លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?



នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់ សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទាន់ដឹងច្បាស់នូវឡើយទេថា < តើសម្បតិ្តវប្បធម៌ជាអី្វ ? >
តើសម្បតិ្តវប្បធម៌ជាអី្វ ? តើសម្បតិ្តវប្បធម៌ខ្មែរ មានអ្វីខ្លះ ?
 សម្បតិ្តវប្បធម៌ សំដៅទៅលើកេរ្តិ៍តំណែល ទាំងឡាយ សម្រាប់បណ្តុះចំណេះដឹង បណ្តុះចិត្តគំ និតស្មារតី បង្កើនជីវភាពរស់នៅអោយរីកចម្រើន លូតលាស់ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសម្ភារៈ ។
គេចែកសម្បតិ្តវប្បធម៌ជាពីរផ្នែកគឺៈ សម្បតិ្តវប្ប ធម៌លទ្ធកម្ម និងសម្បតិ្តវប្បធម៌ធម្មជាតិ ។ក. សម្បតិ្តវប្បធម៌លទ្ធកម្មៈ សំគាល់កេរ្តិ៍តំណែល ទាំងឡាយ ដែលបុព្វបុរសបានបង្កើតឡើង ទុកជា មរតកដល់កូនចៅជំនាន់ក្រោយ ។ រួមមានៈ
– ផ្នែកជំនឿៈ ខ្មែរមានជំនឿលើអ្នកតា ខ្មោចបិសាច ជឿលើធម្មជាតិ ជឿលើហោរា គុណឪពុកម្តាយ រហូតដល់ជឿថា មនុស្សស្លាប់ទៅកើតវិញ ដោយ សារមានព្រលឹងខ្មែរ ដែលជាសារធាតុអមតៈ ។
– ផ្នែកសិល្បៈខ្មែរៈ មានភ្លេង ចំរៀង របាំ ។
ផ្នែកភ្លេងមានៈ របាំត្រុដ របាំរាំវង់ របាំរាំក្បាច់ របាំ ទន្សោង របាំមេអំបៅ យីកេ អាយ៉ៃ ។
ផ្នែកចម្រៀងមានៈ ចម្រៀងចាប៉ី អាយ៉ៃ ប្រជា ប្រិយ ។ល។ ខ្មែរមានឧបករណ៍ភ្លេងជាច្រើនយ៉ាង ដូចជាទ្រ ស្គរ តាឃេ ខ្លុយ ឃឹម ប៉ី ស្រឡៃ គង រនាត សាដៀវ ដែលមានរហូតមកសព្វថ្ងៃនេះ ។
– ផ្នែកល្បែងកំសាន្តៈ ដូចជាចោលឈូង បោះអង្គុញ លាក់កន្សែង វាយក្អម ទាញព្រ័ត្រ ប្រណាំងសេះ ។
– ផ្នែកអក្សរសាស្រ្តៈ ខ្មែរមានអត្ថបទសរសេរលើ ស្បែកសត្វ លើបន្ទះក្តារ លើផ្ទាំងថ្ម លើស្លឹករឹត ។ សិលាចារឹកច្រើនណាស់ ដែលគេចែកជាបែបផែន (រចនាបទ) ។ ក្រោយអង្គរខ្មែរសរសេរលើស្លឹករឹត លើក្រដាស សំនេរទាំងអស់នោះមានរហូតដល់ សព្វថ្ងៃ សិក្សាមនុស្ស ។
– ផ្នែកសិប្បកម្មៈ មានត្បាញរវៃ សិប្បកម្មធ្វើប្រដាប់ ប្រដាប្រើប្រាស់ កញ្ឆេរ ត្បាល់កិន កញ្ច្រែង ក្អម ឆ្នាំង រទេះ រនាស់ ។ល។
– ផ្នែកស្ថាបត្យកម្មៈ ខ្មែរមានប្រាសាទថ្មយ៉ាងច្រើន ប្រកបដោយក្បូរក្បាច់រចនាល្អ​វិចិត្រ ដូចជាប្រាសាទ អង្គរវត្ត បាយ័ន បន្ទាយស្រី ។ ប្រាសាទថ្មទាំងនេះ អាចទាក់ទាញទេសចរណ៍បរទេស អោយអ្នកទាំង នោះមកទស្សនាបានច្រើន ។ ទាំងអស់នេះជាសម្ប តិ្តលទ្ធកម្មរបស់ខ្មែរ ដែលជាកេតនភ័ណ្ឌមានតំលៃ បំផុត ក្នុងបញ្ញាញាណ ។
ខ. សម្បតិ្តធម្មជាតិៈ សំគាល់ភោគទ្រព្យទាំងឡាយ ដែលកើតពីធម្មជាតិ មានតាំងពីព្រំដែន ទឹកដី កោះ សមុទ្រ ទន្លេ ស្ទឹង ព្រៃភ្នំ ជាដើម ។ បឹងទន្លេជាជង្រុក ត្រីទឹកសាបដ៏ល្បីល្បាញ ព្រៃឈើជាធនធានធម្ម ជាតិ អាចផ្តល់ភោគផលយ៉ាងសំខាន់ដល់ជាតិ និង ខ្មែរមានសត្វព្រៃជាច្រើនប្រភេទ រស់នៅតាមព្រៃភ្នំ។
ដកស្រងពី វប្បធម៌ទូទៅ

ហេតុអ្វី​បានជា​គេ​ធ្វើ​ទង់​ព្រលឹង​ឬ​ទង់​ក្រពើ​ពេល​មាន​មនុស្ស​ស្លាប់?​

នៅពេលដែលមានមនុស្សស្លាប់ លោកអាចារ្យតែងយកសំពត់សប្រវែង៤ហត្ថ បត់ជាពីរ យកឈើ ឬបន្ទះឬស្សី ពីរកំណាត់ដាក់ខ្វែងគ្នា រួចស៊កក្នុងផ្នត់ សំពត់រួចចងបង្រួមក្រសោប​ក្រោយសំរាប់កាន់ មានឆ្នាំងបាយថ្មីមួយ ចងបន្តោងភ្ជាប់នឹងដង ទង់នោះផង និងអាចារ្យ​សរសេរ​បាលីក្នុងផ្ទៃនោះ ដែលហៅថា ទង់ព្រលឹង។ភាគច្រើនគេដាក់ទង់នៅលើក្បាលដំណេកបុគ្គលសា្លប់ រួចផ្តាំបុគ្គលស្លាប់នោះថា ទង់ព្រលឹងនេះជាសំបុត្រដើរផ្លូវរបស់អ្នក ហើយចូរអ្នកកាន់ឲ្យជាប់ ដើម្បីធ្វើដំណើរ​ទៅថ្វាយបង្គំព្រះចូឡោមណីចេតិយព្រោះអ្នកទៅតែម្នាក់ឯងគ្មានអ្នក​ណានាំផ្លូវទេ។

សៀវភៅលំអានទំនៀមខ្មែរបុរាណ បានសរសេរពីប្រវត្តិទង់ព្រលឹងទៅនឹងរឿងព្រេងមួយថា មានបុរសម្នាក់មានកូនប្រុសមួយជាទីស្រលាញ់បានសុំឪពុកទៅរៀនសិល្បៈសាស្រ្ត ឯនគរ តក្ករសិលាលុះរៀនចប់សុំលាអាចារ្យ ចេញទៅរកគ្រូផ្សេងទៀត ដើម្បីរៀនបន្ថែម។ លុះដើរទៅបានជួបប្រទះនឹងព្រះបច្ចេកពុទ្ធមួយអង្គ ឃើញលោកប្រព្រឹត្តល្អតាមរបៀប សមណៈមាណពនោះមានចិត្តស្រលាញ់ជ្រះថ្លា ក៏ចូលសុំទៅរៀនក្នុងសំណាក់ព្រះបច្ចេកពុទ្ធ លោកឲ្យរៀនតែលោកឲ្យបួសសិន។ មាណពនោះបួស រួចហើយលោកបង្រៀនធម៌ វិបស្សនាកម្មដ្ឋាន។ នៅរៀនយូរៗទៅមាណពនោះ បានសំរេចពោធិញ្ញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គដូចព្រះបច្ចេកពុទ្ធជាគ្រូដែរ។ មិនយូរប៉ុន្មានមាណពបច្ចេក ពុទ្ធក៏ចូលបរិនិពា្វនទៅទាំងវ័យក្មេង គួរឲ្យសោកស្តាយសំរាប់បុគ្គលជាបុថុជ្ជន។

អ្នកស្រុកភូមិនៅក្បែរនោះនាំគ្នាធ្វើបុណ្យបូជាសព ហើយកសាងចេតិយមួយបញ្ចុះ អដិ្ឋធាតុព្រះបច្ចេកពុទ្ធអង្គនោះត្រង់ផ្លូវបំបែក។ បុរសជាឪពុកបាត់កូនយូរពេកក៏ទៅតាមកូន និងបានដឹងតាមដំណើររឿង ក៏យំសោកស្តាយអាល័យកូន។ បន្ទាប់មកឪពុកក៏ទៅដងទឹកស្រោច ស្រពទ្រនាប់ខ្សាច់ចេតិយ រួចយកក្រមាបង់ក ចងធ្វើជាទង់ដោយឧទិ្ទសថ្វាយនៅមុខចេតិយ ហើយថ្វាយបង្គំលាវិលត្រលប់ទៅវិញ។

ឃើញដូច្នោះអ្នកស្រុកនៅជិតនោះ ក៏យកតម្រាប់តាមលុះចំណេរកាលតមកទៀតក៏ក្លាយ ទៅជាទំនៀមទម្លាប់ គឺពេលដែលបែរខ្មោច អាចារ្យតែងលីទង់ព្រលឹងដើរមុខប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឥសាន ជាសញ្ញាឲ្យខ្មោចដឹងថា ខ្លួនត្រូវចេញដំណើរ ទៅ តាមទិសឥសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡោមណីចេតិយ។

បញ្ចាក់មានរឿងព្រេងជាច្រើនផ្សេងទៀតដែលទាក់ទង់ទៅនឹងទង់ព្រលឹងនេះ ហើយទង់ក្រពើនេះក៏ប្រើនៅក្នុងពិធីបុណ្យផ្សេងទៀតដែរក្រៅពីពិធីបុណ្យសព ភាគច្រើនប្រើនៅពិធីសាសនាក្នងវត្ដអារាម ៕

ប្រែសម្រួលដោយ ធានី
ប្រភព សៀវភៅលំអានទំនៀមខ្មែរបុរាណ

សង្រ្គាមលោក ដែលមិនមានក្នុងប្រវត្តិសាស្ត្រ!


ព្រះចៅចក្រព័ទ្ធអង្គទី ៣ នៃសន្តតិវង្សវរ្ម័ន ព្រះចៅអធិរាជ ព្រះបាទសូរ្យ វរ្ម័នទី១ (គ.ស ១០០២ ~ ១០៥០)
✍️ «ស្ថាបនិក ប្រាសាទព្រះវិហារលើកំពូលភ្នំដងរ៉ែក ប្រាសាទភិមានអាកាស ប្រាសាទបាពួន ប្រាសាទឯកភ្នំ ប្រាសាទភ្នំជីសូរ... »
ព្រះនាមក្នុងពេលឡើងគ្រងរាជ្យ
«ធូលីវ្រះបាទកម្រតេងកំត្វន អញស្រីសូយ៌្យវ៌្មនទេវ»
ព្រះបច្ឆានាម ឬព្រះមរណៈនាម
« វ្រះបាទបរមនិវ្វានបទ » ព្រះអង្គជាពុទ្ធសាសនិកជន និកាយថេរវាទ ។
✍️ ព្រះអង្គជាស្ថាបនិក ដែលកែប្រែប្លង់រាជធានីយសោធរៈបុរៈ ជាលើកទី ២ ដោយមានប្រាសាទបាពួនជាស្នូល ។
ព្រះរាជជីវប្រវត្តិ និងការឡើងគ្រងរាជ្យ
✍️ ទ្រង់ប្រសូត្រក្នុងនៃសន្តតិវង្សវរ្ម័ន (មានដូនតា កៅណ្ឌិន្យ) ដែលគ្រប់គ្រងសាមន្តរដ្ឋព្រះពុទ្ធសាសនាខាងជើង នគរលង្កសុកៈ (ស្រីវិជ័យ) គឺនគរស្រីធម្មរាជ ។
✍️ ព្រះអង្គមិនព្រមទទួលស្គាល់ក្សត្រដែលសោយរាជ្យបន្តពីព្រះបាទឧទយាទិត្យវរ្ម័នទី ១ (ព្រះអង្គសោយរាជ្យបានតែពីរបីខែប៉ុណ្ណោះ ក៏បាត់ព្រះកាយ) គឺព្រះបាទជយវីរវរ្ម័ន ដោយហេតុមិនច្បាស់លាស់អំពីសន្តតិវង្សរបស់ក្សត្រដែលបន្តស្នងរាជនៅយសោធរៈបុរៈ ។ ព្រះអង្គបានកេណ្ឌ និងលើកទ័ពមកបោះជំរំនៅខេត្តនគររាជសីមា ហើយច្បាំងដណ្តើមរាជ្យមកវិញនៅឆ្នាំ គ.ស ១០០២ ហើយព្រះអង្គបានរំដោះ និងគ្រប់គ្រងយសោធរៈបុរៈ នៅឆ្នាំ គ.ស ១០០៦ ប៉ុន្តែសង្គ្រាមនៅតែបន្តរហូតដល់ ឆ្នាំ គ.ស ១០១០ ទើបបានជ័យជំនះ និងគ្រប់គ្រងចក្រភពខ្មែរទាំងមូល ។
✍️ ព្រះអង្គបានរៀបអភិសេកជាមួយអតីតមហេសីរបស់ជយវីរវរ្ម័ន គឺព្រះនាង វីរលក្ឝ្មី ហើយមានបុត្រាមួយព្រះអង្គព្រះនាម ព្រះបាទឧទយាទិត្យវរ្ម័នទី ២ ដែលជាក្សត្រសោយរាជ្យបន្តពីព្រះអង្គ ។
✍️ ក្រោយបញ្ចប់សង្គ្រាម ព្រះអង្គបានឲ្យមេទ័ព និងមន្ត្រីសំខាន់ៗជាង ៤០០០នាក់ ធ្វើសច្ចាប្រណិធានចំពោះព្រះភ័ក្ត្រព្រះអង្គនៅឆ្នាំ គ.ស ១០១១ ដូចមានសិលាចារឹកលើក្លោងទ្វារប្រាសាទភិមានអាកាស ។ មន្តីទាំងនេះសុទ្ធសឹងជាអ្នកគ្រប់គ្រងដែនសាមន្តរដ្ឋទាំងអស់របស់ចក្រភពខ្មែរ ។
សង្គ្រាមលោក ដែលមិនបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ!...
✍️ ព្រះអង្គជាអធិរាជសង្គ្រាមដ៏អង្គអាចក្លាហាន ដែលបានធ្វើសង្គ្រាមបង្ក្រាបនគរតូចៗមកដាក់ជានគរចំណុះ~សាមន្តរដ្ឋ ដោយបានវាយយកនគរតូចៗភាគខាងជើង (ហ្លួងព្រះបាងបច្ចុប្បន្ន) និងនគរមន ហរិបុញ្ជយលាំភូន (ក្រោយមកជា នគរទ្វារតី ដែលស្ថិតក្នុងខេត្ត ลำพูน ប្រទេសថៃឡងដ៍បច្ចុប្បន្ន) គ្រប់គ្រងទាំងស្រុងបណ្តានគរតូចៗក្នុងទំនាបទន្លេមេណាម និងទន្លមេគង្គ ។ ទ្រង់បានបន្តលើកទ័ពទៅវាយយកនគរភាគខាងត្បូងដែលត្រូវបានដណ្តើមដោយ នគរស្រីវិជ័យ ។
✍️ សង្គ្រាមនេះចាត់ទុកជា «សង្គ្រាមលោក» ក្នុងសម័យនោះ ដោយមានការធ្វើសឹកទាំងជើងគោក និងជើងទឹក ជាច្រើននគរចូលរួម ។ ក្នុងខណៈដែលកងទ័ពរបស់ព្រះអង្គស្ទើរតែទទួលបានជ័យជំនះទាំងស្រុងទៅហើយ ខាងនគរស្រីវិជ័យបានកេណ្ឌប្រមូលកងទ័ពតាមនគរចំណុះកោះផ្សេងៗ ជាពិសេសនគរកោះជ្វាដ៏មានឥទ្ធិពលមកចូលរួមផងដែរ ។ ដោយមើលឃើញពីវិសាលភាពកងទ័ពនគរស្រីវិជ័យ ព្រះអង្គបានប្រមូលកងទ័ពទាំងអស់ និងសហការជាមួយកងទ័ពរបស់នគរ ព្រះបាទ រាជេន្ទ្រៈ ចោឡៈក្សត្រទី ១ (នគរតាមិល ភាគខាងត្បូង ឥណ្ឌាបច្ចុប្បន្ន) ដែលជានគរមហាមិត្តរបស់ព្រះអង្គ ។ នគរកោះជ្វាត្រូវបង្ខំបង្វែទ័ពទៅទប់ទល់កងទ័ពជើងទឹករបស់ រាជេន្ទ្រៈចោឡៈក្សត្រទី ១ ។ សង្គ្រាមនេះអូសបន្លាយជាច្រើនឆ្នាំ និងចុងក្រោយជ័យជំនះបានធ្លាក់មកលើចក្រភពខ្មែរ និងសម្ព័ន្ធមិត្ត រាជេន្ទ្រៈចោឡៈក្សត្រទី ១ ។ នគរស្រីវិជ័យបានក្លាយជាសាមន្តរដ្ឋរបស់ខ្មែរចាប់តាំងពីពេលនោះរហូតមកដល់ឆ្នាំ គ.ស ១២២០ ចំណែកកោះជ្វាស្ថិតក្រោមការគ្រប់គ្រងរបស់រាជវង្ស រាជេន្ទ្រៈចោឡៈក្សត្រ ។
✍️ គួររំលឹកផងដែរក្រោយរំដោះ និងគ្រប់គ្រងយសោធរៈបុរៈទាំងស្រុង ព្រះអង្គបានរឹតចំណងមេត្រីជាមួយ រាជវង្សរាជេន្ទ្រៈ ចោឡៈក្សត្រ (ឥណ្ឌាខាងត្បូង) ព្រះអង្គបានថ្វាយព្រះរាជរថ (រទេះមាស) ជាគ្រឿងបណ្ណការមេត្រីភាពក្នុងកាលនោះ ។
😘😘😘😜😜😜😜😍😍😍😍
ចំណុចខ្លាំងរបស់ អធិរាជ សូរ្យ វរ្ម័នទី ១
👍 ជាក្សត្រមានទសទិធរាជធម៌ មិនគិតប្រយោជន៍ផ្ទាល់ព្រះអង្គ ខិតខំបង្រួបបង្រួមជាតិ យកផលប្រយោជន៍ជាតិជាធំ ។
👍 ជាក្សត្រដែលមានទស្សនៈវិស័យវែងឆ្ងាយ រំដោះនគរពីភាពចលាចល បង្រួបបង្រួមនគរឲ្យមានឯកភាព គិតគូរកិច្ចការសេដ្ឋកិច្ច និងសុខទុក្ខប្រជារាស្ត្រ ។
👍 រឹតចំណងមេត្រីខាងការទូតជាមួយបរទេស សេដ្ឋកិច្ច បើកពាណិជ្ជកម្មខាងសមុទ្ទជាមួយនគរអាសុីមជ្ឈិមបូព៌ា និងប្រទេសចិន ។
👍 មានយុទ្ធសាស្ត្រ និងចិត្តសាស្ត្រក្នុងការគ្រប់គ្រង និងប្រើប្រាស់មនុស្សចំគោលដៅកិច្ចការ និងសមត្ថភាព ។
👍 មិនវង្វេងក្នុងអំណាច មិនប្រព្រឹត្តរឿងឥតប្រយោជន៍ ដោយមានអគ្គមហេសីតែមួយអង្គ ។
🙏🙏🙏🙏🙏🙏🙏
រៀបរៀងដោយ អ្នកនិពន្ធស្រុកស្រែ
«នាយឆើតភូមិដូង»
ក្រុងទេពបុរីស្រីមហានគរ ប្រទេសសៀម
ថ្ងៃទី១៥ ឧសភា ២០១៧

ប្រវត្តិសាស្រ្តទៅកាន់ក្រុងអង្គរ ដោយផ្តោតលើការកសាងប្រព័ន្ធផ្លូវគមនាគមន៍របស់ខ្មែរ ពីសតវត្សទី៩ ដល់ទី១៣





សូមចែករំលែកលទ្ធផលនៃការស្រាវជ្រាវមួយ ស្តីពីវិថីប្រវត្តិសាស្រ្តទៅកាន់ក្រុងអង្គរ ដោយផ្តោតលើការកសាងប្រព័ន្ធផ្លូវគមនាគមន៍របស់ខ្មែរ ពីសតវត្សទី៩ ដល់ទី១៣។ ការស្វែងយល់ និងការយល់ដឹងកាន់តែច្រើនពីពង្សាវតាររបស់ជាតិយើង ធ្វើអោយយើងកាន់តែ មានមោទនភាពចំពោះជាតិ និងខំកសាងមោទនភាពបន្ថែមសម្រាប់ជាតិ។
រូបភាពទីមួយ គឺជាផែនទីនៃបណ្តាញផ្លូវគមនាគមន៍សំខាន់ៗ ដែលតភ្ជាប់តំបន់ចំនួន៥ មកកាន់រាជធានីអង្គរ រួមមាន១.ភីម៉ាយ ២.ស្តុកកក់ធំ ៣.សំបូរព្រៃគុក ៤.ព្រះខ័នកំពង់ស្វាយ និង ៥.វត្តភូ។ មានសាលាសំណាក់ មន្ទីរពេទ្យ ស្ពាន និងប្រាសាទជាច្រើនត្រូវបានកសាង នៅលើ បណ្តាញផ្លូវទាំង៥នេះ។
រូបភាពទី២ គឺជាវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយ ទំនាក់ទំនង និងការបញ្ជូនពត៌មាន ដែលមាន ការពង្រីកជាជំហានៗ ពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ នាសតវត្សទី៩ រហូតដល់រជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ នៅសតវត្សទី១៣។ ចំណុចដ៏គួរឲ្យកត់សម្គាល់មួយ គឺសម្មតិកម្មនៃការតភ្ជាប់តំបន់ វិសាលភាពមកកាន់បណ្តាតំបន់នៅភាគខាងត្បូងរាជធានីអង្គរ រួមមានអង្គរបូរី កំពង់ចាម បាត់ដំបង ជាដើម នៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលអ្នកស្រាវជ្រាវជំនាន់ក្រោយអាចបន្ត ស្វែងរកស្លាកស្នាមនៃមរតកនេះ។
រូបភាពទី៣ គឺជារូបថតមួយចំនួន នៃបណ្តាហេដ្ឋារចនាសម័្ពន្ធគមនាគមន៍ ដែលបន្សល់ទុកដល់ បច្ចុប្បន្ន ទោះបីជាស្នាដៃមួយចំនួន មិនបានស្ថិតនៅលើដែនសីមាកម្ពុជារដ្ឋទៀតក៏ដោយ។
រូបភាពទី៤ គឺជាទិនានុប្បវត្តន៍នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅលើដងវិថីទាំង៥ រួមមាន ១.វិថីបស្ចឹម ២.ពាយ័ព្យ ៣.ឦសាន ៤.បូព៌ា និង ៥.អគ្នេយ៍ប៉ែកខាងលើនិងខាងក្រោម។ មេរៀនសំខាន់បំផុតមួយដែលយើងទាំងអស់គ្នាគួរដកស្រង់ គឺពុំមានការកសាងសំណង់សំខាន់ៗ នៅក្រោយឆ្នាំ១៣០០ទៀតទេ ដែលនេះគឺជាលទ្ធផលនៃទំនាស់ ការបែកបាក់ និងភាពប្រេះឆានៃប្រជាជាតិខ្មែរ។
ការស្រាវជ្រាវនេះ ត្រូវបានរៀបចំដោយលោក Mitch Hendrickson នៅឆ្នាំ២០១០ ទស្សនាវដ្តី Antiquity 84 (2010): 480-496 ហើយអត្ថបទដើមនៃការស្រាវជ្រាវនេះ គឺមាននៅក្នុងតំណភ្ជាប់ដូចខាងក្រោម ៖
http://faculty.washington.edu/…/Hendrickson--angkor%20roads…



ប្រាសាទថ្មបាយក្អែក

ប្រាសាទនេះស្ថិតនៅជាប់នឹងគូទឹកខាងត្បូងអង្គរធំ និង ខាងជើងប្រាសាទបក្សីចាំក្រុង ចម្ងាយប្រហែល ១២៥ម៉ែត្រ ពីផ្លូវចូលអង្គរធំ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅសតវត្សទី១០ តែមិនដឹងជាស្នាដៃរបស់ព្រះរាជាអង្គណាមួយទេ គេគ្រាន់តែដឹងថាប្រាសាទនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែគ្រឹះ (ខឿន) ទ្វារប្រាសាទខាងកើត និងលិង្គព្រះឥសូរ តែប៉ុណ្ណោះនៅកណ្ដាលតួប្រាសាទ តែគ្មានឃើញបំបែកទម្រងយោនីនោះទេ។ គេគិតថា ប្រាសាទនេះអាចជាតួប៉មមួយនៃតួប៉មរាប់រយដែលព័ទ្ធពាសជុំវិញភ្នំបាខែង (នៅលើភ្នំបាខែង មានតួប៉មរហូតដល់ទៅ១០៨)។ ដូច្នេះប្រាកដនេះ វាស្ថិតនៅក្នុងរចនាបថបាខែង ក្រោមការបញ្ជាសាងសង់នៃព្រះបាទយសោវរ្ម័នទី១ ដូចប្រាសាទបីដែរ។Ty Sareun

អត្ថន័យ​នៃ​ចម្លាក់​រូប​ត្រី​លើ​ប្រាសាទខ្មែរ​បុរាណ​ក្នុង​សម័យ​អង្គរ​

​តាមរយៈ​ចម្លាក់​ត្រី ជា​ក្បាច់​ត្រ​ឡោ​ត​ទាប​នៃ​ប្រាសាទ​បាយ័ន ព្រលាន​ព្រះ​គម្លង់ និង​ប្រាសាទ​អង្គរវត្ត យើង​ឃើញ​មានការ​ពិពណ៌នា​នូវ​ប្រភេទ​ត្រី​ទឹកសាប​ខ្មែរ​ជាច្រើន​ឥត​គណ​នា​ ដូចជា ត្រី​ព្រួល ត្រី​គ្រុំ ត្រី​គល់រាំង ត្រី​អណ្ដែង ត្រី​ឆ្ដោរ​ជាដើម ។ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បុព្វបុរស​ខ្មែរ​ឆ្លាក់​ត្រី​ច្រើន​ម្ល៉េះ ? តើ​ខ្មែរ​បុរាណ​ចង់បង្ហាញ​អ្វី​ទៅ​សាស​នឹក​ជន ដែល​មក​ទស្សនា​នៅ​ស្ថាន​ទាំងនោះ ? ។​​
​ ​តាមពិត​ផ្ទាំង​ចម្លាក់​ត្រី​ទាំងនោះ​អាច​ចែកជា បី ប្រភេទ ៖ ទី​១. ចម្លាក់​ត្រី​ទាក់ទង​ទៅនឹង​ទេវ​កថា​ដូចជា រឿង​កូរ​សមុទ្រ​ទឹកដោះ​នៅ​ប្រាសាទអង្គរវត្ត ដែល​មាន​ប្រវែង​ប្រមាណ​ជា ៥០ ម៉ែត្រ ។ ទី​២. ចម្លាក់​ត្រី​ដែល​ទាក់ទង​ទៅ​នឹង​រឿងព្រេង​ដែល​មាន​លក្ខណៈ​អច្ឆរិយ​ដូចជា ចម្លាក់​រឿង​ជាច្រើន​ផ្ទាំង​ស្ដីពី​រឿងព្រេង​មួយ​ដ៏​ល្បីល្បាញ នា​សម័យ​វប្បធម៌​បាយ័ន ឈ្មោះ​រឿង​ប្រ​ទ្យុ​ម្ន ។ ទី​៣. ចម្លាក់​ប្រភេទ​ត្រី ដែល​មាននៅ​តាម​ដង​ទន្លេសាប ឬ​បឹងបួរ​ខ្មែរ ។​
​ទោះជា​ត្រី​ទាំងនោះ មាន​នៅ​ក្នុង​ធម្មជាតិ​ក្ដី ឬ​មិន​មាន​ក្នុង​ធម្មជាតិ​ក្ដី ជា​ការពិត​ណាស់​ដែល​សិល្បករ​ខ្មែរ​បុរាណ​ចង់បង្ហាញ​នូវ​ភាពសម្បូ​រណ៍​បែប នៃ​ប្រភេទ​ត្រី​ទឹកសាប នា​សម័យ​បុរាណ​នោះ ដែល​ជា​ប្រភព​នៃ​វឌ្ឍនភាព នៃ​វប្បធម៌​អារ្យធម៌​ខ្មែរ​នា​សម័យ​មហា​អង្គរ យ៉ាង​ប្រាកដ ។ តាមពិត​បើ​យើង​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ ចម្លាក់​ត្រី​ទាំងនោះ​ពិតជា​ពុំមែន​ត្រូវបាន​ឆ្លាក់​ឡើង​គ្រាន់តែ​លំអ​ភែ្ន​ ក​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​ជា​និមិត្តរូប​នៃ​ធនធាន​សម្បត្តិ​ធម្មជាតិ​របស់​នគរ​ខ្មែរ​យ៉ាង​ ប្រាកដ ៕
ម​.​ត្រា​ណេ

សំណង់ដ៏មហិមា "វិមានឯករាជ្យ" ស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោកតាវណ្ណ ម៉ូលីវណ្ណ

សំណង់ដ៏មហិមានេះផ្តើមសាងសង់ឡើងអំឡុងឆ្នាំ ១៩៥៧ - ១៩៦០ ក្រោមព្រះរាជតម្រិះព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោយពេលបានឯករាជ្យ៥ ឆ្នាំ។ វិមាននេះសង់សម្រាប់ឧទ្ទិសចំពោះអ្នកស្នេហាជាតិដែល​បានស្លាប់ក្នុងបុព្វហេតុទាមទារឯករាជ្យពីបារាំង និងសម្រាប់ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ព្រមទាំងជានិម្មិតរូបនៃឯករាជ្យភាពរបស់កម្ពុជា។ សំណង់នេះត្រូវបានរចនាប្លង់ដោយស្ថាបត្យករខ្មែរ ដែលបានទៅរៀននៅស្រុកបារាំង គឺលោកតា វណ្ណ ម៉ូលីវណ្ណ ដែលជាកុលបុត្តខ្មែរដ៏ឆ្នើម​មួយរូបសម្រាប់ជាតិ។ សំណង់ដ៏ល្បីល្បាញ់នេះមានកម្ពស់ ២០ ម៉ែត្រ ស្ថិតនៅលើខឿន ៣ថ្នាក់ មានកំពូល ៥ថ្នាក់ ដែលលម្អដោយ​នាគ ២០ ក្នុងមួយថ្នាក់ ដែលស្មើនឹងចំនួន១០០ តំណាងឲ្យរយៈកាលនៃអាណានិគមបារាំង​មក​លើខ្មែរ ជិត១សតវត្ស។ នៅក្នុងស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោកតា វណ្ណ ម៉ូលីវណ្ណ ក្រោម​ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ព្រះករុណា ជាម្ចាស់ ដោយព្រះរាជតម្រិះសម្លឹងជ្រៅទៅអតីតកាលនៃចក្រភពអង្គរដ៏រុងរឿង គឺសម័យមហានគរខ្មែរ។ ជាលទ្ធផល ប្រាសាទបាគង ត្រូវបានជ្រើសយកមកសិក្សាក្នុងទម្រង់សិល្បៈនៃអង្គរ។ ទោះបីជាប្រាសាទបាគងសង់ក្នុងរាជ្យ ព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលស្ថិតក្នុងរចនាបថបាគង ក៏ពិតមែន តែប្រាង្គកណ្តាលនៃប្រាសាទនេះ ត្រូវបានសង់ក្រោយមកទៀតក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គឺក្នុងរចនាបថអង្គរ។ ទម្រង់នៃសិល្បៈរាងក្រពុំឈូក ដែលដូចនឹងប្រាង្គនៃប្រាសាទអង្គរវត្ត ចំណែកឯក្បាច់វិញគឺយកតាមលំនាំក្បាច់នៅឯបន្ទាយស្រី ដែលមានជម្រៅ និងរស់រវើកនៃសិល្បៈខ្មែរ។ សំណង់នេះសង់ឡើងត្រង់ប្រសព្វនៃមហាវិថីព្រះនរោត្តម និងមហាវិថីភ្លោះព្រះសុរាម្រិត និងព្រះសីហនុ។ កាលដើមឡើយត្រង់ទីតាំងនេះមានព្រែកមួយដែលត្រូវបានលុបក្នុងសម័យបារាំង ហើយក្រោមបាតគ្រឹះនៃវិមាននេះ មានស្ពានបុរាណមួយហៅថាស្ពានកូនកាត់។ ស្ពាននេះជាឧបសគ្គនៃការសង់សំណង់ដ៏ស្កឹមស្កៃមួយនេះ។ លោកតា វណ្ណ ម៉ូលីវណ្ណ បានប្រាប់ថាសហគ្រាសសាងសង់ទី១ បានបរាជ័យក្នុងការរៀបគ្រឹះខាងក្រោម ដោយវាយស្ពានពុំកើត ហើយចាក់គ្រឹះនៅក្រោមស្ពាននោះ ប៉ុន្តែធ្វើបែបនេះវាប្រហោង ដូច្នោះមិនរឹងមាំឡើយ លោកតា វណ្ណ ម៉ូលីវណ្ណ ក៏បណ្តេញសហគ្រាសនោះចេញទៅ។ លោកក៏ចាប់ផ្តើមដេញថ្លៃ និងរៀបចំសារជាថ្មី។ ដីខាងក្រោមនោះពុំអាចទ្រទ្រង់សំណង់ធ្ងន់បានទេ ព្រោះដីធូ ដូច្នោះគេក៏វាយគ្រឹះខ្លីៗរាក់ៗ ប្រហែល ៨ម៉ែត្រប៉ុណ្ណោះ។ ពេលដែលរៀបគ្រឹះមាំហើយ ទើបគេរៀប​ចំ​ខឿន ហើយសង់ឡើងតែម្តង។ ចំណែកឯអ្នកសាងសង់តាមគម្រោងប្លង់លោកតា ម៉ូលីវណ្ណ នោះគឺខ្មែរម្នាក់ដែលមាន​ស្រុកកំណើតនៅឯបាត់ដំបង នោះគឺលោក តឹង វឿត ជាជាងកំបោរ និងជាងចម្លាក់ជាមួយ​ក្រុមហ៊ុនម៉ៅការសាងសង់ក្នុងខេត្ត។ ( លោក តឹង វឿត បានស្លាប់ក្នុងសម័យខ្មែរក្រហម )។ តើហេតុអ្វីបានជាជ្រើសអ្នកបាត់ដំបងមកសងវិមាននេះ បើទីតាំងសង់នៅឯភ្នំពេញឯណេះសោះ? លោក តឹង វឿត ត្រូវបានព្រះបាទនរោត្តម សីហនុ អញ្ជើញឲ្យមកធ្វើការងារដ៏អស្ចារ្យមួយនេះ​ពេលដែលព្រះអង្គយាងសម្ភោធសមិទ្ធិផលក្នុងវត្តពោធិ់វាល ( បាត់ដំបង ) ដោយសារស្នាដៃដែល​គួរឲ្យចាប់ចិត្តរបស់លោក។ ស្នាដៃលោក តឹង វឿត មានដូចជា វិមានឯករាជ្យ ចេតិយគន្ធបុផ្ផា ចេតិយព្រះបាទសុរាម្រិត និងព្រះមហាក្សត្រីយ៏ ( ក្នុងព្រះរាជវាំង ) វត្តស្លាកែត ( បាត់ដំបង ) និងសារៈមន្ទីរខេត្តបាត់ដំបង ជាដើម។ កាលសង់នោះ លោកតា ម៉ូលីវណ្ណ បាននាំជាងគំនូរ​ទៅមើលក្បាច់ដល់ប្រាសាទបន្ទាយស្រី ហើយជ្រើសយកក្បាច់ណាខ្លះ ដូចជាផ្កាច័ន្ទ ក្បាច់អង្គរ ជាដើម ហើយដេញថ្លៃ និងកំណត់ទីតាំងត្រូវដាក់ក្បាច់នោះទៅតាមប្លង់របស់លោក។ អ្នកឆ្លាក់ប្រហែលជា ២០នាក់ អ្នកលេខ១ ពូកែជាងគេបំផុត ឲ្យគាត់ឆ្លាក់ក្បាលនាគ។ ហើយពេលត្រូវការឆ្លងកិច្ចការគឺ ត្រូវចូលគាត់ព្រះករុណា ដើម្បីទ្រង់ពិនិត្យ។ កាលនោះលោកតា ម៉ូលីវណ្ណ បានយកថ្មកែវ ដែលទិញពីប្រទេសចិន សម្រាប់ក្រាលទៅឆ្លងព្រះករុណា ដើម្បីទ្រង់រើសពណ៌។ ពេលនោះនៅក្រោមដើមពោធិ៏មួយដើមក្នុងវាំង ដោយណែនាំលោកទៅទ្រង់ ដោយលោក ប៉ែន នុត ហើយទ្រង់ក៏សព្វព្រះទ័យពណ៌នេះ ពណ៌នោះ រួចក៏បំពាក់មេដាយជូនលោកភ្លាមៗក្នុងពេលនោះតែម្តង។




លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...