សិក្សាអំពីប្រវត្តិរបស់វិមានឯករាជ ដែលខ្មែរកសាងឡើងក្នុងគោលបំណងអ្វីខ្លះ និងមានរចនាបថល្អឯកយ៉ាងណា?




ព្រះ​បាទ​ជ័យវរ្ម័នទី៧ (Javarman VII) ​មាន​ព្រះ​រាជមហេសី​ ២ព្រះអង្គ ​គឺ​ព្រះ​នាង​ជ័យរាជទេវី និង ​ព្រះ​នាង​ឥន្រ្ទទេវី។​ ព្រះ​មហេសី​ទាំង​ពីរព្រះ​​អង្គ គឺជា​បង​ប្អូន​បង្កើត។​ ​ព្រះ​នាង​ជ័យរាជាទេវី រៀប​អភិសេក​មុន​ពេល​ដែល​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ឡើង​សោយរាជ្យ។​ ក្រោយ​ពេល​ដែល​ព្រះ​នាង​ជ័យរាជាទេវី បាន​សោយ​ទីវង្គត​ទៅ ទើប​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម បាន​​រៀបអភិសេក​ជា​អគ្គមហេសីបន្ត។

ព្រះ​រាជជីវប្រវត្តិ​តាម​សិលាចារឹក
ផ្ទាំង​សិលា​ចារឹក​ដ៏​ធំ​មួយ​នៃ​ប្រាសាទព្រះខ័នស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ជាអតីត​ទី​ក្រុងខែ្មរ​មហា​អស្ចារ្យ​រុង​រឿង ដែល​​លោក គែ្លហ្សិ៍ បាន​ប្រទះ​ឃើញ គឺ​លោក ហ្ស៊ក សេដែស ជា​ជន​ជាតិ​បារាំងសែស ដែល​បាន​បោះពុម្ព​​ផ្សាយ កាល​ពី​ឆ្នាំ ១៩៤១។ ការ​ផ្សព្វ​ផ្សាយ​នូវ​ទិន្នន័យ​ដ៏​សំខាន់​បំផុត ពាក់​ព័ន្ធ​ទៅ​នឹង​ព្រះ​រាជជីវប្រវតិ្ត​របស់​ព្រះ​បាទ​ជយវរ័្មនទី៧ ព្រះ​មហា​វីរៈក្សត្រ​នៅ​សម័យ​មហានគរ។ មតិ​មហាជន​ខែ្មរ​មួយ​ចំនួន​ មិន​ទាន់​បាន​ជ្រាប​អំពី​ព័ត៌‌មាន​ចម្បង​ទាំង​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ប៉ុនែ្តអ្នក​ឯក​ទេស​ខាង​ប្រវត្តិសាស្រ្ត​កម្ពុជា​ បានលើក​យក​មក​បក​ប្រែ​ក្រៅ​ផ្លូវ​ការ ជូន​ជន​រួម​ជាតិ​ខែ្មរទុក​ជាចំណេះ​ដឹង​ទូទៅ​ខាង​ប្រវត្តិសាស្រ្ត​មួយ​កម្រិត​ទៀត។ គួរ​រំលឹក​ផង​ដែរ​ថា សិលា​ចារឹក​នេះ (k-៩០៨) មាន​ចារ​ជា​អក្សរ​ទាំង​អស់​ចំនួន ១១១គាថា។ បណ្ឌិត​បុរាណវិទូ​ខែ្មរ លោក មីសែល ត្រាណេ បាន​លើក​ឡើង​ថា ១៨ គាថា​ដើម​នៃ​សិលា​ចារឹក​នេះ មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ខ្លឹមសារ​នៃ​សិលា​ចារឹក​ប្រាសាទតាព្រហ្ម។ លោក​បណ្ឌិត​បាន​ធ្វើ​ការ​បក​ប្រែ​នូវ​គាថា​មួយ​ចំនួន ជា​ពិសេស គាថា​ជីវប្រវត្តិ​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ ដូច​ត​ទៅ​នេះ៖
«ជា​ព្រះ​រាជា​មួយ​ព្រះ​អង្គ ដែល​ត្រូវ​បាន​ព្រះ​រាជា​ទាំង​ពួង នៃ​ដែន​ដី​ដែល​នៅ​ដៃ​មាន​កាន់​យ៉ាង​ណែន មនុស្ស​គោរព​សក្ការៈ។ ព្រះ​អង្គ​ជា​គតិបណ្ឌិត​ដ៏​ឆ្នើម​ក្នុង​ចំណោម​គតិបណ្ឌិត​ផង​ទាំង​ឡាយ ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​រាជា ​ព្រះ​បាទ​ស្រុតវរ័្មន និង​ព្រះ​បាទ​ស្រីស្រេស្ថវរ្ម័ន ជា​មនុស្ស​ល្អ​ប្រពៃ តាម​រយៈ​ព្រះ​សម្មិទ្ធិ​ដ៏​រុង​រឿង​ថ្កើង​ថ្កាន ជា​ប្រភព​នៃ​វង្ស​ក្សត្រ​ដ៏​បរិសុទ្ធ » (គាថា​ទី ៦) ។
«ព្រះ​អង្គ​ជា​ព្រះ​អាទិត្យ​នៅ​លើ​មេឃា ដែល​ជា​វង្ស​ត្រកូល​កម្ពុជា​ ដែល​បាន​ប្រសូត​ឡើង​នៅ​លើ​ភ្នំ​ខាង​កើត​នៃ​ជយាទិត្យបុរៈ។ ព្រះ​អង្គ​បាន​ដាស់​បេះដូង​ផ្កា​ឈូក​នៃសព្វ​សត្វ​លោក​ ជា​ឃ្លាំង​នៃ​ភាព​ត្រចេះ​ត្រចង់ ជា​អធិរាជ​នៃ​ស្រេស្ថបុរៈ » (គាថា​ទី ៧)។
«ប្រសូត​ឡើង​ក្នុង​មហា​នគរ​នៃ​គ្រួសារ​ខាង​ព្រះ​មាតា​ ដែល​ព្រះ​ចន្ទ​ចែង​ចាំង​នូវ​កាំ​រស្មី​ព្រះ​កិត្តនាម​ល្អ​ប្រពៃ​ឥត​ខ្ចោះ ភ្លឺ​ថ្លា​ដូច​ព្រះ​នាង​លក្ស្មី​ ​ព្រះ​នាង​បាន​នាំ​មុខ​កំពូល​ស្រ្តី​ទាំង​ឡាយ (គឺ​ព្រះ​រាជិនី) កម្ពុជរាជលក្ស្មី » (គាថា​ទី ៨)។
«ស្វាមី​នៃ​ដែន​ដី​ឯ​ភវបុរៈ ព្រះ​បាទ​ភវរ្ម័នទេវៈ ប្រកប​ដោយ​សម្រស់​ដ៏​ភ្លឺ​ថ្លា ដែល​នាំ​មក​នូវ​មន្ត​សេ្នហ៍​ចំពោះ​ព្រះ​រាជនគរ​របស់​ទ្រង់ ពោរ​ពេញ​ទៅ​ដោយ​ទេពកោសល្យ​ ជា​ប្រភព​កំណើត​នៃរាជវង្សានុវង្ស ដូច​អ្នក​ដែល​បាន​ប្រកប​ដោយ​កាំ​រស្មី​អមតៈ។ ព្រះ​អង្គ​បាន​សម្រាល​នូវ​ភាព​ឈឺ​ចុក​ចាប់​របស់​ប្រជានុរាស្រ្ត​របស់​ទ្រង់ » (គាថា​ទី ៩)។
«អ្នក​ដែល​មាន​អាកប្បកិរិយា​ល្អ ភាព​ល្បីល្បាញ វីរភាព ដែល​គេ​មិន​អាច​ស្តី​បន្ទោស​អ្វីៗទាំង​អស់​បាន​ឡើយ។ ហើយ​ទ្រង់​បាន​ប្រសូត​ក្នុង​ត្រកូល​របស់​អ្នក​នោះ ព្រម​ទាំង​បាន​បង្កើត​នូវ​កិច្ចការ​សម្រាប់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន ព្រះ​បាទ​ស្រី​ហស៌‌វរ្ម័ន ជា​អ្នក​បំផ្លាញ​សេចក្តី​រីក​រាយ​របស់​សត្រូវ​ក្នុង​ចម្បាំង ហើយ​មាន​ព្រះ​រាជសកម្មភាព​ដ៏​ថៃ្ល​ថ្លា​ ដែល​បាន​ផ្សព្វ​ផ្សាយ​ចេញ​ពី​វាចា​គ្រប់​ទិស​ទី » (គាថា​ទី ១០)។
«តាម​រយៈ​ព្រះ​មហាក្សត្រ និង​ព្រះ​រាជមហេសី​នេះ ព្រះ​នាង​ស្រី​ជ័យរាជចូឌាមនី បាន​មាន​កំណើត​ឡើង» … «ប្រៀប​ទៅ​នឹង​ធាត្រី​ដែល​បង្កើត​ឡើង​ដោយ​ភាព​រឹង​ប៉ឹង ដូច​កមលា ដោយ​សោភ័ណភាព​ ដូច​​អរុណោទ័យ ដោយ​អាកប្បកិរិយា​ដែល​មិន​អាច​ស្តី​បន្ទោស​បាន​ឡើយ ដូច​បៃត្រី​ដែល​បាន​ចាប់​កំណើត​ដោយ​សប្បុរសធម៌‌ » (គាថា​ទី ១១-១២)។
« បាន​សោយ​រាជសម្បត្តិ នៅ​ឯ​ស្រី​មន្ត​យសោធរបុរៈ ព្រះ​មហាក្សត្រ​ជយវរ្ម័នទេវៈ ក្រោយ​ពី​ផ្ទាញ់​រលក​នៃ​ពួក​សត្រូវ ព្រះ​អង្គ​បាន​បោះ​បង្គោល​រហូត​ដល់​សមុទ្រ បង្គោល​នៃ ជ័យ​ជម្នះគ្រប់​ទិស​ទី ព្រះ​អង្គនិង​បុព្វការីជន​ប្រថាប់​នៅ​ឯ​មហិធរបុរៈ » (គាថាទី ១៣) ។
« ព្រះ​រាជបុត្រី​របស់​ព្រះ​បាទ​ស្រីហស៌‌វរ្ម័ន បាន​ឲ្យ​កំណើត​ទៅ​មហាបុរស​មួយ​រូប គឺ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ប្រកប​ដោយ​ថាមពល​ចែង​ចាំង​ដូច​ភ្លើង​ក្រហម​ឆ្អៅ បៀ្រប​ដូច​ទៅ​នឹង​ព្រះ​នាង​អទិតិ ដែល​បាន​ធ្វើ​ឲ្យ​ព្រាហ៌្មសី​ក្លាយ​ទៅ​ជា​សេ្តច​នៃ​ពពួក​ទេវតា ដែល​ដោយ​សារ​ការ​ប្រណិប័តន៍​ដ៏​ល្អប្រពៃ​ដើម្បី​ការ​ការ​ពារ​ដែនដី បាន​សម្លាប់​ពួក​មេ​ទ័ព​បច្ចាមិត្ត » (គាថា​ទី ១៨)។
រួម​សេចក្តី​មកគ្មាន​អ្វី​សង្ស័យ​ឡើយ ព្រះ​បាទ​ជយវរ្ម័នទី៧ ពិត​ជា​វង្ស​មហាក្សត្រា​ខែ្មរ​យ៉ាង​ពិត​ប្រាកដ​ ដែល​បាន​ត​ពូជ​ពង្ស​ពី​ព្រះ​មហា​វីរក្សត្រ​នា​សម័យ​នគរ​ភ្នំ និង​ចេនឡា ដ៏​មានមហិទ្ធិប្ញទិ្ធ​គួរ​ឲ្យ​ស្ញប់​សែ្ញង ហើយ​ព្រះ​អង្គ​ក៏​ជា​មហា​បុរស​រដ្ឋ ​ដែល​បាន​ការ​ពារ​ដែន​ដី​ខែ្ម​រយើង ដោយ​មាន​ការ​លះ​បង់​ខ្ពស់រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ។
ស្នាម​ព្រះ​ហស្ត​ក្នុង​ការ​ក​សាង​ផ្លូវ​ជាតិ​ធំៗចំនួន ៥ ខែ្ស​ក្នុង​រជ្ជកាល​ព្រះ​អង្គ
មិន​ត្រឹម​តែ​ក​សាង​នូវ​មន្ទីរ​ពេទ្យ​និង​ធម្មសាលា ប្រាសាទ​ច្រើន​រាប់​មិន​អស់​ទេ ក្នុង​រជ្ជកាល​ព្រះអង្គ ព្រះ​បាទ​ជយវរ្ម័នទី៧។ ទ្រង់បាន​ក​សាង​ផ្លូវ​ជាតិ​ធំៗចំនួន ៥ ខែ្ស សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាណាចក្រ។ លោក វង់ សុធារ៉ា សាស្រ្តាចារ្យ​សិលាចារឹកសាស្រ្ត និង​ប្រវត្តិសាស្រ្ត​ខែ្មរ និង​ជា​អនុប្រធាន​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងកាល​ពី​ពេល​ថ្មីៗនេះ​ថា ក្នុង​រជ្ជកាល​ព្រះ​អង្គ ព្រះ​មហា​វីរក្សត្រ​អង្គ​នេះ​បាន​ទ្រង់​ក​សាង​ផ្លូវ​គមនាគមន៍​​សំខាន់ៗ ចំនួន ៥ ខែ្ស។ ខែ្ស​ទី១ ផ្លូវ​ខាង​លិច​ ចាប់​ពី​យសោធបុរៈ​កាត់​ភ្នំ​ស្រុកតម្រង់ទៅ​ស្តុក​កក់​ធំ និង​បន្ទាយ​ឆ្មារ។ ខែ្ស​ទី២ ផ្លូវ​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស ពី​យសោធបុរៈ​ទៅ​ប្រសាទ​ពិមាយ។ ខែ្ស​ទី៣ ផែ្នក​ខាង​ជើង (មិន​ដឹង​ច្បាស់) គេ​រៀប​រាប់​បែប​ជា​ផ្លូវ​វង់​មួយ គឺ​ចេញ​ពី​រាជធានីទៅ​កាន់​ទី​ក្រុង​ជ័យវតី ជ័យសិង្ហវតី ជ័យវីរតី ជ័យរាជគិរី ស្រីសុវីរបុរី មក​ដល់​យសោធបុរៈ​វិញ។ ចំណែក​ខែ្ស​ទី៤ ផ្លូវ​ឦសាន​ ពី​រាជធានី​យសោធបុរៈ​ទៅ​កាន់​រាជធានី​របស់​ចាម និង​ទី៥ ផ្លូវ​ខាង​កើត ពី​យសោធបុរៈ ទំនង​ជា​តម្រង់​ទៅ​សម្បូរ​ព្រៃ​គុក ដែល​គេ​អាច​ឃើញ​ដាន​នៃ​សំណង់​ស្ពាន​បុរាណ​ជា​ច្រើន តាម​ដង​ផ្លូវ​ជាតិ​លេខ៦ ចាប់​ពី​ស្ពាន​បុរាណ​នៅ​កំពង់​ក្តី​រហូត​ដល់​ដំ​ដែក។ លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ក​សាង​ផ្លូវ​គមនាគមន៍​ចំនួន៥ ខែ្ស​នេះ នៅ​តាម​ផ្លូវ​ព្រះអង្គ បាន​ក​សាង​ធម្មសាលា និង​ភ្លើង​បំភ្លឺ​ចំនួន ១២១កនែ្លង សម្រាប់​ជា​ជម្រក​សាធារណៈ​ ដល់​អ្នក​ធ្វើ​ដំណើរ​ទូទៅ។ លោក​បន្ត​ថា ក្នុង​សិលា​ចារឹក​ប្រាសាទ​ព្រះខ័ន បាន​បន្ត​ឲ្យ​ដឹង​ថា តាម​ផ្លូវ​ពាយ័ព្យ មាន​ធម្មសាលា​ចំនួន ១៧ ផ្លូវ​ខាង​ជើង មាន​ធម្មសាលា​ចំនួន ១៤ និង មាន​ភ្លើង​ផ្លូវ​ឦសាន មាន​ធម្មសាលា​ចំនួន ៥៧ រួម​ទាំង​ភ្លើង​និង​១នៅ​សូរ្យបវិត​ គី​ភ្នំជីសូរ១ នៅ​វិជយាទិត្យ​និង ១ នៅ​កល្យានសិទ្ធកៈ ទំនង​ជា​ត្រូវ​នឹង​ស្រុក​រំដួល ខេត្តស្វាយរៀង ។ បនែ្ថម​ពី​នោះ ធម្មសាលា​សល់​ចំនួន ៣០ ដោយ​សារ​មិន​មាន​អត្ថបទ​សិលា​ចារឹក ធម្មសាលា​ដែល​នៅ​សល់ ទំនង​ជា​សង់​តាម​ផ្លូវ​ខាង​លិច និង​ខាង​កើត តាម​កឆរ​បញ្ជាក់​របស់​លោក​សាស្រ្តាចារ្យ វង់ សុធារ៉ា ។ លោក​បាន​បន្ត​ថា ក្រៅ​ពី​នេះព្រះ​អង្គ​បាន​ក​សាង​មន្ទីរពេទ្យ ដែល​ភាសា​ជំនាន់​នោះ​ហៅ​ថា អារោគ្យសាលា មាន​ចំនួន ១០២ កនែ្លង ប្រកប​​ដោយ​គឿ្រង​តង្វាយ​ដ៏​ច្រើន​អនេក សម្រាប់​ផ្គត់​ផ្គង់​ជីវភាព និង​សកម្មភាព​នៅ​តាម​មន្ទីរ​ព្យាបាល​នីមួយៗ ពេទ្យ​ជំនាញ ពេទ្យ​ជំនួយ អ្នក​បុក​ថ្នាំ អ្នក​ដាំ​ទឹក អ្នក​បម្រើ​ការ​ផេ្សងៗ ដែល​សរុប​មាន​ប្រមាណ ៩០ នាក់ សម្រាប់​មន្ទីរ​ពេទ្យ​នីមួយៗ។ លោក​សាស្រ្តាចារ្យ វង់ សុវធារ៉ា បាន​បន្ត​ដោយ​គូស​បញ្ជាក់​ថា « អ្នក​ជំងឺ​គ្រប់​ឋានៈ​សង្គម អាច​ទទួល​ការ​ព្យាបាល​ ដោយ​គ្មាន​ការ​រើស​អើង » (សិលាចារឹក​សាយ​ហ្វុង លេខ K ៣៦៨)។ លោក​បនែ្ថម​ថា ដោយ​សារ​ព្រះអង្គ​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាលភាព​នេះ ហើយ​ដែល​រហូត​ធ្វើ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​សង្ស័យ​ថា ព្រះ​អង្គ​កើត​ឃ្លង់​ ដោយ​​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​ គ្រាន់​តែ​ពឹង​ផែ្អក​លើ​ការ​បក​ស្រាយ​រូប​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​រឿង​ព្រេង​និទាន​សេ្តច​គម្លង់ ដែល​គេ​ប្រឌិត​ឡើង នៅ​ពេល​ក្រោយ​ប៉ុណ្ណោះទេ។
អំពី​ព្រះ​បាទ​ជ័យវរ្ម័នទី៧ (ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ និង​ព្រះរាជវង្ស)
ព្រះ​បាទ​ជ័យវរ្ម័នទី៧ ជា​ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​​ពូកែ​ចុង​ក្រោយ​នៃ​រាជាណាចក្រ​អង្គរ។ អ្នក​ប្រវត្តិសាស្រ្ត​អំពី​ប្រទេស​កម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បាន​សិក្សា​ពី​ព្រះ​បាទ​ជ័យវរ្ម័នទី៧ និង​សន្និដ្ឋាន​ថា ជា​ក្សត្រ​បង្កើត​សម័យ​ដ៏​រុង​រឿង​បំផុតនៃ​ប្រទេសកម្ពុជា។ ការ​បង្រួប​បង្រួម​ជាតិ​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ចាប់​ផ្តើម​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ សាលា​បារាំង​ចុង​បូព៌ា‌ ដោយ​សារ​លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) នូវ​អត្ថបទ​សិលា​ចារឹក​សំស្រ្កឹត​មួយ ដែល​ប្រទះ​ឃើញ​ដោយ​លោក ហ្ស៊ក ម៉ាស្ប៉ឺរ៉ូ (Georges Maspero) នៅ​ត្រង់​សាយ​ហ្វុង (Say Fong) ជិត​ក្រុង​វៀង​ចន្ទន៍ ដែល​ផ្តល់​ព័ត៌‌មាន​ពី​ការ​ក​សាង​មន្ទីរ​ពេទ្យ​នៅ គ.ស ១១៨៦។ លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) បាន​កត់​សម្គាល់ថា សិលា​ចារឹក​នេះ​មាន​ន័យ​ដូច​សិលា​ចារឹក នៅ​សសរ​ស្តម្ភ ដែល​គេ​បាន​រក​ឃើញ​នៅ​ឈូង​សមុទ្រ​សៀម ជិត​ព្រំ​ដែន​កូសាំងស៊ីន (កម្ពុជា​ក្រោម) ហើយ​ព្រះ​នាម ព្រះ​បាទ​ជ័យវរ្ម័នទី៧ ត្រូវ​បាន​រំឭកជា​ញឹក​ញាប់ នៅ​ក្នុង​សិលា​ចារឹក​ចាម​ថា ជា​អ្នក​ចម្បាំង​មួយ​យ៉ាង​ធំធេង និងអស្ចារ្យ។ លោក​បាន​សន្និដ្ឋាន​ថា « សិលា​ចារឹក​ដែល​មាន​ចាប់​ពី​ប្រទេស​លាវ​ខាង​ក្រោម ទៅ​ឆេ្នរ​សមុទ្រ​អណ្ណាមនិង​ទៅ​ទឹក​ដី​កូសាំងស៊ីន​ខាង​ក្រោម​ខ្លះ បាន​រៀប​រាប់​ពី​ជោគ​ជ័យ​របស់​ព្រះ​អង្គ ខ្លះ​ទៀត​អំពី​អំពើ​ល្អ​របស់​ព្រះ​អង្គ។ ទាំង​នេះ​បាន​បំភ្លឺ​ពី​រូបភាព​នៃ​ព្រះ​មហា​ក្សត្រ​អង្គ​នេះ​ពី​ក្នុង​ភាព​ងងឹត​នៃ​អតីតកាល​របស់​ប្រទេស​កម្ពុជា » ។
ភាព​ងងឹត​ក៏​បាន​រសាយ​ដោយ​ សារ​ការ​អត់​ធ្មត់​ក្នុង​ការ​ស្រាវ​ជ្រាវ​រយៈ​ពេល ៤០ឆ្នាំ របស់​លោក ល្វីស៍ ហ្វ៊ីណូត៍ ។ ព្រះ​នាម​របស់​សេ្តច​អង្គ​នេះ គេ​ទើប​នឹង​បាន​ស្គាល់​នៅ គ.ស. ១៩០០ ពេល​គេ​បង្កើត សាលា​បារាំង​ចុង​បូព៌ា។ ឥឡូវ​នេះ គេ​ចាត់​ទុក​ព្រះ​អង្គ​ជា​ព្រះ​មហា​ក្សត្រ​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​ ក្នុងចំណោម​ព្រះ​មហា​ក្សត្រ​ដ៏​ខ្លាំង​ពូកែ​ផេ្សង​ទៀត​នៃ​ប្រទេសកម្ពុជា។ ព្រះ​អង្គ​បាន​ពង្រីក​ទឹក​ដី​យ៉ាង​ធំ​បំផុតគិត​ទាំង​ប្រទេស​ចម្ប៉ា​ផង និង​ក​សាង​ប្រាសាទ​ជា​ច្រើន​ពាស​ពេញ​ប្រទេស។ សិលា​ចារឹក​ជា​ច្រើន ដែល​ព្រះ​អង្គ​បាន​បន្សល់​ទុក​មាន​សិលា​ចារឹក​បីគឺ​ សិលាចារឹក​តាព្រហ្ម ព្រះ​ខ័ន និង​ បន្ទាយ​ឆ្មារ ដែល​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង​ចុង​បូព៌‌ា (Bulletin de L’École française d’Extrême-Orient) បាន​បោះ​ពុម្ព​ផ្សាយ។ បទ​បញ្ញត្តិ​នៃ​មន្ទីរ​ពេទ្យ​ ក្នុង​សិលា​ចារឹក​នៅ​ផែ្នក​ខាង​ក្រោម មក​ពី​ប្រាសាទ​ភិមាន​អាកាស ដែល​គេ​បាន​ប្រទះ​ឃើញ នៅ​ គ.ស. ១៩១៦ ក្នុង​ព្រះ​បរម​រាជវាំង​អង្គរ​ធំ និង​សិលា​ចារឹក​ចាម​មួយ​នៅ​មីសឺន (Mỹ-Sơn) គឺ​លោក ល្វី ហ្វ៊ីណូត៍ បាន​បោះ​ពុម្ព​នៅ​ក្នុង​ព្រឹត្តិបត្រ​នៃ​សាលា​បារាំង។ ព្រះ​បាទជ័យវរ្ម័នទី៧ ខ្លាំង​ពូកែ​ដូច​ព្រះ​មហា​ក្សត្រ​បារាំងសែសព្រះ​នាម ល្វីទី៧ (Louis VII) និង ហ្វ៊ីលីព្ព ​អូហ្គុស្ត (Philippe Auguste) ដែល​រជ្ជកាល​របស់​ព្រះ​អង្គ​ស្ថិត​នៅ​ក្នុង​សម័យ​ជាមួយ​គ្នា។
ព្រះ​រាជពង្សាវតារ​របស់​ព្រះ​អង្គ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​លាស់។ ព្រះ​វររាជ​បិតា​របស់​ព្រះ​អង្គ សោយ​រាជ្យ​រយៈ​ពេល​យ៉ាង​ខ្លី​ក្នុង​រវាង គ.ស. ១១៥៥។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ត្រូវ​ជា​បង​ប្អូន​ជីទួត​មួយ​នឹង ព្រះបាទសូរ្យវរ្ម័នទី២ ដែល​ទ្រង់​បាន​ធ្វើ​សង្រ្គាម​រហូត​ដល់​តុងកឹង និង​ក​សាង​ប្រាសាទអង្គរវត្ត ជា​ប្រាសាទ​ចេតិយ​របស់​ព្រះ​អង្គ។ ព្រះ​វរ​រាជ​មាតា​របស់​ព្រះ​អង្គ ជាប់​សាលោហិត​ទៅ​នឹង​ព្រះ​សន្តតិវង្ស​ពី​បរទេស ដែល​គ្រប់​គ្រង​ប្រទេស​ជិត​ពេញស.វ.ទី១១ និង​ព្រះ​រាជិនី​កម្ពុជា​សម័យ​បុរេអង្គរ។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័ន​ប្រសូត​​នៅ​រវាង គ.ស. ១១២០ ឬ​យ៉ាង​យូរ​ណាស់ គ.ស. ១១២៥ ក្នុង​រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ ហើយ​ព្រះ​អង្គ​បាន​រៀប​អភិសេកពី​កេ្មង​បន្តិច ជាមួយ​ក្សត្រី​ជ័យរាជទេវី ដែល​ព្រះ​នាង​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ព្រះ​អង្គ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស។
ក្រោយ​មក ព្រះ​អង្គ​ត្រូវ​បញ្ជា​ឲ្យ​លើក​ទ័ព ទៅ​វាយ​ប្រទេស​ចាម្ប៉ា​នៅ​តំបន់​វិជ័យ (បច្ចុប្បន្ន​ខេត្ត​ប៊ិញ​ឌិញ ប្រទេសវៀតណាម)។ អវត្តមាន​នៃ​ព្រះ​ស្វាមី​បាន​ធ្វើ​ឲ្យព្រះ​នាង​ជយរាជទេវី​ធ្លាក់​ព្រះ​កាយ​ទៅ​ក្នុង​អន្លង់​ទុក្ខសោក ដែល​សិលា​ចារឹក​នៃ ព្រះបរមរាជវាំង​ សរសេរ​ដោយ​ព្រះនាងឥន្រ្ទទេវី ត្រូវ​ជា​បង​បង្កើត​របស់​ព្រះនាង។ សិលា​ចារឹក​បាន​រៀប​រាប់​ថា ព្រះ​នាង​ស្ថិត​នៅ​អន្លង់​ជ្រោះ​ទឹក​ភែ្នក ទួញ​សោកប្រៀប​ដូច​នាង​សិតា​ព្រាត់​ប្រាស​ពី​ព្រះ​ស្វាមី ព្រះ​នាង​សុំ​បន់​ស្រន់​សូម​ឲ្យ​ព្រះ​ស្វាមី​វិល​វិញ មធ្យោបាយ​បំភេ្លច​ទុក្ខ​សោក​ដ៏​មហិមា​នេះ ព្រះ​នាង​បាន​បួស​ជា​បស្វី​ក្នុង​ព្រាហ្មណ៍សាសនា និង ក្រោយ​មកបួស​ក្នុង​ព្រះពុទ្ធសាសនា

ព្រះនាងឥន្ទ្រទេវី និង ព្រះនាងជ័យរាជទេវី ព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧
សិលា​ចារឹក​បាន​សរសេរ​ថា « ទទួល​ការ​សិក្សា​អប់​រំ​ពី​បង​ស្រី​បង្កើត ព្រះ​នាង​គិត​ថា ព្រះ​ពុទ្ធសាសនា​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត ព្រះ​នាង​ប្រកាន់​យក​មាគា៌របស់​ព្រះពុទ្ធសាសនា ដែល​ជា​មាគ៌‌​ដ៏​ស្ងប់ស្ងាត់ ដើម្បី​ឆ្លង​កាត់​ភ្លើង​ទុក្ខនិង​សមុទ្រ​នៃ​សេចក្តី​ឈឺ​ចាប់ »។ នៅ​ពេល​ដែល​ព្រះ​បាទ​ជ័យវរ្ម័នទី៧ គង់​នៅ​ប្រទេស​ចាម្ប៉ា ព្រះ​បិតា​របស់​ព្រះ​អង្គ​គឺ​ព្រះ​បាទ​ធរណិន្រ្ទវរ្ម័ន​ទី២ ទ្រង់​ចូល​ទិវង្គត ហើយ​ព្រះ​មហា​ក្សត្រ​ដែល​ស្នង​រាជ្យ​បន្ត​ព្រះ​នាម យសោវរ្ម័នទី២ ដែល​គេ​មិន​ស្គាល់​ពី​ជីវប្រវត្តិ។ ក្នុង​រជ្ជកាល​របស់​ព្រះ​មហា​ក្សត្រ​អង្គ​នេះ មាន​ព្រឹតិការណ៍​សោក​សៅ​មួយដែល​មាន​ចារ​នៅ​ក្នុង​សិលា​ចារឹក និង​រូប​ចម្លាក់​នៅ​ប្រាសាទបន្ទាយឆ្មារ។ សិលា​ចារឹកនិង​រូប​ចម្លាក់​ប្រាសាទ​នេះ បាន​ឲ្យ​ដឹង​ថា ព្រះបាទយសោវរ្ម័នទី២ ត្រូវ​រាហុ​វាយ​លុក​ដូច​ពេល​មុន សូរ្យគ្រាសឬ​ចន្រ្ទគ្រាស តែ​បានយុវក្សត្រ​មួយ​អង្គជួយ​សង្រ្គោះ ទំនង​ជា​ព្រះ​រាជ​បុត្រ​ណា​មួយ​របស់​អនាគតព្រះ​បាទ​ជ័យវរ្ម័ន ទី៧
សិលា​ចារឹក​សរសេរ​ថា « នៅ​ពេល​ដែល​ភរតរាហុ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​បាទ​យសោវរ្ម័ន ដើម្បី​វាយ​លុកដណើ្តម​ព្រះ​រាជវាំង កង​ទ័ព​ការ​ពារ​ទី​ក្រុង​ បាន​បាក់​ទ័ព​រត់​អស់… ព្រះ​អង្គ​ម្ចាស់​ចូល​ប្រយុទ្ធ។ ទាហាន​ពីរ​នាក់ បាន​ចូល​រួម​ប្រយុទ្ធ​ជាមួយ​ព្រះ​អង្គ ហើយ​បាន​ទទួល​ជ័យ​ជម្នះលើ​ភរតរាហុ » ។ ប៉ុនែ្ត ព្រះបាទយសោវរ្ម័នទី២ បាន​ត្រូវ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ដណ្តើម​រាជ្យ​ ដោយ​យក​នាម​ថា ត្រីភូវនាទិត្យ នៅ គ.ស. ១១៦៥។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ក៏​ប្រញាប់​ប្រញាល់​យាង​ត្រឡប់​មក​ពី​ចាម្ប៉ា ដើម្បី​ជួយ សង្គ្រោះ​ព្រះបាទយសោវរ្ម័នទី២។ សិលា​ចារឹក​បាន​បន្ត​ទៀត​ថា « ប៉ុនែ្តព្រះ​បាទ​យសោវរ្ម័នទី២ ត្រូវ​អ្នក​ជ្រែក​រាជ្យ​ធ្វើ​គុត ហើយ​ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ក៏​គង់​នៅ​ប្រទេសកម្ពុជា ដើម្បី​រង់​ចាំពេល​វេលា​ល្អ​នឹង​ស្រោច​ស្រង់​ស្ថានការណ៍វិញ ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ឧក្រិដ្ឋ។ ព្រះ​អង្គ​ម្ចាស់​ក្សត្រី ដែល​​កៀ្រម​ក្រំ​ដោយ​ទុក្ខពីព្រោះ​ព្រះ​ស្វាមី​អវត្តមាន ក៏​រលាយ​ពី​សេចក្តី​ទុក្ខ​ព្រួយ​វិញ ដោយ​ព្រះ​នាង​ចង់​ឃើញ​ព្រះ​អង្គ​រំដោះ​ប្រទេស​ពី​មហាសមុទ្រ​ទុក្ខ​ដែល​បាន​លិច​លង់នេះ »។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ដែល​បាន​យាង​ត្រឡប់​មក​ដល់​ប្រទេស​យឺត​ពេល និង​បាន​ឃើញ​អ្នក​ជ្រែក​រាជ្យ​នៅ​លើ​រាជបល្ល័ង្ក ព្រះ​អង្គ​ក៏​មិន​ទ្រង់​យាង​ត្រឡប់​ទៅ​ចាម្ប៉ា​វិញ​ឡើយ និង​ដោយ​សារ​មាន​ការ​ជួយផ្តល់យោបល់​ពី​មហេសី​ផង ព្រះ​អង្គ​ក៏​គង់​នៅ​ កម្ពុជា « រង់​ចាំ​ពេល​វេលា​ល្អ​សម​ស្រប »។ ព្រះ​អង្គ​ត្រូវ​រង់​ចាំអស់​រយៈ​ពេល ១៥ឆ្នាំ។ ក្នុង​​ពេល​ជាមួយ​គ្នា​ ដែល​នៅ​កម្ពុជា​មាន​ការ​ជ្រែក​រាជ្យ នៅ​ប្រទេស​ចាម្ប៉ា​ក៏​មាន​ការ​ជ្រែក​រាជ្យ​ដែរ នៅគ.ស. ១១៦៦-១១៦៧ ព្រះ​នាម​ជ័យ​ឥន្រ្ទវរ្ម័ន។ សេ្តច​អង្គ​នេះបាន​លើក​សួយ​សារ​អាករ​ទៅ ថ្វាយ​សេ្តច​អាណ្ណាម ព្រះ​នាមលី អាញ់តុន នៅគ.ស. ១១៧០ ដើម្បី​ឲ្យ​ប្រទេស​នេះ​ស្ថិត​នៅ​អព្យាក្រឹត ។
ក្នុង​​ពេល​​នេះ ព្រំ​ដែន​ខាង​ជើង​នៃ​ប្រទេស​ចម្ប៉ា ស្ថិត​នៅ​ក្នុង​ភាព​ស្ងប់​ស្ងៀម ហើយ​សេ្តច​ជ្រែក​រាជ្យ​ចាម ក៏​លើក​ទ័ព​វាយ​លុក​ប្រទេស​កម្ពុជា។ សិលា​ចារឹក​ភិមាន​អាកាស​សរសេរ​ទៀត​ថា « ព្រះ​បាទ​ជ័យ​ឥន្រ្ទវរ្ម័ន (សេ្តច​ចាម) ឥត​កោត​ខ្លាច​ដូច​ក្រុង​រាពណ៍នៅ​លើ​រថកាន់​អាវុធ​វាយ​ប្រយុទ្ធ​ប្រទេសកម្ពុជា »។ ប៉ុនែ្ត ការ​វាយ​លុក​នេះ​ពុំ​បាន​ទទួល​ជោគ​ជ័យ​ទេ។ សេ្តច​ចាម​នាម​ជ័យឥន្រ្ទវរ្ម័ន បាន​ដូរ​យុទ្ធវិធី​ពី​វាយ​តាម​ជើង​គោក ទៅ​វាយ​តាម​ជើង​ទឹក​វិញ។ នៅគ.ស. ១១៧៧ សេ្តច​ចាម​អង្គ​នេះបាន​លើក​ទ័ព​ជើង​ទឹក​ចូល​វាយ​ខែ្មរ ដោយ​មាន​ចិន​លិច​សំពៅ​ម្នាក់ជួយ​នាំ​ផ្លូវ។ ទ័ព​នោះ​បាន​ចូល​តាម​ទនេ្លមេគង្គ ហើយ​ឡើង​រហូត​ដល់​បឹងទនេ្លសាប។ ក្រុង​អង្គរ​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ចាម ហើយ​សេ្តច​ជ្រែក​រាជ្យ​ត្រីភូវនាទិត្យវរ្ម័ន ក៏​ត្រូវ​ធ្វើ​គត់​ក្នុង​សមរភូមិ។ កង​ទ័ព​ចាម​ក៏​ចូល​កាន់​កាប់​ទី​ក្រុង ហើយ​បំផ្លិច​បំផ្លាញនិង​ប្រមូល​ទ្រព្យ​សម្បត្តិ​យ៉ាង​សន្ធឹក​សន្ធាប់​អស់​ពី​ទី​ក្រុង។ ព្រះ​រាជបល្ល័ង្ក​ត្រូវ​នៅ​ទំនេរ គ្មាន​ព្រះ​មហាក្សត្រ​សោយ​រាជ្យ។ ព្រះ​អង្គ​ម្ចាស់​ជ័យវរ្ម័នទី៧ ឈេ្វង​យល់​ថា នេះពេល​វេលា​ល្អ​បាន​មក​ដល់​ហើយ ប៉ុនែ្តមុន​នឹង​ប្រកាស​ជា​សេ្តច​សោយ​រាជ្យ ព្រះ​អង្គ​ត្រូវ​រំដោះ​ប្រទេស​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​បរទេសសិន។ ព្រះ​អង្គ​ក៏​បាន​លើក​ទ័ព​ដេញ​កម្ចាត់​ពួក​ចាម​តាម​ជើង​ទឹក ដូច​ដែល​មាន​រូប​ចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​ប្រាសាទបន្ទាយឆ្មារ ហើយ​បាន​រំដោះ​ប្រទេស​ទាំង​មូល។ បួន​ឆ្នាំ​ក្រោយ​ការ​ឈ្លាន​ពាន​របស់​ចាម​នៅ​គ.ស. ១១៧៧ នៅ គ.ស. ១១៨១ ប្រទេស​កម្ពុជា​បាន​សុខ​សន្តិភាព ហើយ​ព្រះ​អង្គ​ព្រះ​បាទជ័យវរ្ម័នទី៧ ក៏​ប្រកាស​ឡើង​គ្រង​រាជ្យសម្បត្តិ។ នៅ​ក្នុង​ពេល​ជាមួយ​នោះ ព្រះ​អង្គ​បានក​សាង​រាជធានី​ឡើង​វិញ។ « ទី​ក្រុង​យសោធបុរៈ ដូច​ជា​ស្រី​ក្រមុំ​ម្នាក់​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ បាន​ផ្សំ​ផ្គុំ​ជាមួយ គូ​ដណ្តឹង​របស់​ខ្លួន​ក្នុង​តណ្ហា ដែល​ពុះ​កញ្ជ្រោល​លម្អ​ទៅ​ដោយ​រាជវាំង​អំពី​ត្បូង​មាន​តម្លៃ និង​គ្រប​ដណ្តប់​ទៅដោយ​កំផែងដ៏រាំងមាំគឺ ក្រុងអង្គរ។ គូ​ស្វាមី​ភរិយា​នេះ បាន​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ដោយ​ព្រះ​រាជា​ ដើម្បី​បង្កើត​សុភមង្គល​នៃ​សត្វ​លោក​ ក្រោម​ជ័យ​ជម្នះដ៏​ធំ​ធេង ដែល​ព្រះ​អង្គ​ដណ្តើម​យក​បាន » ។ សិលា​ចារឹក​មួយ​នៅ​ជ្រុង​កំពែង អង្គរធំ បាន​សរសេរ​ថា រាជបុរី​ដែល​ព្រះ​រាជា​រៀប​ពិធី​អភិសេក​នោះ គ្មាន​អ្វី​ក្រៅ​ពី​ទី​ក្រុង​អង្គរ​ធំ​ទេ ពុំ​មែន​ប្រាសាទ​បាខែង​នៅ​ចុង ស.វ.ទី៩ ឡើយ។ តែ​ជា​ទី​ក្រុង​បច្ចុប្បន្ន​ ដែល​មជ្ឈមណ្ឌល​ជា​ប្រាសាទបាយ័ន។ ក្នុង​ពេល​ដែល​ចាម​ចូល​លុក​លុយ​ប្រទេស​នា​គ.ស. ១១៧៧ តាម​អ្នក​ប្រវត្តិសាស្រ​ចិនឈ្មោះ ម៉ា ទួន​លិន ថាព្រះបាទ​ជ័យវរ្ម័នទី៧ « បាន​សច្ចា​ថានឹង​សង​សឹក​សត្រូវ​របស់​ព្រះ​អង្គ ហើយ​កិច្ចការ​នេះ អត់​ទ្រាំ​ដោយ​ស្ងាត់​កំបាំង​រយៈ​ពេល ១៥ឆ្នាំ » ។ ប៉ុនែ្តមុន​នឹង​សម្រេច​សេចក្តី​សច្ចា​របស់​ព្រះ​អង្គ ដើម្បី​ធ្វើ​សង្រ្គាម​នឹង​ចាម​នៅ​ក្នុង​ប្រទេស ព្រះ​អង្គ​ត្រូវ​បង្រ្កាបការ​បះ​បោរ​នៅ​ផែ្នក​ខាង​ត្បូង​នៃ​ទឹក​ដី​បាត់ដំបង។ ដើម្បី​បង្រ្កាប​ការ​បះ​បោរ​នេះ ព្រះ​អង្គ​បាន​បញ្ជា ក្សត្រ​ចាម​មួយ​អង្គនាម វិទ្យានន្ទន៍ ឲ្យ​លើក​ទ័ព​ទៅ​បង្រ្កាប​បាន​រាប​ទាប​ឡើង​វិញ។ គួរ​បញ្ជាក់​ថា ក្សត្រ​ចាម​នេះ​បាន​មក​រស់​នៅជាមួយព្រះអង្គ​តាំង​ពី​កេ្មង​ម៉េ្លះ សិលា​ចារឹក​ចាម​នៅ​មី​សឺន​ បាន​សរសេរ​ថា « កាល​ពី​កុមារភាព​របស់​ព្រះ​អង្គ នៅគ.ស. ១១៨២ ព្រះ​អង្គ​ម្ចាស់​វិទ្យានន្ទន៍ បាន​យាង​មក​គង់​នៅ​ប្រទេស​កម្ពុជា។ ព្រះ​មហា​ក្សត្រ​ប្រទេស​កម្ពុជា (គឺ​ព្រះ​បាទ​ជ័យវរ្ម័នទី ៧ បាន​ឡើង​សោយ​រាជ្យ​ឆ្នាំ​មុន) បាន​ទត​ឃើញ​លក្ខណៈ ៣៣ យ៉ាង​របស់​ព្រះ​អង្គ​ម្ចាស់។ ក៏​មាន​ព្រះ​ទ័យ​ស្រឡាញ់​សព្វ​ព្រះ​រាជហទ័យ ហើយ​​ព្រះ​​អង្គ​បង្រៀន​វិទ្យាសាស្រ្ត និង​ក្បួន​យុទ្ធសាស្រ្ត​ដល់​ព្រះ​អង្គ​ម្ចាស់នេះ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​គង់​នៅ​ប្រទេស​កម្ពុជា រាជាណាចក្រ​នេះ​មាន​តំបន់​មួយ​ឈ្មោះ មល្យង ដែល​មាន​មនុស្ស​អាក្រក់​រស់​នៅ ហើយ​បាន​ងើប​បះ​បោរ​ឡើង ប្រឆាំង​នឹង​ព្រះ​មហាក្សត្រ​ខ្មែរ។ ព្រះ​រាជា​បាន​ទត​ឃើញ​ព្រះ​អង្គ​ម្ចាស់​នេះ​ពូកែ​ខាង​សឹក​សង្រ្គាម ក៏​បញ្ជា​ឲ្យ​ដឹក​នាំ​កង​ទ័ព​ខ្មែរ ដើម្បី​ទៅ​បង្រ្កាប​ការ​បះ​បោរ នៅ​មល្យង​នេះ​បាន​ទទួល​ជោគ​ជ័យ។ ដោយ​សារ​គុណ​បំណាច់​ ព្រះ​មហា​ក្សត្រ​ខែ្មរ​ទ្រង់​​ព្រះ​រាជទាន​កិត្តិយស និង​ទ្រព្យ​សម្បត្តិ ដែល​មាន​តម្លៃ​ខ្ពស់ៗដល់​ទ្រង់​វិទ្យានន្ទន៍ » ។
នៅ គ.ស. ១១៩០ ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ធ្វើ​ឲ្យ​ប្រទេស​ដាយ​វៀត (នៃ​មហារាជា លី​ កៅ​ទន់) នៅអព្យាក្រឹត ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​វាយ​ចាម ក្នុង​ឆ្នាំ​ដដែល​ ឱកាស​ល្អ​ហុច​ឲ្យ​ដោយ​សេ្តច ចាម​ជ័យឥន្រ្ទវរ្ម័នទី៤ លើក​កង​ទ័ព​មក​វាយ​ខែ្មរ​ម្តង​ទៀត។ តើ​ព្រះ​បាទ​ជយវរ្ម័នទី៧ ទ្រង់​លើក​ទ័ពប្រឆាំង​នឹង​ការ​វាយ​លុក​របស់​ចាម​ឬ​យ៉ាង​ណា? សិលា​ចារឹក​នៅ​ប៉ោ​នគរ (ឯ​ញ៉ា​ត្រាង) បាន​សរសេរ​ទុក​ថា « ព្រះ​អង្គ​វាយ​យក​បាន​រាជធានី​នៃ​ប្រទេស​ចាម្ប៉ានិង​ប្រមូល​យក​លិង្គ​ទាំង​អស់ »។ ជោគ​ជ័យ​នេះ​បាន​ ដោយ​សារ​ព្រះ​អង្គ​​បញ្ជា​ទ្រង់​វិទ្យានន្ទន៍​លើក​ទ័ព​ទៅ​ទប់​ទល់។ ទ្រង់​វិទ្យានន្ទន៍​វាយ​យកបាន​ក្រុង​វិជ័យ (ប៊ិញ​ឌិញ) ហើយ​ចាប់​សេ្តច​ចាម​ជ័យ​ឥន្រ្ទវរ្ម័ន​ទី៤ ជា​ឈ្លើយ មក​ថ្វាយ​ព្រះ​បាទ​ជយវរ្ម័នទី៧។ ព្រះ​អង្គ​បាន​លើក​ព្រះ​អនុជ​ថៃ្ល​របស់​ព្រះ​បាទ​ជយវរ្ម័នទី៧ ព្រះនាម អិន (អនុជ​ព្រះ​នាង​ជ័យរាជទេវី) ឲ្យ​ឡើង​សោយ​រាជ្យ​នៅ​វិជ័យ។ ដោយ​មាន​ព្រះ​បរមនាម​​ថា សូរ្យជ័យវម៌‌ទេវៈ រួច​ព្រះ​អង្គ​លើក​ទ័ព​បង្ហួស​ទៅ​វាយ​យក​បាណ្ឌុរង្គ (ផាន​​រ៉ាង) ហើយ​ឡើង​សោយ​រាជ្យ​នៅ​ទី​នោះ ដោយ​មាន​ព្រះ​រាជ​បរមនាម​ថា សូរ្យវម៌‌ទេវៈ ។ ប្រទេស​ចាម្ប៉ា​បាន​ចែក​ជា​ពីរ​ផែ្នក មួយ​ផែ្នក​គ្រប់​គ្រង​ដោយ​ព្រះ​រាជា​ខែ្មរ និង​មួយ​ផែ្នក​ទៀត​ដោយ​ក្សត្រ​ចាម វិទ្យានន្ទន៍។ តែ​មិន​យូរ​ប៉ុន្មាន ពួក​ចាម​នៅ​វិជ័យ ក៏ងើបបះ​ឡើង ដោយ​បណេ្តញ​ព្រះ​អង្គ​ម្ចាស់​អិន រត់​ចូល​មក​ស្រុក​ខែ្មរ​វិញ ហើយ​លើក​សេ្តច​ចាម​ ព្រះ​នាម រសុបតិ ឲ្យ​ឡើង​សោយ​រាជ្យ​ជា​ជំនួស​វិញ។ ឆ្លៀត​ឱកាស​នេះ ព្រះ​រាជា​វិទ្យានន្ទន៍​បាន​បង្រួប​បង្រួម​ប្រទេស​ចាម​ឲ្យ​មាន​ឯកភាព​ឡើង​វិញ ក្រោយ​ពី​បាន​ធ្វើ​គុត​ព្រះ​ជ័យ​ឥន្រ្ទវរ្ម័នទី៥ (រសុបតិ) ហើយ​ឡើង​សោយ​រាជ្យ​ប្រទេស​ចាម្ប៉ា​ទាំង​មូល ពីគ.ស. ១១៩២ ដល់ ១២០៣។ នៅ គ.ស. ១១៩៣ និង ១១៩៤ ព្រះ​បាទ​ជ័យវរ្ម័នទី៧ ទ្រង់​បាន​សាក​ល្បង​ឲ្យ​ព្រះ​វិទ្យានន្ទន៍​ទទួល​ស្គាល់​អំណាច​ព្រះ​អង្គ​វិញ តែ​ឥតប្រយោជន៍ទេ រហូត​ដល់ គ.ស. ១២០៣ ព្រះ​អង្គ​បាន​បញ្ជា​សេ្តច​ចាម​មួយ​អង្គ​ទៀត ព្រះ​នាមអុង​ធនបតិក្រាម ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ទ្រង់​វិទ្យានន្ទន៍ ឲ្យ​លើក​ទ័ព​ទៅ​វាយ​កម្ចាត់​ក្មួយ​ព្រះ​អង្គ​ទាល់​តែ​បាន។ ចាប់​ពីគ.ស. ១២០៣ ដល់ ១២២០ ប្រទេស​ចាម្ប៉ា​ក៏​ក្លាយ​ទៅ​ជា​អាណាខេត្ត​របស់​ខែ្មរ។ ការ​លូក​ដៃ​ច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​ខាង​កើត ដែល​ជា​ប្រទេស​ជិត​ខាង ពុំ​បាន​ទប់​ស្កាត់​មិន​ឲ្យ​ព្រះ​អង្គ ពង្រីក​ទឹក​ដី​ទៅ​ខាង​ជើង និង​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​ឡើយ គឺ​នៅ​ក្នុង​រជ្ជកាល​នេះ​ហើយ ដែល​សិលា​ចារឹក​សាយ​ហ្វុង (ជិត​ក្រុង​វៀងចន្ទន៍) បាន​បញ្ជាក់​ពី​កាលបរិចេ្ឆទ ហើយ​អ្នក​ប្រវត្តិសាស្រ្ត​ចិន បាន​និយាយ​ពី​អំណាច​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ភ្ជាប់​ទឹក​ដី​មួយ​ផែ្នក​នៃ​ឧបទ្វីប​មឡាយូ និង​វាត​អំណាច​រហូត​ដល់ប្រទេសភូមា។ ម្យ៉ាង​ទៀតសិលា​ចារឹក​មួយ​នៃ​ប្រាសាទព្រះខ័ន​ បាន​ឲ្យ​ដឹង​ថា ទឹក​មន្ត​ត្រូវ​បាន​ផ្តល់ ដោយ​ព្រាហ្មណ៍​សូរ្យភក្ត និង​ព្រហ្មណ៍​ឯ​ទៀត​ទាំង​អស់​ក្នុង​ព្រះ​បរម​រាជវាំង ព្រះ​រាជា​នៃ​យវនៈ និង​ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចម្ប៉ា។ ព្រាហ្មណ៍​សូរ្យភក្ត​ ប្រហែល​ជា​មេ​នៃ​ព្រាហ្មណ៍​ទាំង​អស់​ក្នុង ព្រះបរមរាជវាំង។ ព្រះ​រាជា​នៃ​យវនៈ គឺ​ជា​អធិរាជ លី អាញ់​តុង (Lý Anh Tông) ដែល​សោយ​រាជ្យ​នៅ គ.ស. ១១៧៥ មាន​ព្រះ​បរមនាម​សម្រាប់​រាជ្យ​ថា លីកាវ​​តុង (Lý Cao Tông) និង​សោយ​រាជ្យ​រហូត​ដល់ គ.ស. ១២១០។ ព្រះ​រាជា​ពីរ​អង្គ​នៃ​ប្រទេស​ចម្ប៉ា គឺ​ព្រះ​រាជា​សោយ​រាជ្យ​នៅ​ក្រុង​វិជ័យ (ប៊ិញ​ឌិញ) ដែល​ត្រូវ​ជា​ព្រះ​អនុជ​ថៃ្ល​នៃ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ និង​ព្រះ​រាជា​ដែល​សោយ​រាជ្យ​នៅ​បាណ្ឌុរង្គ (ផាន​រ៉ាង) គឺ​ទ្រង់​វិទ្យានន្ទន៍ ដែល​ការ​ពារ​ដោយ​ព្រះ​ជយវរ្ម័នទី៧។
គេ​បាន​ដឹង​ថា ការ​ថ្វាយ​ទឹក​មន្ត​មាន​ន័យ​ថា ទទួល​ស្គាល់​ការ​ស្ថិត​នៅ​ក្នុង​ចំណុះ​នៃ​ប្រទេស​ដែល​គេថ្វាយ​នោះ។ ទំនៀម​នេះ​ នៅ​មាន​រហូត​ដល់​សព្វ​ថៃ្ង​នេះ។ នៅ​ក្នុង​រាជវាំង​ក្រុង​ភ្នំពេញឬ​បាងកក នៅ​ពេល​ពិធី​អភិសេក​សេ្តច​ឡើង​សោយ​រាជ្យ ទឹក​មន្ត​សម្រាប់​ធ្វើ​ពិធី​ គឺ​ជា​ទឹក​ដែល​ទទួល​បាន​ពី​ទនេ្ល​សំខាន់ៗ​នៃ​ប្រទេស និង​ពី​ខេត្ត​ផេ្សងៗ នៃ​ព្រះ​រាជាណាចក្រ។ ការ​ស្ថិត​នៅ​ក្រោម​ចំណុះ​ប្រទេស​កម្ពុជា​ នៃ​ប្រទេស​ចាម្ប៉ា​ទាំង​ពីរ មិន​យូរ​អងែ្វង​ដូច​នៅ​ក្រោម​អំណាច​របស់​ជ្វា អំណាច​របស់​មហារាជ​អណ្ណាម​ឡើយ។ ក្រោយ​ពី​ព្រះ​នាង​ជ័យរាជទេវី​សោយ​ព្រះ​ពិរាល័យ​ទៅ ព្រះ​បាទ​ជយវរ្ម័នទី៧ បាន​រៀប​រាជាភិសេក​ជាមួយ​ព្រះ​នាង​ឥន្រ្ទទេវី ដែល​ជា​ព្រះ​រៀម​បង្កើត​របស់​ព្រះ​នាង​ជយទេវី។ ក្សត្រី​អង្គ​នេះ​ជា​ស្រ្តី​សម្បូរ​ទៅ​ដោយ​ចំណេះ​វិជ្ជាជាច្រើន។ ព្រះ​នាង​បាន​ទទួល​តំណែង​ជា​សាស្រ្តាចារ្យ​ក្នុង​វត្ត​ព្រះ​ពុទ្ធសាសនា​មួយ ហើយ​បាន​ក​សាង​សិលា​ចារឹក​ភិមាន​អាកាស ដែល​ជា​ប្រភព​យ៉ាង​សំខាន់​ទាក់​ទង​នឹង​ព្រះ​ជីវប្រវត្តិ​នៃ​ព្រះ​បាទ​ជ័យវរ្ម័នទី៧។ គេ​មិន​ដឹង​ច្បាស់​ថា ព្រះ​បាទ​ជយវរ្ម័នទី៧ សោយ​ទិវង្គត​ទៅ​នៅ​ឆ្នាំ​ណា​ទេ។ ព្រះ​អង្គ​ទំនង​ជា​សោយ​រាជ្យ​រហូត​ដល់ គ.ស. ១២១៨។ ព្រះ​អង្គ​មាន​ព្រះ​មរេមនាម​ថា មហា​បរម​សៅគត។ ព្រះ​នាមនេះ​ស​ឲ្យ​ឃើញ​ថា ព្រះ​អង្គ​ជា​ពុទ្ធសាសនិកជន​មួយ​រូប តែ​ទោះ​បី​យ៉ាង​ហ្នឹង​ក៏​ដោយ ក៏​ព្រះ​អង្គ​មាន​ព្រាហ្មណ៍​បុរោហិត​មួយ​រូប ឈ្មោះ ឫសីកេស (ឫឞិកេឝ) ដែល​ជា​សក្ខីភាព​ប្រាប់​ថា សាសនា​ព្រាហ្មណ៍​នៅ​ពេល​នោះ នៅ​មាន​ឥទ្ធិពល​ខ្លាំង​គួរ​សម​ដែរ។ តាម​រូប​បដិមា​ព្រះ​បាទ​ជយវរ្ម័នទី៧ មាន​សាច់​មាំ ព្រះ​កេស​មាន​ផ្នួង​សក់​តូច។ លក្ខណៈ​នេះ​មាន​ច្បាស់​នៅ លើ​ក្បាច់​ចម្លាក់​ជា​ច្រើន គេ​បាន​ឃើញ​រូប​បដិមា​ពីរ គឺ​មួយ​នៅ​អង្គរធំ និង​មួយ​ទៀត​នៅ​ប្រាសាទ ​ពិមាយ​ជិត​គោរាជ (โคราช ខូរ៉ាត) (នគររាជ) ដែល​ថែ​រក្សា​នៅ​សារមន្ទីរ​ក្រុង​បាងកក។ រូប​បដិមា​ទាំង​ពីរ​នេះ គឺ​ជា​ព្រះ​រូបរបស់ ​ព្រះ​បាទ​ជយវរ្ម័ន ទី៧
អំពី​កាលបរិចេ្ឆទ​នៃ​ការ​សោយទិវង្គត គេ​ពុំ​បាន​ដឹង​ពិត​ប្រាកដ​ទេ។ គេ​ចោទ​ជា​សំណួរ​ថា តើ​ព្រះ​អង្គមាន​ព្រះ​រោគ​អ្វី ដែល​​នាំ​ឲ្យ​ព្រះ​អង្គ​សោយ​ទិវង្គត? មាន​រូប​ចម្លាក់​ពីរ​នា​សម័យ​នោះ គឺ​រូប​ចម្លាក់ នៅ​ហោជាង​ប្រាសាទ​តូច ដែល​គេ​ហៅ​ថា មន្ទីរ​ពេទ្យ ស្ថិត​នៅ​ខាង​កើត​ប្រាសាទ​តាកែវ។ លោក វិកទរ ហ្គោលូបេវ (V. Goloubew) បាន​សិក្សា​យ៉ាង​ល្អិត​ល្អន់​លើ​ក្បាច់​ចម្លាក់ ដើម្បី​សែ្វង​យល់​អំពី​រឿង « សេ្តចគម្លង់ » ប៉ុនែ្តពុំ​មាន​រូប​បដិមា​ណា ដែល​ត្រូវ​នឹង​រឿង​នេះ​ឡើយ។ ហើយ​លោក​បាន​ផ្តល់​អត្ថបទ​របស់​លោក​វេជ្ជបណ្ឌិត ម៉េស៍ណារដ៍ (Mesnard) ជា​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ក្រុង​ព្រៃ​នគរ បាន​ប្រគល់​ឲ្យ​គាត់ នៅ គ.ស. ១៩៣៤ អំពី​អត្ថាធិប្បាយ​លើ​ក្បាច់​ចម្លាក់​នៃ​ប្រាសាទ​បាយ័ន​ដូច​ត​ទៅ ៖
  • « កំភួន​ដៃនិង​ដៃ​នៃ​អ្នក​ជំងឺ ជា​វត្ថុ​បំណង​នៃ​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពី​ស្រ្តី​ដែល​នៅ​ព័ទ្ធ​ជុំវិញ។ កាយវិការ​នៃ​ស្រ្តី​ម្នាក់ មាន​លក្ខណៈ​ដូច​ជា​ចាប់​កាន់​ត្រចៀក​ខាង​ស្តាំបើក​ឲ្យ​ធំ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ដែល​សំខាន់​បំផុត »។
  • « អវយវៈ​ក្រោម​ ទ្រ​ដោយ​វត្ថុ​មួយ​នៅ​ក្រោម​ជង្គង់ »។
  • « ស្រ្តី​ម្នាក់​លើក​ជើង​ស្តាំ​របស់​មនុស្ស​នោះ ដោយ​ដៃ​ឆេ្វង និង​ដៃ​ស្តាំ​ដូច​ជា​រឹត​ច្របាច់​គក់​ជើង​ឆេ្វង »។
  • « កាយវិការ​នៃ​ស្រ្តី​ទាំង​នេះ ដូច​ជា​ចង្អុល​បង្ហាញ​ថា មនុស្ស​នោះ​មាន​ជំងឺ​នៅ​ចុង​អវយវៈគឺ​ជំងឺ​ឃ្លង់?» ការ​កត់​ចំណាំ​សំខាន់​មួយ​ទៀត​នៅ​ជិត​ខ្លួន នៃ​មនុស្ស​នោះ​មាន​ថូ​មួយ ដែល​ដាក់​ផែ្ល​ឈើ​រាង​មូល​ពេញ។ ផែ្ល​ឈើ​នេះ​ប្រហែល​ជា​ផែ្ល​ក្របៅ (Chaulmoogra) ។ ដើម​ក្របៅ (Hydnocarpus anthelmintica) ជា​ដើម​ឈើ ដែល​ដុះ​ពាស​ពេញ​ព្រៃ៕

     

No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...