ព្រះពុទ្ធរូបបរិនិព្វានលើភ្នំព្រះរាជទ្រព្យ

កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានបង្ហោះរួមហើយអំពីព្រះពុទ្ធរូបបរិនិព្វានមួយអង្គនៅលើភ្នំព្រះរាជទ្រព្យ។ ព្រះពុទ្ធរូបបរិនិព្វានអង្គនេះជាការកសាងឡើងដោយព្រះសង្ឃជាន់ខ្ពស់មួយអង្គព្រះនាម សម្តេចព្រះរាជ្ជមុនីបពិត្រ ដែលនិមន្តមកពីក្រុងអយុធ្យា (ចារឹកប្រើអក្សរខ្មែរ-សៀម សរសេរជាភាសាសៀម ចារឹកភ្នំគូលែន K. 1006)។ នៅមានសិលាចារឹកពីផ្ទាំងទៀតជាភាសាខ្មែរដែលមានខ្លឹមសារដូចគ្នា (K. 285 & K.465) ចារឹកដោយព្រះសង្ឃអង្គនេះចុះកាលបរិច្ឆេតឆ្នាំ ១៥៨៣ ដែលមានខ្លឹមសារថា
"......... កាលអ្នកសម្ដេចបពិត្រ ស្ថិតនៅនាភ្នំព្រះរាជទ្រព្យទ្រង់បានរៀបរណ្ដាប់សាងព្រះពុទ្ធរូបបាក់បែកទាំងឡាយ រួចលាបជាតិបារត ទឹកមាស រចនាយ៉ាងប្រពៃបរិបូរណ៍បាន៥០អង្គ ថ្វាយជាមួយព្រះបត់ត្រៃភូមិគ្រប់រូប ព្រះពុទ្ធនិព្វានមួយប្រវែង៦ព្យាម និងព្រះវិហារមួយសុរេចបរិបូរណ៍ឲ្យដល់កេណ្ឌព្រះសាសនា....."
ក្រៅពីភស្តុតាងពីសិលាចារឹកពីវត្តមានព្រះសង្ឃអយុធ្យាហើយ យើងនៅសង្កេតឃើញមានការឆ្លាក់រូបដែលជានិមិត្តសញ្ញាមង្គលលើព្រះបាទដែលសភាពស្រដៀងគ្នាយ៉ាងខ្លាំងជាមួយនឹងនិមិត្តសញ្ញាមង្គលនៅក្នុងសិល្បៈអយុធ្យា ដូចជា រូបសន្លឹកសីមាជាដើម(ប្រទះឃើញតាមវត្តជាច្រើនក្នុងសម័យអយុធ្យា)។
តាមរយៈព័ត៌មានពីសិលាចារឹកយើងអានដឹងបានថា ព្រះពុទ្ធរូបបរិនិព្វានមួយអង្គនេះសាងនៅឆ្នាំ ១៥៨៣ គ.ស ចុងសតវត្សទី១៦ ដោយព្រះសង្ឃជាន់ខ្ពស់មួយអង្គមកពីក្រុងអយុធ្យា។ ហើយព្រះសង្ឃអង្គនេះប្រហែលជាបានទាំងនាំលក្ខណៈសិល្បៈអយុធ្យាមកជាមួយផងដែរ។
ប្រភពព័ត៌មាន៖ វង់ សុធារ៉ា, សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្តាល, ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពនគរវត្ត, ២០១២, ទំព័រ១៤៥-១៥៥។



No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...