​ក្រុម​ប្រាសាទសម្បូណ៍ព្រៃគុក នៅ​ខេត្ត​កំពង់ធំ (ត)




២. ក្រុម​ប្រាសាទ​កណ្ដាល​ឬ​ហៅថា​ប្រាសាទតោ
         ​កាលបរិច្ឆេទ​នៃ​ប្រាសាទតោ គឺ​នៅ​ចុង​សតវត្ស​ទី​៧ ហើយ​ឧទ្ទិស​ព្រះ​ឥសូរ ។ ក្នុងការ​សាងសង់​គេ​ប្រើ​ឥដ្ឋ​បូក បាយអ ថ្មភក់ និង​ថ្មបាយក្រៀម ដូច​ក្រុម​ប្រាសាទ​ដទៃៗ​ឯទៀត​ដែរ ។ បែបផែន​សាងសង់​គឺ​សាងសង់​លើ​ផ្ទៃដី​រាង​បួន​ជ្រុង​ទ្រវែង មាន​កំពែង​ពីរ​ជាន់​បែរមុខ​ទៅ​ទិសខាងកើត ហើយ​ស្ថិតនៅលើ​ខឿន​ដ៏​ខ្ពស់​មួយ​ដែលជា​ដី​លើក ។​
​ប្លង់​ប្រាសាទតោ (១៩៩៦) និង ​ផ្លូវ​ចូលទៅ​កាន់​ប្រាសាទតោ (១៩៩៥)
 
      ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​មាន​ប្រាសាទតូចៗ​ទាំងអស់​ចំនួន​១៦ តែ​នៅ​ល្អ​តែមួយ ក្រៅពីនេះ​រលុះ​បាក់​កប់​ក្នុង​ដី តួ​ប៉ម​ប្រាង្គ​ប្រាសាទ​កណ្ដាល​បែរមុខ​ទៅ​ទិសខាងកើត មាន​តោ​ថ្ម​ឈរ​នៅ​គ្រប់​ក្បាល​ជណ្ដើរ នៅ​ទិស​ទាំង​៤​មាន​ផ្ដែរ ក្បាច់​ផ្កា​ភ្ញី ។​
​ប្រាសាទតោ​មុន​ការជួសជុល (១៩៩៥)
      
អនុស្សា​រី​យ៍​អស្ចារ្យ ឡុង សៀម និង ភ​ត្ត្រា ចរិយា​, អតីត​ប្រធាន យូ​ណេ​ស្គូ​, ភ្នំពេញ (២០០៧)
​នៅ​ជ្រុង​ឥសាន​នៃ​ប្រាសាទតោ មាន​ស្រះ​មួយ​យ៉ាង​ធំ​ស្ថិតក្នុង​កំពែង​ខាងក្រៅ ដែលមាន​ជណ្ដើរ​ចុះ​ពី​ខាងត្បូង​សម្រាប់ ដងទឹក​ប្រើប្រាស់ ឬ​សម្រាប់​ប្រើ​ក្នុង​ពិធី​កម្ម​សាសនា ។
       ​នៅ​ឆ្នាំ​១៩៩៦ ក្រោម​ការឧបត្ថម្ភ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដោយមាន​លោក អួ​ង វន ដែលជា​ប្រធាន​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ យើងខ្ញុំ​បាន​ជួសជុល​ប្រាសាទតោ​នោះ​ឡើងវិញ ។ ការជួលជុល​ប្រាសាទ​នេះ​ឡើងវិញ ត្រូវបាន​ធ្វើឡើង​ជាច្រើន​ដំណាក់កាល ។ ក្នុងដំណាក់កាល​ទី​១ យើងខ្ញុំ​បាន​ត្រួសត្រាយ​ផ្លូវ​ចូល ព្រមទាំង​ឆ្ការ​ព្រៃឈើ​ដែល​ដុះ​ហ៊ុំព័ទ្ធ​ជំវិញ​ប្រាសាទ ។ ក្នុងដំណាក់កាល​ទី​២ យើងខ្ញុំ​បាន​ប្រមូល​ចម្លាក់​តោ​បាក់បែក​ចំនួន​ពីរ ដែល​អម​មុខ​ក្លោងទ្វារ​ចូល មក​តម្រៀប​បញ្ឈរ​ឡើង​ដូចដើម​វិញ ។ រីឯ​ចម្លាក់​តោ​មួយចំនួនទៀត ដែល​អម​ក្លោងទ្វារ​ចូលទៅ​ទិស​ខាងជើង​, ត្បូង និង​លិច យើង​បាន​ដឹក​ទៅ​រក្សា​ឯ​ទី​រួម​ខេត្ត នៅក្នុង​នាយកដ្ឋាន​វិចិត្រសិល្បៈ ។ ក្រៅពីនេះ​យើងខ្ញុំ​បានធ្វើ​សរសរ​ពីរ​ដុំ​ជា​ស៊ីម៉ងត៍ ដើម្បី​ទ្រ​ក្បាច់​ផ្តែរ​កុំ​ឲ្យ​ធ្លាក់​មក​ដី ព្រមទាំង​លុបបំបាត់​នូវ​ភាព​គ្រហិកគ្រហុក នៅ​ផ្នែក​ខាងក្នុង​ប្រាសាទ ដែល​បណ្តាលមកពី​ការជីក​កាយ​ដោយ​ជន​ទុច្ចរិត ។​


ក្លោងទ្វារ និងក្រោយពីជួសជុលរួច (១៩៩៦)

       ​គួរកត់សម្គាល់​ផងដែរ​ថា នៅមាន​ស្រះ​ទឹក​មួយ​ដ៏​ធំជាងគេ​បំផុត ដែល​ប្រវត្តិសាស្ត្រ​ខ្មែរ​ពុំ​ធ្លាប់មាន ។​ស្រះ​ទឹក​នេះ​ស្ថិតនៅ​ខាងជើង​ឆៀង​ខាងកើត​នៃ​ប្រាសាទ​។​

៣. ក្រុម​ប្រាសាទ​ខាងត្បូង ហៅថា​ប្រាសាទ​យាយ​ព័ន្ធ ឬ​នាគព័ន្ធ​
        ​ក្រុម​ប្រាសាទ​ខាងត្បូង​មាន​កាលបរិច្ឆេទ​ខុសប្លែក​ពីគ្នា គឺ​ក្រុម​ប្រាសាទ​ទី​១ ស្ថិតក្នុង​រជ្ជកាល​នៃ​ព្រះបាទ​ភ​វ​វរ្ម័នទី​១ និង​ព្រះ​មណ​ន្ទ្រ​វរ្ម័ន ពោលគឺ​ពី​ចុង​ស​.​វ​. ទី​៦ ដល់​ដើម​ស​.​វ​. ទី​៧ និង​ពី​ឆ្នាំ​៦១៥ ដល់ ៦៣៥ ដែលជា​រជ្ជកាល​របស់​ព្រះបាទ ឥសាន​វរ្ម័នទី​១ ស្ថាបនិក​នៃ​ឥសាន​បុរៈស​ម្បូ​រ​ព្រៃ​គុក ។​
ការរកឃើញ​ក្បាច់​ផ្តែរ​ថ្មី​
        ​ប្រាសាទ​ទាំងនោះ គឺធ្វើឡើង​សម្រាប់​ឧទ្ទិស​ដល់​ព្រះ​ឥសាន ឬ​ឥសូរ ដែលមាន​សម្ភារៈ​សំណង់​ដូចជា ឥដ្ឋ​បូក​, កំបោរ​បាយអ​, ថ្មបាយក្រៀម​និង​ថ្មភក់​សម្រាប់​ក្បាច់​ផ្ដែរ​, ប្រអប់ទ្វារ​, កាំជណ្ដើរ​, សសរ​ពេជ្រ និង​ចម្លាក់​តំណាង​ទេវរូប តូចធំ​ទាំងឡាយ ។ បែបផែន​សំណង់ គឺ​សាងសង់​លើដី​ទួល​ក្រាល​ថ្ម មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​កំពែង​ពីរ​ជាន់​ហ៊ុមព័ទ្ធ ។​
        ​កំពែង​ខាងក្នុង​ទី​១ មាន​គោ​បុ​រៈ​ឬ​ទ្វារ​ទោល ៤ ទិស ត​ភ្ជាប់​ដោយ​កំពែង​អំពី​ថ្មបាយក្រៀម ចំ​កណ្ដាល​មាន​តួ​ប៉ម ប្រាង្គ​ប្រាសាទ​កណ្ដាល​ធំ ចំ​ពី​ខាងមុខ​មាន​ប្រាសាទ​លេងអុក រាង​ចតុកោណកែង និង​តួ​ប្រាសាទ ៥ ទៀត​ជា​ប្រាសាទ ៨ ជ្រុង​តែម្ដង ។​

ក្បាច់រចនា​នៃ​ក្រុម​ប្រាសាទ​ខាងត្បូង (S)
 
      ​កំពែង​ខាងក្រៅ​មាន​ទ្វារ​ចូល​ពី​ខាងកើត និង​ខាងលិច​ព័ទ្ធជុំវិញ​ដោយ​កំពែង​អំពី​ថ្មបាយក្រៀម និង​មាន​ប្រាសាទ​ព័ទ្ធជុំវិញ ចំនួន​១០ តែ​ត្រូវ​រលុះ​ខូចខាត​អស់ នៅសល់តែ​ស្លាកស្នាម​នៅលើ​ទួល​ប៉ុណ្ណោះ​៕ នៅមានត (​ម​.​ត្រា​ណេ​) 





No comments:

Post a Comment

លោកអ្នកដឹងទេថា! តើសម្បតិ្តវប្បធម៌ជាអី្វ ?

នាពេលបច្ចុប្បន្ននេះយើងតែងតែងលឺជារឿយៗ ថាអ្នកនេះអ្នកនោះ ស្រលាញ់  សម្បតិ្តវប្បធម៌ ស្ទើរតែគ្រប់ៗមាត់។ ប៉ុន្តែពួកគេមួយចំនួនប្រហែលជាមិនទា...