សំណង់ដ៏មហិមានេះផ្តើមសាងសង់ឡើងអំឡុងឆ្នាំ ១៩៥៧ - ១៩៦០
ក្រោមព្រះរាជតម្រិះព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ
ព្រះបរមរតនកោដ្ឋ ក្រោយពេលបានឯករាជ្យ៥ ឆ្នាំ។
វិមាននេះសង់សម្រាប់ឧទ្ទិសចំពោះអ្នកស្នេហាជាតិដែលបានស្លាប់ក្នុងបុព្វហេតុទាមទារឯករាជ្យពីបារាំង
និងសម្រាប់ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ
ព្រមទាំងជានិម្មិតរូបនៃឯករាជ្យភាពរបស់កម្ពុជា។
សំណង់នេះត្រូវបានរចនាប្លង់ដោយស្ថាបត្យករខ្មែរ ដែលបានទៅរៀននៅស្រុកបារាំង
គឺលោកតា វណ្ណ ម៉ូលីវណ្ណ ដែលជាកុលបុត្តខ្មែរដ៏ឆ្នើមមួយរូបសម្រាប់ជាតិ។
សំណង់ដ៏ល្បីល្បាញ់នេះមានកម្ពស់ ២០ ម៉ែត្រ ស្ថិតនៅលើខឿន ៣ថ្នាក់ មានកំពូល
៥ថ្នាក់ ដែលលម្អដោយនាគ ២០ ក្នុងមួយថ្នាក់ ដែលស្មើនឹងចំនួន១០០
តំណាងឲ្យរយៈកាលនៃអាណានិគមបារាំងមកលើខ្មែរ ជិត១សតវត្ស។
នៅក្នុងស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោកតា វណ្ណ ម៉ូលីវណ្ណ
ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ព្រះករុណា ជាម្ចាស់
ដោយព្រះរាជតម្រិះសម្លឹងជ្រៅទៅអតីតកាលនៃចក្រភពអង្គរដ៏រុងរឿង
គឺសម័យមហានគរខ្មែរ។ ជាលទ្ធផល ប្រាសាទបាគង
ត្រូវបានជ្រើសយកមកសិក្សាក្នុងទម្រង់សិល្បៈនៃអង្គរ។
ទោះបីជាប្រាសាទបាគងសង់ក្នុងរាជ្យ ព្រះបាទឥន្ទ្រវរ្ម័នទី១
ដែលស្ថិតក្នុងរចនាបថបាគង ក៏ពិតមែន តែប្រាង្គកណ្តាលនៃប្រាសាទនេះ
ត្រូវបានសង់ក្រោយមកទៀតក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គឺក្នុងរចនាបថអង្គរ។
ទម្រង់នៃសិល្បៈរាងក្រពុំឈូក ដែលដូចនឹងប្រាង្គនៃប្រាសាទអង្គរវត្ត
ចំណែកឯក្បាច់វិញគឺយកតាមលំនាំក្បាច់នៅឯបន្ទាយស្រី ដែលមានជម្រៅ
និងរស់រវើកនៃសិល្បៈខ្មែរ។ សំណង់នេះសង់ឡើងត្រង់ប្រសព្វនៃមហាវិថីព្រះនរោត្តម
និងមហាវិថីភ្លោះព្រះសុរាម្រិត និងព្រះសីហនុ។
កាលដើមឡើយត្រង់ទីតាំងនេះមានព្រែកមួយដែលត្រូវបានលុបក្នុងសម័យបារាំង
ហើយក្រោមបាតគ្រឹះនៃវិមាននេះ មានស្ពានបុរាណមួយហៅថាស្ពានកូនកាត់។
ស្ពាននេះជាឧបសគ្គនៃការសង់សំណង់ដ៏ស្កឹមស្កៃមួយនេះ។ លោកតា វណ្ណ ម៉ូលីវណ្ណ
បានប្រាប់ថាសហគ្រាសសាងសង់ទី១ បានបរាជ័យក្នុងការរៀបគ្រឹះខាងក្រោម
ដោយវាយស្ពានពុំកើត ហើយចាក់គ្រឹះនៅក្រោមស្ពាននោះ ប៉ុន្តែធ្វើបែបនេះវាប្រហោង
ដូច្នោះមិនរឹងមាំឡើយ លោកតា វណ្ណ ម៉ូលីវណ្ណ ក៏បណ្តេញសហគ្រាសនោះចេញទៅ។
លោកក៏ចាប់ផ្តើមដេញថ្លៃ និងរៀបចំសារជាថ្មី។
ដីខាងក្រោមនោះពុំអាចទ្រទ្រង់សំណង់ធ្ងន់បានទេ ព្រោះដីធូ
ដូច្នោះគេក៏វាយគ្រឹះខ្លីៗរាក់ៗ ប្រហែល ៨ម៉ែត្រប៉ុណ្ណោះ។
ពេលដែលរៀបគ្រឹះមាំហើយ ទើបគេរៀបចំខឿន ហើយសង់ឡើងតែម្តង។
ចំណែកឯអ្នកសាងសង់តាមគម្រោងប្លង់លោកតា ម៉ូលីវណ្ណ នោះគឺខ្មែរម្នាក់ដែលមានស្រុកកំណើតនៅឯបាត់ដំបង នោះគឺលោក តឹង វឿត ជាជាងកំបោរ
និងជាងចម្លាក់ជាមួយក្រុមហ៊ុនម៉ៅការសាងសង់ក្នុងខេត្ត។ ( លោក តឹង វឿត
បានស្លាប់ក្នុងសម័យខ្មែរក្រហម )។
តើហេតុអ្វីបានជាជ្រើសអ្នកបាត់ដំបងមកសងវិមាននេះ
បើទីតាំងសង់នៅឯភ្នំពេញឯណេះសោះ? លោក តឹង វឿត ត្រូវបានព្រះបាទនរោត្តម សីហនុ
អញ្ជើញឲ្យមកធ្វើការងារដ៏អស្ចារ្យមួយនេះពេលដែលព្រះអង្គយាងសម្ភោធសមិទ្ធិផលក្នុងវត្តពោធិ់វាល ( បាត់ដំបង )
ដោយសារស្នាដៃដែលគួរឲ្យចាប់ចិត្តរបស់លោក។ ស្នាដៃលោក តឹង វឿត មានដូចជា
វិមានឯករាជ្យ ចេតិយគន្ធបុផ្ផា ចេតិយព្រះបាទសុរាម្រិត និងព្រះមហាក្សត្រីយ៏ (
ក្នុងព្រះរាជវាំង ) វត្តស្លាកែត ( បាត់ដំបង ) និងសារៈមន្ទីរខេត្តបាត់ដំបង
ជាដើម។ កាលសង់នោះ លោកតា ម៉ូលីវណ្ណ
បាននាំជាងគំនូរទៅមើលក្បាច់ដល់ប្រាសាទបន្ទាយស្រី ហើយជ្រើសយកក្បាច់ណាខ្លះ
ដូចជាផ្កាច័ន្ទ ក្បាច់អង្គរ ជាដើម ហើយដេញថ្លៃ
និងកំណត់ទីតាំងត្រូវដាក់ក្បាច់នោះទៅតាមប្លង់របស់លោក។ អ្នកឆ្លាក់ប្រហែលជា
២០នាក់ អ្នកលេខ១ ពូកែជាងគេបំផុត ឲ្យគាត់ឆ្លាក់ក្បាលនាគ។
ហើយពេលត្រូវការឆ្លងកិច្ចការគឺ ត្រូវចូលគាត់ព្រះករុណា ដើម្បីទ្រង់ពិនិត្យ។
កាលនោះលោកតា ម៉ូលីវណ្ណ បានយកថ្មកែវ ដែលទិញពីប្រទេសចិន
សម្រាប់ក្រាលទៅឆ្លងព្រះករុណា ដើម្បីទ្រង់រើសពណ៌។
ពេលនោះនៅក្រោមដើមពោធិ៏មួយដើមក្នុងវាំង ដោយណែនាំលោកទៅទ្រង់ ដោយលោក ប៉ែន នុត
ហើយទ្រង់ក៏សព្វព្រះទ័យពណ៌នេះ ពណ៌នោះ
រួចក៏បំពាក់មេដាយជូនលោកភ្លាមៗក្នុងពេលនោះតែម្តង។
Subscribe to:
Post Comments (Atom)
លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?
នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់ សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...
-
ជាទូទៅ ខ្លះហៅរូបចម្លាក់ទាំងនេះថា "ទេវតា" ខ្លះហៅ "អប្សារា" តាមបារាំងដែលសរសេរជាភាសាសំស្រ្កឹត "APSARA"...
-
ក្បាច់ផ្ដែនៃរចនាបទសំបូរព្រៃគុកភាគច្រើនមានរូប មករ (Makara) នៅអមសងខាងផ្ដែ និងបែរមុខចូលរកគ្នាខ្ជាក់ក្បាច់អង្កត់ធ្នូ (Arch)។ ជួនកាលនៅលើសត្វ...
No comments:
Post a Comment