ក្រុមប្រាសាទសម្បូរព្រៃគុក គឺជាក្រុមប្រាសាទធ្វើអំពីឥដ្ឋតាន់/
ថ្មបាយក្រៀម និងថ្មភក់ ដែលស្ថិតនៅភូមិសម្បូរ ស្រុកសម្បូរ ប្រមាណជា ២៥គីឡូក្រាម ពីទីរួមខេត្តកំពង់ធំ។ ក្រុមប្រាសាទសម្បូរព្រៃគុកត្រូវបានស្ថាបនាឡើងជាលើកដំបូងបង្អស់ ដោយព្រះមហាក្សត្រខ្មែរ នាសម័យបុរេអង្គរបីព្រះអង្គដ៏ខ្លាំងពូកែ គឺព្រះបាទភវរ្ម័នទី១ ព្រះបាទស្រីមហេន្ទ្រវរ្ម័នចិត្រសេនា និងព្រះបាទឥសានវរ្ម័ន នៅចុងសតវត្សរ៍ទី ៦ និងដើមសតវត្សរ៍ទី៧ ។ បន្ទាប់មកទៀត វាត្រូវបានស្ថាបនាបន្ថែម ជាបន្តបន្ទាប់រហូតដល់ដើមសតវត្សរ៍ទី ១០នៃគ.ស មុនការផ្លាស់ទីតាំងនៃព្រះរាជធានីចេនឡាទៅកាន់តំបន់គូលែន នៅខេត្តសៀមរាបបច្ចុប្បន្ន។
សូមជម្រាបត្រង់នេះថា ក្រុមប្រាសាទសម្បូរព្រៃគុក ដែលបានចែកចេញជាបីក្រុមធំៗ និងក្រុមឧបសម្ព័ន្ធនានានោះ គឺមិនមែនជាទីក្រុងឥសានបុរៈ ឬឥសានបុរីរបស់ព្រះបាទឥសានវរ្ម័នទី ១ (៦១៥-៦៣៥ គ.ស) នោះទេ។ ក៏ប៉ុន្តែ ក្រុមប្រាសាទទាំងឡាយនៃទីក្រុងឥសានបុរៈ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងនៃក្រុមប្រាសាទទាំង ៣ខាងលើនេះឡើយ។
ស្លាករមណីយដ្ឋាន ប្រាសាទសម្បូរព្រៃគុក នៅមាត់ផ្លូវចូល ក្រុមប្រាសាទសម្បូរព្រៃគុក នៅខេត្តកំពង់ធំ (ម.ត ២០១១)
ម្យ៉ាងវិញទៀត ការសរសេរពាក្យគុហ៍ ដោយអ្នកនិពន្ធខ្លះ គឺជាពាក្យមិនសមស្របនឹងអត្ថន័យដើមឡើយ ពោលគឺជាការខុសឆ្គងមួយដែលតម្រូវឲ្យមានការបំភ្លឺនៅទីនេះ។
ជាបឋម សូមបញ្ជាក់ថា សម្បូរ ព្រៃគុក គឺជាអក្សរផ្សំរវាងពាក្យទាំង ៣ម៉ាត់ គឺពាក្យសម្បូរព្រៃ និង គុក។ អ្នកស្រាវជ្រាវបារាំងដំបូងបង្អស់ពីរនាក់គឺ លោក អាដឺម៉ារ ឡឺក្លែរ និងលោក ហង់រី ប៉ារម៉ាំងទីយេ ដែលបានសិក្សាក្រុមប្រាសាទសម្បូរព្រៃគុកមុនដំបូងបង្អស់បានសរសេរថា គុក (Kuk) ដែលមានន័យថា ប៉មយាម ប្រាសាទ, កុដ, វិហារ (tour) ហើយនេះជាអ្វីមួយដែលអ្នកស្រាវជ្រាវ ក្រោយមកទៀតដូចជា លោក ដឺឡាហ្សុងគីយ៉ែរ៍ និងហ្គ្រោលីយេរ៍ បានគោរពប្រតិបត្តិតាមរហូតបច្ចុប្បន្ន។
ដូចទើបពោល ពាក្យថា គុក (Kuk) ជាពាក្យខ្មែរ ដែលតាមធម្មតា មានន័យថា ប្រាសាទជាហូរហែ។ រីឯពាក្យសម្បូរ គឺជាឈ្មោះរបស់ភូមិមួយដែលស្ថិតជិតក្រុមប្រាសាទទាំងនោះ។ ចំណែកពាក្យព្រៃវិញ សំដៅព្រៃឈើ។ សេចក្តីត្រង់នេះ មានសារសំខាន់ណាស់ ព្រោះពាក្យគុក ត្រូវបានឮហើយ កត់ត្រានៅចុងសតវត្សរ៍ទី ១៩ និង ដើមសតវត្សរ៍ទី ២០ មកម្ល៉េះ ដោយប្រវត្តិវិទូដ៏ល្បីៗ ដែលបានអញ្ជើញមកស្រាវជ្រាវក្រុមប្រាសាទទាំងនោះមុនគេ។
ដូចនេះ ពាក្យទាំងបីម៉ាត់ សម្បូរព្រៃគុកនេះ មានន័យយ៉ាងជាក់ច្បាស់ថា ’ព្រៃស្តុក ដោយគុក ឬប្រាង្គប្រាសាទ” (La foret aux tours) ហើយសំដៅយកក្រុមប្រាសាទទាំងឡាយ ដែលមាននៅលើទីតាំងនេះទាំងមូល។
ជាអវសាន ពាក្យគុកនេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ជាតិយើង ប្រើប្រាស់ជាផ្លូវការរហូតដល់សព្វថ្ងៃដែរ ម្ល៉ោះហើយ ពាក្យគុហ៍ ត្រូវទុកថាជាមោឃៈ៕F
(ម.ត្រាណេ)
នេះជាសម្ដីអ្នកស្រាវជ្រាវដែលគេទទួលស្គាល់ម្នាក់គឺលោក មីសែល ត្រណេ។
ដូច្នេះ ប្រាសាទនេះ ឈ្មោះ«សម្បូរព្រៃគុក» មិនមែន«សម្បូរព្រៃគុហ៍»ឡើយ។ ក៏ប៉ុន្តែ យើងមានការសោកស្ដាយដោយអ្នកនិពន្ធមិនបានយកឯកសារលោកអាដឺម៉ារឡឺក្លែរនិងលោក ហង់រី បារម៉ាំងទីយេ មកបង្ហាញថា Kuk (គុក) មានន័យថាប្រាសាទ ប៉មជាដើម។ សង្ឃឹមថា លោកម៊ីសែល ត្រាណេ នឹងបង្ហាញឯកសារនេះនៅពេលក្រោយ។
រឿងដែលខ្ញុំបារម្ភពីរឿងបារាំងកត់ត្រាសូរ តាមសម្ដីទម្លាប់របស់អ្នកស្រុក។ បានជាខ្ញុំថាដូច្នោះ មកពីបានជួបប្រទះ ការប្រែប្រួលពី«នគរ» ទៅ«អង្គរ» ទៅហើយ។ «អង្គរ» ជាពាក្យក្នុងសំដីធម្មតារបស់អ្នកស្រុកដែលសំដៅលើពាក្យ«នគរ»។ ឬក៏មានពាក្យ«អង្គរ» ខុសពី«នគរ»? ក្រែងមាន«នគរវត្ត» ដែលផ្សេងពី«អង្គរវត្ត»? ព្រោះមានពាក្យ«មហានគរ» តែគ្មាន«មហាអង្គរ» ដូច្នេះ «អង្គរ» អាចខុសពី«នគរ» ហើយមើលទៅ។
ជាវិបាក នគរបុរី ខុសពី អង្គរបុរី ព្រៃនគរខុសពីព្រៃអង្គរ ជាដើម។
នគរវត្តឬអង្គរវត្ត? ឬ «អង្គរវត្ត» មិនជា «នគរវត្ត»? ឬ «នគរវត្ត» មិនមែនជា«អង្គរវត្ត»? បើតាមឯកសារបារាំងខ្លះថា«អង្គរ» ខ្លះថា«នគរ» ស្នាដៃមួយ បើមិនច្រឡំ របស់ ហ្សក សឺដេស? ដាក់ចំណងជើងថា «សិលាចារឹកនគរវត្ត» ក៏គឺគាត់ដកស្រង់ពីអង្គរហ្នឹងឯង។
No comments:
Post a Comment