ប្រាសាទថ្មបាយក្អែក

ប្រាសាទនេះស្ថិតនៅជាប់នឹងគូទឹកខាងត្បូងអង្គរធំ និង ខាងជើងប្រាសាទបក្សីចាំក្រុង ចម្ងាយប្រហែល ១២៥ម៉ែត្រ ពីផ្លូវចូលអង្គរធំ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅសតវត្សទី១០ តែមិនដឹងជាស្នាដៃរបស់ព្រះរាជាអង្គណាមួយទេ គេគ្រាន់តែដឹងថាប្រាសាទនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែគ្រឹះ (ខឿន) ទ្វារប្រាសាទខាងកើត និងលិង្គព្រះឥសូរ តែប៉ុណ្ណោះនៅកណ្ដាលតួប្រាសាទ តែគ្មានឃើញបំបែកទម្រងយោនីនោះទេ។ គេគិតថា ប្រាសាទនេះអាចជាតួប៉មមួយនៃតួប៉មរាប់រយដែលព័ទ្ធពាសជុំវិញភ្នំបាខែង (នៅលើភ្នំបាខែង មានតួប៉មរហូតដល់ទៅ១០៨)។ ដូច្នេះប្រាកដនេះ វាស្ថិតនៅក្នុងរចនាបថបាខែង ក្រោមការបញ្ជាសាងសង់នៃព្រះបាទយសោវរ្ម័នទី១ ដូចប្រាសាទបីដែរ។Ty Sareun

អត្ថន័យ​នៃ​ចម្លាក់​រូប​ត្រី​លើ​ប្រាសាទខ្មែរ​បុរាណ​ក្នុង​សម័យ​អង្គរ​

​តាមរយៈ​ចម្លាក់​ត្រី ជា​ក្បាច់​ត្រ​ឡោ​ត​ទាប​នៃ​ប្រាសាទ​បាយ័ន ព្រលាន​ព្រះ​គម្លង់ និង​ប្រាសាទ​អង្គរវត្ត យើង​ឃើញ​មានការ​ពិពណ៌នា​នូវ​ប្រភេទ​ត្រី​ទឹកសាប​ខ្មែរ​ជាច្រើន​ឥត​គណ​នា​ ដូចជា ត្រី​ព្រួល ត្រី​គ្រុំ ត្រី​គល់រាំង ត្រី​អណ្ដែង ត្រី​ឆ្ដោរ​ជាដើម ។ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បុព្វបុរស​ខ្មែរ​ឆ្លាក់​ត្រី​ច្រើន​ម្ល៉េះ ? តើ​ខ្មែរ​បុរាណ​ចង់បង្ហាញ​អ្វី​ទៅ​សាស​នឹក​ជន ដែល​មក​ទស្សនា​នៅ​ស្ថាន​ទាំងនោះ ? ។​​
​ ​តាមពិត​ផ្ទាំង​ចម្លាក់​ត្រី​ទាំងនោះ​អាច​ចែកជា បី ប្រភេទ ៖ ទី​១. ចម្លាក់​ត្រី​ទាក់ទង​ទៅនឹង​ទេវ​កថា​ដូចជា រឿង​កូរ​សមុទ្រ​ទឹកដោះ​នៅ​ប្រាសាទអង្គរវត្ត ដែល​មាន​ប្រវែង​ប្រមាណ​ជា ៥០ ម៉ែត្រ ។ ទី​២. ចម្លាក់​ត្រី​ដែល​ទាក់ទង​ទៅ​នឹង​រឿងព្រេង​ដែល​មាន​លក្ខណៈ​អច្ឆរិយ​ដូចជា ចម្លាក់​រឿង​ជាច្រើន​ផ្ទាំង​ស្ដីពី​រឿងព្រេង​មួយ​ដ៏​ល្បីល្បាញ នា​សម័យ​វប្បធម៌​បាយ័ន ឈ្មោះ​រឿង​ប្រ​ទ្យុ​ម្ន ។ ទី​៣. ចម្លាក់​ប្រភេទ​ត្រី ដែល​មាននៅ​តាម​ដង​ទន្លេសាប ឬ​បឹងបួរ​ខ្មែរ ។​
​ទោះជា​ត្រី​ទាំងនោះ មាន​នៅ​ក្នុង​ធម្មជាតិ​ក្ដី ឬ​មិន​មាន​ក្នុង​ធម្មជាតិ​ក្ដី ជា​ការពិត​ណាស់​ដែល​សិល្បករ​ខ្មែរ​បុរាណ​ចង់បង្ហាញ​នូវ​ភាពសម្បូ​រណ៍​បែប នៃ​ប្រភេទ​ត្រី​ទឹកសាប នា​សម័យ​បុរាណ​នោះ ដែល​ជា​ប្រភព​នៃ​វឌ្ឍនភាព នៃ​វប្បធម៌​អារ្យធម៌​ខ្មែរ​នា​សម័យ​មហា​អង្គរ យ៉ាង​ប្រាកដ ។ តាមពិត​បើ​យើង​ពិនិត្យ​ឲ្យ​ស៊ីជម្រៅ ចម្លាក់​ត្រី​ទាំងនោះ​ពិតជា​ពុំមែន​ត្រូវបាន​ឆ្លាក់​ឡើង​គ្រាន់តែ​លំអ​ភែ្ន​ ក​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​ជា​និមិត្តរូប​នៃ​ធនធាន​សម្បត្តិ​ធម្មជាតិ​របស់​នគរ​ខ្មែរ​យ៉ាង​ ប្រាកដ ៕
ម​.​ត្រា​ណេ

សំណង់ដ៏មហិមា "វិមានឯករាជ្យ" ស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោកតាវណ្ណ ម៉ូលីវណ្ណ

សំណង់ដ៏មហិមានេះផ្តើមសាងសង់ឡើងអំឡុងឆ្នាំ ១៩៥៧ - ១៩៦០ ក្រោមព្រះរាជតម្រិះព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោយពេលបានឯករាជ្យ៥ ឆ្នាំ។ វិមាននេះសង់សម្រាប់ឧទ្ទិសចំពោះអ្នកស្នេហាជាតិដែល​បានស្លាប់ក្នុងបុព្វហេតុទាមទារឯករាជ្យពីបារាំង និងសម្រាប់ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ព្រមទាំងជានិម្មិតរូបនៃឯករាជ្យភាពរបស់កម្ពុជា។ សំណង់នេះត្រូវបានរចនាប្លង់ដោយស្ថាបត្យករខ្មែរ ដែលបានទៅរៀននៅស្រុកបារាំង គឺលោកតា វណ្ណ ម៉ូលីវណ្ណ ដែលជាកុលបុត្តខ្មែរដ៏ឆ្នើម​មួយរូបសម្រាប់ជាតិ។ សំណង់ដ៏ល្បីល្បាញ់នេះមានកម្ពស់ ២០ ម៉ែត្រ ស្ថិតនៅលើខឿន ៣ថ្នាក់ មានកំពូល ៥ថ្នាក់ ដែលលម្អដោយ​នាគ ២០ ក្នុងមួយថ្នាក់ ដែលស្មើនឹងចំនួន១០០ តំណាងឲ្យរយៈកាលនៃអាណានិគមបារាំង​មក​លើខ្មែរ ជិត១សតវត្ស។ នៅក្នុងស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោកតា វណ្ណ ម៉ូលីវណ្ណ ក្រោម​ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ព្រះករុណា ជាម្ចាស់ ដោយព្រះរាជតម្រិះសម្លឹងជ្រៅទៅអតីតកាលនៃចក្រភពអង្គរដ៏រុងរឿង គឺសម័យមហានគរខ្មែរ។ ជាលទ្ធផល ប្រាសាទបាគង ត្រូវបានជ្រើសយកមកសិក្សាក្នុងទម្រង់សិល្បៈនៃអង្គរ។ ទោះបីជាប្រាសាទបាគងសង់ក្នុងរាជ្យ ព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលស្ថិតក្នុងរចនាបថបាគង ក៏ពិតមែន តែប្រាង្គកណ្តាលនៃប្រាសាទនេះ ត្រូវបានសង់ក្រោយមកទៀតក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គឺក្នុងរចនាបថអង្គរ។ ទម្រង់នៃសិល្បៈរាងក្រពុំឈូក ដែលដូចនឹងប្រាង្គនៃប្រាសាទអង្គរវត្ត ចំណែកឯក្បាច់វិញគឺយកតាមលំនាំក្បាច់នៅឯបន្ទាយស្រី ដែលមានជម្រៅ និងរស់រវើកនៃសិល្បៈខ្មែរ។ សំណង់នេះសង់ឡើងត្រង់ប្រសព្វនៃមហាវិថីព្រះនរោត្តម និងមហាវិថីភ្លោះព្រះសុរាម្រិត និងព្រះសីហនុ។ កាលដើមឡើយត្រង់ទីតាំងនេះមានព្រែកមួយដែលត្រូវបានលុបក្នុងសម័យបារាំង ហើយក្រោមបាតគ្រឹះនៃវិមាននេះ មានស្ពានបុរាណមួយហៅថាស្ពានកូនកាត់។ ស្ពាននេះជាឧបសគ្គនៃការសង់សំណង់ដ៏ស្កឹមស្កៃមួយនេះ។ លោកតា វណ្ណ ម៉ូលីវណ្ណ បានប្រាប់ថាសហគ្រាសសាងសង់ទី១ បានបរាជ័យក្នុងការរៀបគ្រឹះខាងក្រោម ដោយវាយស្ពានពុំកើត ហើយចាក់គ្រឹះនៅក្រោមស្ពាននោះ ប៉ុន្តែធ្វើបែបនេះវាប្រហោង ដូច្នោះមិនរឹងមាំឡើយ លោកតា វណ្ណ ម៉ូលីវណ្ណ ក៏បណ្តេញសហគ្រាសនោះចេញទៅ។ លោកក៏ចាប់ផ្តើមដេញថ្លៃ និងរៀបចំសារជាថ្មី។ ដីខាងក្រោមនោះពុំអាចទ្រទ្រង់សំណង់ធ្ងន់បានទេ ព្រោះដីធូ ដូច្នោះគេក៏វាយគ្រឹះខ្លីៗរាក់ៗ ប្រហែល ៨ម៉ែត្រប៉ុណ្ណោះ។ ពេលដែលរៀបគ្រឹះមាំហើយ ទើបគេរៀប​ចំ​ខឿន ហើយសង់ឡើងតែម្តង។ ចំណែកឯអ្នកសាងសង់តាមគម្រោងប្លង់លោកតា ម៉ូលីវណ្ណ នោះគឺខ្មែរម្នាក់ដែលមាន​ស្រុកកំណើតនៅឯបាត់ដំបង នោះគឺលោក តឹង វឿត ជាជាងកំបោរ និងជាងចម្លាក់ជាមួយ​ក្រុមហ៊ុនម៉ៅការសាងសង់ក្នុងខេត្ត។ ( លោក តឹង វឿត បានស្លាប់ក្នុងសម័យខ្មែរក្រហម )។ តើហេតុអ្វីបានជាជ្រើសអ្នកបាត់ដំបងមកសងវិមាននេះ បើទីតាំងសង់នៅឯភ្នំពេញឯណេះសោះ? លោក តឹង វឿត ត្រូវបានព្រះបាទនរោត្តម សីហនុ អញ្ជើញឲ្យមកធ្វើការងារដ៏អស្ចារ្យមួយនេះ​ពេលដែលព្រះអង្គយាងសម្ភោធសមិទ្ធិផលក្នុងវត្តពោធិ់វាល ( បាត់ដំបង ) ដោយសារស្នាដៃដែល​គួរឲ្យចាប់ចិត្តរបស់លោក។ ស្នាដៃលោក តឹង វឿត មានដូចជា វិមានឯករាជ្យ ចេតិយគន្ធបុផ្ផា ចេតិយព្រះបាទសុរាម្រិត និងព្រះមហាក្សត្រីយ៏ ( ក្នុងព្រះរាជវាំង ) វត្តស្លាកែត ( បាត់ដំបង ) និងសារៈមន្ទីរខេត្តបាត់ដំបង ជាដើម។ កាលសង់នោះ លោកតា ម៉ូលីវណ្ណ បាននាំជាងគំនូរ​ទៅមើលក្បាច់ដល់ប្រាសាទបន្ទាយស្រី ហើយជ្រើសយកក្បាច់ណាខ្លះ ដូចជាផ្កាច័ន្ទ ក្បាច់អង្គរ ជាដើម ហើយដេញថ្លៃ និងកំណត់ទីតាំងត្រូវដាក់ក្បាច់នោះទៅតាមប្លង់របស់លោក។ អ្នកឆ្លាក់ប្រហែលជា ២០នាក់ អ្នកលេខ១ ពូកែជាងគេបំផុត ឲ្យគាត់ឆ្លាក់ក្បាលនាគ។ ហើយពេលត្រូវការឆ្លងកិច្ចការគឺ ត្រូវចូលគាត់ព្រះករុណា ដើម្បីទ្រង់ពិនិត្យ។ កាលនោះលោកតា ម៉ូលីវណ្ណ បានយកថ្មកែវ ដែលទិញពីប្រទេសចិន សម្រាប់ក្រាលទៅឆ្លងព្រះករុណា ដើម្បីទ្រង់រើសពណ៌។ ពេលនោះនៅក្រោមដើមពោធិ៏មួយដើមក្នុងវាំង ដោយណែនាំលោកទៅទ្រង់ ដោយលោក ប៉ែន នុត ហើយទ្រង់ក៏សព្វព្រះទ័យពណ៌នេះ ពណ៌នោះ រួចក៏បំពាក់មេដាយជូនលោកភ្លាមៗក្នុងពេលនោះតែម្តង។




ប្រាសាទថ្នមប្ដី

ប្រាសាទថ្នមប្ដី មានទីតាំងនៅក្នុងទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដោយសារប្រាសាទនេះមានផ្ដែរបង្ហាញពីរូបព្រះនរាយណ៍ផ្ទំ​លើ​នាគអនន្ត កណ្ដាលមហាសមុទ្រទឹកដោះ ដើម្បីបង្កើតលោកថ្មី និងមានសក្តិ (ប្រពន្ធ) អង្គុយនៅចុងជើង ទើបអ្នកស្រុកហៅថាប្រាសាទនេះថា ប្រាសាទថ្នមប្ដី ។ ហើយបច្ចុប្បន្នផ្ដែរមួយនោះ ត្រូវបានគេរក្សាទុកនៅឯសារមន្ទីរជាតិ នារាជធានីភ្នំពេញ។តាម៉ាប់ & យាយម៉ាប់

ព្រះខ័នរាជ្យ



ព្រះខ័នរាជ្យ ឬហៅថាព្រះខ័នជ័យ ជាឈ្មោះសស្ត្រា ១ យ៉ាងសឹងរាប់ជាគ្រឿងកកុធភណ្ឌ សម្រាប់ ព្រះរាជាម្ចាស់ផែនដី គឺក្សត្រដែលនឹងទទួលព្រះរាជពិធីរាជាភិសេក ជាព្រះរាជាម្ចាស់ផែនដីត្រូវមានគ្រឿងសម្រាប់ រាជ្យឲ្យគ្រប់មុខ ដែលហៅរួមថា បញ្ចកកុធភណ្ឌ ឬរាជកកុធភណ្ឌ ឬក៏ហៅខ្លីថា កកុធភណ្ឌ គឺ ១. ព្រះមកុដ, ២. ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌ស), ៣. ព្រះខ័ន, ៤.ស្វេតច្ឆត្រ, ៥. ព្រះសុវណ្ណបាទុកា (ស្បែកជើង មាស) ។ ភណ្ឌៈទាំង ៥ យ៉ាងនេះ រាប់ជាគ្រឿងឥស្សរិយយសរបស់ព្រះរាជាម្ចាស់ផែនដី ។
ដោយហេតុព្រះខ័ន រាប់បញ្ចូលក្នុងពួករាជកកុធភណ្ឌដូច្នេះហើយ ទើបមិនបានរាប់ជាគ្រឿងចម្បាំង ដោយត្រង់ រាប់ទៅជាគ្រឿងកម្រាប់សឹកពិសេស ឬជាគ្រឿងប្រហារជាន់ខ្ពស់, កាលនឹងស្ដេចចេញទៅធ្វើព្រះរាជ សង្គ្រាម ក៏ត្រូវយកព្រះខ័នជាប់នឹងព្រះអង្គទៅផងជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធ ឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ដែលត្រូវប្រើអាវុធខ្លីប្រហារនោះ ទោះនឹង យកព្រះខ័នប្រហារឲ្យវិនាសទៅបាន រួចសេចក្ដីទៅថា ត្រូវតែសម្លាប់ដោយកិត្តិយស ។
ព្រះខ័នរាជ្យសព្វថ្ងៃនេះគេតម្កល់ទុកនៅហោព្រះបញ្ចក្សេត្រ (ហោទេវរូប) នៅក្នុងព្រះបរមរាជវាំង មានពួកបារគូជាភ្នាក់ងារថែរក្សាយ៉ាងតឹងរ៉ឹង ហើយនឹងមានកិច្ចធ្វើពិធីបូជារៀងរាល់ខែផង កំណត់ពលីការក្នុង ១ខែ ២ដង, តាមប្រក្រតី គេធ្វើខាងខ្នើតម្ដង, ខាងរនោចម្ដង, តែជួនកាលខាងខ្នើតមិនបានធ្វើ គេទៅធ្វើខាងរនោចពីរដងតែម្ដងក៏មាន, ការធ្វើខាងខ្នើតខាងរនោចនេះ មិនមានកំណត់ឲ្យជាការទៀងទាត់ទេ ស្រេចតែមានឱកាសស្រួលកាលណា ក៏ធ្វើកាលនោះទៅ មានកំណត់ទៀងតែក្នុង១ខែត្រូវធ្វើពីរដង នឹងបន្ថយឲ្យតិចទៅជាងនេះពុំបាន, ហើយមានកំណត់ឈ្មោះថ្ងៃដែលត្រូវធ្វើបានតែ ៣ឈ្មោះ គឺ ថ្ងៃអង្គារ ១, ថ្ងៃព្រហស្បតិ៍ ១, ថ្ងៃសៅរ៍ ១, តែក្នុងមួយខែៗ គប្បីធ្វើឲ្យត្រូវក្នុងព្រហស្បតិ៍ម្ដងៗ ជាដរាបដល់គ្រប់ទាំង ១២ខែ, ឯថ្ងៃអង្គារ និងថ្ងៃសៅរ៍ គេធ្វើឆ្លាស់គ្នា ឧបមាដូចយ៉ាងផ្ដើមធ្វើឡើងក្នុងខែមិគសិរជាដំបូង ក្នុងខែដំបូងនោះ បើវារៈដំបូងធ្វើក្នុងថ្ងៃអង្គារក្ដី ឬក្នុងថ្ងៃសៅរ៍ក្ដី នោះវារៈទី២ ត្រូវធ្វើនៅក្នុងថ្ងៃព្រហស្បតិ៍ ឬវារៈដំបូងធ្វើក្នុងថ្ងៃព្រហស្បតិ៍ វារៈទី២ នឹងធ្វើក្នុងថ្ងៃអង្គារ ឬថ្ងៃសៅរ៍ឯណានីមួយក៏បាន ។ ក្នុងខែទី២ បើក្នុងខែដំបូងធ្វើក្នុងថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍ហើយ ត្រូវធ្វើក្នុងថ្ងៃសៅរ៍ និងថ្ងៃព្រហស្បតិ៍ គេឆ្លាស់គ្នាដូច្នេះរៀងគ្រប់ៗខែ រហូតរយឆ្នាំ ពាន់ឆ្នាំទៅ ។
ឯគ្រឿងពលីការព្រះខ័នរាល់ៗខែនោះ មានកំណត់ចំនួនដូច្នេះ សំពត់ស ៤ត្បូង គឺ ៣២ហត្ថ, បាយសី ៥រួត ១គូ, ស្លាធ័រ ១គូ, ស្លាជម ១គូ, ស្លាត្រួយ ៥, បាយព្រះ ៥កញ្ចប់, ប្រាក់ ៥ស្លឹង (វេលានេះគេដាក់ ៥កាក់), ចម្អាប ២តុ, បង្អែម ២តុ, ក្បាលជ្រូក ១គូ, ទាស្ងោរ ១គូ, មាន់ស្ងោរ ១គូ ។
គេរៀបតុ១ តូចទាបក្រាលពូក ដាក់ខ្នើយតូច១ ពីមុខតុ គឺពីខាងកើត គេក្រាស់ព្រំ ហើយរៀបគ្រឿងពលីការ ដូចមានខាងលើនេះ វេលាប្រមាណយាម ២ គឺម៉ោង ១០ព្រឹក គេអញ្ជើញព្រះខ័នមកដាក់តម្កល់លើពូក ដាក់ចុងទៅខាងត្បូង គល់ទៅខាងជើង ហើយពួកព្រាហ្មណ៍ ៨នាក់សូត្របូជា ស្រេចហើយអញ្ជើញទុកកន្លែងដើមវិញ ។
ការហូតព្រះខ័ននេះចេញពីស្រោម មានកំណត់ហូតបានតែក្នុងថ្ងៃអង្គារដែលមានធ្វើពិធីពលិការ ថ្ងៃឯទៀតដូចយ៉ាងថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ សូម្បីមានពលីការក៏ហូតមិនបាន ។
លោកថា ព្រះខ័នរាជ្យអង្គនេះ ជារបស់បុរាណ សង្កេតមើលលក្ខណៈក៏គួរជឿដូច្នោះពិត តាមក្នុងរាជពង្សាវតារថា សាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះកេតុមាលា រួមវេលាប្រមាណជាង ១០០០ឆ្នាំហើយ រាប់ជារបស់បុរាណដោយពិត ។
«លក្ខណៈព្រះខ័នរាជ្យ»
-ផ្លែព្រះខ័ន មានមុខទាំងសងខាង រាងប្រហែលនឹងស្លឹកស្រូវ ។
-ខ្នាតវាស់រួមពីដងដល់ចុងស្រោម................ ១ ម ០៨៧
-បណ្ដោយទាំងដងទាំងផ្លែ.......................... ១ ម ០០៧
-បណ្ដោយផ្លែ........................................... ០ ម ៧២
-ទទឹងផ្លែ................................................. ០ ម ០៦
-បណ្ដោយដងប្រវែង................................ ០ ម ២៨៧
-បណ្ដោយស្រោម................................... ០ ម ៨០
-ទទឹងស្រោម......................................... ០ ម ០៨៥
ក្បាច់រចនា : នៅគល់ផ្លែនិងតាមជួរកណ្ដាលផ្លែមានក្បាច់ វៀរតែមុខនិងចុង, នៅរវាងក្បាច់ខាងគល់ផ្លែទាំងសងខាង មានរូបព្រះឥន្ទគង់លើដំរីក្បាលបី និងរូបព្រះវិស្ណុឈរលើក្បាលរាហូ ។ ដងមាសក្បាច់សុស ហើយបញ្ចុះថ្នាំពណ៌ ចុងដើមដងមានប្រដាប់ត្បូងផ្សេងៗជាច្រើនគ្រាប់ ។
ស្រោមមាស មានរចនាសុស រវាងកណ្ដាលស្រោមមានរូបព្រះវិស្ណុ និងព្រះរាមគង់លើពាហនៈផ្សេងៗ គឺនៅខាងចុងស្រោមឬនៅខាងលើបង្អស់ រូបព្រះវិស្ណុព្រះហស្ដ៤ គង់លើគ្រុឌ នោះចាប់នាគដោយជើងទាំងសងខាង, តមក ៥រូប គេស្មានថា រូបព្រះរាមគង់លើស្ដេចពានរផ្សេងៗ គឺគង់លើមហាជម្ពូ១, គង់លើពាលី១, គង់លើសុគ្រីព (សុគ្រីវៈ) ១, គង់លើអង្គទ១, គង់លើហនុមាន១ ។
(សម្រង់ចាកពី ព្រះរាជពិធីទ្វាទសមាស, ភាគ១, ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ, ព.ស.២៥១២, ទំ.១២២១២៦)
កំណត់សម្គាល់ ៖
ព្រះខ័នមានបីប្រភេទ គឺ ៖
១.ព្រះខ័នរាជ្យ
២.ព្រះខ័នរង
៣.ព្រះខ័នស្ដេចត្រាញ់ ។
-----
ប្រជុំ​ប្រវត្តិសាស្ត្រ

"ទ្រឹស្ដីការសាងព្រះពុទ្ធរូប"



ការបង្កើតព្រះពុទ្ធរូបកើតឡើងដំបូងបង្អស់នៅក្នុងសិល្បៈ គ័នថារៈ (Gandhara) សតវត្សទី១មុន គ.ស ដល់សតវត្សទី៣ នៃគ្រិស្តសករាជ (អ្នកស្រាវជ្រាវខ្លះថានៅក្នុងសិល្បៈ ម័នធុរា Mathura) ។ ជនជាតិឥណ្ឌាបានទទួលយកគំនិតនៃការសាងព្រះពុទ្ធរូបនេះពីការសាងរូបព្រះអាទិទេពរបស់សិល្បៈក្រិច-រ៉ូម៉ាំង។ គោលការណ៍៣សំខាន់ៗដែលត្រូវបានជាង យកមកប្រើប្រាស់សម្រាប់ ការសូនព្រះពុទ្ធរូបរួមមាន៖
១. ការនាំលក្ខណៈមហាបុរសទាំង ៣២ ប្រការដែលមានអធិប្បាយក្នុងគម្ពីរ "មហាបុរសលក្ខណៈ" មកប្រើ ដោយជ្រើសរើសយកតែលក្ខណៈពិសេសនិងស្រស់ស្អាតមកប្រើដូចជា មានព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) ព្រះកាណ៌(ត្រចៀក)វែង ព្រះពាហុ(កំភួនដៃ)វែងជាដើម។
២. ប្រើប្រាស់រចនាបថរបស់សិល្បៈក្រិច-រ៉ូម៉ាំង ដែលធ្លាប់ប្រើក្នុងការបង្កើតរូបព្រះអាទិទេព ដូចជាបច្ចេកទេសឃ្លុំចីពរ និងការធ្វើរង្វង់រស្មីជុំវិញព្រះសិរសាតាមបែប halo របស់សូរ្យទេពក្រិច។
៣. ការប្រតិដ្ឋ "ព្រះមូលី" (Ushunisha) ដែលជាផ្នួងសក់ខាងលើព្រះសិរសា។ តាមពិតទៅព្រះពុទ្ធជាម្ចាស់អាចមិនបានទុកផ្នួងព្រះកេសាបែបនេះ តែអាចកោរព្រះកេសាដូចព្រះសង្ឃទូទៅ។ តែការសាងឲ្យមានព្រះមូលីនាំឲ្យព្រះពុទ្ធអង្គមានលក្ខណៈខុសប្លែកពីសាវករបស់ព្រះអង្គ។

ដោយឡែកប្រទេសកម្ពុជាទទួលឥទ្ធិពលនៃការសាងព្រះពុទ្ធរូបតាំងតែមុនសម័យអង្គរ។ ជាងខ្មែរមុនសម័យអង្គរបានទទួលយកបច្ចេកទេសការសាងព្រះពុទ្ធរូបពីសិល្បៈពីរប្រភេទគឺ សិល្បៈអមរាវតី(Amaravati) សតវត្សទី១-៤ គ.សនិងសិល្បៈគុបតៈ (Gupta) សតវត្សទី៣-៦ គ.ស។




ព្រះពុទ្ធរូបបរិនិព្វានលើភ្នំព្រះរាជទ្រព្យ

កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានបង្ហោះរួមហើយអំពីព្រះពុទ្ធរូបបរិនិព្វានមួយអង្គនៅលើភ្នំព្រះរាជទ្រព្យ។ ព្រះពុទ្ធរូបបរិនិព្វានអង្គនេះជាការកសាងឡើងដោយព្រះសង្ឃជាន់ខ្ពស់មួយអង្គព្រះនាម សម្តេចព្រះរាជ្ជមុនីបពិត្រ ដែលនិមន្តមកពីក្រុងអយុធ្យា (ចារឹកប្រើអក្សរខ្មែរ-សៀម សរសេរជាភាសាសៀម ចារឹកភ្នំគូលែន K. 1006)។ នៅមានសិលាចារឹកពីផ្ទាំងទៀតជាភាសាខ្មែរដែលមានខ្លឹមសារដូចគ្នា (K. 285 & K.465) ចារឹកដោយព្រះសង្ឃអង្គនេះចុះកាលបរិច្ឆេតឆ្នាំ ១៥៨៣ ដែលមានខ្លឹមសារថា
"......... កាលអ្នកសម្ដេចបពិត្រ ស្ថិតនៅនាភ្នំព្រះរាជទ្រព្យទ្រង់បានរៀបរណ្ដាប់សាងព្រះពុទ្ធរូបបាក់បែកទាំងឡាយ រួចលាបជាតិបារត ទឹកមាស រចនាយ៉ាងប្រពៃបរិបូរណ៍បាន៥០អង្គ ថ្វាយជាមួយព្រះបត់ត្រៃភូមិគ្រប់រូប ព្រះពុទ្ធនិព្វានមួយប្រវែង៦ព្យាម និងព្រះវិហារមួយសុរេចបរិបូរណ៍ឲ្យដល់កេណ្ឌព្រះសាសនា....."
ក្រៅពីភស្តុតាងពីសិលាចារឹកពីវត្តមានព្រះសង្ឃអយុធ្យាហើយ យើងនៅសង្កេតឃើញមានការឆ្លាក់រូបដែលជានិមិត្តសញ្ញាមង្គលលើព្រះបាទដែលសភាពស្រដៀងគ្នាយ៉ាងខ្លាំងជាមួយនឹងនិមិត្តសញ្ញាមង្គលនៅក្នុងសិល្បៈអយុធ្យា ដូចជា រូបសន្លឹកសីមាជាដើម(ប្រទះឃើញតាមវត្តជាច្រើនក្នុងសម័យអយុធ្យា)។
តាមរយៈព័ត៌មានពីសិលាចារឹកយើងអានដឹងបានថា ព្រះពុទ្ធរូបបរិនិព្វានមួយអង្គនេះសាងនៅឆ្នាំ ១៥៨៣ គ.ស ចុងសតវត្សទី១៦ ដោយព្រះសង្ឃជាន់ខ្ពស់មួយអង្គមកពីក្រុងអយុធ្យា។ ហើយព្រះសង្ឃអង្គនេះប្រហែលជាបានទាំងនាំលក្ខណៈសិល្បៈអយុធ្យាមកជាមួយផងដែរ។
ប្រភពព័ត៌មាន៖ វង់ សុធារ៉ា, សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្តាល, ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពនគរវត្ត, ២០១២, ទំព័រ១៤៥-១៥៥។



លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...