ក្រោយពី«តំបន់ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌរបស់មនុស្សជាតិនៃអង្គការយូណេស្កូ ការជជែកដណ្តឹងសួរគ្នាអំពីការប្រកបពាក្យសំបូរព្រៃគុក តាមបណ្តាញសង្គមហ្វេសប៊ុក កាន់តែផុលផុស។ បើទោះជារដ្ឋាភិបាលបានប្រកបពាក្យ សំបូរព្រៃគុក ដូចនេះក៏ដោយ សាធារណជនមួយចំនួនបានបញ្ចេញទស្សនៈថា គេធ្លាប់ឃើញការប្រកបបែបនេះវិញគឺ សំបូរព្រៃគុហ៍ ដែលមកពីពាក្យគុហា។
បណ្ឌិតអក្សរសាស្ត្រខ្មែរលោក
ច័ន្ទ សំណព្វ
ដែលជាអនុប្រធានរាជបណ្ឌិត្យសភាបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា
ការប្រកបពាក្យ សំបូរព្រៃគុក ដោយសរសេរ «គុក»
គឺជាការប្រកបត្រឹមត្រូវ។ លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះ៖«គុក
ជាពាក្យបុរាណខ្មែរ ដែលមានន័យថា ប្រាង្គ ប្រាសាទ»។
បណ្ឌិត ចិន្ត ច័ន្ទរតនា ដែលជាបុរាណវិទូ
ហើយមានគម្រោងថតវីដេអូឯកសារស្តីអំពីប្រាសាទសំបូរព្រៃគុកនេះ
ក៏យល់ស្របជាមួយលោកបណ្ឌិត ច័ន្ទ សំណព្វ អំពីការប្រកបពាក្យ
សំបូរព្រៃគុក យ៉ាងដូច្នេះដែរ។ លោកបុរាណវិទូពន្យល់ថា បើទោះជាពាក្យ
«គុក» ដែលពលរដ្ឋសម័យបច្ចុប្បន្នស្គាល់ថាជា ពន្ធនាគារនោះ
ប៉ុន្តែដូនតាខ្មែរពីសម័យបុរាណ បានប្រើប្រាស់ពាក្យគុកនេះ
ដើម្បីសំដៅទៅលើទីសក្ការៈបូជា ហើយវាគឺជាទីកកន្លែងដែលបិទជិត៕
No comments:
Post a Comment