រូបចម្លាក់ប្រាសាទ​បាយ័ន​ បានបង្ហាញពីកង​ទ័ព​ចិន​ជួយ​ច្បាំង​ទ័ព​ខ្មែរ​ឈ្នះ​លើទ័ព​ចាម

 


វត្តមាន​ទ័ព​ចិន នៅ​ក្នុង​ជួរ​ទ័ព​ខ្មែរ​នៃ​ជ័យជម្នះ​លើ​កងទ័ព​ចាម​នៅ​លើ​ចម្លាក់ ប្រាសាទបាយ័ន​ត្រង់​ថែវ​ខាងក្រៅ នា​ទិស​ខាងកើត មាន​ទិដ្ឋភាព​ដ៏​ធំ​ពីរ​ផ្ទាំង​ជាប់​គ្នា ដែល​រៀបរាប់​អំពី​ជ័យជម្នះ​ដ៏​អស្ចារ្យ​នៃ​កងទ័ព​ខ្មែរ លើ​កងទ័ព​ចាម​ដែល​បាន​ឈ្លានពាន​ចូល​គ្រប់គ្រង​នគរ​ខ្មែរ តាំងពី​ឆ្នាំ​១១៧៧​ មកម៉េ្លះ ។
ទិដ្ឋភាព​នេះ​មិន​ថា​ទេសចរ​ខ្មែរ ឬ​បរទេស​ទេ គឺ​បានដឹង​បានឮជា​ទូទៅ ព្រោះ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​មុន​ការ​ចាប់ផ្តើម​ឡើង​គ្រងរាជ្យ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជា​ព្រះ​មហា​ក្ស​ត្ស​ខ្មែរ​ដ៏​ល្បីល្បាញ​ទាំង​គុណធម៌ និង​ស្នា​ព្រះ​ហ​ស្ថ​បន្សល់​ទុក​រហូត​ដល់​សព្វថ្ងៃ ។
បើ​មើល​ឱ្យ​លម្អិត​លើស​ពី​ធម្មតា​បន្តិច យើង​នឹង​ឃើញ​កងទ័ព និង​មេទ័ព​មួយ​ចំនួន​មាន​ឯកសណ្ឋាន​ខុស​ពី​កងទ័ព​ខ្មែរ បម្រើ​ការ​នៅ​ខាង​ទ័ព​ខ្មែរ។ កងទ័ព​នោះ​ គឺជា​កងទ័ព​ចិន​ដែល​មក​ជួយ​ច្បាំង​ខ្មែរ​ក្នុង​ចម្បាំង​នឹង​នគរ​ចាម ។
ហេតុ​អ្វី​មាន​វត្តមាន​ទ័ព​ចិន​មក​ជួយ​ខ្មែរ​នៅ​ពេល​នោះ ? 
លោក​អុ​ឹ​ម សុខ​រិ​ទ្ធី អ្នក​ស្រាវជ្រាវ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់​ថា នា​សតវត្ស​រ៍ទី​១២ ​រាជវង្ស​សុង ដែល​គ្រប់គ្រង​នគរ​ចិន ត្រូវ​ដួលរ​លំដោយ​កងទ័ព​សេះ​ដ៏ខ្លាំងក្លារបស់​ម៉ុង​ហ្គោ​លី។ កងទ័ព​ចិន​ដែល​នៅ​តំបន់ ឆ្ងាយ​ៗ​បាន​បែកខ្ញែក​គ្នា រត់គេច​ពី​ចម្បាំង​ចាញ់។ ទ័ព​ខ្លះ​ក៏​ចេញ​ដើរ​ច្បាំង ដើម្បី​បន្ត​ជីវភាព​រស់នៅ​ទៀត។ ទេសកាល​នេះ​ហើយ ដែល​នាំ​ឱ្យ​មាន​ជា​ទ័ព​ស៊ីឈ្នួល​នៅ​តាម​ប្រទេស​ខ្លះ មាននៅ​ប្រទេស​ខ្មែរ​ជាដើម ។ ក្រុម​កងទ័ព​ស៊ីឈ្នួល​ចិន​មួយ​ក្រុម​បាន​ធ្វើ​ចម្បាំង​ជួយ​ខ្មែរ​តទល់​នឹង​ទ័ព​ចាម​ផង​ដែរ ។
អ្នក​ស្រាវជ្រាវ​រូប​នេះ ​ក៏​បាន​បញ្ជាក់​អំពី​ការ​ឆ្លង​គ្នា​នៃ​ទំនៀមទម្លាប់​ជិះសេះ​ធ្វើសង្គ្រាម​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​ក្នុង​ចម្លាក់​នេះ ។
 លោក​អ៊ឹ​ម សុខ​រិ​ទ្ធី បញ្ជាក់​ថា មុន​វត្តមាន​កងទ័ព​ចិន​ចូល​មក ព្រះមហាក្សត្រ​ពុំដែល​គង់​ប្រថាប់​លើ​ខ្នង​សេះ​ក្នុង​ការ​ចេញ​ច្បាំង​នោះ​ទេ គឺ​គង់​ប្រថាប់​តែ​លើ​ខ្នង​ដំរី​ប៉ុណ្ណោះ។ ដូច​គ្នា​ដែរ មេទ័ព​ចិន​មួយ​ចំនួន​ក៏​រៀន​ជិះ​ដំរី​ធ្វើសង្គ្រាម​តាម​ខ្មែរ​ដែរ ព្រោះ​នៅ​ប្រទេស​ចិន​ពុំ​មាន​ដំរី​ចម្បាំង​សម្រាប់​ជិះ​ធ្វើសង្គ្រាម​ទេ ៕








 ជាតិ សង្គមជាតិ សរសេរ​ពាក្យ «​សំបូរ​ព្រៃ​គុក​» ជា​ពាក្យ​ត្រឹមត្រូវ​

 






ក្រោយពី​«​តំបន់​ប្រាសាទសំបូរព្រៃគុក​» ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​មនុស្សជាតិ​នៃ​អង្គការ​យូណេស្កូ ការជជែក​ដណ្តឹងសួរ​គ្នា​អំពី​ការប្រកប​ពាក្យ​សំបូរ​ព្រៃ​គុក តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាន់តែ​ផុលផុស​។ បើទោះជា​រដ្ឋាភិបាល​បាន​ប្រកប​ពាក្យ សំបូរ​ព្រៃ​គុក ដូចនេះ​ក៏ដោយ សាធារណជន​មួយចំនួន​បាន​បញ្ចេញ​ទស្សនៈ​ថា គេ​ធ្លាប់​ឃើញ​ការប្រកប​បែបនេះ​វិញ​គឺ សំបូរ​ព្រៃគុហ៍ ដែល​មកពី​ពាក្យ​គុហា​។​

បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​លោក ច័ន្ទ សំណព្វ ដែលជា​អនុប្រធាន​រាជបណ្ឌិត្យសភា​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការប្រកប​ពាក្យ សំបូរ​ព្រៃ​គុក ដោយ​សរសេរ «​គុក​» គឺជា​ការប្រកប​ត្រឹមត្រូវ​។ លោក​បណ្ឌិត​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​គុក ជា​ពាក្យបុរាណ​ខ្មែរ ដែល​មានន័យថា ប្រាង្គ ប្រាសាទ​»​។​
 
​បណ្ឌិត ចិ​ន្ត ច័ន្ទ​រតនា ដែលជា​បុរាណ​វិទូ ហើយ​មាន​គម្រោង​ថត​វីដេអូ​ឯកសារ​ស្តីអំពី​ប្រាសាទសំបូរព្រៃគុក​នេះ ក៏​យល់ស្រប​ជាមួយ​លោក​បណ្ឌិត ច័ន្ទ សំណព្វ អំពី​ការប្រកប​ពាក្យ សំបូរ​ព្រៃ​គុក យ៉ាង​ដូច្នេះ​ដែរ​។ លោក​បុរាណ​វិទូ​ពន្យល់ថា បើទោះជា​ពាក្យ «​គុក​» ដែល​ពលរដ្ឋ​សម័យ​បច្ចុប្បន្ន​ស្គាល់​ថា​ជា ពន្ធនាគារ​នោះ ប៉ុន្តែ​ដូនតា​ខ្មែរ​ពី​សម័យបុរាណ បាន​ប្រើប្រាស់​ពាក្យ​គុក​នេះ ដើម្បី​សំដៅ​ទៅលើ​ទីសក្ការៈ​បូជា ហើយ​វា​គឺជា​ទីកកន្លែង​ដែល​បិទ​ជិត​៕
 
 

បញ្ហាឈ្មោះចេនឡា និងប្រាសាទសំបូរព្រៃគុហ៍

 


បញ្ហាឈ្មោះចេនឡា
ចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖
១.សម្មតិកម្មលោកផូលផេលាត (Paul Pelliot) លោកយល់ថាពាក្យចេនឡានេះមកពីពាក្យ ចិន និង រាប ចិន+រាប > ចិនឡា គេបានពន្យល់ថាជារដ្ឋនេះធ្លាប់មានជម្លោះនឹងចិន ហើយទទួលជោគជ័យក៏បានឲឈ្មោះទីន
ោះថាចិនរាប ដល់ពេលចិនថាត្រាប់តាមបានក្លាយជាចេនឡាទៅ ។
២.ទស្សនៈលោក កេង វ៉ាន់សាក់ លោកយល់ថាក្លាយមកពីពាក្យ ថា ចិន និង លា ដូច្នេះគេបាន ចិន + លា > ចិនឡា លោកបានពន្យល់ថាចិនមិនអាចត្រួតត្រាកន្លែងនោះបានក៏ដកថយទៅវិញរឺ លា ទើបមានឈ្មោះថាចិនលាៗ ដូច្នេះ ។
៣.ទស្សនៈលោក លី ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ឈ្មោះអោយប្រទេសមួយដែលមានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើហ៊្វូណន ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន រឺ ឃ្មុំ រឺ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម)មានន័យថាស្រុកក្រមួនសុទ្ធ ។
៤.ទស្សនៈលោកឆត្រាប្រេមឬឌីលោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ ។ ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា ។
៥.ទស្សនៈលោក ពៅ ឈិនតាមសៀវភៅអរិយធ៌មខ្មែរ-មនទំព័រ៣២-៣៣ លោកសរសេរថា '....ហើយពុំទាន់មានស្ដេចទេ គឺមានកុលសម្ព័ន្ធពីរគឺមន១និងខម១ប៉ុណ្ណោះឯង ។ ថាកុលសម្ព័ន្ធមននៅតាមដងទន្លេមេណាមស្រុកសៀមរហូតដល់ភាគខាងត្បូងភូមា ឯកុលសម្ព័ន្ធខមនៅចាប់ពីស្រុកបាភ្នំ-លពបុរី-ស្រីអយុធ្យា និងនៅលើដីកោះគោកធ្លកតាមជួរភ្នំដងរែករហូតទៅដល់ស្រុកចិន ទើបបានជាមានពាក្យថាចិនឡា ។ មួយទៀតថា ដោយហេតុតែដីកោះទាំងនោះមានមាសច្រើន ទើបបានជាមានពាក្យថា សុវណ្ណភូមិនោះឯង '។
៦.ទស្សនៈលោក អ៊ែម ហ្គុស្ឆ យល់ថាចេនឡាមកពីពាក្យថា ចន្ទ្របូរា (Chamtrapura) គាត់ថាប្រហែលពាក្យនេះជាសព្វនាមផ្សេងទៀតរបស់ក្រុងវៀងចន្ទ (Vientiane) ។ លោកពន្យល់ថាមាននាមសព្ទជាច្រើន បានដាក់ឈ្មោះឲរដ្ឋប៉ែកខាងជើងជាភាសាសំស្ក្រឹត បូរា (Pura) ដូចជា ឥស្សនាបូរា (Icanapura = សម្បូណ៍ព្រៃគុហ៍ = Sambor Prey Kup) គិម៉ាបូរា (Bhimapura = ភិម៉ៃ = Phimai) ។ ទំរាំមានអំនះអំនាងមកប្ដូរវិញ ។




របាំ​នៅ​ព្រះរាជ​ធានី​ឥសាន​បុ​រៈ (​សម្បូ​ណ៍​ព្រៃ​គុក​)



ជានិច្ចកាល ក្នុងសម័យ​បុរាណ វិស័យ​នា​ដ្ឋ​សាស្ត្រ​មិនអាច​ផ្តាច់​ចេញពី​ជីវិត​មនុស្ស​ក្នុង​សង្គមជាតិ ជាពិសេស​សាសនា​ស្ថាន តំណាង​ដោយ​ប្រាង្គ​ប្រាសាទ ដូចជា​ករណី​ទីក្រុង​ឥសាន​បុ​រៈ (​ឥសាន​បុរី​) ដែលជា​ព្រះ​រាជធានី​ចេនឡា សាងសង់ឡើង​ដោយ​ព្រះបាទ​ឥសាន​វរ្ម័នទី​១ (៦១៧-៦៣៧ នៃ​គ​.​ស​) មាន​ប្រាសាទ​តូចធំ​ជាច្រើន​ក្រុម ហៅថា ប្រាសាទ​សម្បូ​ណ៍​ព្រៃ​គុក ក្នុង​ខេត្តកំពង់ធំ​បច្ចុប្បន្ន​។​
​    ​នៅក្នុង​ព្រះរាជ​ធានី​នៃ​ទីក្រុង​ឥសាន​បុ​រៈ​ខាងលើនេះ តាមរយៈ​ក្បាច់​ផ្តែរ ដែល​សព្វថ្ងៃ​ត្រូវបាន​រក្សាទុក​សារមន្ទីរ​ជាតិ​ភ្នំពេញ យើង​អាច​ដឹងថា​របាំ​តូរ​តន្ត្រី ដែលជា​ពិធី​កម្មបាន​ដើរតួនាទី​យ៉ាង​ខាន់​បំផុត​។ ដោយហេតុថា វិស័យនេះ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ជីវិត ឬ​វាសនា​នៃ​ប្រាសាទ​ទាំងនោះ​។​
ផ្តែរ មកពី​សម្បូរ​ព្រៃ​គុក ដើម​ស​.​វ​ទី​៧ សារមន្ទីរ​ជាតិ​ភ្នំពេញ (​ម​.​ត ២០០៣)

​    ​បើ​និយាយ​ម្យ៉ាងទៀត របាំ​សម័យ​បុ​រេ​អង្គរ ឬ​អង្គរ គឺជា​ពិធី​កម្ម​មួយ​ប្រារព្ធ​ឡើង ដើម្បី​ថ្វាយ​ចំពោះ​ព្រះអាទិទេព​ដ៏​មាន​មហិទ្ធិឫទ្ធិ រួមមាន​ព្រះព្រហ្ម ព្រះ​សិវៈ ឬ​ព្រះ​ឥសូរ ព្រះ​វិស្ណុ និង​ព្រះ​ហរិ​ហរៈ​ជាដើម​។ ម្ល៉ោះហើយ បាន​ជាមាន​ក្បាច់​ផ្តែរ​យ៉ាងហោចណាស់​ក៏​ពីរ​ដែរ ដែល​បុព្វការី​ជន​នា​សម័យ​នោះបាន​បន្សល់ទុក បានចង្អុលបង្ហាញ​អំពី​អាទិភាព​នៃ​វិស័យ​សិល្បៈ​ខាងលើនេះ​។ នៅលើ​ផ្ទៃ​ផ្តែរ គេ​ឃើញ​មាន​ពួក​សាវ័ក​មួយចំនួន ដែលជា​ព្រាហ្មណ៍ ខ្លះ​កំពុង​រាំច្រៀង ខ្លះទៀត​លេងភ្លេង ដោយនៅ​ដៃ​មាន​កាន់​ឧបករណ៍​ភ្លេង​មួយចំនួន ដូចជា ខ្លុយ ស្គរ​មុខ​ពីរ ទ្រ និង ចាប៉ី​ជាដើម​។​
​    ​តើ​ព្រាហ្មណ៍​ទាំងនោះ គឺជា​នរណា​ទៅ​?​។ ការសិក្សា​ប្រៀបធៀប​បាន​ឲ្យ​ដឹងថា ដូច​នៅ​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន ព្រាហ្មណ៍​ទាំងនោះ ដែល​បានរស់នៅ​ប្រចាំការ​ក្នុង​ទេវស្ថាន​ដ៏​ធំ​នោះ គឺជា​អ្នក​កាន់​និកាយ​ព្រះ​ឥសូរ ឬ​សិវ​និកាយ​។ ហើយ​ទិដ្ឋភាព​ដែល​បាន​ពិពណ៌នា​លើ​ក្បាច់​ផ្តែរ គឺ​ការសំពះ​ព្រះ​ឥសូរ ដែល​ប្រហែលជា​ធ្វើ​ឡើងជា​រាងរាល់ថ្ងៃ ឬក៏​ក្នុងឱកាស​បុណ្យទាន​ធំៗ​តែប៉ុណ្ណោះ​។
​    ​សូម​រំ​ឮ​កថា ចំពោះ​យើង ដូច​នៅ​ប្រទេស​ឥណ្ឌា​សព្វថ្ងៃ របាំ​ខាងលើនេះ​មាន​ឈ្មោះថា របាំ​សំពះ​ព្រះ​សិវៈ ឬ​របាំ​ព្រះ​សិវៈ​។ ចំណុច​ខាងលើ បង្ហាញ​ឲ្យ​ដឹង​យ៉ាងច្បាស់​នូវ​សារសំខាន់រ​បស់​វិស័យ​តូរ​តន្ត្រី នៅក្នុង​ទីក្រុង​ខ្មែរ​ខាងលើនេះ​យ៉ាង​ប្រាកដ​។ តាមពិតទៅ​នៅមាន​ទិន្នន័យ​ជាច្រើន​ទៀត ដែល​យើង​មិនអាច​រៀបរ​ប់​ឲ្យ​អស់​សេចក្តី​នៅទីនេះ​បានទេ​៕ (​ម​.​ត្រា​ណេ​)

​ក្រុម​ប្រាសាទសម្បូណ៍ព្រៃគុក នៅ​ខេត្ត​កំពង់ធំ (ត)




២. ក្រុម​ប្រាសាទ​កណ្ដាល​ឬ​ហៅថា​ប្រាសាទតោ
         ​កាលបរិច្ឆេទ​នៃ​ប្រាសាទតោ គឺ​នៅ​ចុង​សតវត្ស​ទី​៧ ហើយ​ឧទ្ទិស​ព្រះ​ឥសូរ ។ ក្នុងការ​សាងសង់​គេ​ប្រើ​ឥដ្ឋ​បូក បាយអ ថ្មភក់ និង​ថ្មបាយក្រៀម ដូច​ក្រុម​ប្រាសាទ​ដទៃៗ​ឯទៀត​ដែរ ។ បែបផែន​សាងសង់​គឺ​សាងសង់​លើ​ផ្ទៃដី​រាង​បួន​ជ្រុង​ទ្រវែង មាន​កំពែង​ពីរ​ជាន់​បែរមុខ​ទៅ​ទិសខាងកើត ហើយ​ស្ថិតនៅលើ​ខឿន​ដ៏​ខ្ពស់​មួយ​ដែលជា​ដី​លើក ។​
​ប្លង់​ប្រាសាទតោ (១៩៩៦) និង ​ផ្លូវ​ចូលទៅ​កាន់​ប្រាសាទតោ (១៩៩៥)
 
      ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​មាន​ប្រាសាទតូចៗ​ទាំងអស់​ចំនួន​១៦ តែ​នៅ​ល្អ​តែមួយ ក្រៅពីនេះ​រលុះ​បាក់​កប់​ក្នុង​ដី តួ​ប៉ម​ប្រាង្គ​ប្រាសាទ​កណ្ដាល​បែរមុខ​ទៅ​ទិសខាងកើត មាន​តោ​ថ្ម​ឈរ​នៅ​គ្រប់​ក្បាល​ជណ្ដើរ នៅ​ទិស​ទាំង​៤​មាន​ផ្ដែរ ក្បាច់​ផ្កា​ភ្ញី ។​
​ប្រាសាទតោ​មុន​ការជួសជុល (១៩៩៥)
      
អនុស្សា​រី​យ៍​អស្ចារ្យ ឡុង សៀម និង ភ​ត្ត្រា ចរិយា​, អតីត​ប្រធាន យូ​ណេ​ស្គូ​, ភ្នំពេញ (២០០៧)
​នៅ​ជ្រុង​ឥសាន​នៃ​ប្រាសាទតោ មាន​ស្រះ​មួយ​យ៉ាង​ធំ​ស្ថិតក្នុង​កំពែង​ខាងក្រៅ ដែលមាន​ជណ្ដើរ​ចុះ​ពី​ខាងត្បូង​សម្រាប់ ដងទឹក​ប្រើប្រាស់ ឬ​សម្រាប់​ប្រើ​ក្នុង​ពិធី​កម្ម​សាសនា ។
       ​នៅ​ឆ្នាំ​១៩៩៦ ក្រោម​ការឧបត្ថម្ភ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដោយមាន​លោក អួ​ង វន ដែលជា​ប្រធាន​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ យើងខ្ញុំ​បាន​ជួសជុល​ប្រាសាទតោ​នោះ​ឡើងវិញ ។ ការជួលជុល​ប្រាសាទ​នេះ​ឡើងវិញ ត្រូវបាន​ធ្វើឡើង​ជាច្រើន​ដំណាក់កាល ។ ក្នុងដំណាក់កាល​ទី​១ យើងខ្ញុំ​បាន​ត្រួសត្រាយ​ផ្លូវ​ចូល ព្រមទាំង​ឆ្ការ​ព្រៃឈើ​ដែល​ដុះ​ហ៊ុំព័ទ្ធ​ជំវិញ​ប្រាសាទ ។ ក្នុងដំណាក់កាល​ទី​២ យើងខ្ញុំ​បាន​ប្រមូល​ចម្លាក់​តោ​បាក់បែក​ចំនួន​ពីរ ដែល​អម​មុខ​ក្លោងទ្វារ​ចូល មក​តម្រៀប​បញ្ឈរ​ឡើង​ដូចដើម​វិញ ។ រីឯ​ចម្លាក់​តោ​មួយចំនួនទៀត ដែល​អម​ក្លោងទ្វារ​ចូលទៅ​ទិស​ខាងជើង​, ត្បូង និង​លិច យើង​បាន​ដឹក​ទៅ​រក្សា​ឯ​ទី​រួម​ខេត្ត នៅក្នុង​នាយកដ្ឋាន​វិចិត្រសិល្បៈ ។ ក្រៅពីនេះ​យើងខ្ញុំ​បានធ្វើ​សរសរ​ពីរ​ដុំ​ជា​ស៊ីម៉ងត៍ ដើម្បី​ទ្រ​ក្បាច់​ផ្តែរ​កុំ​ឲ្យ​ធ្លាក់​មក​ដី ព្រមទាំង​លុបបំបាត់​នូវ​ភាព​គ្រហិកគ្រហុក នៅ​ផ្នែក​ខាងក្នុង​ប្រាសាទ ដែល​បណ្តាលមកពី​ការជីក​កាយ​ដោយ​ជន​ទុច្ចរិត ។​


ក្លោងទ្វារ និងក្រោយពីជួសជុលរួច (១៩៩៦)

       ​គួរកត់សម្គាល់​ផងដែរ​ថា នៅមាន​ស្រះ​ទឹក​មួយ​ដ៏​ធំជាងគេ​បំផុត ដែល​ប្រវត្តិសាស្ត្រ​ខ្មែរ​ពុំ​ធ្លាប់មាន ។​ស្រះ​ទឹក​នេះ​ស្ថិតនៅ​ខាងជើង​ឆៀង​ខាងកើត​នៃ​ប្រាសាទ​។​

៣. ក្រុម​ប្រាសាទ​ខាងត្បូង ហៅថា​ប្រាសាទ​យាយ​ព័ន្ធ ឬ​នាគព័ន្ធ​
        ​ក្រុម​ប្រាសាទ​ខាងត្បូង​មាន​កាលបរិច្ឆេទ​ខុសប្លែក​ពីគ្នា គឺ​ក្រុម​ប្រាសាទ​ទី​១ ស្ថិតក្នុង​រជ្ជកាល​នៃ​ព្រះបាទ​ភ​វ​វរ្ម័នទី​១ និង​ព្រះ​មណ​ន្ទ្រ​វរ្ម័ន ពោលគឺ​ពី​ចុង​ស​.​វ​. ទី​៦ ដល់​ដើម​ស​.​វ​. ទី​៧ និង​ពី​ឆ្នាំ​៦១៥ ដល់ ៦៣៥ ដែលជា​រជ្ជកាល​របស់​ព្រះបាទ ឥសាន​វរ្ម័នទី​១ ស្ថាបនិក​នៃ​ឥសាន​បុរៈស​ម្បូ​រ​ព្រៃ​គុក ។​
ការរកឃើញ​ក្បាច់​ផ្តែរ​ថ្មី​
        ​ប្រាសាទ​ទាំងនោះ គឺធ្វើឡើង​សម្រាប់​ឧទ្ទិស​ដល់​ព្រះ​ឥសាន ឬ​ឥសូរ ដែលមាន​សម្ភារៈ​សំណង់​ដូចជា ឥដ្ឋ​បូក​, កំបោរ​បាយអ​, ថ្មបាយក្រៀម​និង​ថ្មភក់​សម្រាប់​ក្បាច់​ផ្ដែរ​, ប្រអប់ទ្វារ​, កាំជណ្ដើរ​, សសរ​ពេជ្រ និង​ចម្លាក់​តំណាង​ទេវរូប តូចធំ​ទាំងឡាយ ។ បែបផែន​សំណង់ គឺ​សាងសង់​លើដី​ទួល​ក្រាល​ថ្ម មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​កំពែង​ពីរ​ជាន់​ហ៊ុមព័ទ្ធ ។​
        ​កំពែង​ខាងក្នុង​ទី​១ មាន​គោ​បុ​រៈ​ឬ​ទ្វារ​ទោល ៤ ទិស ត​ភ្ជាប់​ដោយ​កំពែង​អំពី​ថ្មបាយក្រៀម ចំ​កណ្ដាល​មាន​តួ​ប៉ម ប្រាង្គ​ប្រាសាទ​កណ្ដាល​ធំ ចំ​ពី​ខាងមុខ​មាន​ប្រាសាទ​លេងអុក រាង​ចតុកោណកែង និង​តួ​ប្រាសាទ ៥ ទៀត​ជា​ប្រាសាទ ៨ ជ្រុង​តែម្ដង ។​

ក្បាច់រចនា​នៃ​ក្រុម​ប្រាសាទ​ខាងត្បូង (S)
 
      ​កំពែង​ខាងក្រៅ​មាន​ទ្វារ​ចូល​ពី​ខាងកើត និង​ខាងលិច​ព័ទ្ធជុំវិញ​ដោយ​កំពែង​អំពី​ថ្មបាយក្រៀម និង​មាន​ប្រាសាទ​ព័ទ្ធជុំវិញ ចំនួន​១០ តែ​ត្រូវ​រលុះ​ខូចខាត​អស់ នៅសល់តែ​ស្លាកស្នាម​នៅលើ​ទួល​ប៉ុណ្ណោះ​៕ នៅមានត (​ម​.​ត្រា​ណេ​) 





តើស្គាល់​ក្រុម​ប្រាសាទសម្បូណ៍ព្រៃគុក នៅ​ខេត្ត​កំពង់ធំ​ ហើយឬនៅ?


 សេចក្ដី​ផ្ដើម​
    ក្រុម​ប្រាសាទសម្បូណ៍ព្រៃគុក ស្ថិត​ក្នុងភូមិ​សម្បូណ៍ ឃុំ​ឈើទាល ស្រុក​ប្រាសាទ​សម្បូរ ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦៤ ពី​កំពង់ធំ​ទៅ​ព្រះវិហារ ត្រង់ចំណុច​ខ្សែស្រប​លេខ X: ១៥០ ៤៥៩ និង Y: ១៤២២១៣៥ ។ ពី​ដើម​នៅ​តំបន់​សម្បូណ៍ព្រៃ​គុក​មានព្រៃ​គុក​៣ គឺ : ១- ព្រៃ​គុក​, ២-​ព្រៃ​ស្រល់​, ៣-​ព្រៃ​គ្រូ​កែ ទើប​គេ​ហៅ​ប្រាសាទ​ទាំងនោះ​ថា ប្រាសាទសម្បូណ៍ព្រៃគុក ហើយ​ពាក្យ​នេះ​មកពី​ពាក្យ​សម្បូរ និង​ព្រៃ​គុក ។​
ប្លង់​នៃ​ក្រុម​ប្រាសាទសម្បូណ៍ព្រៃគុក (​ម​.​ត្រា​ណេ + អួ​ង​វន​, ១៩៩៨)








  តំបន់​សម្បូណ៍​ព្រៃ​គុក ជា​ព្រះ​រាជធានី​ទី​២ របស់​ខ្មែរ នា​សម័យ​បុ​រេ​អង្គរ គឺ​ព្រះរាជាណាចក្រ​ចេនឡា ដែល​បាន​ចាប់​ពន្លក​នៅ​ស្រេ​ដ្ឋ​បុ​រៈ នៅ​ចម្ប៉ា​សាក់ ប្រទេស​លាវ បន្ទាប់ពី​ព្រះរាជ​ធានី​វ្យា​ធ​បុ​រៈ ឬ​អង្គរបុរី​នៅ​នា​សម័យ​នគរ​ភ្នំ នៅ​ខេត្តតាកែវ​បច្ចុប្បន្ន ។​


    ក្រុម​ប្រាសាទសម្បូណ៍ព្រៃគុក ត្រូវ​ចែកចេញ​ជាច្រើន​រចនាប័ថ្ម ដែល​កសាង​នៅ​ចុង​សម័យ​នគរ​ភ្នំ និង​សម័យ​ចេនឡា នា​ដើម​សតវត្ស​ទី​៧ រហូតដល់​ពាក់កណ្ដាល​សតវត្ស​ទី​៧ ពោលគឺ​ ក្នុង​រជ្ជកាល​នៃ​ព្រះបាទ​ភ​វ​វរ្ម័នទី​១ មណ​ន្ទ្រ​វរ្ម័ន និង​ឥសាន​វរ្ម័នទី​១ ។ រីឯ​ព្រះ​រាជធានី​ឥសាន​បុ​រៈ​វិញ មាន​ចម្ងាយ ២ គីឡូម៉ែត្រ ពី​ក្រុម​ប្រាសាទសម្បូណ៍ព្រៃគុក​ទាំង​នោះ ដែល​ស្ថិតនៅ​ជិត​ដង​ស្ទឹងសែន ហើយ​មាន​ចម្ងាយ​ប្រមាណ​ជា ៣០ គ​.​ម ពី​ទី​រួម​ខេត្តកំពង់ធំ ។ ទីក្រុង​ឥសាន​បុ​រៈ​នេះ​មាន​ទំហំ ១ គ​.​ម ៤​ជ្រុង ហើយ​នៅ​ជុំវិញ​មាន​ប្រាសាទ​ជាច្រើន​ត្រពាំង ស្រះ ផ្លូវ​គមនាគមន៍ ដែល​សព្វថ្ងៃនេះ​ត្រូវបាន​ខូចខាត​បែកបាក់​ខ្ទេចខ្ទាំ ដោយ​កប់​ជ្រៅ​ក្នុង​ដី ។​
ការធ្វើដំណើរ​, ទេសភាព​ទន្លេ​សែន និង​បឹង​ក្បែរ​ប្រាសាទ​





   តាមពិតទៅ​ប្រាសាទសម្បូណ៍ព្រៃគុក ត្រូវបាន​ចែកចេញជា​ច្រើន​ក្រុម តែមាន​ប្រាសាទ ៣ ក្រុម​ដែល​ធំ ហើយ​សំខាន់​ជាងគេ គឺ​ក្រុម​ប្រាសាទ​សម្បូ​ណ៍ ក្រុម​ប្រាសាទឫស្សីរលៀក និង​ក្រុម​ប្រាសាទ​របង​រមាស​។ គួរ​កត់សម្គាល់ថា ក្រុម​ប្រាសាទ​សម្បូ​ណ៍​ដែលជា​ក្រុម​ប្រាសាទ​សំខាន់​ជាងគេ​បំផុត​ត្រូវបាន​បែងចែក​ជា​បី​ក្រុម​ទៀត គឺ​ក្រុម​ប្រាសាទ​ខាងជើង ក្រុម​ប្រាសាទ​កណ្តាល និង​ក្រុម​ប្រាសាទ​ខាងត្បូង​។ ក្រៅពីនេះ​យើង​ឃើញ​មាន​ក្រុម​ប្រាសាទត្រពាំង​រពាក់​និង​ក្រុម​ប្រាសាទ សណ្តាន់​ជាដើម ។​
គំនូស​ប្រាសាទ S1, ប្រាសាទ S1 និង ក្បាច់​សរសរ​ពេជ្រ​

   ជានិមិត្តរូបនៃចក្រវាឡ ដោយហេតុថា រាល់តួប៉មកណ្តាលនៃប្រាសាទនីមួយៗ តំណាងឲ្យភ្នំសិនេរុ ឬព្រះសុមេរុ ស្នូលនៃពិភពលោក ក្រុមប្រាសាទសម្បូណ៍ព្រៃគុក ស្ថិតក្នុងទីក្រុងឥសានបុរៈ/ឥសានបុរី ឬសម្បូណ៍ព្រៃគុក ដែលបានទទួលនូវការបំផ្លិចបំផ្លាញគ្រប់បែបយ៉ាងទាំងអស់ តំរូវឲ្យមានការអភិរក្សជាបន្ទាន់។ ពិតណាស់ហើយ ចាប់តាំងពីឆ្នាំ ១៩៩៤មក ក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយលោកអួង វន យើងបានត្រួសត្រាយ កាប់ឆ្ការព្រៃ និងជួសជុលប្រាសាទត្រឹមតែពីរប៉ុណ្ណោះ ដូចជា ប្រាសាទអាស្រមមហាឥសី និងប្រាសាទតោ​។ ក៏ប៉ុន្តែ ជារួម ប្រាសាទដទៃៗឯទៀតពុំទាន់ត្រូវបានអភិរក្សនៅឡើយ លើកលែងតែប្រាសាទN1 ដោយមហាវិទ្យាល័យវ៉ាសេដា ជប៉ុន។
ប្រាសាទ S2 មុន និង ក្រោយ​អភិរក្ស​

    បើនិយាយម្យ៉ាងទៀត ការអភិរក្សបូជណីយដ្ឋានសម្បូណ៍ព្រៃគុក និងទីក្រុងឥសានបុរីខាងលើនេះនៃអាណាចក្រចេនឡា ជាពិសេសក្រុមប្រាសាទរបងរមាស និងស្រីគ្រប់លក្ខណ៍ដែលស្ថិតឆ្ងាយបន្តិច គឺជាការចាំបាច់បំផុត ខកខានពុំបាន បើប្រសិនជាគេចង់អភិរក្ស និង អភិវឌ្ឍន៍បេតិកភ័ណ្ឌជាតិ ដោយចីរភាព។

I. ក្រុម​ប្រាសាទសម្បូណ៍​
    ១. ក្រុមប្រាសាទខាងជើង
        ​កាលបរិច្ឆេទ​នៃ​ប្រាសាទ​មួយចំនួន នៃ​ក្រុម​ប្រាសាទ​សម្បូណ៍ គឺ​ស្ថិតក្នុង​អន្តរកាល រវាង​នគរ​ភ្នំ និង​ចេនឡា ពោលគឺ​នៅ​ចុង​ស​.​វ.​ទី​៦ ដើមទី​៧ ។ បែបផែន​សំណង់​សាងសង់​លើ​ទួល​រាង​៤​ជ្រុង​ទ្រវែង មាន​ផ្ទៃក្រឡា ២,៥២០ ហិកតា ។ កំពែង​ខាងក្រៅ មាន​គោ​បុ​រៈ​តូច​នៅ​គ្រប់​ទិស​ទាំង​៤ ត​ភ្ជាប់​ដោយ​កំពែង​ធ្វើ​អំពី​ថ្មបាយក្រៀម ។
ប្លង់​ក្រុម​ប្រាសាទ​សម្បូរ (​ខាងជើង​) និង ​គំនូស​ក្លោងទ្វារ​នៃ​ប្រាសាទ N1 (​អួ​ង​ វន ១៩៩៧)

   កំពែង​ទី​២ មាន​គោ​បុ​រៈ​ចូល​ពី​ទិសខាងកើត ត​ភ្ជាប់​ព័ទ្ធជុំវិញ​ដោយ​កំពែង​អំពី​ថ្មបាយក្រៀម នៅ​ចន្លោះ​កំពែង​ទី​១ និង​ទី​២ មាន​ប្រាសាទតូចៗ​៥ តែ​នៅសល់តែ​តួ​ប៉ម​មួយ​ជា​រាង​ទួល​ប៉ុណ្ណោះ ,​នៅ​ជ្រុង​កំពែង​ទី​២ ខាង​ឥសាន​មាន​ស្រះ​ទឹក​មួយ​ដែរ ដែល​រីងស្ងួត​សព្វថ្ងៃនេះ ។ នៅលើ​ខឿន​មាន តួ​ប៉ម​ប្រាសាទ​កណ្ដាល​មួយ នៅ​គ្រប់​ជ្រុង​តូចៗ​មានកូន​ប្រាសាទតូចៗ​៤ នៅ​ចន្លោះ​ខឿន​និង​កំពែង​ទី​២ មាន​បល្ល័ង្ក​រាង​៤​ជ្រុង​ស្មើ រំលេច​ដោយ​ក្បាច់​វិចិត្រ​ចំនួន ១០ នៅ​នឹង​ដី ។ មួយចំនួនធំ​នៃ​ប្រាសាទ ក្នុង​ក្រុម​ប្រាសាទ​ខាងជើង​ត្រូវបាន​សាងសង់ឡើង​ក្នុង​រជ្ជកាល​របស់ ព្រះបាទ​ភ​វ​វរ្ម័ន ពោលគឺ មុន​រជ្ជកាល​របស់​ព្រះបាទ​ឥសាន​វរ្ម័នទី​១ ដូចជា​អាស្រម​មហាឥសី​និង​ប្រាសាទជ្រៃ​ជាដើម (N18) ។​
ប្រាសាទជ្រៃ (N18) មុន​ការអភិរក្ស​, មើល​ពី​ចំហៀង ​និង​សិលាចារឹក​នា​ស​.​វ​.​ទី ៦ (​ថត ១៩៩៤)

       ​ក្រៅពី​ក្រុម​ប្រាសាទ​ទាំង​៣​នេះ នៅមាន​ប្រាសាទ​ឥដ្ឋ​មួយចំនួនទៀត ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​បរិវេណ​នេះ​ប៉ុន្មាន​ទេ ។​
        ​ក​. ប្រាសាទ N17 អាស្រម​មហាឥសី​
        ​ប្រាសាទ N17 ស្ថិតក្នុង​សម័យកាល​ខុសគ្នា​នឹង​ក្រុម​ប្រាសាទ​ផ្សេង​ដទៃទៀត បានជា​យើង​ត្រូវ​បញ្ចូល​សំណង់​ស្ថាបត្យកម្ម​នេះ​ក្នុងសម័យ​វប្បធម៌​នគរ ភ្នំ  ពោលគឺ​មុន​ការ​លេចធ្លោរ​ឡើង នៃ​ឥសាន​បុ​រៈ ឬ​ទីក្រុង​របស់​ព្រះបាទ​ឥសាន​វរ្ម័នទី​១ ដែល​ត្រូវជា​បុត្រ​ដ៏​ឆ្នើម​របស់​ព្រះបាទ​ម​ណេ​ន្ទ្រ​វរ្ម័ន នា​ចុង​សម័យ​នគរ​ភ្នំ ។​
ប្រាសាទអាស្រមមហាឫស្សី មុន​និង​ក្រោយ​ការជួសជុល និង​ក្បាច់​ជា​រង្វង់​ក្រចកសេះ (គុឌុ)

      ​ដូច​ប្រាសាទ​ហាន់ជ័យ​ខាងជើង (​ទី​៣) ដែរ ប្រាសាទ N17 ស្ថិតក្នុង​ក្រុម​ប្រាសាទ​សម្បូណ៍ ភាគ​ខាងជើង​គឺជា​អាស្រម​ឬ​កុដិ​ថ្ម​តូច​មួយ​ដ៏​សមសួន​និង​សង្ហារ​អស្ចារ្យ ។ អគារ​នេះ​ធ្វើឡើង​ដោយ​ថ្ម​៤​ផ្ទាំង មាន​រាង​៤​ជ្រុង​ស្មើ ផ្គុំ​គ្នា​ដោយមាន​ទ្វារ​ចូល​មួយ​បែរមុខ​ទៅ​ទិសខាងកើត ។ រីឯ​ដំបូល​នៃ​កុដិ​នេះ​វិញ​បានធ្វើ​ឡើង​ពី​ផ្ទាំង​ថ្ម​ធំ ដែល​ជ្រុង​នីមួយៗ​មាន​ទំហំ ៣,៦០​ម​. និង​កម្រាស់ ០,៣០ ម​. ហើយ​លំអ​ដោយ​រូប​ក្បាលមនុស្ស​ប្រុស ក្នុង​រង្វង់​មូលៗ​មាន​រាងដូចជា​ក្រចកសេះ ។​
ប្រាសាទ N16 និង​ក្បាច់​វិមានអាកាស (​ថត ១៩៩៥)
  
      ​នៅ​ផ្នែក​ខាងក្រោម ឬ​នៅ​គ្រឹះ​ប្រាសាទ យើង​ឃើញ​មាន​ចម្លាក់​ព្រះអាទិទេព​ប្រថាប់​គង់​ក្នុង​វិមានអាកាស ឬ​មណ្ឌល​តូចៗ ទាំង​៤​ជ្រុង ដោយនៅ​មួយ​ជ្រុង​មាន​ទេវតា​មួយអង្គ ស្ថិតក្នុង​ឥរិយាបថ​រាជា​លីលា​(​លំហែរ​កាយ​របស់​ស្ដេច​) ។​
        ​អាស្រម​ថ្ម​នេះ​ជួសជុល​ដោយ​រូបយើង​ផ្ទាល់ និង​លោក អួន វន ប្រធាន​អភិរក្ស​អង្គរ​កាលពី​ឆ្នាំ​១៩៩៥ ។​
       ​រីឯ​ប្រាសាទ N16 វិញ​ដែល​ស្ថិតនៅ​ជិត​នោះ សំណង់​ស្ថាបត្យកម្ម​នេះ​ធ្វើ​ពី​ឥដ្ឋ នៅមាន​ទ្រង់ទ្រាយ​ល្អ​ជាងគេ ។ ប្រាសាទ​នេះ​បាន​បន្សល់ទុក ក្រៅពី​ចម្លាក់​តំណាង​ឲ្យ​វិមានអាកាស​ទាំង​៨ ដ៏​ល្អ​ស្អាត គឺ​នៅមាន​ស៊ុំទ្វារ​មួយ​ដែលមាន​ចារ​សិលាចារឹក​ពីលើ ពាក់ព័ន្ធ​និង​ប្រវត្តិ​នៃ​ប្រាសាទ ។ សូម​ជម្រាប​ដែរ​ថា ដោយសារ​ខឿន​នៃ​ប្រាសាទ​នេះ កំពុង​កប់​ក្នុង​ដី​យ៉ាងជ្រៅ យើង​ពុំ​អាច​សន្និដ្ឋានបានថា តើ​មាន​ថ្ម​ក្បាច់​ផ្តែរ​ឬទេ ដែល​ស្ថិតនៅ​ទីនោះ ។​
ក្បាច់​វិមានអាកាស ខឿន​ប្រាសាទ N1 (​ថត ១៩៩៨)
 
       ​ប្រាសាទ​មួយ​យ៉ាងសំខាន់ ក្នុងចំណោម​ក្រុម​ប្រាសាទ​សម្បូណ៍ គឺ​ប្រាសាទ N1 ។ ប្រាសាទ​ដ៏​ធំ​នេះ សល់​តែ​ផ្នែក​ខាងក្រោម​និង​គ្រឹះ ដោយហេតុថា កំពូល​នៃ​ប្រាសាទ​ត្រូវបាន​បំផ្លាញ ដោយ​គ្រាប់បែក​យន្តហោះ B52 កាលពី​សង្គ្រាមលោក លន់ នល់ ។ ថ្មីៗ​នេះ​ប្រាសាទ​នេះ ត្រូវ​បានទទួល​ការអភិរក្ស ។​
        ​នៅ​មិន​ឆ្ងាយ​ពីនេះ យើង​ក៏បាន​ឃើញ​ប្រាសាទ​មួយចំនួនទៀត ដែល​ស្ថិតនៅ​រាយប៉ាយ ជាពិសេស N7 ដែលមាន​រាង ៨​ជ្រុង​ស្មើ ដោយ​លំអ​ដោយ​ចម្លាក់ ធ្វើ​អំពី​បាយអ​គួរ​ឲ្យ​គយគន់​ណាស់ ។ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ពោលគឺ​រវាង​ឆ្នាំ ១៩៩៥-៩៦ យើង​បានស្នើ​ឲ្យ​អភិរក្ស​ដ្ឋា​ន​អង្គរ ធ្វើការ​ឈូសឆាយ​ព្រៃ ដើម្បី​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​ប្រាសាទ​នេះ ដែល​ពោរពេញ ទៅដោយ​ព្រៃឈើ​ធំៗ និង​ស្មៅ​គួរ​ឲ្យ​រន្ធត់ ។​
ប្រាសាទ N7 មុន​និង​ក្រោយ​ការជួសជុល (​ថត ១៩៩៥) និង ​ប្រាសាទ N20 មុន​ការជួសជុល (​ថត ១៩៩៥)

       ​ក្បាច់ក្បូរ​រចនា​ដ៏​ល្អ​គ្មាន​ពីរ​នៃ​ប្រាសាទ​នេះ ជាពិសេស​សត្វ​អច្ឆរិយៈ ដែល​មួយ​ភាគ​ធំ​រិច​រិល​ក៏​មែនពិត ក៏ប៉ុន្តែ​នៅ​រក្សា សោ​ភ័​ណ្ឌ​ភាព​ដ៏​កម្រ ធ្វើ​ឲ្យ​ទស្សនិកជន​ស្ញប់ស្ញែង ដល់​ស្នាដៃ​បុព្វការី​ជន​ខាងលើនេះ ។ យើង​ក៏បាន​រកឃើញ​នៅ​មិន​ឆ្ងាយ ប៉ុន្មាន​ពី​ប្រាសាទ N16 នូវ​ប្រាសាទ​ដ៏​សំខាន់​មួយទៀត​គឺ​ប្រាសាទ N20 ។ ប្រាសាទ​នេះ​នៅ​រក្សា​នូវ​ថ្ម​សោម​សូត្រ​រូប​ជា​ក្បាល​ម្ករ សម្រាប់​បង្ហូរ​ទឹកមន្ត​ពី​ក្នុង​ប្រាសាទ​ចេញមកក្រៅ ដោយសារ​អាយុកាល​ដ៏​ចាស់ជរា រូបចម្លាក់​និង​ក្បាច់ក្បូរ នៅតាម​វិមានអាកាស​ជុំវិញ​ប្រាសាទ​ឥដ្ឋ​នេះ ស្ថិតក្នុង​ស្ថានភាព​រិច​រិល​គួរ​ឲ្យ​តក់ស្លុត តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏បាន​រក្សាបាន​នូវ​តម្លៃ​វប្បធម៌ មិនអាច​កាត់ថ្លៃ​បានដែរ ៕ (​ម​.​ត្រា​ណេ​) នៅមាន​ត​

សម្តេចតេជោ ហ៊ុន សែន៖​ សូមអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នេះជាមោទនភាពជាតិថ្មីមួយទៀតសម្រាប់កម្ពុជា!

សម្តេចតេជោ ហ៊ុន សែន បានសរសេរពីការអបអរសាទរនេះបង្ហោះក្នុង Facebook ផ្លូវការរបស់សម្តេចថា «នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ»
សម្តេចសរសេរទៀតថា ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក ដែលប្រារព្ធឡើង នៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័ត បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏សូមអរគុណដល់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ឋ រួមជាមួយមន្រ្តី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមខិតខំប្រឹងប្រែង ក្នុងការថែរក្សាការពារអភិរក្ស និងបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកជាស្ថាពរ នៅពីយប់មិញនេះ។
សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។
សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។
បច្ចុប្បន្ន ប្រាសាទទាំងនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង៕










លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...