ក្រោយពីទទួលបានឯករាជ្យ និង អធិបតេយ្យពេញលេញ នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមអនុវត្ដរបបនយោបាយមួយតាមបែបផែនរបបសភានិយម ដែលមានរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៧ ជាច្បាប់គ្រឹះ និង ជាច្បាប់កំពួល ។
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ បានចែងអំពីស្ថាប័ននយោបាយសំខាន់ៗ ដែលមានដូចជា ស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្ដិ មានរដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ ស្ថាប័ននីតិប្រតិបត្ដិ មានរាជរដ្ឋាភិបាល និងស្ថាប័នសមាជជាតិ ។
. ព្រះមហាក្សត្រ
ព្រះបាទនរោត្ដមសីហនុ បានប្រសូត្រឡើងនាថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩២២ នៅរាជធានីភ្នំពេញ ព្រះអង្គ គឺជាវីរក្សត្រ ដែលបានធ្វើការរំដោះប្រទេសជាតិ ទាមទារឯករាជ្យ ឲ្យរួចផុតពីការត្រួតត្រា ជិះជាន់ របស់ពួកអាណានិគមនិយមបារាំង ដោយបានទទួលឯករាជ្យពិតប្រាកដនៅថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ ព្រះបាទនរោត្ដម សីហនុ បានប្រកាសឲ្យដឹងពីការផ្លាស់ប្ដូររបបនយោបាយគ្រប់គ្រងរដ្ឋនៅថ្ងៃទី ១៣ មេសា ឆ្នាំ ១៩៤៦ ដោយបានផ្លាស់ប្ដូរ ពីរបបរាជានិយមផ្ដាច់ការទៅជា « របបរាជានិយមអាស្រ័ញរដ្ឋធម្មនុញ្ញ » វិញ។
ដោយបានការយកព្រះទ័យទុកដាក់ របស់ព្រះបាទ នរោត្ដម សីហនុ នៅថ្ងៃទី ០១ កញ្ញា ឆ្នាំ ១៩៤៦ ព្រះអង្គបានរៀបចំធ្វើការបោះឆ្នោត ជាសាកលមួយដើម្បីធ្វើការជ្រើសរើសតំណាងរាស្ដ្របង្កើតឲ្យមានសភារដ្ឋធម្មនុញ្ញ ដែលបានរៀបចំតាក់តែងបង្កើត និង អនុម័តរដ្ឋធម្មនុញ្ញ ។ រដ្ឋធម្មនុញ្ញមួយត្រូវបានអនុម័ត នៅថ្ងៃទី ០៦ ឧសភា ឆ្នាំ ១៩៤៧ ជារដ្ឋធម្មនុញ្ញ ដែលបានបង្កើតដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា
. ការគ្រងរាជ្យសម្បត្ដិ
កាលពីសម័យដើម ( ព្រះរាជាណាចក្រកម្ពុជា) ការគ្រងរាជសម្បត្ដិត្រូវបានតែងតាំងអ្នកស្នងរាជ្យ ( រាជទាយាទ ) ឲ្យឡើងគ្រងរាជ្យសម្បត្ដិបន្ដពីព្រះមហាក្សត្រក្រោយពីព្រះមហាក្សត្របានសោយទិវង្គត នៅពេលនោះ រាជបុត្រាច្បងបង្អស់ត្រូវឡើងសោយរាជ្យសម្បត្ដិបន្ដ ករណីនេះគឺជាមរតក ដែលមាននៅក្នុងរាជវង្សខ្មែរតាំងពីសម័យរាជ្យស្ដេចមុនៗជាពិសេសក្នុងរាជ្យព្រះបាទសម្ដេច ព្រះហិរិរក្សរាមាធិបតីព្រះអង្គឌួង ។ ចាប់ពីរាជ្យព្រះបាទ នរោត្ដម មក ត្រូវបានបង្កើតឲ្យមានក្រុមប្រឹក្សារាជសម្បត្ដិមួយ សម្រាប់ធ្វើការបោះឆ្នោតជ្រើសរើសព្រះមហាក្សត្រថ្មី ដើម្បីឡើងសោយរាជ្យសម្បត្ដិ ។
ដូចនេះព្រះបាទ ស៊ីសុវត្ថិ ត្រូវបានក្រុមប្រឹក្សារាជសម្បត្ដិ ធ្វើការបោះឆ្នោតជ្រើសរើសតែងតាំងឲ្យក្លាយជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះមហាក្សត្រ ក្នុងពេលសោយរាជ្យសម្បត្ដិ ព្រះអង្គពុំមានសិទ្ធិអំណាចធ្វើការតែងតាំងព្រះរាជទាយាទ ដើម្បីឲ្យឡើងគ្រងរាជ្យសម្បត្ដិបន្ដទៅទៀតបានទេការឡើងគ្រងរាជ្យសម្បត្ដិ ត្រូវធ្វើឡើងតាមរយៈក្រុមប្រឹក្សារាជសម្បត្ដិ អាចធ្វើការរៀបចំបោះឆ្នោត ជ្រើសរើសតាំងព្រះមហាក្សត្រថ្មី ដោយការអនុម័តយកសម្លេងភាគច្រើនដោយប្រៀប ។
ព្រះមហាក្សត្រ ជាទូទៅអាចឡើងសោយរាជ្យសម្បត្ដិ បានត្រូវមានព្រះជន្មាយុ១៨ព្រះវស្សា ប៉ុន្ដែព្រះមហាក្សត្រ អាចឡើងគ្រងរាជសម្បត្ដិ មិនគ្រប់ព្រះជន្មាយុ១៨ព្រះវស្សាបាន ដោយក្រុមប្រឹក្សារាជសម្បត្ដិ អាចធ្វើការជ្រើសរើសតែងតាំងរាជវង្សានុវង្សណាម្នាក់ ដើម្បីបំពេញការងារ ដឹកនាំគ្រប់គ្រងជំនួសសិនក្នុងនាមជាព្រះរាជានុសិទ្ធិ ។ សមាសភាពក្រុមប្រឹក្សារាជសម្បត្ដិរួមមាន ៖
- ក្រុមសង្គហព្រះរាជវង្សានុវង្សអធិបតីជាប្រធាននៃក្រុមប្រឹក្សារាជសម្បត្ដិ
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ដ្រី
- សម្ដេចសង្ឃទាំងពីរគណៈ ។
. អំណាចព្រះមហាក្សត្រ
ព្រះមហាក្សត្រទ្រង់ជាព្រះនៃប្រមុខរដ្ឋអង្គព្រះមហាក្សត្រមិនអាចត្រូវបានរំលោភបំពានឡើយ ព្រះមហាក្សត្រជាទីសក្ការៈនៃប្រជានុរាស្ដ្រខ្មែរ ។ អង្គព្រះមហាក្សត្រ ត្រូវបានច្បាប់ការពារជាពិសេស ក្នុងការប្រឆាំងការប្រមាថមើលងាយ ។ អំណាចគ្រប់បែបយ៉ាងទាំងអស់ ត្រូវស្ថិតនៅលើព្រះមហាក្សត្រតែមួយអង្គគត់ ប៉ុន្ដែអំណាចទាំងអស់នោះ ត្រូវតែអនុវត្ដឲ្យបានត្រឹមត្រូវ ដូចអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ ។
អំណាចទាំងអស់ត្រូវបានបែងចែងឲ្យបានច្បាស់លាស់ ដែលរដ្ឋសភា ជាអង្គការ ដែលមានអំណាចនីតិបញ្ញត្ដិ ហើយបំពេញការងារក្នុងព្រះបរមនាមនៃព្រះមហាក្សត្រ ហើយព្រះមហាក្សត្រ ជាអ្នកមានអំណាចផ្ដួចផ្ដើមធ្វើច្បាប់ និង តាក់តែងច្បាប់ ។ អំណាចនីតិបញ្ញត្ដិត្រូវបានកាន់កាប់ ដោយគណៈរដ្ឋមន្ដ្រី ដែលមានចែងនៅក្នុងច្បាប់ ។ អំណាចតុលាការត្រូវបានកាន់កាប់ដោយតុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ ។ នៅខែ ឧសភា ឆ្នាំ ១៩៤៩ អាណានិគមបារាំង បានកាត់ទឹកដីកម្ពុជាក្រោមទៅប្រទេសវៀតណាម ។ នៅខែកញ្ញា ឆ្នាំ ១៩៤៩ រដ្ឋសភាមានបញ្ជាក់ទាក់ទងទៅនឹងអំណាចដែលបានប្រកាសកាន់អំណាចនីតិប្បញ្ញាតិ្ដ ដែលធ្វើឲ្យព្រះអង្គ មានអំណាចកាន់តែខ្លាំងក្លាថែមទៀតមានដូចជា ៖
- ព្រះមហាក្សត្រ ទ្រង់ជាអគ្គសេនាប្រមុខ លើកងកម្លាំងទាហានទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា
- ព្រះមហាក្សត្រ ទ្រង់ជាអ្នកជ្រើសរើស នាយករដ្ឋមន្ដ្រី ហើយតែងតាំងនាយករដ្ឋមន្ដ្រីព្រមទាំងរដ្ឋមន្ដ្រីនានា ហើយអាចព្រះរាជទានឋានន្ដរស័ក្ដិដល់មន្ដ្រីរាជការស៊ីវិល កងកម្លាំង និង ទាហានជាដើមបាន ។
- ព្រះមហាក្សត្រ ទ្រង់តែងតាំងចៅក្រមទាំងឡាយ តាមសំណើរបស់ក្រុមប្រឹក្សាជាន់ខ្ពស់នៃតុលាការ ។
- ព្រះមហាក្សត្រទ្រង់ជាអធិបតី ក្នុងការប្រជុំគណៈរដ្ឋមន្ដ្រី
- កំណត់ហេតុននៃការប្រជុំទាំងឡាយ របស់គណៈរដ្ឋមន្ដ្រី ត្រូវតែនាំយកទៅក្រាបបង្គំថ្វាយព្រះមហាក្សត្រ
- ព្រះមហាក្សត្រ ទ្រង់អាចប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយរដ្ឋសភា ជាមួយក្រុមប្រឹក្សាព្រះរាជាណាចក្រ និង ជាមួយសភាប្រចាំខេត្ដ និង រាជធានី ដោយព្រះរាជឳង្ការផ្ទាល់
- ព្រះមហាក្សត្រទ្រង់អាចត្រាស់បង្គាប់ បញ្ជាមន្ដ្រីជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ឲ្យចូលបង្គំគាល់ទៅតាមព្រះរាជហឫទ័យ ដើម្បីថ្លែងការណ៍ ឬ ត្រាស់បង្គាប់ ឬ មានវិធានការរដ្ឋបាល ដែលព្រះមហាក្សត្រ អាចចេញព្រះរាជប្រកាស ដើម្បីបំពេញសកម្មភាពគ្រប់បែបយ៉ាង និង គ្រប់ពេលវេលាទាំងអស់ ។
(ព្រះមហាក្សត្រអាចចេញព្រះរាជប្រកាស ) ចាប់តាំងពីឆ្នាំ ១៩១៣ រហូតមកដល់ឆ្នាំ ១៩៤០ ។ ក្រោយមកទើបបានផ្លាស់មកប្រើជាព្រះរាជក្រមវិញ
- រាល់លិខិតស្នាមមានលក្ខណៈជាផ្លូវការរបស់ព្រះមហាក្សត្រត្រូវតែមានការចុះហត្ថលេខារបស់ប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ដ្រី និង រដ្ឋមន្ដ្រីម្នាក់ ដែលត្រូវបានចុះហត្ថលេខាអមជាមួយ ។
- ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់នានាក្នុងរយៈពេល ១០ថ្ងៃ ហើយអាចសម្រេចជាថ្មីបាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ ។
- ព្រះមហាក្សត្រទ្រង់ជាអ្នកកោះប្រជុំរដ្ឋសភាបាន ហើយក៏អាចប្រកាសរំលាយរដ្ឋសភាបានដែរ ក៏ប៉ុន្ដែត្រូវធ្វើការបោះឆ្នោតជ្រើសតាំងរដ្ឋសភាសាជាថ្មីមិនឲ្យលើសរយៈពេលពីរខែឡើយ
- ព្រះមហាក្សត្រ ក៏នៅតែមានព្រះរាជសិទ្ធិ លើកលែងទោស និងបន្ធូរបន្ថយទោសបានផងដែរ
នៅឆ្នាំ ១៩៥៥ ព្រះបាទ នរោត្ដម សីហនុ បានដាក់រាជ្យសម្បត្ដិ ហើយថ្វាយព្រះរាជបល្ល័ង្កនេះថ្វាយព្រះរាជបិតារបស់ព្រះអង្គ ដែលមានព្រះនាមព្រះបាទ នរោត្ដម សុរាម្រិត ឡើងគ្រងរាជ្យបន្ដរហូតដល់ឆ្នាំ ១៩៦០ ។
. ស្ថាប័ននីតិបញ្ញត្ដិ
.រដ្ឋសភា
.ទិដ្ឋភាពទូទៅ
នៅក្នុងប្រវត្ដិសាស្ដ្រនៃការបោះឆ្នោត និង ឈរឈ្មោះបោះឆ្នោត មានការកម្រិត នូវសិទ្ធិសេរីភាព ដែលមានដូចជា ជនជាតិភាគតិច អ្នកកាន់សាសនា ពូជសាសន៍ផ្សេងៗ និង ស្ដ្រីភេទជាដើម អ្នកទាំងនោះពុំមានសិទ្ធិបោះឆ្នោតទេ ។ រដ្ឋធម្មនុញ្ញឆ្នាំ ១៧៨៧ របស់សហរដ្ឋអាមេរិកបានកម្រិតអ្នកមានសិទ្ធិបោះឆ្នោត និងអ្នកឈរឈ្មោះឲ្យគេបោះឆ្នោត គឺអ្នកដែលមានដីធ្លី និង ភេទប្រុស ហើយជាជនជាតិស្បែកស ។
មកដល់ស.វទី១៩ ការកម្រិតអំពីសិទ្ធិ ក្នុងការបោះឆ្នោតត្រូវបានលុបបំបាត់ចោល ហើយនៅឆ្នាំ ១៩២០ ស្ដ្រីអាមេរិកដណ្ដើមបានសិទ្ធិបោះឆ្នោត ។ នៅអាមេរិកប៉ែកខាងត្បួង ពួកជនជាតិស្បែកខ្មៅ ទាមទារសិទ្ធិបោះឆ្នោតបាននៅឆ្នាំ១៩៦០ ។ នៅឆ្នាំ ១៩៧១ពលរដ្ឋអាមេរិកបានបន្ថយអាយុពី២១ឆ្នាំមកត្រឹម១៨ឆ្នាំវិញ ។ នៅប្រទេសបារាំង បុរសមានសិទ្ធិបោះឆ្នោតពិតប្រាកដ ចាប់ពីឆ្នាំ ១៨៤៨ ឯស្ដ្រីមានសិទ្ធិបោះឆ្នោតចាប់តាំងពីឆ្នាំ ១៩៤៤ ។
No comments:
Post a Comment