Bulletin de l’Ecole Française d’Extrême-Orient 27: 489–92.
- Lajonquière, Lunet de. 1902. Inventaire Descriptif Des Monuments Du Cambodge, Vol 1. Paris: Ernest Leroux.
- Leclère, Adhémard. 1894. “Fouilles de Kompong-Soay (Cambodge).” Comptes rendus des séances de l’Académie des Inscriptions et Belles-Lettres 22 (5): 367–378.
- Leuba, Jeanne. 1925. “Le groupe de Sambor-prei kuk,” March 18. http://gallica.bnf.fr/ark:/12148/bpt6k7554234q.
- Miksic, John N., Rachna Chhay, Piphal Heng, and Visoth Chhay. 2009. Archaeological Report on the Thnal Mrech Kiln Site (TMK 02), Anlong Thom, Phnom Kulen, Cambodia. ARI Working Paper 126. Asia Research Institute, National University of Singapore.
- Parmentier, Henri. 1913. “Complément à l’inventaire descriptif des monuments du Cambodge.” Bulletin de l’Ecole française d’Extrême-Orient 13 (1): 1–64.
- Parmentier, Henri. 1927. L’art khmèr primitif. Vol. 1. 2 vols. Publications de l’École française d’Extrême-Orient. Paris: Librairie nationale d’art et d’histoire.
- Sand, Christophe, Karen Coote, Jacques Bole, and Andre Ouetcho. 1998. “A Pottery Pit at Locality Wko013a, Lapita (New Caledonia).” Archaeology in Oceania 33 (1): 37–43.
No comments:
Post a Comment