ម្រេញគង្វាល​មាន​ដើមកំណើត​មកពីណា​បច្ចុប្បន្ន​កំពុង​ពេញនិយម​ក្លាយជា​ទេវតា​ក្មេង​ថែរក្សា​ទ្រព្យសម្បត្តិ




ជាការ​ចាំបាច់​ដែល​ទំនៀមទម្លាប់​ប្រពៃណី ដែលជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​របស់​ប្រជាជន​ត្រូវ​រក្សាទុក​នូវ​លក្ខណៈ​ដើម​ឲ្យ​បាន​គង់វង្ស ជាពិសេស​ក្នុងខណៈ​មួយ​ដែល​សង្គមជាតិ​ស្ថិតក្នុង​ស្ថានភាព​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ដោយ​សម័យ​ទំនើប​ក៏​បណ្ដាល​ឲ្យ​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។​
​ដូច្នេះហើយ​បានជា​យើង​សូម​ធ្វើការ​កត់សម្គាល់​មួយចំនួន លើ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​ម្រេញ​កង្វា​ល​ខ្មែរ ដែលជា​ប្រភេទ​ខ្មោច​ព្រៃ​មួយ​ប្រភេទ ថែរក្សា​ហ្វូង​សត្វ​ដំរី ដែល​សព្វថ្ងៃ​បានក្លាយ​ទៅជា​អ្នកថែរក្សា​ផ្ទះ​ស្បែង ទ្រព្យសម្បត្តិ​ទៅវិញ ព្រមទាំង​ការប្រែប្រួល​ទម្រង់​ដើម​ខ្លះៗ​មកពី​របត់​សង្គម​។ គឺ​ភាពខុសប្លែក​ខ្លះៗ​នេះហើយ​ដែល​គប្បី​យើង​ត្រូវ​កត់សម្គាល់ ដើម្បី​ទុកជា​ទិន្នន័យ​ប្រវត្តិសាស្ត្រ សម្រាប់​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​។​
​ជា​រៀងរាល់​ពេលដែល​យើង​ចូល​ទៅតាម​ស្រុក ភូមិ មិន​ថា នៅ​ទីក្រុង​ឬ​នៅ​ខេត្ត​ទេ យើង​តែងតែ​ឃើញ​នៅមុខ​ផ្ទះ​របស់​អ្នកស្រុក ភូមិ​នូវ​វត្តមាន របស់​ខ្ទម​មួយ​ធ្វើ​អំពី​ឈើ ឬ​ស្បូវ ដែលជា​លំនៅស្ថាន​របស់​ម្រេញ​កង្វា​ល​។ ហើយ​ជានិច្ចកាល ម្ចាស់ផ្ទះ សែនព្រេន​ចំណី ដូចជា ស្ក​គ្រាប់ និង​ទឹក​ជាដើម ដោយ​មានជំនឿថា ម្រេញ​កង្វា​ល​នឹង​ផ្តល់​ចំពោះ​គេ​នូវ​សេចក្តីសុខ សេចក្តីចំរើន​ពុំខាន​។​

​តាម​ការសង្កេត​របស់​យើង​ក្នុង​ខេត្ត​មួយចំនួន ការដែល​ប្រជាជន​ខ្មែរ​សព្វថ្ងៃ នាំគ្នា​គោរពបូជា​ម្រេញ​កង្វា​ល​សឹងតែ​គ្រប់​ផ្ទះ​ទាំងអស់ ហើយ​ទង្វើ​នេះ ពុំ​ធ្លាប់មាន​ពីមុន​ទាល់តែសោះ មានន័យថា ជំនឿ​នេះ​បាន​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ស្ថានភាព​សង្គម​ជាក់ស្តែង ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដែល​ប្រជាជន​ខ្មែរ​ច្រើនតែ​ផ្តោតលើ​វិស័យសេដ្ឋកិច្ច​ជា​អត្ថិភាព​ជាង​កត្តា​ផ្សេងៗ​ទៅទៀត​។​
​តែ​យ៉ាងណាក៏ដោយ ក៏​ជំនឿ​លើ​ម្រេញ​កង្វា​ល​របស់​ខ្មែរ​យើង គឺជា​ភស្តុតាង​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់លាស់ ក្រៅពី​លក្ខណៈ ជីវ​ច​ល​និយម​របស់​ទំនៀមទម្លាប់ ប្រព័ន្ធ​មនោគមន៍​វិទ្យា សាសនា​របស់​ខ្មែរ​ជុំវិញ​បរិបទ សង្គម​វប្បធម៌​ដែល​អាច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​សម្ព័ន្ធភាព​ដ៏​ស្អិតរ​មួ​ត រវាង​មនុ​ស្សនឹង​ធម្មជាតិ ដែលជា​ប្រភព​នៃ​សុភមង្គល គឺ​ភាពសម្បូរ​សប្បាយ​ដ៏​ផូរផង​នៃ​ជីវិត​។​

​តើ​អ្វី​ទៅជា​ម្រេញ​កង្វា​ល ពាក្យ​នេះ​មាន​អត្ថន័យ​យ៉ាណា​ដែរ​?
កាលពី​អតីតកាល​ដ៏​យូរលង់​រហូតមកដល់​បច្ចុប្បន្នភាព ទំនៀមទម្លាប់​ជឿ​លើ​ម្រេញ​កង្វា​ល ត្រូវ​ខ្មែរ​យើង​ប្រកាន់យក​តៗ​គ្នា​រហូតមក ដូចជា​នៅក្នុង​ប្រទេស​ខ្មែរ​យើង​ក្ដី ឬ​ប្រទេស​ថៃ​ក្តី ជាពិសេស​នៅក្នុង​ភូមិភាគ​ឦ​សាន្ត​នៃ​ប្រទេស​នេះ ដែល​ធ្លាប់ជា​ដែនដី​ខ្មែរ​យើង​ពីមុនមក​ក្ដី​។ ម្ល៉ោះហើយ​ជំនឿ​លើ​ម្រេញ​កង្វា​ល ក៏​ជាប់លាប់​ក្នុងសង្គម​ខ្មែរ​ជា​រៀងរហូត ហើយ​ក្លាយទៅជា​ប្រពៃណី​ប្រចាំ​ជាតិ ទោះបី​មាន ប្រភព​បែប​ពុទ្ធ​និយម​ក៏ដោយ​។​
ដោយមាន​ជំនឿ​ទំនៀមទម្លាប់​ដូនតា​ខា​លើ​នេះហើយ បានជា​មានការ​ដំណាង​ជា​រូបសំណាក់ ដោយ​ឧបកិច្ច​នឹង​ជំនឿ​មួយ ចំនួន​ពាក់ព័ន្ធ​ទៅលើ​អច្ឆរិយៈវត្ថុ​មួយចំនួន​ជាដើម ជាពិសេស​ជំនឿ​លើ​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​របស់​ម្រេញ​កង្វា​ល​ដែលមាន​ល​ក្ខិ​ណៈ​បុគ្គល​ដូចខាងក្រោម​។​ប្រសិនបើ​គេ​ដើរ​យប់​តាម​ដងព្រៃ​ភ្នំ​ក្រំ​ថ្ម គេ​រមែងតែ​ជួប​ឃើញ​ក្មេង​តូចៗ​ជិះ​ពីលើ​ខ្នង​ដំរី​។ ក្មេង​តូច​ល្អិត​ទាំងនោះ គឺជា​ម្រេញ​កង្វា​ល ដែលជា​អ្នក​ឃ្វាល​។ ដូច​ពោល​ខាងលើនេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ហ្វូង​សត្វ​ដំរី ឬ​ហ្វូង​សត្វ​ដទៃៗ​ឯទៀត ដូចជា​គោព្រៃ ឬ​ប្រើស ដោយសារតែ​ពួកគេ​ជា​អ្នក​បីបាច់​ថែរក្សា​ហ្វូង​សត្វ​ទាំងឡាយ កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​របស់​ពួក​ព្រានព្រៃ​។​

​តាម​ការចងចាំ​របស់​ចាស់ៗ នា​ទស្សវត្ស​ន៍​ឆ្នាំ​១៩៥០ ប្រភេទ​បិសាច​នេះ​ស្លៀក​ខោខ្លី​លែងខ្លួន​ទទេ ក្បាល​កោ​ទុក​ជុក មាន​ទឹកមុខ​ញញឹម​ប្រិមប្រិយ៍ រីករាយ​សប្បាយ ដូចជា​គ្មាន​កង្វល់​អ្វី​ទាំងអស់​។ ដោយសារតែ​លក្ខណៈ​បុគ្គល​ទាំងនោះ ត្រូវគេ​ប្រដូច​ទៅ នឹង​ហ្ម ឬ​អ្នក​ទាក់ដំរី​ដ៏​ពិសិដ្ឋ​ ។ ដូច្នេះហើយ អ្វីដែល​ជាការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​គេ​នោះ គឺ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​កំណប់​ភ្លុក​ដែល​ហ្វូង​ដំរី​ចាស់ៗ​មុននឹង​ស្លាប់ បាន​កាច់​បំបាក់​ទុក​នៅក្នុង​រូងភ្នំ​ដ៏​អាថ៌កំបាំង​មួយ ហើយ​ជា​អ្វីមួយ​ដែល​មនុស្ស​គ្រប់រូប​ចង់បាន​ចង់​មាន ដើម្បី​ក្លាយជា​សេដ្ឋី​។
តាម​ការ​រំលឹក របស់​អ្នកស្រុក​នៅ​ខេត្ត​សុ​រិ​ន្ទ្រ និង​ខេត្តពោធិសាត់ ដែល​ធ្លាប់់ជា​អ្នក​ទាក់ដំរី​បាន​ឲ្យ​ដឹងថា ដើម្បី​កុំ​ឲ្យ​ពួក​ព្រានព្រៃ​ប៉ះពាល់​ទៅដល់​ផ្នូរ​កំណប់​ភ្លុក​ដំរី​នោះ ម្រេញ​កង្វា​លអាច​នឹងធ្វើ​ឲ្យ​ពួកគេ​ជួបប្រទះ​នូវ​ផលវិបាក​គ្រប់បែបយ៉ាង​រហូតដល់​ក្ស័យជីវិត​ក្នុង​រូងភ្នំ​ក៏សឹងមាន​។ តាមរយៈ​ការសាកសួរ​ពី​អំណាច​បារមី​ដ៏​មាន​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​ថា ពួកគេ​អាច​បំបាំង​ផ្នូរ​សព​ដំរី​ទាំងនោះ​ដោយ​ធ្វើ​ឲ្យ​រលាយ​ខ្សុល​ដូច​ផ្សែង​បាន ឬក៏​បង្វែ​ផ្លូវ​ឲ្យ​ព្រានព្រៃ​ធ្លាក់​ក្នុង​ជ្រោះ​ស្លាប់ ឬក៏​ធ្វើ​ឲ្យ​ដាច់​បាយទឹក​ស្លាប់​ក្នុងព្រៃ​ស្ងាត់ជ្រងុំ​។​ តាម​ក្រឹត្យក្រម​ដូនតា​ចំពោះ​អ្នក​ដែល​រស់រានមានជីវិត​វិញ ហើយ​បើ​គេ​ធ្លាក់ខ្លួន​ឈឺ គេ​ត្រូវ​រក​អាចារ្យ​លើក​សំណែន​ក្បាលជ្រូក ផ្លែឈើ និង​ស្រា​ប៊ឺ​ត ដើម្បី​លុបលាង​កំហុស​។​

ពោល​ដល់​ត្រឹមនេះ សូមជម្រាបថា តាម​ការសង្កេត​របស់​យើង​នៅ​ខេត្ត​សុ​រិ​ន្ទ្រ និង​បុរីរម្យ គេ​ពុំ​បានឃើញ​ការធ្វើ​ខ្ទម ឬ​ពែ​ម្រេញ កង្វា​ល​សម្រាប់​ដាក់​ព្យួរ​នៅមុខ​ផ្ទះ​ដូច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ ភាគច្រើន​ធ្វើ​រូប​ម្រេញគង្វាល ក្នុង​កាលៈទេសៈ​ណា​ដែលមាន​មនុស្ស​ធ្លាក់ខ្លួន​ឈឺ ព្រោះ​ពួក​ម្រេញគង្វាល​លង​ទៅវិញ​។ ហើយ​ចំពោះ​ការធ្វើ​រូបតំណាង​ម្រេញគង្វាល​ទៀតសោត តាម​ប្រពៃណី​បុរាណ​វិញ ដែល​គេ​ធ្លាប់តែ​ឃើញ​នៅក្នុង​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ ជាពិសេស​នៅ​តំបន់​ដែលមាន​បងប្អូន​ជនជាតិភាគតិច​កួយ​រួមរស់​ជាមួយ​ខ្មែរ ហើយ​ជា​អ្នក​ទាក់ដំរី គឺ​គេ​មាន​ទម្លាប់​យក​ដី​មក​សូន​រួចស្រេច​ហើយ គេ​ក៏​យក​ធ្យូង​មក​ដាក់​ទៅលើ​ចម្លាក់​ដី​ដុត​ទាំងនោះ រួចហើយ​គេ​ក៏​នឹងធ្វើ​ពិធី​តាម​ទម្លាប់​មូលដ្ឋាន ក្រោយពី​ហាល​រូប​ទាំងនោះ​ឲ្យ​ស្ងួត ដោយ​កំដៅ​ព្រះអាទិត្យ ។​

បន្ទាប់មក​ព្រឹទ្ធាចារ្យ ក៏​យក​រូប​ដី​ដុត​ទាំង​នោះមក​ដាក់​លើ​ពែ​មួយ​ដោយមាន​ត្រួយ​ស្វាយ​៤ គ្របពីលើ ហើយ​យកទៅ​ចោល​នៅ​ទិសនិរតី ដោយមាន​គ្រឿង​សំណែន​ជាប់​ជាមួយ​ផងដែរ ។​ អ្វីដែល​ទើប​ពោល​បង្ហាញ​ឲ្យ​ឃើញថា ជំនឿ​លើ​ម្រេញគង្វាល​នៅ​ប្រទេស​កម្ពុជា​យើង​មាន​ការវិវត្ត​យ៉ាងខ្លាំង​ក្លា ហើយ​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​លក្ខណៈ​ដើម ទាំង​ពិធី​កម្ម​ទាំង​ទម្រង់​យ៉ាង​ប្រាកដ​។ នៅ​ប្រទេស​ខ្មែរ​យើង​ស្លឹក​ស្វាយ​ទាំង​៤​នេះ ត្រូវបាន​ជំនួស​ដោយ​សម្លៀកបំពាក់​ពណ៌​ក្រហម ៤ សម្រាប់ ដែល​គេ​ព្យួ​ជាប់ និង​ពែ ។​

បើតាម​ទិន្នន័យ​ដែល​យើង​ប្រមូលបាន ការ​សូន​រូប និង​ធ្វើ​ពែ​បែប​បងប្អូន​ខ្មែរ​នៅ​ស្រុក​សៀម ឈប់​ត្រូវគេ​អនុវត្ត​ប្រតិបត្តិ​ទៀតហើយ នៅតាម​ស្រុកភូមិ​ខ្មែរ ហើយក៏​ដោយសារ​តឹកតាង​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​គិតថា ជំនឿ​លើ​ម្រេញគង្វាល​ទំនងជា​ត្រូវបាន​ផ្លាស់ប្តូរ​ទម្រង់ ។​ ​បើ​និយាយ​ឲ្យ​ចំ​ទៅ លក្ខណៈខុស​ប្លែក​រវាង​ប្រពៃណី​នៅក្នុង​សហគមន៍​ខ្មែរ​នា​សម័យមុន រួមមាន​ជនជាតិខ្មែរ​នៅ​ប្រទេស​ថៃ​ផង​ដែរនោះ​និង​នៅក្នុង​ប្រទេស​ខ្មែរ​បច្ចុប្បន្ន ដែល​បាន​កើតឡើង​នោះ គឺ​ខ្មែរ​សព្វថ្ងៃ​ឈប់​មាន​ទម្លាប់​សូន​រូប និង​ធ្វើ​ពែ​ដូច​សម័យមុនៗ​ទៀតហើយ​។ នៅ​គ្រប់ទិសទី​នៃ​ប្រទេស​កម្ពុជា គេ​មាន​ទម្លាប់​ទិញ​ខ្ទម​ពែ និង​តុក្កតា​អំពី​ជ័រ​ដែល​គេ​ធ្វើ​ស្រាប់​ពី​ទីផ្សារ​ទៅវិញ​។

ជាការ​ឥត​ប្រកែក​បាន ការប្រែប្រួល​នៃ​ទម្រង់​ប្រពៃណី​នេះ ជា​ព្រឹ​ត្ត​ការណ៍​មួយ​ត្រូវ​ចងភ្ជាប់​គ្នា រវាង​ជំនឿ​លើ​ម្រេញគង្វាល​នា​សម័យ​ដើម និង​បច្ចុប្បន្នភាព ដែល​យើង​យល់ថា ជា​ព្រឹ​ត្ត​ការណ៍​ទាក់ទង​នឹង​ការ​បរិស្ថាន​សង្គម​ក៏​មែនពិត ក៏ប៉ុន្តែ​ជាមួយនឹង​នេះដែរ បានធ្វើ​ឲ្យ​មានកា​កកើត​ទម្រង់​ជំនឿ​។ ត្រង់ចំណុច​ជាក់ស្តែង​នេះ យើង​យល់ថា ហេតុដូចម្តេច​បានជា​ម្រេញគង្វាល​ដែលជា​ខ្មោច ដែលជា​អ្នក​ឃ្វាល​ហ្វូង​សត្វព្រៃ​បានក្លាយ​ទៅជា​ក្មេង​ថែរក្សា និង​នាំ​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។​
ទាក់ទង​ទៅនឹង​វត្តមាន​របស់​ម្រេញគង្វាល យើង​អាចនិយាយបាន​បញ្ហា​នេះ ពាក់ព័ន្ធ​នឹង​គំនិត​សុទិដ្ឋិនិយម​របស់​ដូនតា​ខ្មែរ​ដែល រមែងតែ​សោកស្តាយ​ដែល​ឃើញ​ធម្មជាតិ​ត្រូវគេ​បំផ្លាញ​។ ដូច្នេះ​ផ្តើម​ពី​ទស្សនទាន​អភិរក្ស​សត្វព្រៃ ឬ​បរិស្ថាន​នេះហើយ ទើប​គេ​គួរតែ​គិត​ទៅដល់​និមិត្តរូប​ស៊ីជម្រៅ​របស់​ជំនឿ​លើ​ម្រេញគង្វាល លើ​វត្តមាន​ពិត ឬ​លក្ខណៈសម្បត្តិ​នៃ​រូប​កាយ​ខាងក្រៅ​របស់​បាតុភូត​ខាងលើនេះ ដែល​តាមពិតទៅ គឺជា​រូប​បារ​ម្មណ៍​តែប៉ុណ្ណោះ ដែលជា​ទំនៀមទម្លាប់ ជំនឿ​ប្រជាប្រិយ៍ គឺ​ប្រកបដោយ​លក្ខណៈ​ឧបកិច្ច​និយម ដែល​មិនមែន​មាន​រូប​ពិតប្រាកដ​ទេ​។ សង្ខេប​មក ការដែល​ខ្មែរ​ធ្វើ​រូបតំណាង​ឲ្យ​ម្រេញគង្វាល គឺ​ត្រូវបានធ្វើ​ឡើងជា​ឧបកិច្ច​តាម​ទំនៀមទម្លាប់​ដូនតា​៕






No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...