ប្រាសាទក្រោមស្ថិតនៅភូមិគោកមឿង ស្រុកព្រះកូនជ័យ (ប្រាគូនជ័យ) ខេត្តបុរីរម្យក្នុងប្រទេសថៃបច្ចុប្បន្ន។ ជនជាតិថៃដើមកំណើតខ្មែរដែលរស់នៅយ៉ាងកុះករនៅជិតប្រាសាទនៅឡើយ គេហាក់ដូចជានៅតែមានអារម្មណ៍កំពុងស្ថិតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែទិដ្ឋភាពនៃប្រាសាទក្រោម មានរចនាបទ និងរក្សាសោភ័ណ្ឌភាពដូចប្រាសាទបាពួនយ៉ាងដូច្នោះដែរ។
ប្រាសាទក្រោម ឬមឿងតាំ មានលក្ខណៈពិសេសជាងគេ ដោយមានកំពែងពីរជាន់ គឺកំពែងខាងក្រៅ និងខាងក្នុងព័ទ្ធជុំវិញប្រាសាទ។ នៅតាមទិសនៃកំពែងនីមួយៗ គេឃើញមានក្បូរក្បាច់ និងក្បាច់ផ្តែរយ៉ាងល្អក្រៃលែងគួរឲ្យចង់គយគន់។ បុរាណស្ថានដ៏ស្រស់ប្រិមប្រិយនេះ មានរាងបួនជ្រុងទ្រវែង មានប្រាង្គធ្វើំអំពីឥដ្ឋចំនួនប្រាំ និងមានស្រះទឹកព័ទ្ធជុំវិញប្រាសាទ។ នៅជុំវិញស្រះទឹកមានរៀបជាបង្កាន់ដៃថ្ម ដែលមានរាងជានាគរាជក្បាលបីហ៊ុមព័ទ្ធជុំវិញ។
នៅក្បែរប្រាសាទក្រោម គេឃើញមានបារាយណ៍ទឹកមួយយ៉ាងធំ ដែលមានបណ្តោយដល់ ១០០០ម៉ែត្រ (មួយគីឡូម៉ែត្រ) ឯណោះ និងមានទទឹងកន្លះគីឡូម៉ែត្រ។ ស្រះបុរាណដ៏ធំនេះ ត្រូវបានជីកឡើងនៅសម័យសាងសង់ប្រាសាទតែម្តង នាសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ។ បច្ចុប្បន្នគេស្តារស្រះនេះដើម្បីយកទឹកផ្គត់ផ្គង់ជូនអ្នកស្រុកនៅទីនោះសម្រាប់ធ្វើស្រែ ចម្ការ។
ប្រាសាទក្រោម ធ្វើពីឥដ្ឋត្រូវបានសាងសង់ឡើងជាពីរជួរ សម្រាប់តម្កល់ព្រះទេវរូប និងលិង្គព្រះឥសូរ ដែលជាគ្រឿងសិរីមង្គលសម្រាប់ស្រុកភូមិនៃប្រជាជនរស់នៅតំបន់នេះ។ ប្រាសាទនេះបច្ចុប្បន្នត្រូវបានក្រុមសិល្បករថៃជួសជុលឡើងវិញ ដោយសារតែរចនាបទរបស់ប្រាសាទមានលក្ខណៈយ៉ាងល្អ។
អតីតប្រាសាទក្រោមរបស់ខ្មែរនេះ បានសាងសង់ឡើងសម្រាប់ការឧទ្ទិសដល់លទ្ធិសាសនាព្រាហ្មណ៍។ នៅតាមចម្លាក់ហោជាង និងផ្តែរនៃប្រាង្គប្រាសាទខាងជើង គេឃើញខ្មែរបុរាណឆ្លាក់ទេវកថាដែលមានរឿងទាក់ទិនទៅនឹងព្រះឥសូរគង់ប្រថាប់លើគោនន្ទិន ដោយមានបីទ្រត្រកងនាងបរវត្តី។ ព្រះគោនន្ទិនទ្រង់ឈរលើក្បាលរាហ៊ូ ក្បែរសិង្ហមួយគូដែលកំពុងព្រួសភួងផ្កាដ៏ស្រស់បំព្រង។ នៅដៃព្រះឥសូរ មានកាន់ត្រីសូល៌ ដែលជាអាវុធប្រកបដោយមហិទ្ធិឫទ្ធិដ៏គួរឲ្យព្រឺព្រួច។ ឯនៅតាមផ្តែរទាំងអស់ គេឃើញមាចម្លាក់រូបឥសូរដប់អង្គអង្គុយលុតជង្គង់លើកដៃប្រណម្យ។
សូមជម្រាបបន្ថែមទៀតថា
ទេវស្ថានដ៏ស្រស់ត្រកាលនៅបន្តរហូតមកដល់ពេលនេះ
ដែលស្ថាបត្យករខ្មែរបុរាណកសាងឡើងមានរចនាបទតាមប្រាសាទបាពួន
និងមានសភាពដូចប្រាសាទព្រះវិហារដែរ។ ទេពកោសល្យនៃការកសាងប្រាសាទនេះ
គឺជាព្រះតម្រិះរបស់ព្រះមហាក្សត្រខ្មែរដ៏ឆ្នើមនៅក្នុងអំឡុងសតវត្សរ៍ទី១១នៃគ្រិស្តសករាជ
នៅពេលដែលខេត្តនេះនៅជាទឹកដីរបស់ខ្មែរនៅឡើយ។
ជាអវសាន សូមរំឭកថា អ្នកស្រុកក្នុងខេត្តនេះ ដែលសុទ្ធសឹងតែជាជនជាតិខ្មែរ នៅរក្សាភាសា និងប្រពៃណីដូនតារបស់ជាតិខ្លួន ទោះបីជាបានក្លាយទៅជាជនជាតិភាគតិចក៏ដោយ៕
(ម.ត្រាណេ)
ជាអវសាន សូមរំឭកថា អ្នកស្រុកក្នុងខេត្តនេះ ដែលសុទ្ធសឹងតែជាជនជាតិខ្មែរ នៅរក្សាភាសា និងប្រពៃណីដូនតារបស់ជាតិខ្លួន ទោះបីជាបានក្លាយទៅជាជនជាតិភាគតិចក៏ដោយ៕
(ម.ត្រាណេ)
No comments:
Post a Comment