ជានិច្ចកាល ក្នុងសម័យបុរាណ វិស័យនាដ្ឋសាស្ត្រមិនអាចផ្តាច់ចេញពីជីវិតមនុស្សក្នុងសង្គមជាតិ ជាពិសេសសាសនាស្ថាន តំណាងដោយប្រាង្គប្រាសាទ ដូចជាករណីទីក្រុងឥសានបុរៈ (ឥសានបុរី) ដែលជាព្រះរាជធានីចេនឡា សាងសង់ឡើងដោយព្រះបាទឥសានវរ្ម័នទី១ (៦១៧-៦៣៧ នៃគ.ស) មានប្រាសាទតូចធំជាច្រើនក្រុម ហៅថា ប្រាសាទសម្បូណ៍ព្រៃគុក ក្នុងខេត្តកំពង់ធំបច្ចុប្បន្ន។
នៅក្នុងព្រះរាជធានីនៃទីក្រុងឥសានបុរៈខាងលើនេះ តាមរយៈក្បាច់ផ្តែរ ដែលសព្វថ្ងៃត្រូវបានរក្សាទុកសារមន្ទីរជាតិភ្នំពេញ យើងអាចដឹងថារបាំតូរតន្ត្រី ដែលជាពិធីកម្មបានដើរតួនាទីយ៉ាងខាន់បំផុត។ ដោយហេតុថា វិស័យនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងជីវិត ឬវាសនានៃប្រាសាទទាំងនោះ។
បើនិយាយម្យ៉ាងទៀត របាំសម័យបុរេអង្គរ ឬអង្គរ គឺជាពិធីកម្មមួយប្រារព្ធឡើង ដើម្បីថ្វាយចំពោះព្រះអាទិទេពដ៏មានមហិទ្ធិឫទ្ធិ រួមមានព្រះព្រហ្ម ព្រះសិវៈ ឬព្រះឥសូរ ព្រះវិស្ណុ និងព្រះហរិហរៈជាដើម។ ម្ល៉ោះហើយ បានជាមានក្បាច់ផ្តែរយ៉ាងហោចណាស់ក៏ពីរដែរ ដែលបុព្វការីជននាសម័យនោះបានបន្សល់ទុក បានចង្អុលបង្ហាញអំពីអាទិភាពនៃវិស័យសិល្បៈខាងលើនេះ។ នៅលើផ្ទៃផ្តែរ គេឃើញមានពួកសាវ័កមួយចំនួន ដែលជាព្រាហ្មណ៍ ខ្លះកំពុងរាំច្រៀង ខ្លះទៀតលេងភ្លេង ដោយនៅដៃមានកាន់ឧបករណ៍ភ្លេងមួយចំនួន ដូចជា ខ្លុយ ស្គរមុខពីរ ទ្រ និង ចាប៉ីជាដើម។
តើព្រាហ្មណ៍ទាំងនោះ គឺជានរណាទៅ?។ ការសិក្សាប្រៀបធៀបបានឲ្យដឹងថា ដូចនៅប្រទេសឥណ្ឌាបច្ចុប្បន្ន ព្រាហ្មណ៍ទាំងនោះ ដែលបានរស់នៅប្រចាំការក្នុងទេវស្ថានដ៏ធំនោះ គឺជាអ្នកកាន់និកាយព្រះឥសូរ ឬសិវនិកាយ។ ហើយទិដ្ឋភាពដែលបានពិពណ៌នាលើក្បាច់ផ្តែរ គឺការសំពះព្រះឥសូរ ដែលប្រហែលជាធ្វើឡើងជារាងរាល់ថ្ងៃ ឬក៏ក្នុងឱកាសបុណ្យទានធំៗតែប៉ុណ្ណោះ។
សូមរំឮកថា ចំពោះយើង ដូចនៅប្រទេសឥណ្ឌាសព្វថ្ងៃ របាំខាងលើនេះមានឈ្មោះថា របាំសំពះព្រះសិវៈ ឬរបាំព្រះសិវៈ។ ចំណុចខាងលើ បង្ហាញឲ្យដឹងយ៉ាងច្បាស់នូវសារសំខាន់របស់វិស័យតូរតន្ត្រី នៅក្នុងទីក្រុងខ្មែរខាងលើនេះយ៉ាងប្រាកដ។ តាមពិតទៅនៅមានទិន្នន័យជាច្រើនទៀត ដែលយើងមិនអាចរៀបរប់ឲ្យអស់សេចក្តីនៅទីនេះបានទេ៕ (ម.ត្រាណេ)

ផ្តែរ មកពីសម្បូរព្រៃគុក ដើមស.វទី៧ សារមន្ទីរជាតិភ្នំពេញ (ម.ត ២០០៣)

No comments:
Post a Comment