ក្រុមប្រាសាទសម្បូណ៍ព្រៃគុក ស្ថិតក្នុងភូមិសម្បូណ៍ ឃុំឈើទាល ស្រុកប្រាសាទសម្បូរ ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ ពីកំពង់ធំទៅព្រះវិហារ ត្រង់ចំណុចខ្សែស្របលេខ X: ១៥០ ៤៥៩ និង Y: ១៤២២១៣៥ ។ ពីដើមនៅតំបន់សម្បូណ៍ព្រៃគុកមានព្រៃគុក៣ គឺ : ១- ព្រៃគុក, ២-ព្រៃស្រល់, ៣-ព្រៃគ្រូកែ ទើបគេហៅប្រាសាទទាំងនោះថា ប្រាសាទសម្បូណ៍ព្រៃគុក ហើយពាក្យនេះមកពីពាក្យសម្បូរ និងព្រៃគុក ។
ប្លង់នៃក្រុមប្រាសាទសម្បូណ៍ព្រៃគុក (ម.ត្រាណេ + អួងវន, ១៩៩៨)
តំបន់សម្បូណ៍ព្រៃគុក ជាព្រះរាជធានីទី២ របស់ខ្មែរ នាសម័យបុរេអង្គរ គឺព្រះរាជាណាចក្រចេនឡា ដែលបានចាប់ពន្លកនៅស្រេដ្ឋបុរៈ នៅចម្ប៉ាសាក់ ប្រទេសលាវ បន្ទាប់ពីព្រះរាជធានីវ្យាធបុរៈ ឬអង្គរបុរីនៅនាសម័យនគរភ្នំ នៅខេត្តតាកែវបច្ចុប្បន្ន ។
ក្រុមប្រាសាទសម្បូណ៍ព្រៃគុក ត្រូវចែកចេញជាច្រើនរចនាប័ថ្ម ដែលកសាងនៅចុងសម័យនគរភ្នំ និងសម័យចេនឡា នាដើមសតវត្សទី៧ រហូតដល់ពាក់កណ្ដាលសតវត្សទី៧ ពោលគឺ ក្នុងរជ្ជកាលនៃព្រះបាទភវវរ្ម័នទី១ មណន្ទ្រវរ្ម័ន និងឥសានវរ្ម័នទី១ ។ រីឯព្រះរាជធានីឥសានបុរៈវិញ មានចម្ងាយ ២ គីឡូម៉ែត្រ ពីក្រុមប្រាសាទសម្បូណ៍ព្រៃគុកទាំងនោះ ដែលស្ថិតនៅជិតដងស្ទឹងសែន ហើយមានចម្ងាយប្រមាណជា ៣០ គ.ម ពីទីរួមខេត្តកំពង់ធំ ។ ទីក្រុងឥសានបុរៈនេះមានទំហំ ១ គ.ម ៤ជ្រុង ហើយនៅជុំវិញមានប្រាសាទជាច្រើនត្រពាំង ស្រះ ផ្លូវគមនាគមន៍ ដែលសព្វថ្ងៃនេះត្រូវបានខូចខាតបែកបាក់ខ្ទេចខ្ទាំ ដោយកប់ជ្រៅក្នុងដី ។
ការធ្វើដំណើរ, ទេសភាពទន្លេសែន និងបឹងក្បែរប្រាសាទ
តាមពិតទៅប្រាសាទសម្បូណ៍ព្រៃគុក ត្រូវបានចែកចេញជាច្រើនក្រុម តែមានប្រាសាទ ៣ ក្រុមដែលធំ ហើយសំខាន់ជាងគេ គឺក្រុមប្រាសាទសម្បូណ៍ ក្រុមប្រាសាទឫស្សីរលៀក និងក្រុមប្រាសាទរបងរមាស។ គួរកត់សម្គាល់ថា ក្រុមប្រាសាទសម្បូណ៍ដែលជាក្រុមប្រាសាទសំខាន់ជាងគេបំផុតត្រូវបានបែងចែកជាបីក្រុមទៀត គឺក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្តាល និងក្រុមប្រាសាទខាងត្បូង។ ក្រៅពីនេះយើងឃើញមានក្រុមប្រាសាទត្រពាំងរពាក់និងក្រុមប្រាសាទ សណ្តាន់ជាដើម ។
គំនូសប្រាសាទ S1, ប្រាសាទ S1 និង ក្បាច់សរសរពេជ្រ
ជានិមិត្តរូបនៃចក្រវាឡ ដោយហេតុថា រាល់តួប៉មកណ្តាលនៃប្រាសាទនីមួយៗ តំណាងឲ្យភ្នំសិនេរុ ឬព្រះសុមេរុ ស្នូលនៃពិភពលោក ក្រុមប្រាសាទសម្បូណ៍ព្រៃគុក ស្ថិតក្នុងទីក្រុងឥសានបុរៈ/ឥសានបុរី ឬសម្បូណ៍ព្រៃគុក ដែលបានទទួលនូវការបំផ្លិចបំផ្លាញគ្រប់បែបយ៉ាងទាំងអស់ តំរូវឲ្យមានការអភិរក្សជាបន្ទាន់។ ពិតណាស់ហើយ ចាប់តាំងពីឆ្នាំ ១៩៩៤មក ក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយលោកអួង វន យើងបានត្រួសត្រាយ កាប់ឆ្ការព្រៃ និងជួសជុលប្រាសាទត្រឹមតែពីរប៉ុណ្ណោះ ដូចជា ប្រាសាទអាស្រមមហាឥសី និងប្រាសាទតោ។ ក៏ប៉ុន្តែ ជារួម ប្រាសាទដទៃៗឯទៀតពុំទាន់ត្រូវបានអភិរក្សនៅឡើយ លើកលែងតែប្រាសាទN1 ដោយមហាវិទ្យាល័យវ៉ាសេដា ជប៉ុន។
ប្រាសាទ S2 មុន និង ក្រោយអភិរក្ស
បើនិយាយម្យ៉ាងទៀត ការអភិរក្សបូជណីយដ្ឋានសម្បូណ៍ព្រៃគុក និងទីក្រុងឥសានបុរីខាងលើនេះនៃអាណាចក្រចេនឡា ជាពិសេសក្រុមប្រាសាទរបងរមាស និងស្រីគ្រប់លក្ខណ៍ដែលស្ថិតឆ្ងាយបន្តិច គឺជាការចាំបាច់បំផុត ខកខានពុំបាន បើប្រសិនជាគេចង់អភិរក្ស និង អភិវឌ្ឍន៍បេតិកភ័ណ្ឌជាតិ ដោយចីរភាព។
I. ក្រុមប្រាសាទសម្បូណ៍
១. ក្រុមប្រាសាទខាងជើង
កាលបរិច្ឆេទនៃប្រាសាទមួយចំនួន នៃក្រុមប្រាសាទសម្បូណ៍ គឺស្ថិតក្នុងអន្តរកាល រវាងនគរភ្នំ និងចេនឡា ពោលគឺនៅចុងស.វ.ទី៦ ដើមទី៧ ។ បែបផែនសំណង់សាងសង់លើទួលរាង៤ជ្រុងទ្រវែង មានផ្ទៃក្រឡា ២,៥២០ ហិកតា ។ កំពែងខាងក្រៅ មានគោបុរៈតូចនៅគ្រប់ទិសទាំង៤ តភ្ជាប់ដោយកំពែងធ្វើអំពីថ្មបាយក្រៀម ។
ប្លង់ក្រុមប្រាសាទសម្បូរ (ខាងជើង) និង គំនូសក្លោងទ្វារនៃប្រាសាទ N1 (អួង វន ១៩៩៧)
កំពែងទី២ មានគោបុរៈចូលពីទិសខាងកើត តភ្ជាប់ព័ទ្ធជុំវិញដោយកំពែងអំពីថ្មបាយក្រៀម នៅចន្លោះកំពែងទី១ និងទី២ មានប្រាសាទតូចៗ៥ តែនៅសល់តែតួប៉មមួយជារាងទួលប៉ុណ្ណោះ ,នៅជ្រុងកំពែងទី២ ខាងឥសានមានស្រះទឹកមួយដែរ ដែលរីងស្ងួតសព្វថ្ងៃនេះ ។ នៅលើខឿនមាន តួប៉មប្រាសាទកណ្ដាលមួយ នៅគ្រប់ជ្រុងតូចៗមានកូនប្រាសាទតូចៗ៤ នៅចន្លោះខឿននិងកំពែងទី២ មានបល្ល័ង្ករាង៤ជ្រុងស្មើ រំលេចដោយក្បាច់វិចិត្រចំនួន ១០ នៅនឹងដី ។ មួយចំនួនធំនៃប្រាសាទ ក្នុងក្រុមប្រាសាទខាងជើងត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរបស់ ព្រះបាទភវវរ្ម័ន ពោលគឺ មុនរជ្ជកាលរបស់ព្រះបាទឥសានវរ្ម័នទី១ ដូចជាអាស្រមមហាឥសីនិងប្រាសាទជ្រៃជាដើម (N18) ។
ប្រាសាទជ្រៃ (N18) មុនការអភិរក្ស, មើលពីចំហៀង និងសិលាចារឹកនាស.វ.ទី ៦ (ថត ១៩៩៤)
ក្រៅពីក្រុមប្រាសាទទាំង៣នេះ នៅមានប្រាសាទឥដ្ឋមួយចំនួនទៀត ដែលស្ថិតនៅមិនឆ្ងាយពីបរិវេណនេះប៉ុន្មានទេ ។
ក. ប្រាសាទ N17 អាស្រមមហាឥសី
ប្រាសាទ N17 ស្ថិតក្នុងសម័យកាលខុសគ្នានឹងក្រុមប្រាសាទផ្សេងដទៃទៀត បានជាយើងត្រូវបញ្ចូលសំណង់ស្ថាបត្យកម្មនេះក្នុងសម័យវប្បធម៌នគរ ភ្នំ ពោលគឺមុនការលេចធ្លោរឡើង នៃឥសានបុរៈ ឬទីក្រុងរបស់ព្រះបាទឥសានវរ្ម័នទី១ ដែលត្រូវជាបុត្រដ៏ឆ្នើមរបស់ព្រះបាទមណេន្ទ្រវរ្ម័ន នាចុងសម័យនគរភ្នំ ។
ប្រាសាទអាស្រមមហាឫស្សី មុននិងក្រោយការជួសជុល និងក្បាច់ជារង្វង់ក្រចកសេះ (គុឌុ)
ដូចប្រាសាទហាន់ជ័យខាងជើង (ទី៣) ដែរ ប្រាសាទ N17 ស្ថិតក្នុងក្រុមប្រាសាទសម្បូណ៍ ភាគខាងជើងគឺជាអាស្រមឬកុដិថ្មតូចមួយដ៏សមសួននិងសង្ហារអស្ចារ្យ ។ អគារនេះធ្វើឡើងដោយថ្ម៤ផ្ទាំង មានរាង៤ជ្រុងស្មើ ផ្គុំគ្នាដោយមានទ្វារចូលមួយបែរមុខទៅទិសខាងកើត ។ រីឯដំបូលនៃកុដិនេះវិញបានធ្វើឡើងពីផ្ទាំងថ្មធំ ដែលជ្រុងនីមួយៗមានទំហំ ៣,៦០ម. និងកម្រាស់ ០,៣០ ម. ហើយលំអដោយរូបក្បាលមនុស្សប្រុស ក្នុងរង្វង់មូលៗមានរាងដូចជាក្រចកសេះ ។
ប្រាសាទ N16 និងក្បាច់វិមានអាកាស (ថត ១៩៩៥)
នៅផ្នែកខាងក្រោម ឬនៅគ្រឹះប្រាសាទ យើងឃើញមានចម្លាក់ព្រះអាទិទេពប្រថាប់គង់ក្នុងវិមានអាកាស ឬមណ្ឌលតូចៗ ទាំង៤ជ្រុង ដោយនៅមួយជ្រុងមានទេវតាមួយអង្គ ស្ថិតក្នុងឥរិយាបថរាជាលីលា(លំហែរកាយរបស់ស្ដេច) ។
អាស្រមថ្មនេះជួសជុលដោយរូបយើងផ្ទាល់ និងលោក អួន វន ប្រធានអភិរក្សអង្គរកាលពីឆ្នាំ១៩៩៥ ។
រីឯប្រាសាទ N16 វិញដែលស្ថិតនៅជិតនោះ សំណង់ស្ថាបត្យកម្មនេះធ្វើពីឥដ្ឋ នៅមានទ្រង់ទ្រាយល្អជាងគេ ។ ប្រាសាទនេះបានបន្សល់ទុក ក្រៅពីចម្លាក់តំណាងឲ្យវិមានអាកាសទាំង៨ ដ៏ល្អស្អាត គឺនៅមានស៊ុំទ្វារមួយដែលមានចារសិលាចារឹកពីលើ ពាក់ព័ន្ធនិងប្រវត្តិនៃប្រាសាទ ។ សូមជម្រាបដែរថា ដោយសារខឿននៃប្រាសាទនេះ កំពុងកប់ក្នុងដីយ៉ាងជ្រៅ យើងពុំអាចសន្និដ្ឋានបានថា តើមានថ្មក្បាច់ផ្តែរឬទេ ដែលស្ថិតនៅទីនោះ ។
ក្បាច់វិមានអាកាស ខឿនប្រាសាទ N1 (ថត ១៩៩៨)
នៅមិនឆ្ងាយពីនេះ យើងក៏បានឃើញប្រាសាទមួយចំនួនទៀត ដែលស្ថិតនៅរាយប៉ាយ ជាពិសេស N7 ដែលមានរាង ៨ជ្រុងស្មើ ដោយលំអដោយចម្លាក់ ធ្វើអំពីបាយអគួរឲ្យគយគន់ណាស់ ។ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ពោលគឺរវាងឆ្នាំ ១៩៩៥-៩៦ យើងបានស្នើឲ្យអភិរក្សដ្ឋានអង្គរ ធ្វើការឈូសឆាយព្រៃ ដើម្បីធ្វើផ្លូវចូលទៅកាន់ប្រាសាទនេះ ដែលពោរពេញ ទៅដោយព្រៃឈើធំៗ និងស្មៅគួរឲ្យរន្ធត់ ។
ប្រាសាទ N7 មុននិងក្រោយការជួសជុល (ថត ១៩៩៥) និង ប្រាសាទ N20 មុនការជួសជុល (ថត ១៩៩៥)
ក្បាច់ក្បូររចនាដ៏ល្អគ្មានពីរនៃប្រាសាទនេះ ជាពិសេសសត្វអច្ឆរិយៈ ដែលមួយភាគធំរិចរិលក៏មែនពិត ក៏ប៉ុន្តែនៅរក្សា សោភ័ណ្ឌភាពដ៏កម្រ ធ្វើឲ្យទស្សនិកជនស្ញប់ស្ញែង ដល់ស្នាដៃបុព្វការីជនខាងលើនេះ ។ យើងក៏បានរកឃើញនៅមិនឆ្ងាយ ប៉ុន្មានពីប្រាសាទ N16 នូវប្រាសាទដ៏សំខាន់មួយទៀតគឺប្រាសាទ N20 ។ ប្រាសាទនេះនៅរក្សានូវថ្មសោមសូត្ររូបជាក្បាលម្ករ សម្រាប់បង្ហូរទឹកមន្តពីក្នុងប្រាសាទចេញមកក្រៅ ដោយសារអាយុកាលដ៏ចាស់ជរា រូបចម្លាក់និងក្បាច់ក្បូរ នៅតាមវិមានអាកាសជុំវិញប្រាសាទឥដ្ឋនេះ ស្ថិតក្នុងស្ថានភាពរិចរិលគួរឲ្យតក់ស្លុត តែទោះជាយ៉ាងនេះក្តី ក៏បានរក្សាបាននូវតម្លៃវប្បធម៌ មិនអាចកាត់ថ្លៃបានដែរ ៕ (ម.ត្រាណេ) នៅមានត
No comments:
Post a Comment